ភ្នំពេញៈ កម្ពុជា​រកប្រាក់​បាន​ជិត ៨៩០ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២៣ ពី​ការនាំចេញ​គ្រឿង​សង្ហារិម សម្ភារ​គ្រែ និង​ផលិត​ផល​ប្រហាក់ប្រហែល ដោយ​ចំនួន​ទឹកប្រាក់​នេះ​ធ្លាក់ចុះ​តិច​-​តួច​ធៀប​ទៅ​ឆ្នាំ​ ២០២២ ប៉ុន្តែ​សម្រាប់​ខែ​ចុងក្រោយ ឆ្នាំ​ ២០២៣ ចំនួន​ទឹកប្រាក់​នេះ​បាន​ដល់​ជិត ៣៥​ ភាគរយ​។ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)​។​

​តារាង​ស្ថិតិ GDCE ឱ្យដឹងថា ទឹកប្រាក់​ដែល​កម្ពុជា​រកបាន​ពី​ការនាំចេញ​ជំពូក​ទំនិញ​ (HS ២ ​ខ្ពង់​)​ លេខ​កូដ​ ៩៤ ដែល​រួមមាន​គ្រឿងសង្ហារិម​, សម្ភារ​គ្រែ ពូក ខ្នើយ​កល់ និង​វត្ថុ​ប្រហាក់​ប្រហែល មាន​ទឹកប្រាក់​សរុប ៨៨៩,៦២ ​លាន​ដុល្លារ ធ្លាក់ចុះ ៦,២ ​ភាគរយ​ធៀប​ឆ្នាំ​ ២០២២ ដែលមាន ៩៤៨,២៦ ​លាន​ដុ​ល្លារ​។ ទឹកប្រាក់​នៃ​ការនាំចេញ​ទំនិញ​លេខ​កូដ ៩៤ គឺ​ស្មើនឹង ៣,៩ ​ភាគរយ​នៃ​ចំនួន​ទឹកប្រាក់​នាំចេញ​ទំនិញ​សរុប​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​នៅក្នុង​ឆ្នាំ​ ២០២៣ ដែលមាន ២២,៦៤ ​ពាន់​លាន​ដុល្លារ​។​


​សម្រាប់​ខែធ្នូ ឆ្នាំ​ ២០២៣ ទឹក​ប្រាក់​នាំចេញ​ទំនិញ​ក្នុង​ជំពូក​លេខ​កូដ ៩៤ គឺ ៥៩,៩៣​ លាន​ដុល្លារ កើន ៣៤,៧​ ភាគរយ ​បើ​ធៀប​ខែធ្នូ ឆ្នាំ​ ២០២២ ដែលមាន ៤៤,៤៩​ លាន​ដុល្លារ​។​

​សេដ្ឋវិទូ​នៃ​រាជបណ្ឌិត្យសភា​​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​១១ ខែកុម្ភៈ ថា នៅក្នុង​អំឡុង​ពេលដែល​សេដ្ឋកិច្ច​សកល​ជួប​បញ្ហា​ជា​បន្តបន្ទាប់​រយៈពេល ៣-៤​ ឆ្នាំ​កន្លងមកនេះ​ ការធ្វើ​ពាណិជ្ជ​កម្ម​អន្តរជាតិ​បាន​ធ្លាក់ចុះ​ស្ទើរ​គ្រប់​គោលដៅ និង​គ្រប់​វិស័យ​។ ស្ថានភាព​នេះ​នឹង​ល្អប្រសើរ​នៅពេល​វិបត្តិ​ដែល​បង្កឡើង​ដោយ​បញ្ហា​ផ្សេងៗ​ដូចជា ជម្លោះ​ភូមិ​​សាស្ត្រ​នយោបាយ និង​ជម្លោះ​ប្រដាប់អាវុធ​រវាង​ប្រទេសមួយ​ចំនួន​ត្រូវ​បញ្ចប់​។


លោក​បន្តថា សម្រាប់​សមត្ថភាព​នៃ​ចង្វាក់​ផលិតកម្ម​កម្ពុជា​ គឺ​នៅតែ​បោះ​​ជំហាន​ទៅមុខ​ជាធម្មតា ខណៈ​កម្ពុជា​កំពុង​វិវឌ្ឍន៍​ខ្លួន​ក្លាយជា​ទីតាំង​ផលិត​ទំនិញ​ចម្រុះ​កាន់​​តែ​ច្រើន​។​

​លោក​និយាយថា​៖ «​តាមពិត​ទឹកប្រាក់​នាំចេញ​ទំនិញ​ទៅ​ទី​ផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​ចាប់តាំងពី​ឆមាស​ទី​២ ឆ្នាំ​ ២០២២ មក ប៉ុន្តែ​វាចា​ប់​​ផ្តើម​ល្អជា​បណ្តើរៗ​ហើយ​កាល​ពី​ចុងឆ្នាំ​ ២០២៣​។ តាមរយៈ​ការ​ងើប​ឡើងវិញ​នាពេល​ចុង​​ក្រោយនេះ ខ្ញុំ​មានជំនឿថា ការ​នាំចេញ​ផលិតផល​ទាំងនេះ​នឹងមាន​ភាព​វិជ្ជមាន​ក្នុង​ឆ្នាំ​ ២០២៤ នេះ ខណៈ​បរិមាណ​ទំនិញ​នៅក្នុង​ឃ្លាំង​ស្តុក​របស់​ក្រុមហ៊ុន​បញ្ជា​ទិញ​ក៏​ធ្លាក់ចុះ​ដែរ​»​។​

​លោក​បន្ថែមថា ការចូល​ជា​ធរមាន​នៃ​កិច្ចព្រមព្រៀង​ពា​ណិ​​ជ្ជ​កម្ម​សេរី​ទ្វេភាគី និង​ពហុភាគី​ដែល​កម្ពុជា​បានធ្វើ​ជាមួយ​ប្រ​ទេស​ជាច្រើន ក៏​នឹង​ឱ្យ​កម្ពុ​ជាមាន​ទីផ្សារ​នាំចេញ​កាន់តែ​ធំ នៅពេល​សេដ្ឋកិច្ចពិភពលោក​ល្អ​ឡើងវិញ​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បានឱ្យដឹងថា ការធ្លាក់ចុះ​ទឹកប្រាក់​នាំចេញ​កាលពី​ឆ្នាំ​ ២០២៣ គឺ​ដោយសារតែ​កំណើនសេដ្ឋកិច្ច​ពិភពលោក​មិនល្អ​។ ទោះ​យ៉ាង​ណា មួយរយៈ​ចុងក្រោយ​នេះ​សកម្មភាព​ការនាំចេញ​-​នាំចូល​ទំនិញ​អន្តរជាតិ​បានចាប់ផ្តើម​ងើបឡើង​វិញ​ហើយ​។

លោក​បន្តថា ជាមួយគ្នានេះ​ក៏មាន​ក្រុមហ៊ុន​ថ្មីៗ​ជាច្រើន​បាន​ចូលមក​បើក​ដំណើរការ​អាជីវកម្ម និង​រោងចក្រ​នៅ​កម្ពុជា​ដែរ​។​

​លោក​អះអាងថា​៖ «​នៅពេល​សេដ្ឋកិច្ចពិភពលោក​ដំណើរ​ការល្អ តម្រូវការ​ផលិតផល​ទាំង​នេះ​នឹង​ហក់​ឡើងវិញ ដូច្នេះ​ការ​បញ្ជា​ទិញ​នឹង​កើនឡើង​»៕