ទឹកប្រាក់ដែលបានពីការនាំទំនិញផលិតនៅកម្ពុជាទៅប្រទេសកាណាដាបានហក់ឡើងគួរឱ្យកត់សម្គាល់នៅក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៤ ដោយមានចំនួនជិត ៨៥០ លានដុល្លារ កើនឡើងជាង ៣០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ខណៈទំហំពាណិជ្ជកម្មទ្វេភាគី មានចំនួនជិត ៩០០ លានដុល្លារ។ ប្រទេសកាណាដា គឺជាដៃគូពាណិជ្ជកម្មធំទី ៦ របស់កម្ពុជា។
ទិន្នន័យកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) ឱ្យដឹងថា ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៤ កម្ពុជាប្រមូលប្រាក់បាន ៨៤៨,៦៨ លានដុល្លារពីការនាំទំនិញទៅលក់នៅទីផ្សារកាណាដា ដោយចំនួននេះកើនឡើង ៣០,៨ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលមានចំនួន ៦៤៨,៧៧ លានដុល្លារ ចំណែកទំនិញកាណាដានាំមកកម្ពុជាមានត្រឹមតែ ៤៧,៣ លានដុល្លារប៉ុណ្ណោះ ធ្លាក់ចុះ ៥,៦ ភាគរយពីចំនួន ៥០,១ លានដុល្លារ។
សម្រាប់ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ គឺមានសរុប ៨៩៥,៩៨ លានដុល្លារ កើន ២៨,២ ភាគរយបធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣ ដែលមានចំនួន ៦៩៨,៨៧ លានដុល្លារ។ ទឹកប្រាក់ទំនិញកម្ពុជានាំទៅកាណាដា គឺស្មើ ៩៤,៧២ ភាគរយនៃទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំង ២។
ជញ្ជីងពាណិជ្ជកម្មកម្ពុជា រយៈពេល ៩ខែដើមឆ្នាំ២០២៤ មានឧត្តមភាព ៨០១,៣៨ លានដុល្លារ ខណៈរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន ៥៩៨,៦៦ លានដុល្លារ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី៨ ខែវិច្ឆិកា ថា កំណើនទឹកប្រាក់ដែលបានពីការនាំចេញទំនិញផលិតនៅកម្ពុជាទៅទីផ្សារអន្តរជាតិនារយៈពេលជិត ១ឆ្នាំកន្លងមកនេះ គឺមានមួយចំណែកបានមកពីកំណើនការនាំចេញផលិតផលវាយនភណ្ឌទៅប្រទេសកាណាដា។
ការបិទបញ្ចប់ក្តីបារម្ភពីជំងឺកូវីដ១៩ បានលើកទឹកចិត្តឱ្យមនុស្សធ្វើដំណើរច្រើនជាងមុន ហេតុនេះត្រូវការសម្លៀកបំពាក់ ស្បែកជើង កាបូបធ្វើដំណើរ សុទ្ធតែកើនឡើង ខណៈកម្ពុជាត្រូវបានគេដឹងថាជាទីតាំងផលិតផលិតផលទាំងអស់នេះក្នុងបរិមាណច្រើនជារៀងរាល់ឆ្នាំ។
លោកបន្តថា បច្ចុប្បន្នក្រៅពីមានទំនាក់ទំនងការទូត និងពាណិជ្ជកម្មល្អជាមួយគ្នា សភាពាណិជ្ជកម្មកម្ពុជា(CCC) ក៏បានបើកការិយាល័យតំណាងរបស់ខ្លួននៅទីក្រុងតូរ៉ុនតូ(ប្រទេសកាណាដា) ដែលការិយាល័យតំណាងនេះមានតួនាទីជួយផ្សព្វផ្សាយផលិតផលកម្ពុជាទៅដល់អតិថិជនកាណាដា និងផ្តល់ព័ត៌មានដើម្បីទាក់ទាញវិនិយោគិនកាណាដាឱ្យមកបណ្តាក់ទុនផ្ទាល់នៅកម្ពុជា។
