ថៃ និង​វៀតណាម បាន​បន្ត​ឈរ​លើ​គេ​ក្នុង​នាម​ជា​ភ្ញៀវ​បរទេស​ចូល​មក​ប្រទេស​កម្ពុជា​ច្រើន​ជាង​គេ ដោយ​មាន​ចំនួន​ជាង ៣ លាន​នាក់ ដែល​ចំនួន​នេះ​ស្មើ​នឹង​ជាង ៥០ ភាគរយ​នៃ​ចំនួន​ភ្ញៀវ​បរទេស​សរុប​ចូល​មក​កម្ពុជា​ក្នុង​រយៈ​ពេល ១១ ខែ​ដើម​ឆ្នាំ ​២០២៤។

ទិន្នន័យ​របស់​ក្រសួង​ទេសចរណ៍​ដែល​ទើប​ចេញ​ផ្សាយ បាន​បង្ហាញ​ថា ចន្លោះ​ពី​ខែ​មករា-ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ភ្ញៀវ​បរទេស​ដែល​ចូល​មក​ប្រទេស​កម្ពុជា មាន​ចំនួន​សរុប ៦ លាន​នាក់​ កើន​ឡើង ២២​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២៣ ដែល​មាន ៤, ៩២ លាន​នាក់។ 


ក្នុង​ចំនួន​ខាង​លើ គឺ​ភ្ញៀវ​មក​ពី​ប្រទេស​ថៃ និង​វៀតណាម បាន​គ្រប​ដណ្តប់ ៥២ ​ភាគរយ​នៃ​ចំនួន​ភ្ញៀវ​បរទេស​សរុប ដោយ​ជនជាតិ​ថៃ មាន​ចំនួន​ ១,៩១ លាន​នាក់​(កើន ១៥,៤ ភាគរយ) ស្មើ​នឹង​ចំណែក​ទីផ្សារ ៣១,៩ ភាគរយ​នៃ​ចំនួន​ភ្ញៀវ​បរទេស​សរុប, និង​វៀតណាម ១,២ លាន​នាក់​(កើន​ ៣០,៨​ ភាគរយ) ស្មើ​នឹង​ចំណែក​ទីផ្សារ​ ២០,១​ភាគរយ។

បើ​តាម​ក្រសួង​ទេសចរណ៍ បន្ទាប់​ពី​ជនជាតិ​ថៃ និង​វៀតណាម គឺ​ជនជាតិ​ចិន មាន​ចំនួន ៧៦៩ ៧៧៥ នាក់​ ស្មើ ១២,៨ ​ភាគរយ, ឡាវ ៣០៦ ៩៤៨ ​នាក់ ស្មើ ៥,១ ភាគ​រយ, អាមេរិក ១៩០ ៨៥៦​ នាក់ ​ស្មើ ៣,៣ ភាគ​រយ តាម​ពី​ក្រោយ​ដោយ​ជនជាតិ​កូរ៉េ ឥណ្ឌូនេស៊ី, បារាំង ចក្រភព​អង់គ្លេស និង​ជប៉ុន។


ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ លោក ខៀវ ធី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ដើម​សប្តាហ៍​នេះ​ថា មូលហេតុ​ដែល​ចំនួន​ភ្ញៀវ​ជនជាតិ​ថៃ និង​វៀតណាម មាន​ច្រើន​ជាង​គេ គឺ​ដោយ​សារ​តែ​ប្រទេស​ទាំង ២ មាន​ព្រំដែន​គោក និង​ទឹក​ជាប់​ជាមួយ​កម្ពុជា។ ទោះយ៉ាង​ណា បើ​តាម​ការ​សង្កេត​របស់​លោក គឺ​ភាគ​ច្រើន​នៃ​ភ្ញៀវ​ជនជាតិ​ថៃ និង​វៀតណាម​ មិន​បាន​ធ្វើ​ដំណើរ​មក​កម្សាន្ត​នៅ​តាម​តំបន់​រមណីយដ្ឋាន​ប្រាសាទ​បុរាណ​ឡើយ ដោយ​ពួក​គេ​ចូល​មក​កម្ពុជា​ដើម្បី​កិច្ចការ​ពាណិជ្ជកម្ម ពិសេស​នៅ​តាម​បណ្តាខេត្ត​ជាប់​ព្រំដែន។

