​ភ្នំពេញៈ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​(IMF) បាន​ព្យាករ​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​នៅក្នុង​ឆ្នាំ ​២០២៤​  នេះ នឹងមាន​កំណើន​ក្នុង​អត្រា ៦,១ ​ភាគរយ កើន​ពី​ចំនួន ៥,៣​ ភាគរយ​ កាលពី​ឆ្នាំ​ ២០២៣ ដែល​ជំរុញ​ដោយ​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភពលោក ជាពិសេស​ប្រទេស​ចិន និង​អាមេរិក​។​

​ការ​ព្យាករ​ចុងក្រោយ​បំផុត​របស់ IMF កាលពី​ខែមករា ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​ ៣១ ខែមករា បានឱ្យដឹងថា កំណើនសេដ្ឋកិច្ច​កម្ពុជា ស្ថិតក្នុង​អត្រា ៦,១ ​ភាគ​​រយ ខណៈ​អតិផរណា​នឹងមាន ៣ ​ភាគរយ​នៅ​ឆ្នាំនេះ​។ ការ​ព្យាករ​នេះ​គឺ​ស្របតាម​ការ​ព្យាករ​របស់​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​ផ្សេងទៀត ខណៈ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ព្យាករ​ក្នុង​កម្រិត ៦,៤​ ភាគរយ​។​


​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ចក្ខុ​វិស័យសេដ្ឋកិច្ច​ក្នុង​តំបន់ លោក Krishna Srinivasan ប្រធាន​នាយកដ្ឋាន​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ករ​បស់ IMF បានឱ្យដឹងថា សេដ្ឋកិច្ចពិភពលោក​ព្យាករ​កំណើន​ក្នុង​កម្រិត ៣,១ ​ភាគរយ​សម្រាប់​ឆ្នាំ​ ២០២៤ ដែលជា​អត្រាកំណើន​ដូចគ្នា​នឹង​ការ​ព្យាករ​របស់ខ្លួន​កាល​​ពី​ឆ្នាំ​ ២០២៣​។

សម្រាប់​ឆ្នាំ​ ២០២៥ IMF រំពឹងថា នឹងមាន​កំណើន​តិចតួច​ក្នុង​រង្វង់ ៣,២​ ភាគរយ​។ អតិផរណា​ពិភពលោក​ត្រូវបាន​គេ​ព្យាករ​ថា នឹង​ធ្លាក់ចុះ​ពី ៦,៨ ​ភាគ​​រយ​ក្នុង​ឆ្នាំ ​២០២៣ មក​នៅត្រឹម ៥,៨​ ភាគ​​រយ​នៅ​ឆ្នាំ​ ២០២៤ និង​មក​នៅត្រឹម ៤,៤ ភាគរយ​នៅ​ឆ្នាំ​ ២០២៥​។​


​សម្រាប់​ទ្វីបអាស៊ី IMF បានកែតម្រូវ​កំ​ណើ​ន​សម្រាប់​ឆ្នាំ​ ២០២៣ និង​ឆ្នាំ​ ២០២៤​។ ការ​ព្យាករ​ក្នុង​តំបន់​សម្រាប់​ឆ្នាំ ​២០២៤ បាន​កើន​ដល់ ៤,៥​ ភាគរយ ពី​ចំនួន ៤,២​ ភាគរយ​កាលពី​ខែតុលា​។

លោក​ឱ្យដឹងទៀតថា សម្រាប់​កត្តា​ខាងក្រៅ​គឺមាន​អំណោយផល​កាន់តែច្រើន ជាពិសេស​កំណើន​ដ៏​រឹងមាំ​នៅ​អាមេរិក​តាមរយៈ​ការ​ពង្រឹង​ភាព​ធន់​ក្នុងស្រុក​។ ជាមួយគ្នានេះ IMF ក៏​មើលឃើញ​អំពី​តម្រូវការ​បច្ចេក​​វិទ្យា កុំព្យូទ័រ ឧបករណ៍​អេឡិចត្រូនិក និង​ផលិតផល​អុ​ប​ទិ​ក​ផ្សេងទៀត​បាន​កើន​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​កន្លងទៅនេះ​។ ជារួម​ជាថ្មី​ម្ដងទៀត ទ្វីបអាស៊ី កំពុង​ស្ថិតនៅ​លើផ្លូវ​ឆ្ពោះទៅរក​ការរួម​ចំណែក​ចំនួន ២/៣ ​ដល់​កំណើន​សេដ្ឋ​កិច្ច​ពិភពលោក​នៅ​ឆ្នាំ​ ២០២៤ នេះ​។​

