កម្ពុជា​ប្រមូល​ប្រាក់​បាន​ជាង ៤ ពាន់​លាន​ដុល្លារ​ពី​ការ​នាំ​ចេញ​ទំនិញ​ទៅ​សហភាព​អឺរ៉ុប​ក្នុង​រយៈ​ពេល ១១ ខែ​ដើម​ឆ្នាំ ២០២៤ កើន​ឡើង​ជាង ២០ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន ខណៈ​ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​ដៃគូ​ទាំង ២ មាន​ប្រមាណ​ជិត ៤,៩ ពាន់​លាន​ដុល្លារ។

របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ ២០២៤ និង​ទិសដៅ​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ ២០២៥ របស់​ក្រសួង​ពាណិជ្ជកម្ម បាន​បង្ហាញ​ថា ចន្លោះ​ពី​ខែ​មករា ដល់​ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ការ​នាំចេញ នាំចូល​ទំនិញ​រវាង​កម្ពុជា​ជាមួយ​សហភាព​អឺរ៉ុប មាន​ទឹកប្រាក់​សរុប ៤ ៨៨៧ លាន​ដុល្លារ កើន​ឡើង ១៥,១ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​ ២០២៣ ក្នុង​នោះ​ទំនិញ​កម្ពុជា​នាំ​ទៅ​សហភាព​អឺរ៉ុប មាន​ទឹក​ប្រាក់ ៤ ០៣២ លាន​ដុល្លារ កើនឡើង ២០,៤៥ ភាគរយ ចំណែក​ទំនិញ​សហភាព​អឺរ៉ុប​នាំ​មក​កម្ពុជា​ចំនួន ៨៥៤ លាន​ដុល្លារ ធ្លាក់ចុះ ៤,៨៥ ភាគរយ។


ផ្អែក​តាម​របាយការណ៍ ប្រទេស​សមាជិក​សហភាព​អឺរ៉ុប ដែល​ទទួល​ទិញ​ទំនិញ​ច្រើន​ពី​កម្ពុជា រួមមាន​ប្រទេស​អេស្ប៉ាញ មាន​ទឹក​ប្រាក់ ៩៥៣ លាន​ដុល្លារ កើន ៤៦,៩៩ ភាគរយ, អាល្លឺម៉ង់ ៨២៨ លាន​ដុល្លារ កើន​ឡើង ១១,៥៦ ភាគរយ, ហូឡង់ ៧២៩ លាន​ដុល្លារ កើន ៤៣,១៩ ភាគរយ, បារាំង ៣៦៨ លាន​ដុល្លារ កើន ១០,៨១ ភាគរយ និង​ប្រទេស​បែលហ្ស៊ិក ៣៣៤ លាន​ដុល្លារ ថយចុះ ១៦,០៨ ភាគរយ។

ក្រសួង​ពាណិជ្ជកម្ម បាន​ឱ្យ​ដឹង​ថា ដើម្បី​ជំរុញ​សកម្ម​ភាព​ពាណិជ្ជកម្ម​ជាមួយ​សហភាព​អឺរ៉ុប​ឱ្យ​បោះ​ជំហាន​ទៅមុខ​កាន់​តែ​លឿន​ ក្នុង​ឆ្នាំ ២០២៤ ថ្នាក់​ដឹកនាំ​ក្រសួង​ពាណិជ្ជកម្ម​បាន​ចូលរួម​កិច្ច​ប្រជុំ​សំខាន់​ៗ​មួយ​ចំនួន​ដូចជា កិច្ច​ប្រជុំ​អនុ​ក្រុម​ពាណិជ្ជកម្ម និង​វិនិយោគ​លើក​ទី​១២ (Subgroup on Trade and Investment-SGTI) ក្រោម​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​ចម្រុះ​កម្ពុជា-​សហភាព​អឺរ៉ុប លើក​ទី​១២ (JC12)។ ជា​លទ្ធផល​ភាគី​ទាំង ២ បាន​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ជំនួយ​បច្ចេកទេស​សម្រាប់​វិស័យ​ពាណិជ្ជកម្ម និង​វិស័យ​ដទៃទៀត។


