ការ​ងើប​ឡើង​វិញ​នៃ​កំណើន​សេដ្ឋកិច្ច​សកល​បាន​ជួយ​ឱ្យ​ការ​នាំ​ចេញ​ទំនិញ​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​កើន​ឡើង​ជា​បន្តបន្ទាប់ ជាក់ស្តែង​នៅ​ក្នុង​រយៈ​ពេល ១១ ខែ​ដើម​ឆ្នាំ ​២០២៤ កម្ពុជា​ប្រមូល​ប្រាក់​បាន​ជាង ១០ ពាន់​លាន​ដុល្លារ​ពី​ការ​នាំ​ចេញ​ផលិតផល​វាយនភណ្ឌ កើន​ ១/៤ ដង​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២៣។

ទិន្នន័យ​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE) ឱ្យ​ដឹង​ថា ចាប់​ពី​ខែ​មករា ដល់​ខែ​វិច្ឆិកា ឆ្នាំ​ ២០២៤ កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​វាយនភណ្ឌ​ដែល​មាន​លេខ​កូដ៍​(HS ២​ខ្ទង់) ៦១, ៦២, ៦៣ និង ៦៤ ក្នុង​ទឹក​ប្រាក់​សរុប ១០ ៦៣៨,២១ លាន​ដុល្លារ កើន​ឡើង ២៥,៨​ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២៣ ដែល​មាន ៨ ៤៥៦,៣៧ ​លាន​ដុល្លារ។ 


ទឹក​ប្រាក់​នាំ​ចេញ​ផលិតផល​ទាំង​អស់​ខាង​លើ ស្មើ​នឹង ៤៤,៤៥ ​ភាគរយ​នៃ​ចំនួន​ទឹក​ប្រាក់​នាំ​ចេញ​សរុប​របស់​កម្ពុជា ​រយៈ​ពេល ១១​ ​ខែឆ្នាំ​ ២០២៤ ដែល​មាន​ចំនួន​ ២៣ ៩៣០,៥៦ ​លាន​ដុល្លារ។

ប្រភេទ​ទំនិញ​លេខកូដ៍​(HS ២​ខ្ទង់) ៦១,​ ៦២ និង ៦៣ រួម​មាន​សម្លៀក​បំពាក់ និង​គ្រឿង​បន្ទាប់​បន្សំ ធ្វើ​ឡើង​ពី​ក្រណាត់ ឬ​មិន​ធ្វើ​ពី​ក្រណាត់ និង​វត្ថុ​វាយនភណ្ឌ​កែច្នៃ​មួយ​ចំនួន​ទៀត ចំណែក​ទំនិញ​ស្ថិត​ក្នុង​លេខកូដ៍ ៦៤ រួម​មាន​ ស្បែកជើង​ ស្រោមជើង និង​វត្ថុ​ប្រហាក់​ប្រហែល។


បើ​យោង​តាម GDCE ការ​នាំ​ចេញ​ទំនិញ​ក្នុង​លេខ​កូដ៍ ៦១ ក្នុង​រយៈ​ពេល ១១ ខែ​ឆ្នាំ ២០២៤ មាន​ទឹក​ប្រាក់​ ៦ ១០៩,៤៧ លាន​ដុល្លារ កើន​ឡើង ២២,៧​ភាគរយ​ លេខកូដ៍ ៦២ ចំនួន ២ ៨៣៣,០៦ លាន​ដុល្លារ កើន ៣៣,៣ ភាគរយ, លេខកូដ៍ ៦៣ ចំនួន ១៨៦,៩៧ លាន​ដុល្លារ កើន ៣៧​ភាគរយ និង​ទំនិញ​លេខកូដ៍ ៦៤ ចំនួន ១ ៥០៨,៧២ លាន​ដុល្លារ កើន​ ២៤,៣ ភាគរយ។

អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក​ លឹម ហេង បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា នៅ​ពេល​សេដ្ឋកិច្ច​ពិភពលោក​ដំណើរការ​ល្អ​ មនុស្ស​នឹង​ធ្វើ​ដំណើរ​ច្រើន ហើយ​តម្រូវ​ការ​ផលិតផល​ប្រើ​ប្រាស់​គ្រប់​ប្រភេទ​ក៏​នឹង​កើន​ឡើង​ដែរ។ តម្រូវការ​ផលិតផល​វាយនភណ្ឌ​នឹង​ហក់​ឡើង​ខ្ពស់​នៅ​ពេល​មនុស្ស​ធ្វើ​ដំណើរ​ទេសចរណ៍​ច្រើន។ 

លោក​បន្ថែម​ថា កំណើន​ទឹក​ប្រាក់​នាំ​ចេញ​ផលិតផល​វាយនភណ្ឌ​នេះ ក៏​ដោយ​សារ​ប្រទេស​កម្ពុជា​ទទួល​បាន​ផល​ប្រយោជន៍​ពី​ភាព​អវិជ្ជមាន​ផ្នែក​នយោបាយ​នៅ​ប្រទេស​មាន​ឧស្សាហកម្ម​វាយនភណ្ឌ​ច្រើនដូចជា មីយ៉ាន់ម៉ា និង​បង់ក្លាដែស ជាដើម។

