លទ្ធផលនៃការបោះឆ្នោតជ្រើសរើសសភាតំណាងរាស្រ្តនៅសហរដ្ឋអាមេរិកបានបិទបញ្ចប់ហើយកាលពីថ្ងៃទី៦ ខែវិច្ឆិកា ដោយជ័យជម្នះបានទៅគណបក្សសាធារណរដ្ឋ ដែលមានលោក Donald Trump ជាប្រធានគណបក្ស។ លោក Donald Trump នឹងក្លាយជាប្រធានាធិបតីទី ៤៧ របស់សហរដ្ឋអាមេរិក ហើយត្រូវចូលកាន់តំណែងនៅខែមករា ឆ្នាំ ២០២៥ ខាងមុខ។
តើការផ្លាស់ប្ដូរតំណែងប្រធានាធិបតីពីគណបក្សប្រជាធិបតេយ្យ ទៅគណបក្សសាធារណរដ្ឋ នៅដើមឆ្នាំ ២០២៥ ខាងមុខនឹងផ្តល់ផលវិជ្ជមាន និងអវិជ្ជមានបែបណាខ្លះចំពោះកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិក។
អតីតសាស្រ្តាចារ្យសេដ្ឋកិច្ចនៃមហាវិទ្យាល័យ Tallahassee ក្នុងរដ្ឋ Florida លោកបណ្ឌិត ឌុច ដារិន្ទ កាលពីរសៀលថ្ងៃទី៨ ខែវិច្ឆិកា បានចំណាយពេលដ៏មមាញឹករបស់លោកជួបជាមួយ លោក ហ៊ឹន ពិសី អ្នកយកព័ត៌មាននៃសារព័ត៌មានភ្នំពេញប៉ុស្តិ៍ដើម្បីចែករំលែក និងធ្វើការវិភាគអំពីទំនាក់ទំនងផ្នែកសេដ្ឋកិច្ចរវាងកម្ពុជា-អាមេរិក ក្នុងអំឡុងពេល ៤ ឆ្នាំខាងមុខក្រោមការដឹកនាំរបស់លោក Donald Trump (ឆ្នាំ២០២៥-២០២៨)។
ជាទូទៅតើគោលនយោបាយសេដ្ឋកិច្ចរបស់គណបក្សសាធារណរដ្ឋមានលក្ខណៈបែបណាបើធៀបនឹងគណបក្សប្រជាធិបតេយ្យ?
គោលនយោបាយសេដ្ឋកិច្ចរបស់គណបក្សសាធារណរដ្ឋ ជាទូទៅសង្កត់ធ្ងន់លើសេដ្ឋកិច្ចទីផ្សារសេរី ការកាត់បន្ថយអត្រាពន្ធដារឱ្យនៅទាប និងការកាត់បន្ថយការអន្តរាគមន៍របស់រដ្ឋាភិបាលក្នុងវិស័យសេដ្ឋកិច្ច។ គណបក្សសាធារណរដ្ឋតស៊ូមតិដើម្បីកាត់បន្ថយច្បាប់ និងបទដ្ឋានគតិយុត្តិដែលមានច្រើនពេកនាំឱ្យរាំងស្ទះដល់ដំណើរការពាណិជ្ជកម្ម ជាពិសេសក្នុងវិស័យថាមពល ហិរញ្ញវត្ថុ និងផលិតកម្ម ដើម្បីជំរុញកំណើនអាជីវកម្ម និងសេដ្ឋកិច្ច។
ផ្ទុយទៅវិញ គណបក្សប្រជាធិបតេយ្យ តែងមាននិន្នាការផ្តល់អាទិភាពដល់តួនាទីរដ្ឋាភិបាលយ៉ាងសកម្មក្នុងការគ្រប់គ្រងសេដ្ឋកិច្ចអាមេរិក។ គោលនយោបាយគណបក្សប្រជាធិបតេយ្យ ជារឿយៗផ្តោតលើការបង់ពន្ធកើន(ពន្ធដែលកើនឡើងតាមទឹកប្រាក់ដែលត្រូវជាប់ពន្ធ) ការចំណាយជាសាធារណៈដើម្បីគាំទ្រកម្មវិធីសង្គមនិងធ្វើច្បាប់ និងបទដ្ឋានគតិយុត្តិនានាសម្រាប់គ្រប់គ្រងពាណិជ្ជកម្ម និងឧស្សាហកម្មដើម្បីធានាការការពារអ្នកប្រើប្រាស់ និងគាំពារបរិស្ថាន។ វិធីសាស្រ្តនេះស្របនឹងសេដ្ឋកិច្ច Keynesian ដែលបង្ហាញថា ជួនកាលការអន្តរាគមន៍របស់រដ្ឋាភិបាលគឺចាំបាច់ដើម្បីធ្វើមានស្ថិរភាពសេដ្ឋកិច្ច។
តើលោកយល់ឃើញយ៉ាងណាចំពោះទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំង ២ លើផ្នែកពាណិជ្ជកម្ម និងវិនិយោគសម្រាប់ឆ្នាំ ២០២៥?
