នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​អះអាង​ថា ​ក្រុង​អរិយក្សត្រ​នឹង​ក្លាយ​ជា​តំបន់​ឧស្សាហកម្ម សេវាកម្ម និង​មាន​ប្រជាជន​រស់​នៅ​ច្រើន​ដូច​រាជធានី​ភ្នំពេញ​នា​ពេល​ខាង​មុខ ខណៈ​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កំពុង​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធ​ជាច្រើន ជា​ពិសេស​គម្រោង​កសាង​ស្ពាន​តភ្ជាប់​ទៅ​ទីនោះ​ បន្ថែម​ពី​លើ​គម្រោង​សាងសង់​ស្ពាន​ដែល​ជា​ជំនួយ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង។

នេះ​ជា​ការ​លើក​ឡើង​របស់ លោក ហ៊ុន ម៉ាណែត ក្នុង​ឱកាស​ចូល​រួម​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​គម្រោង​អភិវឌ្ឍន៍​«ទីក្រុង​មេគង្គ​ឃី»​(Mekong Quay City) កាល​ពី​ព្រឹក​ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ ២០២៤។


គម្រោង​អភិវឌ្ឍន៍​«ទីក្រុង​មេគង្គឃី»ត្រូវ​បាន​អភិវឌ្ឍ​លើ​ទឹកដី​ក្រុង​អរិយក្សត្រ ជាប់​ដង​ទន្លេ​មេគង្គ​ត្រើយ​ខាង​កើត ទល់​មុខ​គម្រោង​អភិវឌ្ឍន៍​កោះនរា ដោយ​លាត​សន្ធឹង​លើ​ផ្ទៃដី​ទំហំ ២១០ ហិកតា​។ គម្រោង​នេះ​គឺ​ជា​ការ​អភិវឌ្ឍ​រួមគ្នា​រវាង​ក្រុមហ៊ុន TP Moral Group(TPMG) និង​ក្រុម​ហ៊ុន Khun Sea Import Export Group។

លោក​ ហ៊ុន ម៉ាណែត បាន​លើក​ឡើង​ថា ការ​វិនិយោគ​លើ​គម្រោង​កសាង​ទីក្រុង​ដ៏​ធំ​នេះ គឺ​ជា​ការ​វិនិយោគ​ដ៏​ត្រឹមត្រូវ​មួយ​ដែល​បង្ហាញ​យ៉ាង​ច្បាស់​ថា វិស័យ​អចលទ្រព្យ​នៅ​កម្ពុជា​ចាប់​ផ្តើម​ងើប​ឡើង​វិញ​ជា​បណ្តើរៗ​ហើយ​ ខណៈ​កម្ពុជា​កំពុង​ធ្វើ​ដំណើរ​ប្រកប​ដោយ​ក្តី​សង្ឃឹម​ឆ្ពោះ​ទៅ​រក​គោលដៅ​នៃ​ការ​អភិវឌ្ឍ​។ លោក​បន្ត​ថា តំបន់​អរិយក្សត្រ​នឹង​មាន​ការ​ប្រែប្រួល​មុខ​មាត់​ខ្លាំង​នា​ពេល​ខាង​មុខ ហើយ​តំបន់​នេះ​នឹង​មាន​ប្រជាជន​រស់​នៅ និង​ធ្វើការ​កាន់​តែច្រើន​។ ​


អរិយក្សត្រ​នឹង​ក្លាយ​ពី​តំបន់​ប្រកប​ការងារ​កសិកម្ម ទៅ​ជាតំបន់​ឧស្សាហកម្ម​ដែល​មាន​រោងចក្រ​ជាច្រើន​។​ បច្ចុប្បន្ន​រដ្ឋាភិបាល​កម្ពុជា​កំពុង​មាន​ផែនការ​កសាង​ស្ពាន​ជា​ច្រើន​ភ្ជាប់​ទៅ​តំបន់​អរិយក្សត្រ។

លោក​ថ្លែង​ថា៖​«ខ្ញុំគិត​ថា​ការ​តភ្ជាប់​ទៅ​ថ្ងៃ​មុខ​ គឺ​នឹង​ឈាន​ទៅ​ដល់​ការ​បង្កើត​មិនមែន​មាន​ឈ្មោះថា ក្រុង​អរិយក្សត្រ​ទេ​ មិនមែន​ជាក្រុង​កសិក​ម្ម​ទេ ប៉ុន្តែ​នឹងទៅ​ជា​ក្រុង​ឧស្សាហកម្ម ​​ក្រុង​សេវាកម្ម​ដូចនៅ​ម្ខាង​ទៀតដែរ​(រាជធានី​ភ្នំពេញ)»។

ក្រៅ​ពី​គម្រោង​សាង​សង់​ស្ពាន​ឆ្លង​ទន្លេ ​លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ពី​គំនិត​ក្នុង​អភិវឌ្ឍន៍​ផ្លូវ​ក្រោម​ទន្លេ​ចេញ​ពី​រាជធានី​ភ្នំពេញ​ទៅ​តំបន់​អរិយក្សត្រ​ផងដែរ​។​ លោក​និយាយ​ថា ការ​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធ​​គឺ​មិន​ត្រឹម​តែ​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ និង​កំណើន​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ ប៉ុន្តែក៏​ជួយ​ជំរុញ​ឱ្យ​វិស័យ​អចលនទ្រព្យ​កាន់​តែ​ល្អ​ផងដែរ។

