វិនិយោគិន​ខេត្ត​ក្វាងទុង បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ចំពោះ​សក្តានុពល​ការ​វិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ​មួយ​ចំនួន ព្រម​ទាំង​ឱកាស​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ទំនិញ ខណៈ​រយៈ​ពេល​ជិត​ពេញ ១ឆ្នាំ ២០២៤ ការ​នាំចេញ នាំចូល​ទំនិញ​រវាង​ប្រទេស​ទាំង ២ មាន​ទឹក​ប្រាក់​ជិត ១៤ ពាន់​លាន​ដុល្លារ។

ចំណាប់​អារម្មណ៍​នេះ​ត្រូវ​បាន លោក Liang Songshou ប្រធាន​សហព័ន្ធ​សិក្សា​ស្រាវជ្រាវ​សេដ្ឋកិច្ច ឧស្សាហកម្ម​តំបន់​ឆ្នេរ​ក្វាងទុង-ហុងកុង-​ម៉ាកាវ លើក​ឡើង​អំឡុង​ពេល​ជួប​ពិភាក្សា​ជាមួយ លោក លីម ឡោកពិសិដ្ឋ រដ្ឋ​លេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម កាល​ពី​ថ្ងៃទី​១៧ ខែ​ធ្នូ។


នៅ​ក្នុង​ជំនួប​នោះ លោក លីម ឡោកពិសិដ្ឋ បាន​ប្រាប់​ភាគី​ចិន​អំពី​សក្តានុពល​នៃ​ការ​បណ្តាក់ទុន​ផ្ទាល់​នៅ​កម្ពុជា ដោយ​អ្នក​វិនិយោគ​នឹង​ទទួល​បាន​ភាព​អនុគ្រោះ​យ៉ាង​ច្រើន​ទាំង​កត្តា​ក្នុង​ស្រុក និង​ទីផ្សារ​នាំ​ចេញ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ​។ ជាមួយ​គ្នា​នេះ​ក្រសួង​ពាណិជ្ជកម្ម​ក្នុង​នាម​សេនាធិការ​របស់​រាជ​រដ្ឋាភិបាល ​ក៏​នឹង​ខិតខំ​ជួយ​សម្របសម្រួល​ដល់​អ្នក​វិនិយោគ​ដែល​មាន​បំណង​ចង់​មក​វិនិយោគ ឬ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​ផងដែរ។

លោក​លើក​ឡើង​ទៀត​ថា ការ​ចូល​មក​បណ្តាក់​ទុន​ពី​សំណាក់​វិនិយោគិន​ចិន គឺ​ពិត​ជា​ល្អ ពី​ព្រោះ​រដ្ឋាភិបាល​នៃ​ប្រទេស​ ២ មាន​ចំណង​មិត្តភាព​ល្អ​ជាមួយ​គ្នា ហើយ​ប្រទេស​ទាំង ២ ក៏​មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា-​ចិន(CCFTA) ព្រម​ទាំង​កិច្ច​សហ​ប្រតិបត្តិការ​ផ្សេងៗ​ទៀត​ជា​ច្រើន។


ចំណែក​លោក LIANG Songshou បាន​និយាយ​ថា កម្ពុជា ជា​ប្រទេស​ដែល​មាន​សក្តានុពល​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​លើ​គ្រប់​វិស័យ ហើយ​រូប​លោក និង​សហការី​ពិត​ជា​ចាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការ​មក​វិនិយោគ​នៅ​កម្ពុជា ជា​ពិសេស​លើ​វិស័យ​ថាមពល​ជីវម៉ាស និង​អប់រំ។ ជាមួយ​គ្នា​នេះ លោក និង​សហការី​ក៏​ចង់​ចូលរួម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​វិនិយោគ​លើ​កិច្ច​ការពារ​បរិស្ថាន​ផងដែរ។

