​ភ្នំពេញៈ ប្រទេស​ធំៗ​ចំនួន ៤ គឺ​ចិន សិង្ហ​បុរី អាមេរិក និងកូរ៉េខាងត្បូង បាន​តំណាងឱ្យ​ជាង ៩០ ​ភាគរយ​នៃ​កា​រវិ​និ​យោគ​ផ្ទា​ល់ពី​បរទេស ​(FDI) ក្នុង​ខែមករា ឆ្នាំ ​២០២៤​ នេះ ខណៈ​អ្នកវិភាគ​លើកឡើងថា កត្តា​ទីតាំង​ភូមិសាស្ត្រ និង​ភាព​អំណោយផល​នៃ​ច្បាប់​វិនិយោគ​ថ្មី​គឺជា​កត្តា​ចម្បង​ក្នុងការ​ទាក់ទាញ​ការ​វិនិយោគ​ទាំងនេះ​។​

​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) នៅក្នុង​ខែមករា ឆ្នាំ​ ២០២៤ CDC បានអនុម័ត​គម្រោង​ថ្មី និង​គម្រោង​ពង្រីក​ផលិតកម្ម​ចំនួន ៣២ ​គម្រោង​ដែលមាន​ទុន​វិ​និ​​យោគ​សរុប ១៨៧​ លាន​ដុល្លារ​ និង​អាចបង្កើត​ការងារ​បាន​ប្រមាណ​ជិត ២៩​ ពាន់​កន្លែង​។​


​ក្នុងនោះ​ទុនវិនិយោគ​ប្រមាណ ៧៨ ​ភាគរយ​ មាន​ប្រភព​មកពី​ប្រទេស​ចិន​, ៩,៦៥​ ភាគរយ​ មកពី​សិង្ហ​បុរី​, ៥,៣៤​ ភាគរយ​មកពី​អាមេរិក​, ៣,៥៥​ ភាគរយ ​មកពី​សាធារណ​រដ្ឋ​កូរ៉េ និង ២,៧៣​ ភាគ​​រយ​មកពី​ប្រភព​ក្នុងស្រុក​។​

​បើតាម CDC គម្រោង​ដែលមាន​ភាពលេច​ធ្លោ​ជាងគេ​ប្រចាំ​ខែមករា មាន​ដូច​ជា គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​អេឡិចត្រូនិក នៅក្នុង​ស្រុក​សំរោង ខេត្តតាកែវ​, គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​ម៉ូតូ កង់ រ៉ឺម៉ក​(​អគ្គិសនី​) និង​ឧបករណ៍​បញ្ចូល ឬ​សាក​ថ្ម នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល​, គម្រោង​បង្កើត​រោងចក្រ​តម្បាញ ក្រណាត់ និង​កាត់ដេរ​សម្លៀក​​បំពាក់ នៅ​ខេត្ត​ព្រះសីហនុ​។​


​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក គី សេរី​វឌ្ឍន៍ បាន​លើកឡើងថា ភាព​អំ​ណោ​ផល​នៃ​ទីតាំង​ភូមិសាស្ត្រ​នៅ​ចំណុចកណ្តាល​តំបន់​អាស៊ាន កត្តា​ស្ថិរភាព​នយោបាយ ស្ថិរ​ភាព​ម៉ាក្រូសេដ្ឋកិច្ច រួមផ្សំ​នឹង​ការដាក់ចេញ​ច្បាប់​វិនិយោគ​ថ្មី​បានផ្តល់​នូវ​ភាព​ទាក់ទាញ​សម្រាប់​វិនិយោគ​ថ្មី​មកកាន់​កម្ពុជា​កាន់តែច្រើន​។​

