​ភ្នំពេញៈ ក្នុងនាម​ជា​ប្រទេស​មាន​ព្រំដែន​ជាប់​គ្នា និង​មាន​ទំ​នាក់​ទំនង​ការទូត​ល្អ វៀតណាម​បាន​ឡើងមក​លេខ ២ ក្នុងនាម​ជា​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​សំ​ខាន់​របស់​កម្ពុជា ដោយ​ក្នុង​ខែ​​ដំបូង​នៃ​ឆ្នាំ​ ២០២៤ ការផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង ​២ មាន​ទឹកប្រាក់​សរុប​ជាង ៦៧៧​ លាន​ដុល្លារ កើន​ជិត​ពាក់កណ្តាល​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅក្នុង​ឆ្នាំ​ ២០២៣​។ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)​។​

​ទិន្នន័យ​ពី GDCE ឱ្យដឹងថា ក្នុង​ខែមករា ឆ្នាំ​ ២០២៤ ការនាំ​ចេញ​នាំចូល​ទំនិញ​រវាង​កម្ពុជា​-​វៀតណាម មាន​ទឹកប្រាក់​សរុប ៦៧៧,៦២​ លាន​ដុល្លារ កើនឡើង ៤១,៥ ​ភាគរយ ​ធៀប​ខែ​មករា ឆ្នាំ​ ២០២៣​។ វៀតណាម​បាន​ឡើងមក​លេខ ២ បន្ទាប់ពី​ប្រទេស​ចិន និង​នៅ​ពីលើ​អា​​មេ​រិ​ក ក្នុង​តារាង​ប្រទេស​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ធំជាងគេ​ជាមួយ​កម្ពុជា​។​


GDCE ឱ្យដឹងទៀតថា ក្នុង​ចំនួន​នេះ​ទំនិញ​កម្ពុជា​នាំទៅ​វៀតណាម មាន ៣៧៣,០៦​ លាន​ដុល្លារ កើន ១១៦,៦​ ភាគ​រយ​ពី​ចំនួន ១៧២,២៣ ​លាន​ដុល្លារ និង​ទំនិញ​វៀតណាម​នាំមក​កម្ពុជា ៣០៤,៥៧​ លាន​ដុ​ល្លារ ថយចុះ ០,៦​ ភាគរយ​ពី​ចំនួន ៣០៦,៥៣ ​លាន​ដុល្លារ​។ កំណើន​ទឹកប្រាក់​នាំចេញ​នេះ ធ្វើឱ្យ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា​ក្នុង​ខែមករា ឆ្នាំ​ ២០២៤ មាន​ឧត្តមភាព ៦៨,៤៩ ​លាន​ដុ​ល្លារ ខណៈ​ខែមករា ឆ្នាំ​ ២០២៣ ពាណិជ្ជកម្ម​កម្ពុ​ជាមាន​ឱនភាព ១៣៤,៣​ លាន​ដុល្លារ​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៤ ខែកុម្ភៈ ថា ភាពល្អប្រសើរ​នៃ​ទំ​នាក់​ទំនង​ការទូត បាន​ជួយ​ឱ្យ​សម្ទុះ​ការនាំចេញ​នាំចូល​ទំនិញ​ប្រទេស​ទាំង​ ២ ជាពិសេស​ទឹក​​ប្រាក់​នាំចេញ​ទំនិញ​កម្ពុជា​ទៅ​វៀតណាម កើនឡើង​គួរឱ្យ​កត់​សម្គាល់​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។


កសិផល គឺជា​ចំណែក​សំខាន់​នៃ​ការនាំ​ចេញពី​កម្ពុជា ដោយនៅ​រដូវ​ប្រមូល​ផល​ម្តងៗ​មាន​ក្រុម​ឈ្មួញ​ក្នុងស្រុក និង​វៀតណាម​ជាច្រើន​បានមក​ប្រមូល​ទិញ​ពី​កសិករ​ខ្មែរ​យកទៅ​កែច្នៃ​បន្ត​នៅ​ប្រទេស​វៀតណាម​។

លោក​បន្តថា ពា​ណិ​ជ្ជ​កម្ម​រវាង​ប្រទេស​ជាប់​ព្រំ​ដែន​ទាំង​ ២ នឹង​កើនឡើង​ថែមទៀត ខណៈ​រដ្ឋាភិបាល​ទាំង ​២​ ក៏មាន​កិច្ចព្រមព្រៀង​ស្តីពី​ច​រា​​ចរណ៍​ទំនិញ​ឆ្លងដែន​ផងដែរ​។​

