ភ្នំពេញៈ ការអនុវត្ត​ចំណូល​របស់​រដ្ឋ​បាល​ថ្នាក់ជាតិ ក្នុង​ឆ្នាំ​ ២០២៣ កន្លងមក​សម្រេចបាន​ប្រមាណ​ជិត ៦,២​ ពាន់​លាន​ដុល្លារ ដែល​ស្មើ​ជាង ៩៦​ ភាគរយ​នៃ​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​ ២០២៣ និង​ការចំណាយ​មាន​ទឹកប្រាក់​ជិត ៧,៤​ ពាន់​លាន​ដុ​ល្លារ​។ នេះ​បើតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​របាយការណ៍​ស្ថិតិ​ហិរញ្ញវត្ថុ​រដ្ឋាភិបាល ខែធ្នូ ឆ្នាំ ​២០២៣ ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ទើប​ចេញផ្សាយ​ក្នុង​ដើម​សប្តាហ៍​នេះ​ឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២៣ ការអនុវត្ត​ចំណូល​របស់​រដ្ឋបាល​ថ្នាក់ជាតិ​សម្រេចបាន ២៥ ២១១​ ពាន់​លាន​រៀល ​(​ប្រ​ហែល ៦,១៩ ​ពាន់​លាន​ដុល្លារ​) ស្មើនឹង ៩៦,០៥ ​ភាគរយ​នៃ​ច្បាប់​ហិរញ្ញ​​វត្ថុ​ឆ្នាំ​ ២០២៣ ក្នុងនោះ​ចំណូល​ពន្ធ ២១ ២១៩ ពាន់​លាន​រៀល ​(៥,២១​ ពាន់​លាន​ដុល្លារ​) ស្មើនឹង ៨៤,១៧​ ភាគរយ​នៃ​ចំណូល​សរុប​, អំណោយ ១ ៤៥៦ ​ពាន់​លាន​រៀល ​(៣៥៨,៤៥ ​លាន​ដុល្លារ​) ស្មើនឹង ៥,៧៨​ ភាគរយ​, និង​ចំណូល​ផ្សេងៗ ២ ៥៣៥​ ពាន់​លាន​រៀល ​(៦២២,៣៥​លាន​ដុល្លារ​) ស្មើ ១០,០៦​ ភាគរយ​។ បើ​ធៀប​នឹង​ឆ្នាំ ​២០២២ គឺ​ការអនុវត្ត​ចំណូល​បាន​ថយចុះ ៤,៦៩ ​ភាគរយ ក្នុងនោះ​ចំណូល​ពន្ធ ថយចុះ ៤,៤៣ ​ភាគរយ​, អំណោយ​ថយចុះ ២៤,០៨ ​ភាគរយ និង​ចំណូល​ផ្សេងៗ កើនឡើង ៧,៦៩ ​ភាគរយ​។​


​របាយការណ៍​ឱ្យដឹងទៀតថា សម្រាប់​ការចំណាយ​សរុប​របស់​រដ្ឋបាល​ថ្នាក់ជាតិ​ក្នុង​ឆ្នាំ​ ២០២៣ គឺ ៣០ ០៧៦​ ពាន់​លាន​រៀល​(​ប្រហែល ៧,៣៨ ពាន់​លាន​ដុល្លារ​) ស្មើ ៩១,៤៥ ​ភាគរយ​នៃ​ច្បាប់​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ ​២០២៣ ក្នុងនោះ​ចំណាយ ២១ ២៥៩​ ពាន់​លាន​រៀល ​(៥,២២​ ពាន​លាន​ដុល្លារ​) ស្មើ ៧០,៦៨ ភាគរយ​នៃ​ចំណាយ​សរុប​, និង​ចំណាយ​វិនិយោគ​លើ​ទ្រព្យសកម្ម​មិនមែន​ហិរញ្ញវត្ថុ ៨ ៨១៧ ​ពាន់​លាន​រៀល ​(២,១៦ ​ពាន់​លាន​ដុល្លារ​) ស្មើនឹង ២៩,៣២ ​ភាគរយ​នៃ​ចំណាយ​សរុប​។ បើ​ធៀប​នឹង​រយៈពេល ១២ ​ខែ​ដូចគ្នា​ឆ្នាំ ២០២២ ចំណាយ​សរុប​របស់រ​ដ្ឋ​បាល​ថ្នាក់ជាតិ កើនឡើង ១១,១៨​ ភាគរយ ក្នុងនោះ​ចំណាយ​កើនឡើង ១០,០៤ ​ភាគរយ​, និង​ចំណាយ​វិ​និ​​យោគ​លើ​ទ្រព្យសកម្ម​មិនមែន​ហិរញ្ញ​​វត្ថុ កើនឡើង ១៤,០២ ​ភាគរយ​។​