​លោក​ពន្យល់ថា នៅ​អាស៊ី​ក្រោយ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩ ការកើនឡើង​តម្លៃ​ទំនិញ​ហាក់​មិនសូវ​ខ្លាំង​ដូច​នៅ​ប្រ​ទេស​ផ្សេងៗ​ទៀត​ក្នុង​ពិភពលោក​ទេ​។ ជាមួយនឹង​ការរីកចម្រើន​ឆាប់រហ័ស ជា​​ពិសេស​នៅ​បណ្ដា​ប្រទេស​នៅ​អាស៊ី​ដែល​កំពុង​រីកចម្រើនរ​ហ័ស ធនាគារកណ្តាល​ក្នុង​តំបន់​ជាច្រើន​កំពុងស្ថិត​លើផ្លូវ​ឆ្ពោះទៅ​សម្រេចបាន​គោលដៅ​អតិផរណា​របស់​ពួកគេ​នៅ​ឆ្នាំ​ ២០២៤​។​

​លោក​ថ្លែងថា​៖ «​ប្រសិនបើ​ក្រុម​បង្កើត​គោលនយោបាយ​រក្សា​ស្ថិរភាព​អតិ​ផរ​ណា​បាន​នោះ វិសាលភាព​សម្រាប់​ការ​​បន្ធូរបន្ថយ​រូបិយវត្ថុ​អាច​នឹង​លេច​រូបរាង​ឡើង​នៅ​ចុង​ឆ្នាំនេះ​»​។​

​លោក​បញ្ជាក់ថា ទោះបីជា​ចក្ខុវិស័យ​មាន​ភាពប្រសើរឡើង​ក៏ដោយ ក៏​ហា​និ​​ភ័យ​សំខាន់ៗ​នៅតែមាន​។ ការកែតម្រូវ​កាន់តែ​ធំ និង​ទាក់ទាញ​បន្ថែមទៀត​នៅក្នុង​វិស័យ​អចលនទ្រព្យ​របស់​ប្រទេស​​ចិន​អាច​កាត់បន្ថយ​តម្រូវការ​ក្នុងស្រុក​បន្ថែមទៀត ជាពិសេស​បើសិន​ការណ៍​នេះ​ត្រូវបាន​អមដោយ​សម្ពាធ​ហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាល​ក្នុង​តំបន់​។ លោក​បន្តថា វា​ក៏​នឹង​កាត់បន្ថយ​តម្រូវការ​សម្រាប់​ក្រុមហ៊ុននាំចេញ​ក្នុង​តំបន់​ផងដែរ​។​

​លោក​បាន​បន្ថែមថា បើ​គិត​តាមបែប​វិជ្ជមាន​ការគាំទ្រ​គោលនយោបាយ​ខ្លាំង​ជាង​ការរំពឹងទុក​នៅ​ប្រទេស​ចិន​អាច​ជំ​​រុញ​តម្រូវការ និង​បង្កើតឱ្យមាន​ផល​ប៉ះ​ពាល់​ជា​វិជ្ជមាន​។ ដូច្នេះ​លក្ខខណ្ឌ​ហិរញ្ញ​វត្ថុ​នៅតែ​ប្រែប្រួល​។ លក្ខខណ្ឌ​តឹងតែង​ជាង​ការរំពឹងទុក​នៅ​អាមេរិក ឬ​អាស៊ី​ក៏​អាចដាក់​សម្ពាធ​លើ​ឧស្សាហកម្ម និង​សេដ្ឋកិច្ច​ដែល​ជំពាក់​បំណុល​វ័ណ្ឌក​។​

​លោក​លើកឡើងថា​៖ «​សម្រាប់​ការ​​កើនឡើង​ហានិភ័យ​នៃ​ការខ្វែងគំនិត​គ្នា​ផ្នែក​ភូមិសាស្ត្រ​នយោបាយ គឺមាន​ការ​លំបាក​ជាពិសេស​សម្រាប់​អាស៊ី ដោយ​សារ​តែ​ការធ្វើ សមាហរណកម្ម​ស៊ីជម្រៅ​របស់​តំបន់​នេះ​ទៅក្នុង​ពាណិជ្ជកម្ម​ពិភព​លោក​។ យើង​មើលឃើញ​ភ័ស្តុតាង​នៃ​ផលប៉ះពាល់​អវិជ្ជមាន​ក្នុង​ទម្រង់​នៃ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ដែលមាន​រយៈពេល​កាន់​​តែ​យូរ និង​មាន​ប្រសិទ្ធភាព​កាន់តែ​តិចជាង​មុន​។ ការគំរាមកំហែង ដោយសារតែ​ថ្លៃ​ដឹកជញ្ជូន​ខ្ពស់​បាន​បង្កើន​ហានិភ័យ​សម្រាប់​ពាណិជ្ជកម្ម​»​។​

​លោក​បន្តថា​៖ «​នៅពេលនេះ​តើ​អ្នកបង្កើត​គោលនយោបាយ​គួរផ្តល់​អាទិ​ភាព​ដល់​អ្វី​? តាម​ទស្សនៈ​យើង នេះ​គឺជា​ពេលវេលា​ដើម្បី​ពង្រឹង​ភាព​ធន់​នៃ​សេដ្ឋ​កិច្ច​របស់​អាស៊ី​។ ការពង្រឹង​សារពើពន្ធ​គឺជា​គន្លឹះ​ក្នុង​ការស្តារ​ទ្រនាប់​ការពារ និង​ការការពារ​និរន្តរភាព​បំណុល​»​។​