ទាក់ទងនឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងសហរដ្ឋអាមេរិក សម្រាប់អាណត្តិទី ២ របស់លោក Trump ឆ្នាំ ២០២៥ ខាងមុខនេះ យើងអាចពិនិត្យមើលពីបទពិសោធជាប្រវត្តិសាស្រ្តកន្លងមកនៃទំនាក់ទំនងកម្ពុជាជាមួយសហរដ្ឋអាមេរិក ក្នុងអំឡុងពេលដែលលោក Trump បានកាន់តំណែងជាប្រធានាធិបតីចាប់ពីដើមឆ្នាំ ២០១៧ ដើម្បីព្យាករណ៍អំពីទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងអាមេរិកនៅថ្ងៃអនាគត។
ក្នុងចន្លោះពេលនោះកម្ពុជាបាននាំចេញទំនិញជាច្រើនទៅទីផ្សារអាមេរិក រួមមានវ៉ាលី កាបូបសម្អាង កាបូបយួរដៃ កាបូបស្ពាយ និងស្រោមវ៉ែនតា ព្រមទាំងផលិតផលដទៃទៀតដូចជា កង់ អង្ករ និងអំពូលភ្លើងជាដើម។ ឧទាហរណ៍ ក្នុងឆ្នាំ ២០២០ ទំហំពាណិជ្ជកម្មសរុបឈានដល់ ៥,៥១ ពាន់លានដុល្លារ ខណៈការវិនិយោគពីសហរដ្ឋអាមេរិកក៏បានកើនឡើងយ៉ាងខ្លាំងពី ៧,៨៤ លានដុល្លារ ទៅដល់ ៣៣,៣៣ លានដុល្លារ ចន្លោះពីឆ្នាំ ២០១៩ ដល់ ២០២០។
ចាប់តាំងពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ២០២២ ការវិនិយោគសរុបរបស់សហរដ្ឋអាមេរិកបានឈានដល់ ១.៤ ពាន់លានដុល្លារ។
ការវិនិយោគពីសហរដ្ឋអាមេរិកនៅកម្ពុជាគ្របដណ្តប់ក្នុងវិស័យសំខាន់ៗ ដូចជា ទេសចរណ៍ សេវាកម្ម សំណង់ កសិកម្ម វាយនភ័ណ្ឌ ថាមពល ឧស្សាហកម្ម និងសណ្ឋាគារ។ ក្រុមហ៊ុនដ៏ធំៗរបស់អាមេរិកដែលបានវិនិយោគរួមមាន Caltex, Chevron, Coca-Cola, Unocal, Conoco, Jupiter, Northbridge និង R.M. Asia។ ថ្មីៗនេះក្រុមហ៊ុន Ford បានបើករោងចក្រដំឡើងរថយន្តនៅខេត្តពោធិ៍សាត់។
ផ្នែកហ្វ្រេនឆាយរបស់អាមេរិកក៏ទទួលបាននូវការគាំទ្រខ្លាំងនៅប្រទេសកម្ពុជាផងដែរ ជាពិសេសក្នុងវិស័យអាហារ និងភេសជ្ជៈ ការលក់រាយ និងបដិសណ្ឋារកិច្ច។ ម៉ាកល្បីៗដូចជា Starbucks, Burger King, KFC, Domino's, Century 21, Papa John's, Marriott និង Hyatt បានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេសដោយផ្តល់ជម្រើសគុណភាព និងបង្កើតការងារជាច្រើនក្នុងស្រុក។
ខ្ញុំមានទំនុកចិត្តថា កម្ពុជានឹងបន្តពង្រឹងការនាំចេញ និងកំណើនពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក។ បើទោះបីជាមានការប្រឈមនៅក្នុងសេដ្ឋកិច្ចសកលក៏ដោយ កំណើននៃការនាំចេញរបស់កម្ពុជា បានបង្ហាញពីភាពធន់ និងគុណភាពនៃផលិតកម្មរបស់កម្ពុជា។ ខ្ញុំសង្ឃឹមថា កម្ពុជានឹងអាចបន្តទាក់ទាញ និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគជាមួយប្រធានាធិបតីអាមេរិកថ្មីបានល្អ។
តើលោកគិតថា ការឡើងកាន់អំណាចរបស់លោក Donald Trump នឹងផ្តល់ឱ្យកម្ពុជានូវឱកាសទទួលបានផលចំណេញផ្នែកសេដ្ឋកិច្ចដែរ ឬទេ?
