ការ​នាំ​ចេញ​គ្រាប់​ស្វាយចន្ទី​កែច្នៃ​(ផលិតផល​សម្រេច)​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​នឹង​មាន​បរិមាណ​កាន់​តែ​ច្រើន​ចាប់​ពី​ដើម​ឆ្នាំ ២០២៥ តទៅ ខណៈ​ក្រុមហ៊ុន​ក្នុង​ស្រុក Unique Noble Trading Co., Ltd បាន​ប្រកាស​ចាប់​ផ្តើម​សាងសង់​រោងចក្រ​កែច្នៃ​គ្រាប់​ស្វាយ​ចន្ទី​ជា​ផ្លូវ​ការ​នៅ​ក្នុង​ខេត្ត​កំពង់ធំ ដែល​មាន​សមត្ថភាព​កែច្នៃ​គ្រាប់​ស្វាយចន្ទី​បាន ៣០​ តោន​ក្នុង​ ១​ថ្ងៃ​។

រោងចក្រ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ដែល​មាន​ម្ចាស់​ជា​វិនិយោគិន​ក្នុង​ស្រុក​នេះ បាន​បើក​ការដ្ឋាន​សាងសង់ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ដោយ​មាន​ទីតាំង​នៅ​ក្នុង​ឃុំ​សាលាវិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្ត​កំពង់ធំ លើ​ផ្ទៃដី ២០ ហិកតា។ ​


ក្នុង​ទីតាំង​នេះ​នឹង​មាន​សាងសង់​រោង​ចក្រ​ចំនួន ៤ រួម​មាន ទី១. រោងចក្រ​កែច្នៃ​គ្រាប់​ស្វាយចន្ទី ទី​២. រោងចក្រ​កៀប​ប្រេង​ពី​សម្បក​ស្វាយចន្ទី ទី​៣. រោងចក្រ​ធ្វើ​ជី​ពី​សំណល់​ចុង​ក្រោយ​របស់​គ្រាប់​ស្វាយចន្ទី និង​ទី​៤. ​រោងចក្រ​គ្រឿង​យន្ត​ម៉ាស៊ីន​កែច្នៃ​គ្រាប់ចន្ទី។ នៅ​ពេល​គម្រោង​ទាំង​មូល​ដាក់​ឱ្យ​ដំណើរការ​ពេញ​លេញ​វា​ត្រូវ​ការ​កម្លាំង​ពលកម្ម​ប្រហែល ៤០០ នាក់។

ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា លោក អួន ស៊ីឡុត បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី ១៧ ខែធ្នូ ​ថា និន្នាការ​ការ​ដាំដុះ ទិន្នផល និង​ជា​ពិសេស​បរិមាណ​នាំ​ចេញ​គ្រាប់​ស្វាយចន្ទី​កែច្នៃ​នៅ​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​កំពុង​ហោះ​ជំហាន​ទៅមុខ​កាន់​តែ​លឿន​នា​រយៈ​ពេល​ជាង ១ ឆ្នាំ​ចុង​ក្រោយ​នេះ​។ 


ខេត្ត​កំពង់​ធំ​ គឺ​ជា​ទីតាំង​មាន​សក្តានុពល​ជាង​គេ​ផ្នែក​ផលិត​កម្ម​ស្វាយ​ចន្ទី​ ដោយ​កាល​ពី​ពេល​ថ្មីៗ​ប្រមុខ​រាជរដ្ឋាភិបាល​ក៏​ទើប​អនុញ្ញាត​ឱ្យ​បង្កើត​សួន​កសិ-ឧស្សាហកម្ម​ស្វាយចន្ទី​នៅ​ក្នុង​ខេត្ត​កំពង់ធំ​ផងដែរ។ លោក​បន្ត​ថា បច្ចុប្បន្ន​ការ​ដាំដុះ និង​ទិន្នផល​គ្រាប់​ស្វាយចន្ទី​នៅ​ខេត្ត​កំពង់​បាន​គ្របដណ្តប់​ប្រហែល ៣០​ ភាគរយ​នៃ​ទិន្នផល​ទូទាំង​ប្រទេស​កម្ពុជា។

