​ភ្នំពេញៈ ស្របពេល​សេដ្ឋកិច្ចពិភពលោក​បាន​ធ្លាក់ចុះ​នារ​យៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ដែល​បណ្តាលមកពី​ការរីក​រាលដាល​ជំងឺ​កូ​វីដ ១៩ និង​សង្គ្រាម​រវាង​រុស្ស៊ី​ និង​អ៊ុយ​ក្រែ​ន​កំពុង​បន្ត ជា​ពិសេស​ការកើនឡើង​ការប្រកួត​ប្រជែង​ភូមិសាស្ត្រ​នយោបាយ​ក្នុងចំណោម​ប្រទេស​មហា​អំ​ណា​ច ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​បាន​កត់ត្រា​កំណើន​ឥណទាន​ក្នុង​អត្រា​ដ៏​ទាប គឺ​ ៤,៨​ ភាគរយ​ កាលពី​ឆ្នាំមុន ដែលជា​កំណើន​ទាប​មិន​ធ្លាប់មាន​ក្នុង​រយៈពេល ​២ ​ទសវត្សរ៍​ចុងក្រោយ​នេះ​។​​

វិស័យ​មួយ​នេះ​នៅតែ​រឹងមាំ​ក្នុង​ការជំរុញ​កំណើនសេដ្ឋកិច្ច​យោងតាម​របាយការណ៍​ចុងក្រោយ​បំផុត​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ (NBC)​ គិត​ត្រឹម​ខែធ្នូ ឆ្នាំ ​២០២៣ ប្រព័ន្ធ​ធនាគារ​របស់​កម្ពុ​ជាមាន​ធនា​គារ​ពាណិជ្ជ​ចំនួន​ ៥៨ ធនាគារ​ឯក​​ទេស​ ៩ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ៨៧​។ កំណើន​ឥណទាន​ក្នុង​ប្រព័ន្ធ​ធនាគារ​បាន​កើន​ដល់ ៥៧,៦​ ពាន់​លាន​ដុល្លារ ​កាលពី​ឆ្នាំ ២០២៣ កើន ៤,៨​ ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០២២​។​


​របាយការណ៍​ឱ្យដឹងទៀតថា ការ​បែងចែក​ប្រាក់កម្ចី​តាម​វិស័យ​រួមមាន​សណ្ឋាគារ និង​ភោជនីយដ្ឋាន បាន​កើនឡើង ០,៦ ​ភាគរយ​ប៉ុណ្ណោះ​, ការ​លក់ដុំ កើនឡើង ៤,៨​ ភាគរយ​, ការ​ទិញ​លំនៅឋាន កើនឡើង ៦,៤ ​ភាគ​រយ​, អចលនទ្រព្យ កើនឡើង ១៦,៩ ភាគរយ​, និង​សំណង់ កើន ១៣,៩​ ភាគរយ​។ ប្រាក់កម្ចី​មិន​ដំណើរការ ​(NPL) នៅក្នុង​វិស័យ​ធនាគារ​ទាំង​មូល​មាន​ចំនួន ៥,៤​ ភាគរយ និង​វិស័យ​មីក្រូហិរញ្ញវត្ថុ​មាន​ចំនួន ៦,៧​ ភាគរយ​កាលពី​ឆ្នាំមុន​។​

​របាយការណ៍​ឱ្យដឹងទៀតថា ប្រាក់​បញ្ញើ​នៅក្នុង​ប្រព័ន្ធ​ធនាគារ​បាន​កើន​​ឡើង ១៣,១​ ភាគរយ​ដល់ ៤៧,៩ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០២៣​។


របាយការណ៍​បន្ថែមថា ទ្រព្យសកម្ម​បច្ចុប្បន្ន​ក្នុង​ប្រព័ន្ធ​ធនាគារ​កម្ពុជា​បាន​កើនឡើង​ដល់ ៨៤,៣ ពាន់​លាន​ដុ​ល្លារ​កាលពី​ឆ្នាំមុន កើនឡើង ៨,៦​ ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០២២​។​