ទាក់ទងនឹងឱកាសសម្រាប់កម្ពុជាជាមួយ លោក Donald Trump កាន់អំណាច ខ្ញុំជឿជាក់ថា កម្ពុជានឹងបន្តពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយអាមេរិក ដោយផ្តោតលើការជំរុញពាណិជ្ជកម្ម និងវិនិយោគអន្តរជាតិ។ ប្រសិនបើមានការសង្កត់ធ្ងន់ជាថ្មីលើពាណិជ្ជកម្ម និងការវិនិយោគ ជាពិសេសក្រោមគោលនយោបាយដែលអនុគ្រោះដល់ក្រុមហ៊ុនអាមេរិកក្នុងការស្វែងរកទីផ្សារថ្មី កម្ពុជានឹងមានឱកាសកាន់តែច្រើន ពីព្រោះកម្ពុជាមានទីតាំងអំណោយផលផ្តល់នូវបរិយាកាសល្អប្រសើរ កម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានសេដ្ឋកិច្ចទីផ្សារសេរីបើកចំហសម្រាប់អ្នកវិនិយោគអាមេរិក។
នៅពេលលោក Donald Trump នៅជាប្រធានាធិបតីទី ៤៥ លោកបានប្រើគោលនយោបាយ «អាមេរិកទី១»(America First) និងបានដាក់សម្ពាធខ្លាំងជាមួយប្រទេសមហាអំណាចសេដ្ឋកិច្ចទី ២ ចិន ដែលនាំឱ្យក្រុមហ៊ុនមួយចំនួនបានចាកចេញពីប្រទេសចិន ទៅបើកទីតាំងនៅកន្លែងផ្សេងរួមទាំងកម្ពុជា។ តើលោកគិតថា ស្ថានភាពបែបនេះអាចនឹងកើតមានទៀតដែរ ឬទេ?
ទាក់ទងនឹងការចាកចេញនៃក្រុមហ៊ុនខ្លះពីប្រទេសចិន ខ្ញុំជឿជាក់ថា កម្ពុជាមានបរិយាកាសអំណោយផលក្នុងការទាក់ទាញការវិនិយោគថ្មីៗ ព្រោះកម្ពុជាបច្ចុប្បន្នរក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច មានអត្រាអតិផរណានៅទាបនៅឆ្នាំ ២០២៤ និងឆ្នាំ២០២៥ ដែលអាចគ្រប់គ្រងបាន និងមានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
កម្ពុជាមានបរិយាកាសវិនិយោគអំណោយផល មានសេដ្ឋកិច្ចទីផ្សារសេរី អ្នកវិនិយោគទទួលបានការលើកទឹកចិត្តវិនិយោគតាមរយៈច្បាប់វិនិយោគថ្មី និងដំណើរការអនុម័តដែលមានភាពងាយស្រួលដោយប្រើបច្ចេកវិទ្យាឌីជីថល។ កម្ពុជា ក៏មានកម្លាំងពលកម្មវ័យក្មេងដែលសកម្ម និងមានជំនាញ ជាមួយប្រាក់ឈ្នួលប្រកួតប្រជែងក្នុងតំបន់។
លើសពីនេះ កម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានសក្តានុពល និងគាំទ្រដល់សហគមន៍ពាណិជ្ជកម្ម ដោយស្ថិតនៅជិតទីផ្សារសំខាន់ៗក្នុងតំបន់។
តើកម្ពុជាគួររៀបចំខ្លួនបែបណាដើម្បីបង្កើនការទាក់ទាញអ្នកវិនិយោគិនបរទេស ជាពិសេសជនជាតិអាមេរិក?