លោក​ប្រាប់​ទៀត​ថា៖​«​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​ដែល​មាន​ភាព​អំណោយផល ព្រម​ទាំង​ការ​យក​ចិត្ត​ទុកដាក់​របស់​រាជរដ្ឋាភិបាល​លើ​ផលិតកម្ម​ស្វាយចន្ទី ដែល​មាន​ដូចជា ការ​រៀបចំ​គោល​នយោបាយ និង​សួន​កសិ-​ឧស្សាហកម្ម កំពុង​ចូល​រួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​ការ​លើក​ទឹក​ចិត្ត​ដល់​អ្នក​វិនិយោគ​ឱ្យ​មក​បណ្តាក់​ទុន​លើ​ការ​ដាំដុះ និង​កែច្នៃ​គ្រាប់​ស្វាយ​ចន្ទី​កាន់​តែ​ច្រើន»។

លោក​ប្រាប់​ទៀត​ថា ការ​សាងសង់​រោងចក្រ​កែច្នៃ​គ្រាប់​ស្វាយចន្ទី នឹង​ត្រូវ​បញ្ចប់ ហើយ​បើក​ដំណើរការ​នា​អំឡុង​ខែ​មីនា ឆ្នាំ​២០២៥។ រោងចក្រ​នេះ​មាន​សមត្ថភាព​កែច្នៃ​គ្រាប់​ស្វាយ​ចន្ទី​ បាន​ប្រហែល ៣០ តោន​ក្នុង​ ១​ ថ្ងៃ ឬ​ចន្លោះ​ពី​ជាង ៥ ០០០-១២ ០០០ តោន​ក្នុង ១​ឆ្នាំ។

គណៈធិបតី​ចូល​រួមក្នុង​ពិធីបើក​ការដ្ឋាន​សាងសង់រោងចក្រ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ របស់​​​ក្រុមហ៊ុន​ Unique Noble Trading Co., Ltd។ សហការី

បើតាម​ លោក ស៊ីឡុត ក្រៅ​ពី​គម្រោង​កែច្នៃ​ផលិតផល​គ្រាប់​ស្វាយចន្ទី​នៅ​ក្នុង​ខេត្ត​កំពង់ធំ ក្រុមហ៊ុន Unique Noble Trading Co., Ltd ក៏​មាន​រោងចក្រ​កែច្នៃ​ស្វាយ​កែវរមៀត​ក្នុង​ខេត្ត​កំពង់ស្ពឺ ផងដែរ។

គិត​រហូត​ដល់​ពេល​នេះ​កម្ពុជា​មាន​សហគ្រាស​កែច្នៃ​ស្វាយចន្ទី ចំនួន ៥២ ក្នុង​នោះ ៦ ជា​រោងចក្រ​ធុន​មធ្យម (សមត្ថភាព​ផលិត ៧ ០០០ តោន ទៅ ១៤០ ០០០ តោន ក្នុង​មួយ​ឆ្នាំ)។ ចំណែក​ ៤៨ សហគ្រាស​ផ្សេង​ទៀត​ជា​សិប្បកម្ម​លក្ខណៈ​គ្រួសារ​តូចៗ មិន​មាន​ផលិតកម្ម​ពេញ ១​ឆ្នាំ​ឡើយ។