លោកបានថ្លែងថា៖«ចំនួនទឹកប្រាក់នាំចេញរបស់កម្ពុជាទៅកាណាដានឹងមានភាពវិជ្ជមានបន្ថែមទៀត ព្រោះបច្ចុប្បន្នក្រៅពីផលិតផលវាយនភណ្ឌកម្ពុជាក៏មាផលិតផលកសិកម្ម និងគ្រឿងបង្គុំមួយចំនួននាំទៅប្រទេសកាណាដាដែរ»។
លោកបានប្រាប់ទៀតថា បច្ចុប្បន្នកម្ពុជាក៏កំពុងទទួលបានប្រព័ន្ធអនុគ្រោះពន្ធនាំចូលទំនិញមួយចំនួនទៅកាន់ទីផ្សារកាណាដា។
បើយោងតាម លោក លឹម ហេង ភាគច្រើននៃទំនិញកម្ពុជានាំទៅកាណាដា គឺជាផលិតផលសម្លៀកបំពាក់ ផលិតផលធ្វើដំណើរ ស្បែកជើង កង់ និងគ្រឿងបង្គុំអេឡិចត្រូនិក-អគ្គិសនី ចំណែកទំនិញកាណាដា នាំមកកម្ពុជារួមមាន គ្រឿងអេឡិចត្រូនិក ឧបករណ៍វេជ្ជសាស្រ្ត និងរថយន្តជាដើម។
កាលពីថ្ងៃទី១១ ខែតុលា នៅក្នុងជំនួបទ្វេភាគីរវាងប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត ក្រៅកិច្ចប្រជុំកំពូលអាស៊ាន នៅក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានលើកឡើងពីការពង្រឹងទំនាក់ទំនងវិស័យការទូតជាមួយប្រទេសកម្ពុជា និងបានប្រាប់ថា រដ្ឋាភិបាលកាណាដាគ្រោងបើកស្ថានឯកអគ្គរាជរដ្ឋទូតរបស់ខ្លួននៅរាជធានីភ្នំពេញនាពេលឆាប់ៗ។
លោកលើកឡើងថា ការបើកឱ្យមានស្ថានទូត គឺដើម្បីបញ្ជាក់ពីការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។
ប្រធានសហព័ន្ធសមាគមអ្នកវិនិយោគកម្ពុជា និងជាប្រធានសមាគមស្បែកជើងកម្ពុជា លោក លី ឃុនថៃ ថ្មីៗនេះបាននិយាយថា ប្រទេសកាណាដា គឺជាទីផ្សារធំសម្រាប់ផលិតផលវាយនភណ្ឌកម្ពុជា ហើយការនាំចេញទៅទីនោះបានចាប់ផ្តើមមានសញ្ញាវិជ្ជមានឡើងវិញតាំងពីចុងឆ្នាំ២០២៣។
មូលហេតុដែលការនាំចេញទំនិញកម្ពុជាទៅប្រទេសភាគច្រើន រួមទាំងកាណាដា កើនឡើង គឺដោយសារភាពធូរស្បើយនៃជម្លោះភូមិសាស្រ្តនយោបាយរវាងប្រទេសមហាអំណាចធំៗ និងនិន្នាការនៃការចេញដើរកម្សាន្តរបស់ប្រជាជនលើពិភពលោកក៏កម្រើកឡើងវិញ បន្ទាប់ពីស្ងាប់ស្ងាត់ជាង ៣ឆ្នាំដោយសារវិបត្តិជំងឺកូវីដ១៩។
លោកអះអាងទៀតថា៖«ក្នុងឆ្នាំ២០២៤ នេះចំនួនទឹកប្រាក់នាំចេញផលិតផលវាយនភណ្ឌកម្ពុជានឹងមានច្រើនលើសឆ្នាំ២០២៣។ កាណាដា គឺជាទីផ្សារចម្បងសម្រាប់ផលិតផលវាយនភណ្ឌកម្ពុជា»។
ក្នុងឆ្នាំ២០២៣ ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កាណាដា មានទឹកប្រាក់សរុប ៩៤០,៤៨លានដុល្លារ ធ្លាក់ចុះ ១៨,៥ភាគរយបើធៀបឆ្នាំ២០២២ ដែលមានចំនួន ១,១៥ពាន់លានដុល្លារ។ ក្នុងនោះកម្ពុជានាំចេញទំនិញទៅកាណាដា ៨៦៩,៥៤លានដុល្លារ ធ្លាក់ចុះ ២២,៤ភាគរយ ចំណែកកាណាដា នាំមកកម្ពុជា ៧០,៩៥លានដុល្លារ កើនឡើង ១០៩,៤ ភាគរយ៕