​លោកស្រី ជា សិរី ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំឆ្នាំ​កាលពី​ចុងខែ​មករា​ថា ក្នុង​រយៈពេល​ ២ ​ឆ្នាំ​ចុង​ក្រោយនេះ NPL មានការ​កើនឡើង​តិចតួច ដោយសារ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩ និង​ការធ្លាក់ចុះ​កំណើន​ប្រាក់កម្ចី​។​

​លោកស្រី​អះអាងថា​៖ «​តាមពិតទៅ ប្រាក់កម្ចី​មិន​ដំណើរការ​ គឺ​ស្ថិតនៅក្រោម​កម្រិត​ដែល​អាច​គ្រប់គ្រង​បាន ប៉ុន្តែ​ការកើនឡើង​ប្រាក់កម្ចី​មិន​ដំណើរ​ការនាំ​ឱ្យមាន​ការធ្លាក់​ចុះ​ប្រាក់ចំណេញ ដូច្នេះ​វា​ធ្វើឱ្យ​ការបង្កើន​ល្បឿន​កំណើន​ប្រាក់កម្ចី​ដើម្បី​គាំទ្រ​ទៅដល់​សកម្ម​ភាព​សេដ្ឋកិច្ច​»​។​

​ប្រតិបត្តិការ​របស់​ធ​នាគារ​មួយចំនួន​នៅតែ​រឹងមាំ​

​លោក តូច ចៅ​ចេក អគ្គនាយក​ធនាគារ​ប្រៃសណីយ៍​កម្ពុជា ភីអិលស៊ី បានឱ្យដឹងថា ប្រតិបត្តិការ​ធនាគារ​របស់លោក​នៅតែ​ដំណើរ​ការល្អ​កាល​ពី​ឆ្នាំមុន បើ​ធៀប​នឹង​ឧស្សាហកម្ម​ទាំងមូល​។​

​លោក​ថ្លែងថា​៖ «​កាលពី​ឆ្នាំមុន​យើង​ទទួលបាន​ប្រតិបត្តិ​ការល្អ​ខ្លាំង​ធៀប​នឹង​វិស័យ​ផ្សេងៗ​ទៀត​។ ទ្រព្យសកម្ម​សរុប​រប​ស់​យើង​បាន​កើនឡើង​ជាង ១៤ ភាគរយ ខណៈ​ប្រាក់កម្ចី​របស់​យើង​កើនឡើង​ជាង ៨​ ភាគរយ ហើយ​ប្រាក់​បញ្ញើ​បាន​កើន ១៥​ ភាគរយ​។ ជាពិសេស​ប្រតិបត្តិការ​របស់​យើង​ដំណើរ​ការល្អ​កាលពី​ឆ្នាំមុន​បើ​ធៀប​ទៅនឹង​វិស័យ​ទាំងមូល​»​។​

​យោងតាម​លោក ចៅ​ចេក ប្រាក់កម្ចី​ភាគច្រើន​ត្រូវបាន​ផ្តល់ទៅឱ្យ​ពាណិជ្ជ​​កម្ម​លក់រាយ ​(​ប្រហែល ៣៨ ​ភាគរយ​) លំនៅឋាន (​ប្រហែល ២៤ ​ភាគរយ​) ការដឹកជញ្ជូន (​ប្រហែល ១១​ ភាគ​​រយ​) កម្ចី​ផ្ទាល់ខ្លួន ​(​ប្រហែល ៨​ ភាគ​រយ​) សំណង់ និង​អចលនទ្រព្យ (៥ ភាគរយ​) និង​កសិកម្ម​ (៥​ ភាគរយ​)​។​ លោក​បញ្ជាក់ថា​៖ «​ឆ្នាំនេះ​យើង​សង្ឃឹមថា​នឹងមាន​កំណើន​ល្អ​ជាង​ឆ្នាំ ២០២៣»​។​