លោក​អះអាង​ថា៖​«​ខ្ញុំ​សង្ឃឹម​ថា​សក្តានុពល​នៃ​ការ​តភ្ជាប់​នេះ នឹង​នាំ​ការ​រីក​ចម្រើន​នៅ​ខាង​កើត​ទន្លេ គឺ​មិន​មែន​តែ​នៅ​ក្រុង​អរិយក្សត្រ ឬ​តំបន់ ២០០​ ហិកតា​នេះ​ទេ គឺ​នឹង​រីក​នៅ​ទិស​ខាង​កើត​ជំរុញ​ទៅ​ដល់​តំបន់​តភ្ជាប់​រហូត​ទៅ​ដល់​ផ្លូវ​ជាតិ​លេខ ៨ ក្លាយ​ទៅ​ជា​តំបន់​ឧស្សាហកម្ម​ ​តំបន់​ដែល​ទំនើប​ដូចជា​តំបន់​ទិស​ខាងលិច​ផងដែរ​»។

លោក​បន្ថែម​ថា​៖«ប្រសិន​បើ​បាន​អាក្រោម​ទឹក​(ផ្លូវ​ក្រោម​ទន្លេ)កាន់​តែ​ល្អ ហើយ​សង្ឃឹម​ថា​យើង​នឹង​មាន​នៅ​ពេល​ក្រោយ​ ព្រោះ​សោភណ្ឌភាព​ជា​ពិសេស​នៅ​ទន្លេ​ចតុមុខ​របស់​យើង​គឺ​នៅ​ខាង​ក្រោម​»។

លោក ឌិត ចណ្ណា អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Lucky Realty បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍ ​ក្នុង​ថ្ងៃ​ទី​១៧ ខែ​ធ្នូ​ថា អរិយក្សត្រ​ជា​តំបន់​ដែល​មាន​សក្តានុពល​ខ្លាំង​ក្នុង​​​វិស័យ​អចលនទ្រព្យ​ ប៉ុន្តែ​ដោយ​សារ​មិន​មាន​ស្ពាន​តភ្ជាប់​ជា​មួយ​រាជធានី​ភ្នំពេញ បាន​​ធ្វើ​ឱ្យ​តម្លៃ​​អចលនទ្រព្យ​នៅ​ទីនោះ​ស្ថិត​នៅ​ទាប​នៅ​ឡើយ​បើ​ធៀប​នឹង​ក្នុង​រាជធានី​ភ្នំពេញ​។​ លោក​បន្ត​ថា បច្ចុប្បន្ន​ដី​នៅ​ទីតាំង​ល្អ​បំផុត​ក្នុង​តំបន់​អរិយក្សត្រ​មាន​តម្លៃ​ចន្លោះ​ពី ៥០០-​៨០០​ ដុល្លារ​ក្នុង​ ១​ ម៉ែត្រ​ការ៉េ ចំណែក​តម្លៃ​ដី​ទាប​បំផុត​ចាប់​ពី​ជាង​ ១០ ​ដុល្លារ​ឡើងទៅ។

លោក​ថ្លែង​ថា៖​«តម្លៃ​អចលនទ្រព្យ​នៅ​អរិយក្សត្រ​នា​ពេល​នេះ​នៅ​ថោក​នៅ​ឡើយ​បើ​ធៀប​នឹង​តម្លៃ​អចលនទ្រព្យ​​ក្នុង​រាជធានី​ភ្នំពេញ​ដែល​តំបន់​ទាំង ២ នេះ​ខណ្ឌ​ចែក​គ្នា​ត្រឹម​តែ​ទន្លេ​ចតុមុខ​ប៉ុណ្ណោះ»។

លោក​អះអាង​ថា «ទីក្រុង​មេគង្គ ឃី»​នឹង​រួម​ចំណែក​បំពេញ​ក្តី​ប្រាថ្នា​របស់​ប្រជាជ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ។ គម្រោង​នេះក៏​នឹង​ជួយ​បង្កើន​ភាព​សកម្ម​ក្នុង​វិស័យ​អចលនទ្រព្យ វិនិយោគ និង​ពាណិជ្ជកម្មជាដើម​។

លោក​និយាយ​ថា៖​«​នៅ​ពេល​មាន​ស្ពាន​តភ្ជាប់​ ទីផ្សារ​អចលនទ្រព្យ​នៅ​ទីនោះ​ប្រាកដ​ជា​ហក់​ឡើង​ខ្លាំង។ អរិយក្សត្រ​ គឺ​ជា​ទីតាំងដ៏ល្អ​សម្រាប់​ការ​រស់​នៅ និង​ប្រកប​ការងារ ព្រោះ​ទីនោះ​នៅ​ជាប់​មាត់​ទន្លេ​ចតុមុខ និង​មាន​បរិស្ថាន​ល្អ»៕