សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេលមួយខែដំបូងឆ្នាំ ២០២៤ កម្ពុជាបាននាំចេញអង្ករចំនួន ៤៦ ពាន់តោន គិតជាទឹកប្រាក់បានចំនួន ៣២,៦២ លានដុល្លារ ខណៈដែលការនាំចេញស្រូវ សម្រេចបានជិត ៦០ ម៉ឺនតោន មានតម្លៃទឹកប្រាក់ ១៨៤លានដុល្លារ។
យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានចេញផ្សាយកាលពីថ្ងៃទី ៩ ខែកុម្ភៈ បានបង្ហាញថា ក្នុងខែមករាឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៤៦ ២២១ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៣២ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៤២។
សហព័ន្ធបានបញ្ជាក់ថាការនាំចេញអង្កររួមមាន ៖«នាំចេញប្រទេសនៅក្នុងសហគមន៍អឺរ៉ុបចំនួន ២២ បានបរិមាណអង្ករចំនួន ២៥ ០០៥ តោន គិតជាទឹកប្រាក់ចំនួន ១៨,៨៥ លានដុល្លារ, នាំចេញទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៥ប្រទេស បានបរិមាណ ចំនួន ១១ ៩៩៩ តោន គិតជាទឹកប្រាក់ ៨,៣០ លានដុល្លារ, ទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវចំនួន ៥ ១៧១ តោន គិតជាទឹកប្រាក់ ២,៩៣ លានដុល្លារ, និងទៅកាន់គោលដៅ ១៣ ផ្សេងទៀតអាហ្វ្រិក មជ្ឈិមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន បានចំនួន ៤ ០៤៦ តោន គិតជាទឹកប្រាក់ចំនួន ២,៥៥ លានដុល្លារសហរដ្ឋអាមេរិក»។
ដោយឡែកការនាំចេញស្រូវទៅប្រទេសជិតខាងវិញ សម្រេចបាន ជិត ៦០ ម៉ឺនតោន ដែលគិតជាទឹកប្រាក់សរុបជាង ១៨៤ លានដុល្លារ។
លោក ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់ឱ្យដឹងថា ការរីកចម្រើននៃទីផ្សារនៅបណ្តាប្រទេសក្នុងហគមន៍អឺរ៉ុប គឺកើតចេញមួយផ្នែកពីកិច្ចគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និង សហគ្រិនខ្មែរ ដែលបានជួយឧបត្ថម្ភដល់សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការរៀបចំពន្លាតាំងផលិតផលស្រូវអង្ករកម្ពុជានៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារអន្តរជាតិ (ANUGA FOOD FAIR 2023) នាថ្ងៃទី ៧ ដល់ ១១ ខែតុលា ឆ្នាំ ២០២៣ នាទីក្រុងកូឡូញ ប្រទេសអាល្លឺម៉ង់។
ទោះជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា ចាប់តាំងពីចូលខែមករា ឆ្នាំ ២០២៤ តម្លៃដឹកជញ្ជូនបានឡើងថ្លៃដល់ទៅ ៧០ភាគរយ នៃតម្លៃខ្ពស់បំផុត ខណៈស្ថានភាពនៃបញ្ហានេះ មិនទាន់អាចព្យាករណ៍បាននៅឡើយ។
លោកបានបញ្ជាក់ថា៖ «ការឡើងថ្លៃដ៏ខ្លាំងនៃតម្លៃដឹកជញ្ជូននេះ បានធ្វើឱ្យក្រុមហ៊ុននាំចេញអង្ករជួបការលំបាកខ្លះ ប៉ុន្តែការនាំចេញនៅតែបន្តជាធម្មតា គ្រាន់បរិមាណនៃការនាំចេញអាចនឹងតិចជាងមុន។ប៉ុន្តែសហព័ន្ធស្រូវអង្ករកម្ពុជា នៅតែមានសុទិដ្ឋិនិយមថា ការនាំចេញអង្កររបស់កម្ពុជានៅតែបន្តមានកំណើន ក្នុងឆ្នាំ ២០២៤ នេះ»៕