លោក​និយាយ​ថា៖​«សម្រាប់​ភ្ញៀវ​បរទេស​ដែល​ធ្វើ​ដំណើរ​មក​កម្សាន្ត​តាម​រមណីយដ្ឋាន ពិសេស​ប្រាសាទ​បុរាណ​ក្នុង​ខេត្ត​សៀមរាប គឺ​ភាគ​ច្រើន​ជា​ភ្ញៀវ​មក​ពី​តំបន់​អឺរ៉ុប អាមេរិក ចិន និង​ជប៉ុន ជាដើម ប៉ុន្តែ​សម្រាប់​ភ្ញៀវ​ទេសចរ​វៀតណាម និង​ថៃ គឺមិន​សូវ​មាន​ទេ»។

លោក​ប្រាប់​ទៀតថា សម្រាប់​មួយ​រយៈ​ចុង​ក្រោយ​នេះ គឺ​ចំនួន​ភ្ញៀវ​ជនជាតិ​ចិន​ដែល​មក​កម្សាន្ត​នៅ​ខេត្ត​សៀមរាប​ហាក់​មាន​កំណើន​គួរឱ្យ​កត់​សម្គាល់ ប៉ុន្តែ​នៅ​មិន​ទាន់​អាច​ធៀប​នឹង​ចំនួន​ដ៏​ច្រើន​មុន​ឆ្នាំ ២០២០ ឡើយ។

លោក​បាន​ថ្លែង​ថា​៖«ក្នុង​នាម​ជា​មគ្គុទ្ទេសក៍​ទេសចរ យើង​ពិត​ជា​ចង់​ឃើញ​ភ្ញៀវ​ទេសចរ​បរទេស​មក​ដើរ​កម្សាន្ត​នៅ​តាម​ប្រាសាទ​បុរាណ​ឱ្យ​បាន​ច្រើន។ វិស័យ​ទេសចរណ៍ ​គឺ​ជា​មុខ​ព្រួញ​ចំណូល​ដ៏​សំខាន់​សម្រាប់​ខេត្ត​សៀមរាប»។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា (PATA) លោក ធួន ស៊ីណាន ធ្លាប់​អះអាង​ថា ការ​ផ្លាស់​ប្តូរ​របៀប​កត់ត្រា បាន​ធ្វើ​ឱ្យ​ចំនួន​ភ្ញៀវ​មក​ពី​ប្រទេស​ជាប់​ព្រំដែនទាំង ២​ (ថៃ និង​វៀតណាម) កើនឡើង​យ៉ាង​ច្រើន ខុស​ពី​ពេល​មុន​ដែល​គេ​កត់​តែ​ភ្ញៀវ​ដែល​មាន​គោល​បំណង​ចូល​មក​ដើរ​លេង​កម្សាន្ត។

លោក​បន្ត​ថា បើតាម​លោក​ដឹង ពេលនេះ​គេ​កត់​ទាំង​អស់​ឱ្យ​តែ​ភ្ញៀវ​បរទេស​ឆ្លង​ចូល​មក​ក្នុង​ទឹកដី​កម្ពុជា ទោះ​ពួក​គេ​មក​លេង​ល្បែង​តាម​ទីតាំង​ជាប់​ព្រំដែន​ក៏ដោយ។
យ៉ាង​ណា​លោក ស៊ីណាន នៅ​តែ​បង្ហាញ​ការ​ស្វាគមន៍​ចំពោះ​តួលេខ​នៃ​កំណើន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​ចូល​ម​ក​កម្ពុជា។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ បាន​ឱ្យ​ដឹង​ថា ចន្លោះ​ពី​ខែ​មករា-ដល់​ខែ​វិច្ឆិកា ឆ្នាំ ២០២៤ មាន​ភ្ញៀវ​បរទេស ៨៩៨ ៣៣៩ ​នាក់​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ដែល​ចំនួន​នេះ​គឺ​កើន​ឡើង ២៨,៣៣ ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ ២០២៣។ ចំណែក​ទឹក​ប្រាក់​ដែល​ទទួល​បាន គឺ ៤១,៩១ លាន​ដុល្លារ កើន​ឡើង ២៨,៧៦ ភាគរយ៕