ក្រសួង​ឱ្យ​ដឹង​ទៀត​ថា៖«បន្ថែម​ពី​លើ​នេះ​ថ្នាក់​ដឹកនាំ​ក្រសួង​ក៏បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​សមាជិក​សភា​អឺរ៉ុប និង​ធុរជន​អឺរ៉ុប ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​កម្ពុជា-​សហភាព​អឺរ៉ុប ដែល​ក្នុង​នោះ​ប្រតិភូ​ធុរជន​មក​ពី​ប្រទេស​ប៉ូឡូញ​បាន​ចូល​រួម​ពិគ្រោះ​យោបល់ ក្នុង​ការ​ពង្រីក​ចំណែក​ទីផ្សារ​បន្ថែម​ទៀត សម្រាប់​ធ្វើ​ពិពិធកម្ម​ទំនិញ​កម្ពុជា​ទៅកាន់​ប្រទេស​ប៉ូឡូញ»។

អ្នក​សេដ្ឋកិច្ច​នៅ​រាជ​បណ្ឌិត្យសភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ថា សហភាព​អឺរ៉ុប គឺ​ជា​ទីផ្សារ​ទទួល​ទិញ​ទំនិញ​ដ៏​ធំ​ពី​កម្ពុជា ដែល​មាន​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ។ សហភាព​អឺរ៉ុប គឺ​ជា​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន ហើយ​ប្រជាជន​ភាគ​ច្រើន​មាន​ប្រាក់​ចំណូល​ខ្ពស់ ដូច្នេះ​ប្រសិនបើ​កម្ពុជា​អាច​មាន​ផលិតផល​ឆ្លើយតប​នឹង​ទីផ្សារអឺរ៉ុប​កាន់​តែ​ច្រើន វា​នឹង​ជួយ​ឱ្យ​កម្ពុជា​ទទួល​បាន​ចំណូល​កាន់​តែ​ច្រើន។ លោក​បន្ថែម​ថា ក្រៅ​ពី​ការ​នាំ​ចេញ​ទំនិញ​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប បច្ចុប្បន្ន​ក៏​មាន​វិនិយោគិន​អឺរ៉ុប​មួយ​ចំនួន​កំពុង​បើក​អាជីវកម្ម និង​រោងចក្រ​នៅ​កម្ពុជា​ផងដែរ​។

លោក​បាន​ថ្លែង​ថា៖​«ការ​ក្តាប់​យក​ឱកាស​ទីផ្សារ​អឺរ៉ុប គឺ​ជា​រឿង​ដែល​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​កម្ពុជា​កំពុង​ខិតខំ។ អឺរ៉ុប​ គឺ​ជា​ទីផ្សារ​ទំនើប​ស៊ីវិល័យ ដូច្នេះ​កម្ពុជា​ត្រូវ​តែ​ខិតខំ​ធ្វើ​ពិពិធកម្ម​ទំនិញ​នាំ​ចេញ​របស់​ខ្លួន​ឱ្យ​កាន់​តែ​ប្រសើរ​បន្ថែម​ទៀត​ទាំង​បរិមាណ និង​គុណភាព»។

លោក​លើក​ឡើង​ទៀត​ថា ភាគច្រើន​នៃ​ទំនិញ​កម្ពុជា​នាំ​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប​ គឺ​ជា​ផលិតផល​សម្លៀកបំពាក់ កាបូប​ធ្វើ​ដំណើរ ស្បែកជើង កង់ និង​ផលិតផល​កសិកម្ម​(ជាពិសេស​អង្ករ និង​ម្រេច)។

អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​និយាយ​ថា ​កំណើន​ទឹកប្រាក់​នាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អឺរ៉ុប គឺ​ឆ្លុះបញ្ចាំង​ពី​តម្រូវការ​ផលិតផល​កម្ពុជា​នៅ​ទីនោះ ខណៈ​ការ​នាំ​ចេញ​ទំនិញ​ជា​ច្រើន​ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប​បាន​ទទួល​ការ​លើក​លែង​ពន្ធ​ក្រោម​ប្រព័ន្ធ​ EBA​។ លោក​បន្ត​ថា ​ប្រព័ន្ធ EBA ក៏​ជា​ចំណែក​សំខាន់​ដែល​បាន​ជំរុញ និង​លើក​ទឹក​ចិត្ត​អ្នក​វិនិយោគ​ ឱ្យ​មក​បង្កើត​រោចក្រ​ផលិត​នៅ​កម្ពុជា ដើម្បី​ផលិត​ផលិតផល​សម្រាប់​នាំចេញ​ទៅ​កាន់​សហភាព​អឺរ៉ុប។

ទោះយ៉ាង​ណា លោក​អះអាង​ថា៖​«​កម្ពុជា​ក៏​ត្រូវ​ខិតខំ​ពង្រឹក​ខ្លួន​ឯង​ដោយ​មិន​ត្រូវ​ពឹង​ផ្អែក​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដែល​ប្រទេស​នានា​ផ្តល់​ឱ្យ​នោះ​ទេ ពីព្រោះ​នៅ​ពេល​កម្ពុជា​ចាក​ចេញ​ពីស្ថានភាព​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ (LDC) ​នៅ​ចុង​ឆ្នាំ​២០២៩​ខាងមុខ ​កម្ពុជា​ក៏​នឹង​ត្រូវ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ជាច្រើន​ផង​ដែរ»។

មហា​សន្និបាត​នៃ​អង្គការ​សហ​ប្រជាជាតិ នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២៤​ នេះ​បាន​អនុម័ត​សេចក្តី​សម្រេច A/៧៩/L.៤៩ សម្រាប់​ការ​ចាកចេញ​របស់​ប្រទេស​កម្ពុជា​ពី​ក្រុម​ប្រទេស​អភិវឌ្ឍ​តិចតួច ឬ LDC។ កម្ពុជា​នឹង​ចាក​ចេញពី​ប្រទេស​ក្រីក្រ ចាប់​ពី​ថ្ងៃ​ទី១៩ ខែ​ធ្នូ ឆ្នាំ​២០២៩ បន្ទាប់​ពី​រយៈ​ពេល​៥​ឆ្នាំ​ដែល​ផ្ដល់​ឱ្យ​សម្រាប់​ការ​ត្រៀម​ចាក​ចេញ​ដោយ​រលូន។

ប្រទេស​កម្ពុជា ត្រូវ​បាន​ចាត់​ចូល​ក្នុង​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច ឬ​ប្រទេស​ក្រីក្រ​នៅ​ឆ្នាំ​១៩៩១។

អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា(GDCE) ឱ្យ​ដឹង​ថា ចន្លោះ​ពី​ខែ​មករា ដល់​ខែ​វិច្ឆិកា ឆ្នាំ​ ២០២៤ ការ​ផ្លាស់ប្តូរ​ទំនិញ​របស់​កម្ពុជា ជាមួយ​ទីផ្សារ​អន្តរជាតិ​មាន​ទឹក​ប្រាក់​សរុប ៤៩,៨៧ ពាន់លាន​ដុល្លារ កើន​ឡើង ១៧,៤ ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ឆ្នាំ​ ២០២៣ ដែល​មាន​ ៤២,៥​ ពាន់​លាន​ដុល្លារ ក្នុង​នោះ​ទំនិញ​កម្ពុជា​នាំ​ទៅ​ក្រៅ​ប្រទេស ២៣,៩៣​ ពាន់​លាន​ដុល្លារ កើន​ឡើង ១៦,៨ ​ភាគរយ និង​ទំនិញ​នាំ​ចូល​ ២៥,៩៤ ​ពាន់​លាន​ដុល្លារ កើន​ ១៧,៩ ​ភាគរយ៕​