ការ​ស្ទុះ​ងើប​ឡើង​វិញនៃ​ចំនួន​ភ្ញៀវ​ជនជាតិ​ចិន​មក​ប្រទេស​កម្ពុជា ​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ និង​អន្តរជាតិ​ បង្កើន​ និង​បង្កើត គោលដៅ​ហោះហើរ​ថ្មីៗជាបន្ត​បន្ទាប់​ដើម្បី​តភ្ជាប់​ពីទីក្រុង​សំខាន់ៗក្នុង​ប្រទេស​ចិន​ មក​កាន់​ប្រទេស​កម្ពុជា។ 

ជាក់ស្តែង​ក្រុមហ៊ុន​អាកាសចរណ៍​មាន​មូល​ដ្ឋាន​នៅ​ទីក្រុង​ស៊ាងហៃ ប្រទេស​ចិន​ Spring Airlines កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ បាន​បើក​ជើង​ហោះហើរ​ត្រង់​ទី​១ របស់​ខ្លួន​ពីទីក្រុង​ស៊ីអាន ប្រទេស​ចិន មក​ចុះ​ចត​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។


ពិធី​ស្វាគមន៍​ជើង​ហោះហើរ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់ លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជា លោក Wang Wenbin ឯក​អគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋ​លេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល ព្រម​ទាំង​ការ​ចូល​រួម​ពី​អ្នក​ពាក់​ព័ន្ធ​ជាច្រើន​ទៀត។

ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​ពិធី​ស្វាគមន៍​ជើង​ហោះហើរ​ថ្មី​របស់​ក្រុមហ៊ុន Spring Airlines ​លោក ម៉ៅ ហាវណ្ណាល់ បាន​ឱ្យ​ដឹង​​ថា សម្រាប់​ការ​ហោះហើរ​របស់​ក្រុមហ៊ុន​ Spring Airlines ពី​ប្រទេស​ចិន​មក​កាន់​កម្ពុជា​ គឺ​មិន​លើក​ដំបូង​ទេ ដោយ​សព្វថ្ងៃ​ក្រុមហ៊ុន Spring Airlines កំពុង​ធ្វើ​ប្រតិបត្តិការ​ហោះហើរ​ចំនួន ៤ ជើង​ក្នុង ១​សប្តាហ៍​រវាង​ទីក្រុង​ស៊ាងហៃ និង​រាជធានី​នៅ​ភ្នំពេញ។ ដោយ​ឡែក​សម្រាប់​ទិសដៅ​ទីក្រុង​ស៊ីអាន មក​កាន់​រាជធានី​ភ្នំពេញ​នៅ​ពេល​នេះ គឺ​ជា​ផ្លូវ​ហោះហើរថ្មី​។


លោក​​ថ្លែង​ថា៖​«ជាការ​ពិត​ភ្ញៀវ​ទេសចរ​ចិន គឺ​មាន​កំណើន​ ហើយ​ជើង​ហោះហើរ​ពី​ប្រទេស​ចិន ​ក៏​ត្រូវ​បាន​ពង្រីក​នៅ​ថ្ងៃនេះ»។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីលីន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី៣០ ខែ​ធ្នូ​ ថា ភ្ញៀវ​ទេសចរ​បរទេស ពិសេស​ជនជាតិ​ចិន ដែល​ធ្វើ​ដំណើរ​​មក​​ប្រទេស​កម្ពុជា​ក្នុង​រយៈ​ពេល​ជិត ១ ឆ្នាំ​ ២០២៤ នេះ​គឺ​ពិត​កើន​ឡើង​ច្រើន​បើ​ធៀប​នឹង​ឆ្នាំ​ ២០២៣ ប៉ុន្តែ​បើ​ធៀប​នឹង​មុន​វិបត្តិ​កូវីដ​១៩(មុនឆ្នាំ ២០២០) គឺ​នៅ​តិច​នៅ​ឡើយ។

លោកស្រីបន្ត​ថា ការ​បង្កើត​ចំនួន​ជើង​ហោះហើរ គឺ​បញ្ជាក់​ពី​សុទិដ្ឋិនិយម​របស់​ថ្នាក់​ដឹក​នាំ​ក្រុមហ៊ុន Spring Airlines ​ចំពោះ​កំណើន​​ភ្ញៀវ​ពី​គោល​ដៅ​មួយរបស់​ចិន មក​កាន់ប្រទេស​កម្ពុជា។

លោកស្រី​ប្រាប់​ទៀត​ថា បច្ចុប្បន្ន​ ក្នុង​ ១ ​ថ្ងៃៗ ​កម្ពុជា​ទទួល​បាន​ជើង​ហោះហើរ​ជាច្រើន​រវាង​ទីក្រុង​នានា​របស់​ប្រទេស​ចិន ​មក​កាន់​ប្រទេស​កម្ពុជា ​ដែល​ប្រតិបត្តិការ​ដោយ​ក្នុង​ក្រុមហ៊ុន​ក្នុង​ស្រុក(​កម្ពុជា) ព្រម​ទាំង​ក្រុមហ៊ុន​អាកាសចរណ៍​បរទេស ពិសេស​ក្រុមហ៊ុន​របស់​ចិន។​ 

ទោះយ៉ាង​ណា​ភាគ​ច្រើន​នៃ​ជើង​ហោះហើរ​ទាំង​នោះ គឺ​ហោះ​មក​កាន់​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ចំណែក​អាកាសយានដ្ឋាន​អន្តរជាតិខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ នៅ​មានចំនួន​តិចតួចនៅ​ឡើយបើធៀប​នឹង​មុន​ឆ្នាំ ២០២០។