អ្នក​សេដ្ឋកិច្ច​នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​១៧ ខែធ្នូ ថា ការ​ខិតខំ​របស់​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​ក្នុង​ការ​ផ្សព្វផ្សាយ ការ​កែ​លម្អ​ប្រព័ន្ធ​ច្បាប់​វិនិយោគ​ឱ្យ​កាន់តែ​ទាក់ទាញ ព្រម​ទាំង​កត្តា​ទីផ្សារ​នាំ​ចេញ​(មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​ប្រទេស​មួយ​ចំនួន) កំពុង​ជួយ​ឱ្យ​កម្ពុជា​ទាក់ទាញ​វិនិយោគិន​ក្នុង​ស្រុក និង​បរទេស​ឱ្យ​ចូល​មក​វិនិយោគ​កាន់​តែ​ច្រើន​។ ការ​ចូល​មក​បណ្តាក់​ទុនផ្ទាល់​នឹង​នាំ​ផល​ប្រយោជន៍​យ៉ាង​ច្រើន​សម្រាប់​សេដ្ឋកិច្ច​ជាតិ និង​ប្រជាជន​កម្ពុជា តាម​រយៈ​ការ​បង្កើតឱកាស​កាងារ ប្រាក់ចំណូល និង​ការ​ទាញ​យក​ធនធាន​ក្នុង​ស្រុក​មក​ប្រើ​ប្រាស់​កាន់​តែ​ច្រើន។

លោក​បន្ថែម​ថា ជា​ទូទៅ​ការ​វិនិយោគ​ផ្ទាល់ ទោះ​វិនិយោគិន​នោះ​មក​ពី​ប្រទេស​ណា ឬ​វិនិយោគ​លើ​វិស័យ​អ្វី​ក៏​ដោយ គឺ​សុទ្ធ​តែ​នាំ​ផល​ចំណេញ​សម្រាប់​សេដ្ឋកិច្ច​ជាតិ។

លោក​អះអាង​ថា៖​«​មួយ​រយៈ​ចុង​ក្រោយ​នេះ​ខ្ញុំ​សង្កេត​ឃើញ​មាន​ក្រុម​អ្នក​វិនិយោគ​ជា​ច្រើន​បាន​ចូល​មក​សិក្សា និង​ស្វែង​រក​ឱកាស​វិនិយោគ​នៅ​កម្ពុជា។ ភាព​វិជ្ជមាន​ទាំង​អស់​នេះ​នឹង​ក្លាយ​ជា​ថាមពល​ដ៏​ខ្លាំង​ដែល​នាំ​ឱ្យ​កម្ពុជា​ឈាន​ទៅ​សម្រេច​ចក្ខុវិស័យ​នានា​ដែល​បាន​កំណត់»។

លោក​ប្រាប់​ទៀត​ថា តាម​រយៈ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ដែល​កម្ពុជា​បង្កើត និង​ចុះហត្ថលេខា​ជាមួយ​ប្រទេស​ជាច្រើន​លើ​ពិភពលោក​គឺ​ប្រាកដ​ជា​នឹង​អាច​ស្រូប​ទាញ​អ្នក​វិនិយោគ​បាន​កាន់​តែ​ច្រើន។

យោង​តាម​អគ្គនាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE) ចាប់​ពី​ខែ​មករា ដល់​ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ការ​នាំ​ចេញ នាំចូល​ទំនិញ​រវាង​ប្រទេស​ទាំង ២ មាន​ទឹក​ប្រាក់​សរុប ១៣,៧៦ ពាន់​លាន​ដុល្លារ កើន​ឡើង ២៤,២ ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២៣។ ប្រទេស​ចិន គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​ធំ​ជាង​គេ​របស់​កម្ពុជា ដោយ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ មាន​ចំណែក ២៧,៥៩ ភាគ​រយ​នៃ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​រយៈពេល ១១ ខែ​ដើម​ឆ្នាំ ២០២៤ ដែល​មាន​ចំនួន ៤៩,៨៧ ពាន់​លាន​ដុល្លារ។

ទំនិញ​ដែល​ប្រទេស​ចិន​នាំ​មក​កម្ពុជា មាន​ចំនួន ១២,១៥ ពាន់​លាន​ដុល្លារ កើន​ឡើង ២៤,៥ ភាគរយ ចំណែក​ទំនិញ​កម្ពុជា​នាំ​ទៅ​ប្រទេស​ចិន​ ១,៦១ ពាន់​លាន​ដុល្លារ កើន ២២,៣ ភាគរយ។

ទឹក​ប្រាក់​នៃ​ទំនិញ​ចិន​នាំ​ចូល​កម្ពុជា គឺ​មាន​ចំណែក​ប្រមាណ ៨៨,៣១ ភាគរយ​នៃ​ចំនួន​ទឹក​ប្រាក់​ពាណិជ្ជកម្ម​ទ្វេភាគី៕