ក្រុមហ៊ុន​/សហគ្រាស​ជប៉ុន​ចំនួន​ជិត ៩០ បាន​ចុះ​បញ្ជី​វិនិយោគ​នៅ​កម្ពុជា​នា​រយៈពេល ១១ ខែ​ដើម​ឆ្នាំ​ ២០២៤ ​កើន​ជាង ២០ ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំមុន ខណៈ​ទំហំពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ បាន​កើន​ឡើង​ជាង ១,៩ ពាន់​លាន​ដុល្លារ។

របាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម បាន​ឱ្យ​ដឹង​ថា ចន្លោះ​ពី​ខែ​មករា ដល់​ខែ​វិច្ឆិកា ឆ្នាំ ២០២៤ មាន​ក្រុមហ៊ុន​/សហគ្រាស​ជប៉ុន​ចំនួន ៨៨ បាន​ចុះ​បញ្ជី​ពាណិជ្ជកម្ម​នៅ​កម្ពុជាដោយ​ចំនួន​នេះកើន​ឡើង ២០,៥៥ ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ឆ្នាំ ២០២៣។


ក្នុង​អំឡុង​ដូចគ្នា​នេះ​ទឹក​ប្រាក់​នៃ​ការ​នាំ​ទំនិញ​ចេញ-ចូល​រវាង​ភាគី​ទាំង ២ មាន​ប្រមាណ ១ ៩៤៩,៨៣ លាន​ដុល្លារ កើន​ឡើង ១៨,៩ ភាគរយ​បើ​ធៀប​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​ ២០២៣ ក្នុង​នោះ​ទំនិញ​កម្ពុជា​នាំ​ទៅ​ប្រទេស​ជប៉ុន មាន​ចំនួន ១ ២៧២,៤២ លាន​ដុល្លារ កើន ១៩,៤ ភាគរយ និង​ទំនិញ​ជប៉ុន​នាំចូល ចំនួន ៦៧៧,៤១ លាន​ដុល្លារ កើន​ឡើង ១៨,១ ភាគរយ។ ជប៉ុន គឺ​ជា​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ធំជាង​គេ​ទី ៥ របស់​កម្ពុជា​បន្ទាប់​ពី​ប្រទេស​ចិន អាមេរិក វៀតណាម និង​ថៃ។

ក្រសួង​ពាណិជ្ជកម្ម បាន​ឱ្យដឹង​ថា កិច្ច​សហ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-​ជប៉ុន គឺមាន​ភាព​ល្អ​ប្រសើរ​ ដោយ​ក្នុង​ឆ្នាំ​២០២៤ នេះ​ភាគី​ទាំង ២ បាន​ជួប​ពិភាក្សា​គ្នា​ជាច្រើន ជា​ពិសេស​ក្រសួង​ពាណិជ្ជកម្ម​បាន​ចូលរួម​ប្រជុំ​ពិភាក្សា​លើ​ការងារ​ពាណិជ្ជកម្ម​កម្ពុជា-​ជប៉ុន ក្រោម​ប្រធាន​បទ«​ធុរកិច្ច​ឥណទាន​កាបូន និង​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា»។


ក្រសួង​បាន​លើក​ឡើង​ថា៖​«ក្នុង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាល​ទី​១ នេះ​ក្រសួង​ពាណិជ្ជកម្ម បាន​បុរេ​សកម្ម​អនុវត្ត​តួនាទី ភារកិច្ច​របស់​ខ្លួន​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ទទួល​បាន​ជោគជ័យ​គួរ​ជាទី​កត់​សម្គាល់​ក្នុង​ការ​ធ្វើពិពិធកម្ម​ទីផ្សារ តាម​រយៈ​ការ​ពង្រឹងទីផ្សារ​ចាស់ និង ពង្រីក​ទីផ្សារ​ថ្មីៗ ព្រម​ទាំង​ធ្វើ​ពិពិធកម្ម​ផលិតផល ដើម្បី​ធានា​ភាព​សម្បូរបែប​និង​ទាក់ទាញ​នៃ​ទំនិញ​ផលិត​នៅ​កម្ពុជា (Made in Cambodia) សម្រាប់​បម្រើ​ការ​នាំចេញ និង​ធ្វើ​ពាណិជ្ជកម្ម​លើ​ថ្នាល​ពាណិជ្ជកម្ម​អេឡិច​ត្រូនិក​ធំៗ ដើម្បី​ច្បាម​យក​កាលានុវត្តភាព​ទីផ្សារ ដោយ​ប្រើ​យន្តការ​ពាណិជ្ជកម្ម​ឌីជីថល សំដៅ​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច សង្គម​កម្ពុជា»។

ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន SAM SN GROUP លោក សំ សុខនឿន ដែល​កំពុង​សិក្សា​អំពី​ទីតាំង និង​លទ្ធភាព​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា-ជប៉ុន បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី២៧ ខែ​ធ្នូ​ថា ភាគ​ច្រើន​នៃ​ការ​វិនិយោគ​របស់​ជប៉ុន​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​មាន​ភាព​ច្បាស់​លាស់ និង​យូរអង្វែង ព្រោះ​មុន​នឹង​សម្រេច​ដាក់​ទុន​វិនិយោគ​លើ​អ្វីមួយ ឬ​ទីតាំង​ណាមួយ គឺ​ពួក​គេ​តែង​ទៅ​ធ្វើ​ការ​សិក្សា​យ៉ាង​លម្អិត​។ 