ទាក់ទងចំណុចនេះ ខ្ញុំគិតថា កម្ពុជាគួរតែបន្តរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងបន្តពង្រឹងសេរីភាពសេដ្ឋកិច្ច ពីព្រោះ សេរីភាពសេដ្ឋកិច្ចជួយបង្កើនទំនុកចិត្តជូនវិនិយោគិនបរទេស រួមទាំងអាមេរិក និងជំរុញការលើកទឹកចិត្តដល់ការវិនិយោគ សម្រាប់រយៈពេលវែង។ សេរីភាពសេដ្ឋកិច្ចរួមជាមួយសន្តិភាព និងស្ថិរភាពនយោបាយ អាចផ្តល់នូវបរិយាកាសសម្រាប់វិនិយោគិនមើលឃើញឱកាសវិនិយោគរយៈពេលវែង ដែលមានប្រយោជន៍សម្រាប់ការអភិវឌ្ឍ និងការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជាបន្តទៀតប្រកបដោយបរិយាប័ន្ន។
តើលោកគិតថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៥ អាចនឹងមានភាពវិជ្ជមានលើសពីឆ្នាំ ២០២៤ ដែរ ឬទេ?
ខ្ញុំរំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងមានការអភិវឌ្ឍល្អប្រសើរជាងឆ្នាំ ២០២៤។ តួលេខមួយបង្ហាញថា ផលិតផលក្នុងស្រុក (ផ.ស.ស) សម្រាប់មនុស្សម្នាក់នៅកម្ពុជា ក្នុងឆ្នាំ ២០២៥ ត្រូវបានរំពឹងថានឹងកើនដល់ជិត ៣ ពាន់ដុល្លារអាមេរិក ព្រមទាំងអត្រាកំណើននៃផលិតផលក្នុងស្រុកសរុបព្យាករណ៍ថា នឹងកើនបាន ៦,៣ ភាគរយ គាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗដូចជា វិស័យឧស្សាហកម្ម នឹងមានកំណើន ៨,៦ ភាគរយ, វិស័យសេវាកម្មនឹងមានកំណើន ៥,៦ ភាគរយ និងវិស័យកសិកម្ម នឹងកើនឡើង ១,១ ភាគរយ។ ចំណែកអតិផរណា ត្រូវបានព្យាករថានឹងស្ថិតក្នុងរង្វង់ ២,៥ ភាគរយនៅឆ្នាំ ២០២៥ ខាងមុខ។
សេដ្ឋកិច្ចកម្ពុជាកំពុងមានការអភិវឌ្ឍជាបន្តបន្ទាប់ ដោយសារកំណើនការនាំចេញដ៏រឹងមាំ កំណើនភ្ញៀវទេសចរ កំណើនការវិនិយោគសាធារណៈ និងការចូលរួមយ៉ាងសកម្មរបស់ផ្នែកឯកជន។ កម្ពុជាបាននិងកំពុងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងពង្រឹងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។
ការមកដល់របស់ក្រុមហ៊ុនអន្តរជាតិធំៗ នឹងផ្តល់ផលវិជ្ជមានបែបណាចំពោះសេដ្ឋកិច្ចកម្ពុជា?
វត្តមានរបស់ក្រុមហ៊ុនអន្តរជាតិធំៗនឹងនាំមកនូវអត្ថប្រយោជន៍ដូចជា មូលធនបណ្តាក់ទុនច្រើន ការបង្កើតការងារច្រើនកន្លែងសម្រាប់ប្រជាពលរដ្ឋខ្មែរ និងជួយពង្រឹងជំនាញកម្លាំងពលកម្ម ព្រមទាំងជួញលើកកម្ពស់ស្តង់ដារអាជីវកម្មក្នុងស្រុក។
លើសពីនេះ ក្រុមហ៊ុនទាំងនេះជំរុញឱ្យមានការផ្ទេរបច្ចេកវិទ្យា និងលើកទឹកចិត្តឱ្យមានគំនិតច្នៃប្រឌិត និងជួយពង្រឹងសមត្ថភាពប្រកួតប្រជែងជាសកល៕