​លោក​ពន្យល់ថា កាលពី​ឆ្នាំ​ ២០២៣ សមតុល្យ​ថវិកា​បាន​ប្រសើរឡើង​ខ្លះ​នៅ​អាស៊ី ប៉ុន្តែ​ការពង្រឹង​គឺ​យឺត​ជាង​ការរំពឹងទុក​របស់ IMF​។ ដូច្នេះ តម្រូវឱ្យ​មានការ​រឹតបន្តឹង​កាន់តែខ្លាំង​បន្ថែមទៀត​។ ការ​​ត្រួតពិនិត្យ​ហិរញ្ញវត្ថុ​ដ៏​រឹងមាំ និង​ការ​ត្រួតពិនិត្យ​ហានិភ័យ​ជា​ប្រព័ន្ធ​គឺ​ចាំបាច់​ដើម្បី​ការពារ​ប្រឆាំងនឹង​ភាព​ងាយ​រង​​គ្រោះ​ផ្នែក​ហិរញ្ញវត្ថុ​។ នៅ​ទីបំផុត​កំណែ​ទម្រង់​រចនាសម្ព័ន្ធ​នៅតែ​ជា​កត្តាចាំបាច់​ក្នុង​ការជំរុញ​ផលិតភាព និង​កាត់បន្ថយ​បញ្ហា​ប្រឈម​បណ្ដាលមកពី​ការ​រឹតបន្តឹង​ផ្នែក​ហិរញ្ញវត្ថុ​ជាស​កល ខណៈ​ការ​​ព​ន្លឿ​ន​ការផ្លាស់ប្តូរ​ឆ្ពោះទៅរក​កំណើន​ប្រកបដោយ​ចីរភាព គឺ​ចាំបាច់​។​

​ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា ​(NBC)​ លោកស្រី ជា សិរី បាន​លើក​ឡើង​សប្តាហ៍​មុន​ថា សេដ្ឋកិច្ចកម្ពុជា​នៅតែ​ប្រឈម​នឹង​កត្តា​ខាងក្រៅ និង​ភាព​មិន​ច្បាស់លាស់​ជាច្រើន​រួមមាន ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ និង​ហានិភ័យ​នៃ​ការបែងចែក​ភូមិសាស្ត្រ​នយោបាយ ដែល​នាំទៅរក​ការធ្លាក់ចុះ​លំហូរ​ពាណិជ្ជកម្ម​អន្តរជាតិ ការវិនិយោគ ទេសចរណ៍ និង​ភាពមិនច្បាស់លាស់​លើ​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ​។ ការណ៍​នេះ សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​ព្យាករ​ដោយ​សុទិដ្ឋិនិយម​ថា នឹង​កើនឡើង​ក្នុង​រង្វង់ ៦,៤​ ភាគរយ​នៅ​ឆ្នាំ ២០២៤​។​

​លោកស្រី​ថ្លែងថា​៖ «​ទោះជា​ប្រឈម​នឹង​បញ្ហា​ទាំងនេះ ក៏​សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​ព្យាករ​ដោយ​សុទិដ្ឋិនិយម​ថា នឹង​កើនឡើង​ក្នុង​រង្វង់ ៦,៤​ ភាគរយ​នៅ​ឆ្នាំ​ ២០២៤ ដែល​រួមចំណែក​ជា​ចម្បង​ដោយ​ការបន្ត​កើនឡើង​នៃ​វិស័យ​សេវាកម្ម ពិសេស​វិស័យ​ទេសចរណ៍ និង​ការ​ងើបឡើង​នៃ​វិស័យ​កម្មន្តសាល ស្របពេល​វិស័យ​កសិកម្ម សំណង់ និង​អចលន​ទ្រព្យ​បន្ត​ទទួលបាន​កំណើន​ទាប​»​។​

​លោកស្រី​បាន​អះអាងថា ដើម្បី​គាំទ្រ​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល ក្នុងការ​ពង្រឹង​សម្ទុះ កំណើន និង​រក្សា​ស្ថិរ​ភាព​ម៉ាក្រូសេដ្ឋកិច្ច NBC នឹង​បន្ត​អនុវត្ត នយោបាយ​រូបិយវត្ថុ ប្រកបដោយ​ភាព​ប្រុងប្រយ័ត្ន ពង្រឹង​ការអភិវឌ្ឍ​ប្រព័ន្ធ​ធនាគារ លើកកម្ពស់​ប្រសិទ្ធភាព សុវត្ថិ​ភាព និង​សមាហរណកម្ម​ប្រព័ន្ធ​ទូទាត់ ព្រមទាំង​ដាក់ចេញ​នយោបាយ និង​វិធាន​ការគាំទ្រ​ចាំបាច់​នានា​ប្រកបដោយ​ភាព​បុ​រេ​សកម្ម ស្របតាម​ស្ថានភាព​សេដ្ឋកិច្ច និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​៕​