លោក​បន្ត​ថា បច្ចុប្បន្ន​មាន​គម្រោង​វិនិយោគ​ក្នុង​វិស័យ​វាយនភណ្ឌ​ជា​ច្រើន​កំពុង​នាំ​គ្នា​សម្រុក​ចូល​មក​បើក​រោងចក្រ​នៅ​កម្ពុជា។លោក​និយាយ​ថា៖«កំណើន​សេដ្ឋកិច្ច​ពិភពលោក ព្រម​ទាំង​ការ​ងើប​ឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍ នឹង​ជួយ​ធ្វើ​ឱ្យ​ការ​បញ្ជា​ទិញ​ផលិតផល​វាយនភណ្ឌ​កម្ពុជា​កើន​ឡើង​ថែម​ទៀត។ អាមេរិក កាណាដា និង​អ៊ឺរ៉ុប នៅ​តែ​ជា​ទីផ្សារ​សំខាន់​សម្រាប់​ផលិត​ផល​វាយនភណ្ឌ​កម្ពុជា»។

ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា(CDC) បាន​អនុម័ត​គម្រោង​វិនិយោគ​សរុប ៤៣ ដែល​មាន​ទុន​វិនិយោគ​ ៩៤០ លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន ៣៩ ពាន់​កន្លែង។ ក្នុង​ចំណោម​នោះ គឺ​វិស័យ​វាយនភណ្ឌ មាន​ចំនួន ១១ គម្រោង។

ប្រធាន​សហព័ន្ធ​សមាគម​អ្នក​វិនិយោគ​កម្ពុជា និង​ជា​ប្រធាន​សមាគម​ស្បែក​ជើង​កម្ពុជា លោក លី ឃុនថៃ កាល​ពី​ខែ​តុលាបាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍ បន្ទាប់​ពី​ធ្លាក់​ចុះ​មួយ​រយៈ​ដោយ​សារ​ឥទ្ធិពល​នៃ​ការ​រីករាល​ដាល​ជំងឺកូវីដ​១៩ ការ​នាំ​ចេញ​ផលិតផល​វាយនភណ្ឌ​បាន​ចាប់​ផ្តើម​បង្ហាញ​សញ្ញា​វិជ្ជមាន​ឡើង​វិញ​ចាប់​ពី​ពាក់​កណ្តាល​ឆមាស​ទី​២ ឆ្នាំ​២០២៣ មក។ 

លោក​បន្ត​ថា ការ​កើន​ឡើង​ចំនួន​ទឹក​ប្រាក់​នាំ​ចេញ​ផលិតផល​វាយនភណ្ឌ​ គឺ​ដោយ​សារ​កម្ពុជា​ជា​ប្រទេស​មាន​ស្ថិរភាព​នយោបាយ​ល្អ​ មាន​ច្បាប់​វិនិយោគ​អំណោយ​ផល ​សម្បូរ​កម្លាំង​ពលកម្ម​ជំនាញ ហេដ្ឋា​រចនា​សម្ព័ន្ធ​ដឹក​ជញ្ជូន​ល្អ​ប្រសើរ និង​មាន​ទីផ្សារ​ទទួល​ទិញ​កាន់​តែ​ច្រើន។

លោក​បាន​ថ្លែង​ថា៖​«​កំណើន​ទឹក​ប្រាក់​នាំ​ចេញ​ផលិត​ផល​វាយនភណ្ឌ​នៅ​ពេល​នេះ គឺ​ដោយ​សារ​ប្រទេស​កម្ពុជា​មាន​ស្ថិរភាពនយោបាយ​នឹងនរ​នៅ​ក្នុង​ចំណោម​ប្រទេស​អាស៊ាន កត្តា​កម្មករ​កម្មការិនី​ធ្វើការ​មាន​ភាព​រហ័សរហួន មាន​ស្នាដៃ​ល្អ​សម្រាប់​ចង្វាក់​ផលិតកម្ម​ទាំង​គុណភាព និង​បរិមាណ»។

លោក​បាន​លើក​ឡើង​ទៀត​ថា សមិទ្ធិផល​ដែល​សម្រេច​បាន​នា​ពេល​នេះ ក៏​ដោយ​សារ​តែ​មាន​ការ​យកចិត្ត​ដាក់​ខ្លាំង​ផង​ដែរ​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល​ដែល​តែង​ខិតខំ​ផ្សព្វផ្សាយ និង​ទាក់​ទាញ​អ្នក​វិនិយោគ​ឱ្យ​មក​បណ្តាក់​ទុន​ផ្ទាល់​នៅ​កម្ពុជា ក៏​ដូច​ជា​បញ្ជាទិញ​ទំនិញ​ផលិត​នៅ​កម្ពុជា។

ទាក់​ទង​នឹង​ស្ថាន​ភាព​ការ​នាំ​ចេញ​សម្រាប់​រយៈ​ពេល​នៅ​សល់​ក្នុង​ឆ្នាំ​២០២៤ និង​ឆ្នាំ ២០២៥ ខាង​មុខ លោក ឃុនថៃ បាន​អះអាង​ថា ការ​នាំ​ចេញ​ផលិតផល​វាយនភណ្ឌ​នឹង​បន្ត​កើន​ឡើង​បន្ថែម​ទៀត៕