សមាគមស្វាយចន្ទីកម្ពុជា (ស.ស.ក) កាលពីពេលថ្មីនេះ បានចាត់តាំងប្រធានតំណាងរបស់សមាគមស្វាយចន្ទីកម្ពុជា ចំនួន ៤ រូប ទៅកាន់ប្រទេសចំនួន ៣ រួមមាន ឥណ្ឌា ចិន ជប៉ុន និងតំបន់ ២ ទៀត រួមមាននៅ អាស៊ី និងអាស៊ីអាគ្នេយ៍ដែនទឹក ដើម្បីជំរុញការផ្សព្វផ្សាយពីសក្តានុពលស្វាយចន្ទីកម្ពុជា និងស្វែងរកទីផ្សារបន្ថែមទៀតទៅកាន់ប្រទេសទាំងនេះ។
លោក អួន ស៊ីឡុត សមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ឱ្យដឹងបន្ថែមនៅថ្ងៃទី ១០ ខែកម្ភៈ ឆ្នាំ ២០២៤ នេះថា ប្រធានតំណាងរបស់សមាគមស្វាយចន្ទីកម្ពុជាទាំង ៤ រូបនោះរួមមាន លោក រ៉ាជូ កាធីកគូម៉ា ប្រធានតំណាងសមាគមស្វាយចន្ទីកម្ពុជា ប្រចាំប្រទេសឥណ្ឌា, លោក អ៊ីម៉ាហាហ្ស៊ី តាកាយូគិ ប្រធានតំណាងរបស់សមាគមស្វាយចន្ទីកម្ពុជាប្រចាំប្រទេសជប៉ុន, លោក ស៊ិន ជីងយូ ប្រធានតំណាងរបស់សមាគមស្វាយចន្ទីកម្ពុជាប្រចាំប្រទេសចិន និងលោក លីម គៀនហ៊ូ ប្រធានតំណាងរបស់សមាគមស្វាយចន្ទីកម្ពុជាប្រចាំអាស៊ី និងអាស៊ីអាគ្នេយ៍ដែនទឹក។
លោកបានបញ្ជាក់ថា៖ «គោលដៅដែលសមាគមស្វាយចន្ទីកម្ពុជា តែងតាំងតំណាងទាំង ៤ រូបនេះ គឺដើម្បីឱ្យគាត់ជួយស្វែងរកទីផ្សារបន្ថែម និងទាក់ទាញវិនិយោគិន ដើម្បីវិនិយោគលើការកែច្នៃនៅក្នុងប្រទេសកម្ពុជា ហើយផលដែលយើងបាននោះ គឺកំពុងតែទទួលបានជាបណ្តើរៗហើយមកទល់នឹងពេលបច្ចុប្បន្ន»។
«ថ្វីដ្បិតតែឥណ្ឌា ជាប្រទេសជាប់លេខ ២ ក្នុងនាមជាប្រទេសដែលផលិតគ្រាប់ឆៅបានច្រើនជាងគេក្នុងពិភពលោក ប៉ុន្តែប្រទេសនេះ នៅតែជាទីផ្សារដ៏ល្អសម្រាប់កម្ពុជាយើង ដោយសារប្រទេសនេះផលិតប្រើប្រាស់ក្នុងស្រុកច្រើន មិនសូវនាំចេញក្រៅប្រទេសនោះទេ។ដូចនេះចំនួនប្រជាជនដ៏ច្រើន និងជាទីផ្សារដ៏ធំសម្រាប់ស្វាយចន្ទីកម្ពុជា ប្រទេសឥណ្ឌា ជាទីផ្សារដ៏មានសក្តានុពលមួយ»។នេះបើតាមលោក អួន ស៊ីឡុត បានបញ្ជាក់បន្ថែម។
បើតាម ស.ស.ក សមាគម មានគម្រោងនឹងចាត់តាំងប្រធានតំណាងទៅកាន់បណ្តាប្រទេសមួយចំនួនទៀត ដែលមានតម្រូវការនាំចូលស្វាយចន្ទីច្រើន ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការទទួលបានព័ត៌មានពីទីផ្សារប្រទេសនោះ ខណៈដែលសមាគម នឹងផ្តល់ព័ត៌មានអំពីអត្ថប្រយោជន៍នៃការវិនិយោគលើការកែច្នៃស្វាយចន្ទីនៅកម្ពុជា ដែលអាចជំរុញឱ្យកម្ពុជា នឹងក្លាយជាប្រទេសអធិរាជស្វាយចន្ទីនាពេលអនាគត។
គួររំឭកថា កាលពីសប្តាហ៍មុន សមាគមស្វាយចន្ទី បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយសម្ព័ន្ធអ្នកដាំដុះស្វាយចន្ទីនៅតំបន់អាហ្វ្រិក (The African Cashew Alliance) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការដាំដុះ និងរកទីផ្សារ ក្នុងនាមជាប្រទេសអ្នកផលិតគ្រាប់ស្វាយចន្ទីច្រើនជាងគេរបស់ពិភពលោក។
ការចុះ MoUនេះ ត្រូវបានសមាគមស្វាយចន្ទីកម្ពុជាអះអាងថា ធ្វើឡើងក្នុងគោលបំណងគោលការណ៍គឺជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីក្នុងសកម្មភាពមួយចំនួនដូចជា ការផ្លាស់ប្តូរការសិក្សា រវាងប្រទេសផលិតគ្រាប់ស្វាយចន្ទីនៃទ្វីបអាហ្វ្រិក និងកម្ពុជា, ការជួយសម្រួលដល់ការចូលទៅកាន់កសិដ្ឋាន និងកន្លែងកែច្នៃក្នុងប្រទេសរៀងៗខ្លួន, ការចូលរួមក្នុងវេទិកាសិក្សា និងសន្និសីទដែលរៀបចំដោយស្ថាប័នទាំង ២, ជួយបណ្តុះបណ្តាល ឬអ្នកសិក្សានៅក្នុងកម្មវិធីបណ្តុះបណ្តាលឧស្សាហកម្មដែលរៀបចំដោយស្ថាប័នទាំងពីរ,ការសម្របសម្រួលការផ្លាស់ប្តូរការស្រាវជ្រាវជាមួយគ្នា,ការរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលខ្លី និងរយៈពេលវែង សិក្ខាសាលា និងការបង្រៀន ព្រមទាំងការប្រជុំវិទ្យាសាស្ត្រ និងបច្ចេកទេស,ការផ្លាស់ប្តូរអ្នកជំនាញ និងអ្នកបច្ចេកទេស រវាងគ្នាជាដើម។
របាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា កម្ពុជាមានផ្ទៃដីដាំដុះស្វាយចន្ទីប្រមាណ ៤៧២ ៩៤៦ ហិកតា និងទទួលបានទិន្នផលសរុបចំនួន ៧០៩ ៤១៩ តោន ចំណែកឯការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិបានចំនួនប្រមាណ ៦៥៦ ០០០ តោន ទៅកាន់ប្រទេស ចិន ជប៉ុន បង់ក្លាដែស ឥណ្ឌា វៀតណាម និងថៃ និងគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់ប្រទេស ចិន សាធារណរដ្ឋឆែក ជប៉ុន កូរ៉េខាងត្បូង ហូឡង់ វៀតណាម និងសហរដ្ឋអាមេរិក៕