កំណើន​ក្រុមហ៊ុន​/សហគ្រាស​ជប៉ុន​ចុះ​បញ្ជី​ គឺ​ជា​ការ​ចង់​បាន​របស់​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​ ព្រោះ​រាល់​ការ​វិនិយោគ​មិន​ត្រឹម​តែ​ជួយ​បង្កើត​ការងារ​ និង​ប្រាក់​ចំណូល​ទៅ​ដល់​ប្រជាពល​រដ្ឋ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ផ្តល់នូវ​ជំនាញ និង​ចំណេះដឹង​ដល់​បុគ្គលិក​ធ្វើការ និង​អ្នក​ពាក់​ព័ន្ធ​ផងដែរ។

លោក​បញ្ជាក់​ថា៖​«​ជាទូទៅ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន គឺមាន​ភាព​ច្បាស់​លាស់ ដូច្នេះ​កំណើន​ក្រុមហ៊ុន/​សហគ្រាស​ជប៉ុន​ចូលមក​កម្ពុជា​នឹង​នាំមក​នូវ​ផល​ចំណេញ​យ៉ាង​ច្រើន​សម្រាប់​វិស័យ​សេដ្ឋកិច្ច។ បច្ចុប្បន្ន​ការ​វិនិយោគ​របស់​ជប៉ុន​នៅ​កម្ពុជា​មាន​នៅ​ក្នុង​ផ្នែក​ជាច្រើន រួម​ទាំង​វិស័យ​សំណង់ និង​អចលនទ្រព្យ​»។

លោក​លើក​ឡើង​ទៀត​ថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា និង​ជប៉ុន គឺ​សុទ្ធ​តែ​ជា​សមាជិក​នៃ​កិច្ច​ព្រម​ព្រៀង​ស្ដីពី​ភាព​ជាដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុង​ជ្រោយ​ក្នុង​តំបន់ (RCEP) ដូច្នេះ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ នឹង​បន្ត​កើន​ឡើង​ច្រើន​បន្ថែម​ទៀត។

ការ​វិនិយោគ​របស់​ជប៉ុន​នៅ​កម្ពុជា​មាន​នៅ​ក្នុង​វិស័យ​ជាច្រើន​ដូចជា សំណង់ អចលនទ្រព្យ សណ្ឋាគារ ទេសចរណ៍ រោងចក្រ​ដំឡើង​យានយន្ត រោងចក្រ​កែច្នៃ​ផលិតផល​កសិកម្ម កសិ-ឧស្សាហកម្ម ចំណី​អាហារ ការដាំដុះ​ដំណាំ គ្រឿង​បង្គុំ​អេឡិចត្រូនិក-​អគ្គិសនី និង​ផ្សារ​ទំនើប​ជាដើម។​ នេះ​បើ​តាម​លោក សុខនឿន។

អនុ​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន លោកស្រី ERI Arfiya ក្នុង​ជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត នៅ​ក្នុង​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា បាន​សន្យាថា​ នឹង​ខិតខំ​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការផ្នែក​នយោបាយ និង​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​ឱ្យ​កាន់​តែ​រឹងមាំ​បន្ថែម​ទៀត ខណៈ​ចំនួន​វិនិយោគិន​ជប៉ុន​ដែល​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​ កំពុង​បកើន​ឡើង​ជា​បន្ត​បន្ទាប់។

លោកស្រី ERI Arfiya បាន​ថ្លែង​ថា៖​«​ភាព​ជា​ដៃគូ និង​កិច្ច​សហប្រតិបត្តិការ ព្រមទាំង​ការ​កសាង​ទំនុកចិត្ត​រវាង​រដ្ឋាភិបាល​ជប៉ុន និង​កម្ពុជា មិន​ត្រឹម​តែ​បន្ត​រក្សា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នឹង​បន្ត​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត»។

ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កាន់​តែ​សកម្ម កាល​ពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា សមាគម​ឧកញ៉ា​កម្ពុជា សហការ​ជាមួយ​សមាគម​ជប៉ុន-​កម្ពុជា បាន​រៀបចំ​«ជំនួប​ផ្គូផ្គង​ធុរកិច្ច​រវាង​សមាគម​ឧកញ៉ា​កម្ពុជា និង​សមាគម​ជប៉ុន-​កម្ពុជា ២០២៤»។

កម្ពុជានាំចេញទំនិញសំខាន់ៗទៅកាន់ប្រទេសជប៉ុនរួមមាន សម្លៀកបំពាក់ កាបូប ស្បែកជើង គ្រឿងសង្ហារឹម គ្រឿងសំអាង ក្រដាស សម្ភារៈការិយាល័យ និងផលិផលស្បែក និងនាំចូលមកវិញគ្រឿងចក្រ រថយន្ត គ្រឿងអេឡិចត្រូនិច គ្រឿងសង្ហារឹម ក្រណាត់ និងផលិតផលប្លាស្ទិកពីប្រទេសជប៉ុន។