ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នៅក្នុងឆ្នាំ ២០២៤ នេះបានអនុម័តលើគម្រោងវិនិយោគចំនួន ៤១៤ ដែលមានទុនវិនិយោគសរុបជិត ៧ ពាន់លានដុល្លារ កើនឡើងជិត ២ ពាន់លានដុល្លារបើធៀបនឹងឆ្នាំ២០២៣។ នេះបើយោងតាមបណ្តាញសង្គមផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
លោក ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២០ ខែធ្នូ នេះបានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាលើកដំបូងក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
យោងតាមបណ្តាញសង្គមផ្លូវការរបស់លោក ហ៊ុន ម៉ាណែត ក្នុងឆ្នាំ ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍនន៍កម្ពុជា បានអនុម័តឱ្យគម្រោងវិនិយោគចំនួន ៤១៤ គម្រោង កើនឡើង ៥៤ ភាគរយ(១៤៦ គម្រោង) បើធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ២៦៨ គម្រោង។
ចំណែកទុនវិនិយោគសរុបរបស់គម្រោងទាំង ៤១៤ គឺមានប្រមាណ ៦,៩ ពាន់លានដុល្លារ កើនឡើង ៤០ភាគរយ ពីចំនួន ៤,៩២ ពាន់លានដុល្លារ។
អ្នកសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី២០ ខែធ្នូ ថា បើទោះបីស្ថានភាពនយោបាយ និងសេដ្ឋកិច្ចសកលមិនទាន់ល្អប្រសើរដូចមុនឆ្នាំ ២០២០ ប៉ុន្តែប្រទេសកម្ពុជានៅតែមានសក្តានុពលគ្រប់គ្រាន់ដើម្បីទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិឱ្យចូលមកបើករោងចក្រ/សហគ្រាសនៅកម្ពុជា។
កំណើនក្រុមហ៊ុនដែល CDC អនុម័ត គឺបញ្ជាក់ពីទំនុកចិត្តរបស់ក្រុមវិនិយោគិនចំពោះស្ថិរភាពនយោបាយកម្ពុជា ព្រមទាំងកត្តាទីផ្សារនាំចេញទំនិញទៅទីផ្សារអន្តរជាតិ។ លោកបន្តថា សមិទ្ធិផលទាំងអស់នេះក៏កើតចេញពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័នដឹកជញ្ជូនគ្រប់ផ្នែក ការតភ្ជាប់ថាមពល ក៏ដូចជាការកែលម្អប្រព័ន្ធច្បាប់វិនិយោគ។
កន្លែងណាដែលមានភាពអំណោយផល និងបង្កភាពងាយស្រួលដល់ការវិនិយោគ នឹងមានលំហូរវិនិយោគិនច្រើនទៅទីនោះ។
លោកបានថ្លែងថា៖«ចំនួនក្រុមហ៊ុនវិនិយោគដែលអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងកើនឡើងថែមទៀតនាពេលខាងមុខ។
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធចែកចាយថាមពល នឹងជួយឱ្យថ្លែដើមទំនិញកាន់តែទាប ដែលចំណុចនេះនឹងធ្វើឱ្យសមត្ថភាពនៃការប្រកួតប្រជែងទំនិញកម្ពុជាលើទីផ្សារអន្តរជាតិមានកាន់តែខ្លាំង»។
ទាក់ទងនឹងប្រភេទគម្រោងវិនិយោគថ្មីៗ លោក វណ្ណៈ ប្រាប់ថា កាន់តែមានលក្ខណៈចម្រុះ និងប្រើបច្ចេកវិទ្យាទំនើបៗកាន់តែច្រើន ដូចជា រោងចក្រផលិតឧបករណ៍អេឡិចត្រូនិក គ្រឿងអគ្គិសនី ដំឡើងរថយន្ត កែច្នៃធនធានរ៉ែ និងផលិតផលកសិកម្ម ជាដើម។
អ្នកសេដ្ឋកិច្ច លោក ឌុច ដារិន្ទ បាននិយាយថា កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ ការបន្តពង្រឹងសេរីភាពសេដ្ឋកិច្ច និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីដែលកម្ពុជាបានចុះហត្ថលេខាជាមួយប្រទេសជាច្រើន គឺជាសក្តានុពលដ៏ធំក្នុងការទាក់ទាញ និងលើកទឹកចិត្តឱ្យវិនិយោគិនជាតិ និងអន្តរជាតិកាន់តែច្រើនបណ្តាក់ទុននៅកម្ពុជា។
លោកបានថ្លែងថា៖«សេរីភាពសេដ្ឋកិច្ច រួមជាមួយសន្តិភាព និងស្ថិរភាពនយោបាយ អាចផ្តល់នូវបរិយាកាសសម្រាប់វិនិយោគិនមើលឃើញឱកាសវិនិយោគរយៈពេលវែង ដែលមានប្រយោជន៍សម្រាប់ការអភិវឌ្ឍ និងការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជាបន្តទៀតប្រកបដោយបរិយាប័ន្ន»។
លោកលើកឡើងទៀតថា ជាមួយនឹងដំណើរវិវឌ្ឍន៍ដ៏ល្អនេះ កំណើនសេដ្ឋកិច្ចកម្ពុជាក៏ត្រូវបានរំពឹងថានឹងបោះជំហានទៅមុខកាន់តែលឿន។