​លោក​បញ្ជាក់ថា​៖ «​យើងទាំងអស់គ្នា​មើលឃើញ​ហើយ​ថា កត្តា​សន្តិភាព គឺ​រឿង​មួយ​ដ៏​សំខាន់​សម្រាប់​រាល់​ប្រទេស​ទាំងឡាយ​លើ​ពិភពលោក​។ បើ​យើង​គ្មាន​សន្តិភាព ប្រាកដ​ណាស់​គឺ​វិ​និ​យោ​​គិ​ន​បរទេស​នឹងមិន​បោះទុន​រាប់រយ​លាន​ដុល្លារ​មក​ស្រុក​យើង​ទេ​។ លើសពីនេះ​ទៀត ទោះបី​សេដ្ឋកិច្ច​សកល​មានការ​ធ្លាក់ចុះ​ក្តី ក៏​សេដ្ឋកិច្ចកម្ពុជា​ដំណើរការ​បានល្អ ដោយសារតែ​យើង​រក្សាបាន​នូវ​សកម្មភាព​ម៉ាក្រូសេដ្ឋកិច្ច​ល្អ លើសពីនេះ​ទៀត​ច្បាប់​វិនិយោគ​ថ្មី​ក៏បានផ្តល់​ការ​លើកទឹកចិត្ត​ពន្ធ​ច្រើន​ដែរ​»​។​

​លោក​បាន​បន្តថា ការបន្ត​ខិតខំ​ពង្រីក​ទីផ្សារ​នាំចេញ​តាមរយៈ​ការធ្វើ​ពាណិជ្ជ​កម្ម​សេរី​ជាមួយ​ប្រទេស​ចិន កូរ៉េ​ខាង​ត្បូង ប្រទេស​អារ៉ាប់​រួម និង​ទាំង​ក្នុង​តំបន់​ក៏​ជា​កត្តា​ទាក់ទាញ​មួយ​ផងដែរ​។​

​អគ្គលេខាធិការរង​នៃ​សមាគម​វាយ​ន​ភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ​នៅ​កម្ពុជា ​(TAFTAC) លោក កាំ​ង មូ​នី​កា បាន​ប្រាប់ថា បន្ទាប់ពី​ជួប​បញ្ហា​ជាច្រើន​តាំងពី​អំឡុង​ចុងឆ្នាំ ​២០២២ និង​ឆ្នាំ ​២០២៣ លោក​រំពឹងថា ផលិតកម្ម​វាយ​ន​ភណ្ឌ​នៅ​ឆ្នាំ​ ២០២៤ នេះ​អាច​នឹងមាន​ភាពល្អប្រសើ​រវិ​ញ​។​

​លោក​និយាយថា​៖ «​ខ្ញុំ​រំពឹងថា ​វិស័យនេះ​នឹង​ងើបឡើង​វិញ​នៅ​ឆ្នាំ​ ២០២៤ ដោយសារ​ទីផ្សារ​សំខាន់ៗ​របស់​យើង​ទាំង​នៅ​អាមេរិក អឺរ៉ុប ចក្រភព​អង់គ្លេស កាណាដា និង​ជប៉ុន​កំពុងមាន​កំណើន ជាពិសេស​ការនាំ​ចេញទៅ​ទីផ្សារ​ចិន និង​ទីផ្សារ​ដទៃៗ​ទៀត​»​។​

​ក្នុង​ឆ្នាំ​ ២០២៣ CDC បានអនុម័ត​គម្រោង​វិនិយោគ​សរុប​ចំនួន ២៦៨ ដែលមាន​ទុនវិនិយោគ​ជិត ៥​ ពាន់​លាន​ដុល្លារ និង​បង្កើត​ការងារ​បាន​ប្រមាណ ៣០៧ ០០០ ​កន្លែង​។ក្នុងនោះ​គម្រោង​ថ្មី​ចំនួន​ ២៤៧ និង​គម្រោង​ពង្រីក​ផលិត​កម្ម​ចំនួន ២១​។ មាន​គម្រោង​វិនិយោគ​ចំនួន ៧១ ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​។ គម្រោង​វិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម បាន​ចូលរួមចំណែក ៩២ ​ភាគរយ​នៃ​ចំនួន​គម្រោង​វិនិយោគ​សរុប ខណៈ​ទុនវិនិយោគ​ប្រមាណ ៤៦ ​ភាគ​រយ​បានមកពី​វិស័យនេះ​៕