នៅ​ក្នុង​ពិធី​បញ្ចុះ​បឋម​សិលា​សាងសង់​រោងចក្រ​របស់​ក្រុមហ៊ុន Unique Noble Trading Co., Ltd លោក ជា វ៉ាន់ចាន់ អភិបាល​រង​ខេត្ត​កំពង់ធំ បាន​លើក​ឡើង​ថា ការ​វិនិយោគ​លើ​រោងចក្រ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ គឺ​ជាការ​ចូល​រួម​របស់​ផ្នែក​ឯកជន​ជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​ស្ទួយ​ផលិតកម្ម​ស្វាយចន្ទី​នៅ​កម្ពុជា​ឱ្យ​រីក​ចម្រើន​ ខណៈ​ខេត្ត​កំពង់​ធំ គឺ​ជា​ទីតាំង​ដែល​មាន​លក្ខណៈ​អំណោយ​ផល​ច្រើន​សម្រាប់​ផលិតកម្ម​ស្វាយចន្ទី​។

លោក​បាន​បន្ថែម​ថា ទីតាំង​របស់​រោងចក្រ​កែច្នៃ​គ្រាប់​ស្វាយចន្ទី Unique Noble Trading Co., Ltd គឺ​មាន​ដំណាំ​ស្វាយ​ចន្ទីច្រើន ដូច្នេះ​ក្រុមហ៊ុន​អាច​ប្រមូល​ទិញ​ពី​មជ្ឈដ្ឋាន​ក្នុង​តំបនប់ និង​កន្លែង​ផ្សេង​ៗ​ទៀត​យក​មក​កែច្នៃ ដើម្បី​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ។

លោកស្រី ពិន ភិរម្យ អគ្គ​នាយក​ក្រុមហ៊ុន Unique Noble Trading Co., Ltd បាន​ប្រាប់​ថា ក្នុង​គម្រោង​នេះ គឺ​ក្រៅ​ពី​រោងចក្រកែច្នៃ​គ្រាប់​ស្វាយចន្ទី ក្រុមហ៊ុន​ក៏​នឹង​សាងសង់​រោងចក្រ​កែច្នៃ​សម្បក​គ្រាប់​ស្វាយចន្ទី​យក​ប្រេង កែច្នៃ​កាក​សំណល់​ធ្វើ​ជា​ជី​សម្រាប់​ឱ្យ​ប្រជាកសិករ​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​តម្លៃ​សមរម្យ និង​មាន​រោងចក្រ​គ្រឿង​អេឡិចត្រូនិច​សម្រាប់​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ ផងដែរ​។

នៅ​ដើម​ឆ្នាំ ២០២៥ ខាង​មុខ រោងចក្រ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​តម្លៃ​ប្រមាណ​ ១២ លាន​ដុល្លាររបស់​ក្រុមហ៊ុន​ CSNC Agriculture Co.,Ltd ​នៅ​ខេត្ត​កំពង់ធំ ក៏​គ្រោង​នឹង​បើក​ដំណើរ​ការ​ផលិតកម្ម​របស់​ខ្លួន​ផងដែរ។ រោងចក្រ​នេះ​គឺ​ជា​ការ​វិនិយោគ​រួម​រវាង​កម្ពុជា-​សិង្ហបុរី ដោយ​មាន​សមត្ថភាព​កែច្នៃ​គ្រាប់​ស្វាយ​ចន្ទី បាន ៤០ តោន​ក្នុង ១​ ថ្ងៃ ឬ​ប្រមាណ ១២ ០០០​តោន​ក្នុង ១ ឆ្នាំ។

សមាគម​ស្វាយចន្ទី​កម្ពុជា បាន​ឱ្យ​ដឹង​ថា ​​ក្នុង​រយៈពេល ១២ខែ កម្ពុជាផលិតគ្រាប់ស្វាយចន្ទី(ការ​ព្យាករ)បាន ៨៥០ ០០០តោន កើនឡើង ២៦,៨​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ២០២៣។ ការនាំចេញទៅក្រៅប្រទេស មាន​បរិមាណ ៨១៥ ០០០ តោន គិតជាទឹកប្រាក់ ១ ១៥០ លានដុល្លារ កើនឡើង ៣១ ភាគរយ៕