លោកស្រី​បញ្ជាក់​ថា៖​«​ក្នុង​នាម​វិស័យ​ទេសចរណ៍ យើង​ពិត​ជា​ចង់​ឃើញ​មាន​ជើង​ហោះហើរ​ត្រង់​កាន់​តែ​ច្រើន​ពី​គ្រប់​គោលដៅ មក​ចុះ​ចត​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ខេត្ត​សៀមរាប ព្រោះ​ភ្ញៀវ​បរទេស​ភាគច្រើន​ចង់​មើល​ឃើញ​ប្រាសាទ​បុរាណ​ដែល​មាន​អាយុកាល​រាប់​រយ/ពាន់​ឆ្នាំ​របស់​កម្ពុជា»។

យោង​តាម​លោកស្រី ស៊ីវលីន រយៈ​ពេល​ស្នាក់​នៅ​របស់​ភ្ញៀវ​ជនជាតិ​ចិន​នៅ​កម្ពុជា​មានជាមធ្យម​ប្រមាណ ៥ថ្ងៃ និង​ចំណាយ​ប្រហែល ៦០០ ដុល្លារ។

ប្រធាន​សមាគម​មគ្គុទេសក៍​ទេសចរណ៍​ភាសា​ចិន​កម្ពុជា លោក អន​ហេង សុភ័ក្រ បាន​និយាយ​ថា សម្រាប់​ភ្ញៀវ​ទេសចរ​ចិន​ពិត​ជា​កើន​ឡើង​ច្រើន​ក្នុង​រយៈ​ពេល​ប្រហែល ១ ឆ្នាំ​ចុង​ក្រោយ​នេះ។ លោក​បន្ត​ថា ​ទីផ្សារ​ទេសចរណ៍​ចិន​មាន​ទំហំ​ធំ ដូច្នេះ​នៅ​ពេល​មាន​ជើង​ហោះហើរ​ត្រង់​កាន់​តែ​ច្រើន និង​ច្រើន​គោលដៅ គឺ​ប្រាកដ​ជា​ផ្តល់​ភាព​វិជ្ជមាន​ច្រើន​សម្រាប់ប្រាប់​ចំណូល​ក្នុង​សេដ្ឋកិច្ច​កម្ពុជា។ 

ជា​ទូទៅ​ភ្ញៀវ​បរទេស រួម​ទាំង​ជនជាតិ​ចិន ចូលចិត្ត​ដើរ​កម្សាន្ត​នៅ​ក្នុង​ខេត្ត​សៀមរាប រាជធានី​ភ្នំពេញ និង​ព្រះសីហនុ។
លោក​បាន​ថ្លែង​ថា៖«ការ​បង្កើន​ឱ្យ​មាន​ជើង​ហោះហើរ​កាន់តែច្រើន​ ​គឺជា​ចំណុច​វិជ្ជមាន​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា ជា​ពិសេស​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​ចិន។ យើង​សង្ឃឹម​ថា ចាប់​ពី​ដើម​ឆ្នាំ ២០២៥ នឹង​មាន​ភ្ញៀវ​ទេសចរ​បរទេស ពិសេស​ជនជាតិ​ចិន​កាន់​តែ​ច្រើន​បន្ថែម​ទៀត​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា»។ 

លោក​បន្ត​ថា៖​«ខ្ញុំ​សូម​សម្តែង​ការ​គាំទ្រ​ និង​រីករាយ​ចំពោះ​ការ​បង្កើន​ជើង​ហោះហើរ​រវាង​​ទី​ក្រុង​សំខាន់​របស់​ប្រទេស​ចិន​ ជាមួយ​កម្ពុជា និង​​សង្ឃឹម​ថា​នឹង​មាន​ជើង​ហោះហើរ​​ច្រើន​បន្ថែម​ទៀត​ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល និង​ទាក់ទាញ​ទេសចរ​ចិន​មក​កាន់​កម្ពុជា»។

ទិន្នន័យ​ក្រសួង​ទេសចរណ៍​ ​បង្ហាញ​ថា ចន្លោះ​ពី​ខែ​មករា-ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ភ្ញៀវ​បរទេស​ដែល​ចូល​មក​ប្រទេស​កម្ពុជា មាន​ចំនួន​សរុប ៦ លាន​នាក់​ កើន​ឡើង ២២ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២៣ ដែល​មាន ៤,៩២ លាន​នាក់។ ក្នុង​ចំនួន​ខាង​លើ គឺ​ភ្ញៀវ​មក​ពី​ប្រទេស​ចិន​ស្ថិត​នៅ​លេខ​រៀង​ទី ៣ ដោយ​មាន​ចំនួន ៧៦៩ ៧៧៥ នាក់ កើន​ឡើង​ ៥៤,៥​ភាគរយ​នៃ​ចំនួន​ភ្ញៀវ​បរទេស​សរុប។

ឆ្នាំ ២០១៩ ជា​ពេល​ដែល​ប្រទេស​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ច្រើនបំផុត គឺ​ជាង ៦,៦១ លាន​នាក់ កើន​ឡើង ៦,៦ ភាគរយ​បើ​ធៀប​ឆ្នាំ ២០១៨ ក្នុង​នោះភ្ញៀវ​មក​ពី​ប្រទេស​ចិន​ឈរ​លើ​គេ ដោយ​មាន​ចំនួន ២,៣៦ លាន​នាក់ កើន​ឡើង ១៦,៧ ភាគរយ។ ភ្ញៀវ​ជនជាតិ​ចិន​បាន​គ្រប់​គ្រង ៣៥,៧ ភាគរយ​នៃ​ចំនួន​ភ្ញៀវ​បរទេស​សរុប៕