ក្នុងនាមជាប្រទេសមានព្រំប្រទល់ជាប់គ្នា កម្ពុជាបានលើកទឹកចិត្តដល់វិនិយោគិនវៀតណាមឱ្យបន្តមកបណ្តាក់ទុនវិនិយោគ ឬចាប់ដៃគូវិនិយោគជាមួយក្រុមហ៊ុនកម្ពុជាឱ្យបានកាន់តែច្រើន ពិសេសលើចង្វាក់ផលិតកម្មណាដែលអាចតភ្ជាប់ជាមួយខ្សែច្រវាក់ផ្គត់ផ្គង់នៅប្រទេសវៀតណាម ខណៈទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ បានឈានដល់ជាង ៧ ពាន់លានដុល្លារ។
នេះជាថ្លែងរបស់លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ស្តីពី«ការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ចឌីជីថល» ដែលរៀបចំនៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម, ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំកម្ពុជា និងសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៤។
វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កលក្ខណៈសម្រាប់វិនិយោគិន និងធុរជនកម្ពុជា និងវៀតណាមក្នុងការបង្កើតទំនាក់ទំនង និងបណ្តាញ ព្រមទាំងពិភាក្សាស្វែងយល់ និងផ្លាស់ប្តូរព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងសក្តានុពល និងកាលានុវត្តភាពធុរកិច្ច និងវិនិយោគនៅកម្ពុជា ពិសេសពាក់ព័ន្ធកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ចឌីជីថល។
លោក ជា វុទ្ធី បានលើកឡើងថា នេះជាវេទិកាដែលបើកឱកាសឱ្យមានជំនួបផ្ទាល់រវាងវិនិយោគិន និងធុរជនកម្ពុជា ជាមួយវៀតណាម ក្នុងន័យពិភាក្សាគ្នាដើម្បីស្វែងរកឱកាសចូលមកបណ្តាក់ទុនផ្ទាល់នៅកម្ពុជា ជាពិសេសលើវិស័យមួយចំនួនដែលអាចតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្មនៅប្រទេសវៀតណាម ដូចជា កសិកម្ម និងកសិ-ឧស្សាហកម្ម, កម្មន្តសាលគ្រឿងបង្គុំយានយន្ត និងអេឡិចត្រូនិក, បច្ចេកវិទ្យាឌីជីថល បច្ចេកវិទ្យាហិរញ្ញវត្ថុ, និងឧស្សាហកម្មកម្មន្តសាលដទៃទៀត។
លោកបានថ្លែងថា៖«ខ្ញុំសូមលើកទឹកចិត្តដល់វិនិយោគិនវៀតណាមបន្តមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ឬចាប់ដៃគូវិនិយោគជាមួយក្រុមហ៊ុនក្នុងប្រទេសកម្ពុជាឱ្យបានកាន់តែច្រើន ជាពិសេសលើវិស័យដែលមានសក្ដានុពលខ្ពស់អាចតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្មនៅប្រទេសវៀតណាមបាន»។
លោកបន្តថា៖«សម្រាប់វិនិយោគិន និងធុរជនដែលមិនទាន់បានមកវិនិយោគនៅកម្ពុជា សូមអញ្ជើញមកសិក្សាស្វែងយល់បន្ថែមអំពីសក្តានុពលដ៏សម្បូរបែប និងកាលានុវត្តភាពជាច្រើន និងរួសរាន់ធ្វើការសម្រេចចិត្តដើម្បីទាញយកផលប្រយោជន៍ពីការវិនិយោគនៅកម្ពុជា»។
បន្ថែមពីលើនេះ លោក ជា វុទ្ធី ក៏បានលើកឡើងពីសារៈសំខាន់នៃពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិកដែលកំពុងវិវឌ្ឍយ៉ាងឆាប់រហ័សនៅក្នុងបរិបទសង្គមនាពេលបច្ចុប្បន្ន ខណៈការធ្វើពាណិជ្ជកម្មតាមបច្ចេកវិទ្យាក៏បានចូលរួមចំណែកក្នុងការកាត់បន្ថយថ្លៃដើម និងពេលវេលា, បង្កើនការលក់ និងផលិតភាព ព្រមទាំងលទ្ធភាពក្នុងការពង្រីកវិសាលភាពទីផ្សារបានលឿនរហ័សផងដែរ។