​ក្រសួង​បញ្ជាក់ថា​៖ «​ក្នុង​ឆ្នាំ ​២០២៣ ការអនុវត្ត​ចំណូល​យឺត គួបផ្សំ​នឹង​ការអនុវត្ត​ចំណាយ​លឿន បានធ្វើឱ្យ​ថវិកា​មាន​ឱនភាព ប៉ុន្តែ​ឱនភាព​នេះ​ស្ថិតក្នុង​កម្រិត​មួយ​ទាប ពោលគឺ​ស្មើនឹង ៧៣,២៤ ​ភាគរយ​នៃ​ឱនភាព​ថវិកា​ឆ្នាំ​ដែល​បានគ្រោង​។ ឱនភាព​ថវិការ​រយៈ​ពេល ១២ ​ខែ ឆ្នាំ​ ២០២៣ បាន​ឆ្លុះ​​បញ្ចាំង​តាមរយៈ​ការកើនឡើង​បំណុល​ ៥ ២៥៩​ ពាន់​លាន​រៀល​(១,២៩ ​ពាន់​លាន​ដុល្លារ​) និង​ការធ្លាក់ចុះ​ទ្រព្យ​សកម្ម​ហិរញ្ញវត្ថុ​ប្រមាណ ៣៩៤ ​ពាន់​លាន​រៀល (៩៦,៦៩​ លាន​ដុល្លារ​)»​។​


​សេដ្ឋវិទូ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​១៣ ខែកុម្ភៈ​ថា ការ​ប្រ​មូល​ចំណូល​របស់​រដ្ឋបាល​ថ្នាក់ជាតិ​ក្នុង​ឆ្នាំ ​២០២៣ ដែល​ធ្លាក់ចុះ​តិចតួច​ធៀប​នឹង​ច្បាប់​ថវិកា​ប្រចាំឆ្នាំ គឺ​ដោយ​សារ​កម្ពុជា​ទទួលរង​ផលប៉ះពាល់​ពី​ភាពមិនច្បាស់លាស់​នៃ​កំណើន​សេដ្ឋ​​កិច្ច​សកល​។ ឥទ្ធិពល​អវិជ្ជមាន​សេដ្ឋ​កិច្ច​សកល​បានធ្វើឱ្យ​ការនាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ​ធ្លាក់ចុះ ហេតុនេះ​ប្រាក់​ដែល​រដ្ឋាភិបាល​អាច​ទទួល​បាន​ពី​ការប្រមូល​ពន្ធ​ទំនិញ​ក៏​ធ្លាក់ចុះ​ដែរ​។ លោក​បន្ថែមថា សម្រាប់​ការចំណាយ​របស់​រដ្ឋបាល​ថ្នាក់ជាតិ គឺអាច​មានការ​កើនឡើង​តាមរយៈ​ការបញ្ចេញ​ប្រាក់​ទៅលើ​ការវិនិយោគ​ផ្នែក​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវថ្នល់ សាលារៀន ការបណ្តុះ​​បណ្តាល​ធនធានមនុស្ស និង​ការជួយឧបត្ថម្ភ​ជន​ងាយ​រងគ្រោះ ជាដើម​។​

​លោក​ថ្លែងថា​៖ «​ទោះបី​ការប្រមូល​ចំណូល​ធ្លាក់ចុះ ហើយ​ការចំណាយ​កើនឡើង​ធៀប​នឹង​ច្បាប់​ថវិកា​ប្រចាំឆ្នាំ ប៉ុន្តែ​វា​មិន​ធ្វើឱ្យ​រដ្ឋាភិបាល​ជួប​បញ្ហា​កង្វះ​ថវិកា ឬ​ធ្វើឱ្យ​គម្រោង​វិនិយោគ​ណាមួយ​ជាប់គាំង​ទេ ដូច្នេះ​មានន័យថា រាជរដ្ឋាភិបាល​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុងការ​គ្រប់គ្រង​ចំណូល និង​ចំណាយ​ប្រចាំឆ្នាំ​»​។​

​លោក​បន្តថា​៖ «​សម្រាប់​ឆ្នាំ​ ២០២៤ នេះ​ខ្ញុំ​មានជំនឿថា ការអនុវត្ត​ចំណូល​ចំណាយ​របស់​រដ្ឋបាល​ថ្នាក់ជាតិ នឹងមាន​ភាពប្រសើរ​ជាង​ឆ្នាំ​ ២០២៣ ជាក់ស្តែង​យើង​សង្កេតឃើញថា សកម្មភាព​ពាណិជ្ជ​​កម្ម​អន្តរជាតិ​នា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ គឺ​ចាប់ផ្តើម​បង្ហាញ​ភាពលេច​ធ្លោ​ជា​បន្តបន្ទាប់​»​។​

​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​(IMF) កាលពី​ថ្ងៃទី ៣១ ខែមករា បាន​ព្យាករ​ថា សេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​កើនឡើង ៥,៣​ ភាគរយ​នៅ​ឆ្នាំ​ ២០២៣ ដែល​ជំរុញ​ដោយ​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍ និង​ដំណើរការ​ដ៏​រឹង​​មាំ​ក្នុង​ការនាំចេញ​មិនមែន​កាត់ដេរ​។ IMF បាន​ព្យាករ​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹងមាន​កំណើន​ក្នុង​អត្រា ៦,១ ​ភាគរយ​នៅ​ឆ្នាំ ​២០២៤ ដែល​គាំទ្រ​ដោយ​ការ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍ និង​ផលិតកម្ម ខណៈ​អតិផរណា​មាន​កម្រិត ៣​ ភាគរយ​៕