ជាក់ស្តែងតាមការព្យាកររបស់រដ្ឋាភិបាលកម្ពុជា គឺផលិតផលក្នុងស្រុក(ផ.ស.ស) សម្រាប់មនុស្សម្នាក់នៅកម្ពុជា ក្នុងឆ្នាំ ២០២៥ ត្រូវរំពឹងថានឹងកើនដល់ជិត ៣ ពាន់ដុល្លារអាមេរិក(២ ៩២៤ដុល្លារ) ព្រមទាំងអត្រាកំណើននៃផលិតផលក្នុងស្រុកសរុបព្យាករណ៍ថាកើនបាន ៦,៣ ភាគរយ គាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗដូចជា វិស័យឧស្សាហកម្ម នឹងមានកំណើន ៨,៦ ភាគរយ, វិស័យសេវាកម្មនឹងមានកំណើន ៥,៦ ភាគរយ និងវិស័យកសិកម្ម នឹងកើនឡើង ១,១ ភាគរយ។ ចំណែកអតិផរណា ត្រូវបានព្យាករថានឹងស្ថិតក្នុងរង្វង់ ២,៥ ភាគរយនៅឆ្នាំ ២០២៥ ខាងមុខ។
ដើម្បីបង្កភាពងាយស្រួល និងអាចទាក់ទាញអ្នកវិនិយោគឱ្យចូលមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ បានប្រកាសដាក់ឱ្យដំណើរការ «ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា»(ប្រព័ន្ធ cdcIPM) ដែលជាប្រព័ន្ធបច្ចេកវិទ្យាឌីជីថលថ្មីមួយផ្ដល់លទ្ធភាពឱ្យវិនិយោគិនអាចដាក់ពាក្យវិនិយោគពីគ្រប់កន្លែង និងគ្រប់ពេលវេលា។
ប្រព័ន្ធថ្មីនេះនឹងចូលរួមចំណែកពន្លឿនការផ្ដល់សេវាចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលហៅថា QIP(Qualified investment Project) ដោយប្តូរពីការធ្វើលើឯកសាររឹង(Hard Copy) ទៅជាការធ្វើតាមប្រព័ន្ធឌីជីថល ដែលកិច្ចការនេះនឹងកាត់បន្ថយតម្រូវការជួបផ្ទាល់រវាងវិនិយោគិនជាមួយមន្ត្រីផ្តល់សេវា និងបង្កើនភាពងាយស្រួល ព្រមទាំងធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែទទួលបានទំនុកចិត្តថែមទៀតពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ។
ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា(ប្រព័ន្ធ cdcIPM)នឹងផ្តល់ភាពងាយស្រួលសម្រាប់អ្នកវិនិយោគដែលចង់វិនិយោគនៅកម្ពុជា។
ការដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាវត្ថុបំណងរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់នូវភាពងាយស្រួលដើម្បីទាក់ទាញការវិនិយោគផង និងផ្តល់ព័ត៌មានទៅដល់អ្នកវិនិយោគផង។
លោកបានថ្លែងថា៖«ប្រព័ន្ធនេះគឺងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការដាក់ព័ត៌មាន ស្នើសុំការវិនិយោគ និងអាចតាមដានដោយខ្លួនឯង ថាតើទៅដល់ណាហើយទម្រង់របស់ខ្ញុំ គឺកុំដាក់ទៅបាត់ឈឹង អស់ ២-៣អាទិត្យ មិនដឹងទៅណា។ អ្នកវិនិយោគអាចតាមដានប្រព័ន្ធនេះគ្រប់ជំហានទាំងអស់ និងដឹងទៅដល់ណាហើយ»។
ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា លោកតែ តាំងប៉ បាននិយាយថា ឱកាសក្នុងការទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុននឹងមានកាន់តែច្រើនបន្ថែមទៀត បើតម្លៃអគ្គិសនីនៅកម្ពុជាអាចធ្លាក់ចុះទាបជាងពេលនេះ ឬប្រហាក់ប្រហែលប្រទេសជិតខាង។
គ្រប់ចង្វាក់ផលិតកម្ម គឺត្រូវការប្រើប្រាស់ថាមពល ដូច្នេះបើតម្លៃអគ្គិសនីទាប ថ្លៃដើមផលិតក៏ទាប ដែលនឹងធ្វើឱ្យសមត្ថភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិកើនឡើង។ លោកបន្តថា ឧស្សាហកម្មធំៗបានចូលមកវិនិយោគផ្ទាល់នៅកម្ពុជាជាបន្តបន្ទាប់នាពេលនេះ។
លោកថ្លែងថា៖«តម្លៃប្រេង និងតម្លៃអគ្គិសនី ជាកត្តាគួបផ្សំដ៏សំខាន់ក្នុងការទាក់ទាញវិនិយោគគិន ព្រោះប្រេង និងអគ្គិសនី គឺជាធាតុផ្សំដ៏សំខាន់សម្រាប់ផ្នែកផលិតកម្ម ក្រៅពីការចំណាយលើវត្ថុធាតុដើម និងកម្លាំងពលកម្ម។ ពេលណាតម្លៃប្រេង រួមទាំងតម្លៃអគ្គិសនីមានស្ថិរភាព និងតម្លៃទាបវិនិយោគិននឹងមើលឃើញពីឱកាសចេញពីកត្តាទាំងអស់នោះ»៕