​លោក​ថ្លែងថា​៖ «​កំណើន​ទឹក​ប្រាក់​នាំចេញ​ទំនិញ​របស់​កម្ពុជា គឺ​បញ្ជាក់​ពី​ភាព​រីកចម្រើន​នៃ​កម្លាំង​ផលិត​ក្នុងស្រុក ដោយ​បច្ចុប្បន្ននេះ​ទឹកប្រាក់​នាំចេញ នាំចូល​ទំនិញ​របស់​កម្ពុជា​ជា​មួយ​ប្រទេស​ដៃគូ​ទាំងអស់​កាន់តែ​ខិតជិត​គ្នា​»​។​

​យោងតាម​លោក លឹម ហេង ដោយសារ​ប្រទេស​ទាំង ​២ មាន​ព្រំដែន​គោក និង​ទឹក​ជាប់​គ្នាច្រើន ដូច្នេះ​ទំហំ​ពាណិជ្ជកម្ម​គឺមាន​លើសពី​ទិន្នន័យ​ដែល​បាន​កត់ត្រា​ជា​ផ្លូវការ​។​​ទំនិញ​សំខាន់ៗ​ដែល​កម្ពុជា​នាំទៅ​វៀតណាម រួមមាន​ដូចជា ស្រូវ ស្វាយចន្ទី ដំឡូង​មី ពោត កៅស៊ូ ចេក ស្វាយ ថ្នាំជក់ និង​ធនធានធម្មជាតិ ចំណែក​វៀត​ណា​ម​នាំមក​វិញ មានដូចជា សម្ភារ​សំណង់ គ្រឿង​ម៉ាស៊ីន ប្រេងឥន្ធនៈ ខ​បក​រណ៍​អេ​ឡិចត្រូ​និក អគ្គិសនី ជី​កសិកម្ម គ្រឿង​ទេស និង​បន្លែ ផ្លែឈើ ជាដើម​។ នេះ​បើតាម​លោក លឹម ហេង​។​​

លោក ជា ចាន់​ដា​រ៉ា ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​នៅ​កម្ពុជា បាន​និយាយថា ការបើក​ច្រកព្រំដែន​បន្ថែម និង​ការសម្រួល​នីតិវិធី​នៅតាម​ព្រំដែន​បាន​ជួយ​ជំរុញឱ្យមាន​លំហូរ​ទំនិញ និង​មនុស្ស​រវាង​ប្រទេស​ទាំង​ ២​ កាន់​​តែ​ច្រើន​។

ទំនិញ​ប្រទេស​ទាំង ២ គឺ​កំពុង​ឆ្លើយតប​ឱ្យ​គ្នា​ទៅ​វិញ​ទៅមក ដោយ​វៀតណាម​នាំមក​កម្ពុជា​ភាគច្រើន​ជា​សម្ភារ​ប្រើប្រាស់​ប្រចាំថ្ងៃ គ្រឿងសំណង់ និង​គ្រឿង​ម៉ាស៊ីន​មួយចំនួន ចំណែក​កម្ពុជា​នាំទៅ​វៀតណាម ភាគច្រើន​ជា​ផលិតផល​។

លោក​បន្តថា នៅពេល​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ក្រុង​បាវិត ​(​ព្រំដែន​វៀតណាម​) ​រួចរាល់ ទំនាក់ទំនង​ពាណិជ្ជ​កម្ម និង​ទេសចរណ៍​នៃ​ប្រទេស​ទាំង ​២ នឹង​កើន ១​ កម្រិត​ទៀត​។​

​លោក​បន្តថា​៖ «​ទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម​ប្រទេស​ទាំង ២ នឹង​កើនឡើង​បន្ថែមទៀត​នាពេលខាងមុខ ខណៈ​រដ្ឋាភិបាល​ទាំង ​២ កំពុង​ខំ​កសាង​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​កាន់តែច្រើន​នៅតាម​តំបន់​ព្រំដែន​»​។​

​ក្នុង​ឆ្នាំ​ ២០២៣ ការនាំចេញ​នាំចូល​ទំនិញ​រវាង​ប្រទេស​កម្ពុជា​វៀតណាម មាន​ទឹកប្រាក់​សរុប ៦,៥៨ ​ពាន់​លាន​ដុល្លារ កើន​ ៧,៣​ ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​ ២០២២​។ ក្នុង​ចំនួន​ខាងលើ គឺ​ការនាំចេញ​របស់​កម្ពុជា​ចំនួន ២,៩៧​ ពាន់​លាន​ដុល្លារ កើន​ ៣៧,១​ ភាគរយ និង​វៀតណាម​នាំចូល ៣,៦១​ ពាន់​លាន​ដុ​ល្លារ ធ្លាក់ចុះ ៨,៩​ ភាគរយ​។ យោងតាម​តួលេខ​ខាងលើ គឺ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា បន្ត​មាន​ឱនភាព​ប្រមាណ ៦៣៩,៦២​ លាន​ដុល្លារ ខណៈ​កាលពី​ឆ្នាំ ​២០២២ មាន​រហូតដល់ ១,៨​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​៕