បើយោងតាម CDC ក្នុងរយៈពេល ១១ ខែឆ្នាំ ២០២៤ ទំហំទឹកប្រាក់វិនិយោគរបស់វៀតណាមស្ថិតនៅចំណាត់ថ្នាក់លេខ ៣ ដោយមានទឹកប្រាក់សរុប ៥៥៧ លានដុល្លារ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) ឱ្យដឹងថា ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២៤ ការផ្លាស់ប្តូរទំនិញរវាងកម្ពុជា និងវៀតណាម សម្រេចបានទឹកប្រាក់ ៧ ០៨៨,៣៨ លានដុល្លារ កើនឡើង ២០,៦ ភាគរយបើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។
ក្នុងចំនួនខាងលើ គឺទំនិញកម្ពុជានាំទៅវៀតណាម មានចំនួន ៣ ២៩៨,០២ លានដុល្លារ កើនឡើង ២៦,៣ ភាគរយ ចំណែកទំនិញវៀតណាមនាំមកកម្ពុជា ៣ ៧៩០,៣៦ លានដុល្លារ កើន ១៦ ភាគរយ។
ផ្អែកតាមទិន្នន័យនេះ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឱនភាព ៤៩២,៣៤ លានដុល្លារ ខណៈរយៈពេលដូចគ្នាឆ្នាំ ២០២៣ មានចំនួន ៦៥៥,០៥ លានដុល្លារ។ វៀតណាម គឺជាដៃគូពាណិជ្ជកម្មអន្តរជាតិធំជាងគេទី ៣ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន និងសហរដ្ឋអាមេរិក។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ ក្នុងថ្ងៃទី២៦ ខែធ្នូ ថា ទឹកប្រាក់ពីការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំង ២ បានកើនឡើងជាបន្តបន្ទាប់ ពិសេសការនាំទំនិញចេញរបស់កម្ពុជា ដែលខុសប្លែកច្រើនកាលពីជាង ១ ទសវត្សរ៍មុន ដោយនៅពេលនោះទឹកប្រាក់ពីការនាំទំនិញកម្ពុជាទៅវៀតណាម គឺមានតិចតួចបំផុតបើធៀបនឹងការនាំចូលដ៏ច្រើនពីវៀតណាម។
ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ នឹងកើនឡើងខ្ពស់ថែមទៀតនៅពេលគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត(ព្រំដែនវៀតណាម)បើកឱ្យដំណើរការ។
លោកបានពន្យល់ថា មូលហេតុដែលចំនួនទឹកប្រាក់នាំចេញទំនិញរបស់កម្ពុជា មានចំនួនកាន់តែកៀកនឹងទឹកប្រាក់នាំចូលទំនិញពីវៀតណាម គឺភាគច្រើនបានមកពីការនាំចេញផលិតផលកសិកម្ម។
ដោយសារប្រទេសទាំង ២ មានព្រំដែនជាប់គ្នា ដូច្នេះទំហំពាណិជ្ជកម្មពិតប្រាកដ គឺអាចធំជាងតួលេខផ្លូវការច្រើន។
លោកបានបញ្ជាក់ថា៖«ក្រៅពីពាណិជ្ជកម្មទំនិញ បច្ចុប្បន្នក៏មានក្រុមហ៊ុនវៀតណាមជាច្រើនកំពុងបណ្តាក់ទុននៅកម្ពុជារ ពិសេសគម្រោងវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងធនធានរ៉ែមួយ និងធនធានធម្មជាតិចំនួន»។
បើតាម លោក លឹម ហេង ថា ផលិតផលសំខាន់ៗដែលកម្ពុជា នាំទៅវៀតណាម រួមមានដូចជា ស្រូវ, កៅស៊ូ, ស្វាយចន្ទី, ដំឡូងមី ពោត ចេក ស្វាយ ថ្នាំជក់ និងចំណែកវៀតណាមនាំមកវិញ មានដូចជា សម្ភារសំណង់ គ្រឿងម៉ាស៊ីន ប្រេងឥន្ធនៈ ឧបករណ៍អេឡិចត្រូនិកអគ្គិសនី ជីកសិកម្ម គ្រឿងទេស និងបន្លែ ផ្លែឈើ ជាដើម។
ក្រៅពីទំនាក់ទំនងពាណិជ្ជកម្ម កម្ពុជាក៏ទទួលបានភ្ញៀវជនជាតិវៀតណាមជាច្រើនផងដែរ។ ទិន្នន័យក្រសួងទេសចរណ៍ បង្ហាញថា ចន្លោះពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវជនជាតិវៀតណាមចំនួន ១,២ លាននាក់ កើនឡើង ៣០,៨ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ វៀតណាម ស្ថិតនៅលេខ២ បន្ទាប់ពីប្រទេសថៃ ដែលមានចំនួន ១,៩១ លាននាក់៕