​លោក ឃឹម សំបូរ​រតនា ប្រធាន​ផ្នែក​ទំនាក់ទំនង​សាធារណៈ​នៃ​ធនាគារ ABA បានឱ្យដឹងថា ទ្រព្យសកម្ម​សរុប​រប​ស់ធ​នាគា​រលោក បាន​កើន​ដល់ ១១,៣​ ពាន់​លាន​ដុល្លារ គិត​ត្រឹម​ខែ​ធ្នូ​ឆ្នាំមុន កើន​ពី ៩​ ពាន់​លាន​ដុល្លារ​ កាលពី​ចុងខែ​ធ្នូ ឆ្នាំ ២០២២​។ ប្រាក់​កម្ចី​របស់​ធនាគារ​បា​ន​កើន​ឡើងដល់ ៧,៧​ ពាន់​លាន​ដុល្លារ​ពី ៦,៥​ ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០២២ ខណៈដែល​ប្រាក់​បញ្ញើ​បាន​កើន​ឡើងដល់ ៩ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​ពី ៧,៤​ ពាន់​លាន​ដុល្លារ​។​

​លោក​ថ្លែងថា​៖ «​ធនាគារ ABA តែង​តែមាន​គោលបំណង​គាំទ្រ​អតិថិជន​មកពី​គ្រប់​វិស័យ ចាប់ពី​កម្ចី​អាជីវកម្ម​ខ្នាតតូច រហូតដល់​កម្ចី​ពាណិជ្ជកម្ម និង​សាជីវកម្ម​។ តាមរយៈ​កម្ចី​នេះ​គឺមាន​ការរួមចំណែក​ដ៏​សំខាន់​ចំពោះ​កំណើន​របស់​យើង​បានមកពី​មីក្រូ សហគ្រាស​ខ្នាតតូច និង​មធ្យម (MSME) ដែល​យើង​ជឿថា ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​»​។​

​លោក​បាន​ពន្យល់ថា ធនាគារ ABA មិនដែល​ដាក់​កំហិត ឬ​យន្តការ​ណាមួយ​ទាក់ទង​នឹង​សំណើ​កម្ចី​ក្នុងអំឡុង​ពេល​ដ៏​លំបាក​នេះ​ទេ​។ អត្រា NPL របស់​ធនាគារ​នៅតែមាន​កម្រិត​ទាប​នៅក្រោម ៤​ ភាគរយ ដែល​បង្ហាញ​ពី​ការអនុវត្ត​ការផ្តល់ប្រាក់​កម្ចី​ប្រកប​​ដោយ​ការទទួលខុសត្រូវ និង​ការដាក់ចេញ​យុទ្ធសាស្ត្រ​គ្រប់គ្រង​ហានិភ័យ​ប្រកបដោយ​ប្រសិទ្ធភាព​។​

​សេដ្ឋកិច្ចកម្ពុជា មាន​ភាព​វិជ្ជមាន​កាន់តែខ្លាំង​នៅ​ឆ្នាំនេះ​

​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​(IMF) កាលពី​ថ្ងៃទី​ ៣១ ខែមករា បាន​ព្យាករ​ថា សេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​កើនឡើង ៥,៣ ភាគរយ​នៅ​ឆ្នាំ ​២០២៣ ដែល​ជំរុញ​ដោយ​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍ និង​ដំណើរការ​ដ៏​រឹង​មាំ​នៅក្នុង​ការនាំចេញ​មិនមែន​កាត់​ដេរ​។

ទាំង​ស្ថាប័ន​មូលនិធិ​រូបិយវត្ថុ​​អន្តរជាតិ និង​ធនាគារជាតិ​នៃ​កម្ពុជាបាន​ព្យាករ​ថា កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​នឹងមាន​កំណើន​អត្រា ៦,១ ភាគរយ និង ៦,៤​ ភាគរយ​រៀងៗ​គ្នា​នៅ​ឆ្នាំ​ ២០២៤​ នេះ ដែល​គាំទ្រ​ដោយ​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​វិស័យ​ទេស​ចរណ៍ និង​វិស័យ​ផលិតកម្ម ខណៈ​អតិផរណា​មាន​កម្រិត ៣​ ភាគរយ និង ២,៥​ ភាគរយ​រៀងៗ​គ្នា​៕