​ភ្នំពេញៈ អ្នកជំនាញ​នៅក្នុង​វិស័យ​អចលនទ្រព្យ និង​អាជ្ញា​ធរ​មូលដ្ឋាន បាន​អះអាងថា ការ​ដាក់ចេញ​វិធានការ​បន្តបន្ទាប់​រប​ស់រាជ​រដ្ឋាភិបាល​នឹង​ជួយ​ធ្វើឱ្យ​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ​រីក​លូតលាស់​ខ្លាំង​ឡើងវិញ​ពេល​ឆាប់ៗ ខណៈ​វិស័យ​សំណង់ អចលនទ្រព្យ​ និង​ការវិនិយោគ​នឹង​បោះជំហាន​ទៅមុខ​កាន់តែ​លឿន​។​

​បន្ថែម​ពីលើ​សេចក្តីជូនដំណឹង និង​អនុសាសន៍​របស់​ថ្នាក់ដឹកនាំ​រដ្ឋា​ភិ​បាល​ដែល​បាន​ដាក់ចេញ​កន្លងមក​ទាក់ទង​នឹង​ផែនការ​ជំរុញ​ការអភិវឌ្ឍ និង​ការវិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាលពី​ថ្ងៃទី ​១២ ខែកុម្ភៈ បានចេញ​នូវ​សេចក្តីជូនដំណឹង​មួយ ដោយ​លើកឡើងថា អនុលោម​តាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល កាលពី​ថ្ងៃទី​​​ ១០ ខែមករា ឆ្នាំ​​ ២០២៤ ស្តីពី​ការដាក់ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ ឆ្នាំ​ ២០២៤ ក្រសួង​នឹងធ្វើ​ការសម្រួល​នីតិវិធី និង​បែបបទ និង​កាត់បន្ថយ​រយៈពេល​នៃ​ការស្នើសុំ និង​ផ្តល់​លិខិតអនុញ្ញាត​សាងសង់ លិខិតអនុញ្ញាត​បើក​ការដ្ឋាន​សំណង់ លិខិត​បិទ​ការ​ដ្ឋា​ន​សំណង់ ឬ​វិញ្ញាបនបត្រ​ប្រើប្រាស់​សំណង់​ជូន​ម្ចាស់​សំណង់​។​

​លិខិត​បន្តថា​៖ «​ដើម្បី​ចូលរួម​អនុវត្ត​កម្មវិធី​ពិសេស​ខាងលើ​ឱ្យមាន​ប្រសិទ្ធភាព ក្រសួង​រៀបចំ​ដែនដី នគ​រូប​នី​យ​កម្ម និង​សំណង់ នឹង​ចាត់​មន្ត្រី​ជំនាញ​ឱ្យ​ចុះ​ធ្វើការ​ត្រួតពិនិត្យ និង​បញ្ជាក់​គម្រោង​ប្លង់​ស្ថាបត្យកម្ម គម្រោង​ប្លង់​គ្រឿងសំណង់ ការងារ​សាងសង់ និង​ការងារ​ត្រួតពិនិត្យ​គុណភាព និង​សុវត្ថិ​ភាព​សំណង់ ក្នុងករណី​ម្ចាស់​សំណង់​មិនមាន​លិខិត ឬ​របាយការណ៍​បញ្ជាក់​ពី​ក្រុមហ៊ុន​ដែលមាន​អាជ្ញា​បណ្ណ​ត្រួត​ពិនិត្យ និង​បញ្ជាក់​សំណង់​។ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំ​ណង់ នឹង​ចាត់តាំង​ក្រុមការងារ​បច្ចេក​ទេស​ដើម្បី​ប្រចាំការ រៀបចំ​ដែនដី​នៅ​មន្ទីរ​នគរូបនីយកម្ម សំណង់ និង​សុ​រិយោ​ដី ខេត្ត​ព្រះសីហនុ និង​នៅ​ច្រកចេញចូល​តែមួយ​ក្រសួង​រៀបចំ​ដែនដី សម្រាប់​ផ្តល់ព័ត៌មាន និង​សេវា​តាម​ការចាំបាច់​»​។​


​ប្រធាន​សមាគម​អចលនទ្រព្យ​សកល​ លោក សំ សុខ​នឿន បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៤ ខែកុម្ភៈ ថា​រាល់​ផែន​ការ​យុទ្ធសាស្ត្រ និង​សេចក្តីជូនដំណឹង​របស់​អាជ្ញាធរ​ដែលមាន​ដាក់ចេញ គឺ​សុទ្ធតែ​មានបំណង​ដើម្បី​បង្កើត​ភាពងាយស្រួល​សម្រាប់​អ្នកវិនិយោគ និង​លើកទឹកចិត្ត​ឱ្យ​អ្នកវិនិយោគ​ចូលមក​បណ្តាក់ទុន​កាន់តែច្រើន ខណៈ​វិបត្តិ​សេដ្ឋកិច្ច​សេដ្ឋកិច្ច​សកល រយៈពេល​ជាង ៤​ ឆ្នាំ​មកនេះ​បានធ្វើឱ្យ​គម្រោង​វិនិយោគ​វិស័យ​សំណង់​ក្នុង​ខេត្ត​ព្រះ​សីហនុ​រាប់រយ​អគារ​ត្រូវ​ជាប់គាំង​។


លោក​បន្តថា ការសម្រួល​នីតិវិធី​របស់​ក្រសួង​ទាក់ទង​នឹង​ច្បាប់​សាងសង់ និង​ការបើក​បិទ​ការដ្ឋាន​សំណង់ គឺ​ពិតជា​ដើរតួនាទី​សំខាន់​ណាស់​ក្នុងការ​ជួយ​ជំរុញ​ឱ្យ​សកម្មភាព​ការសាងសង់​អគារ​ដែល​ត្រូវគេ​ទុកចោល ៤-៥ ​ឆ្នាំ​បន្ត​ដំណើរការ និង​ឈានទៅ​បញ្ចប់​ការសាងសង់​នាពេលខាងមុខ​។​


​លោក​ថ្លែងថា​៖ «​ដោយសារ​វិធាន​ការ​របស់​អាជ្ញាធរ​ទើបត្រូវ​បានធ្វើ​ឡើង ដូច្នេះ​ស្ថានភាព​សាងសង់​នៅ​ការដ្ឋាន​នានា​ក្នុង​ខេត្ត​ព្រះសីហនុ នា​ដើមឆ្នាំ​ ២០២៤ នេះ​នៅ​មិនទាន់មាន​អ្វី​ប្រែ​​ប្រួល​ច្រើន​ទេ​ធៀប​ចុងឆ្នាំ​ ២០២៣​។ ទោះយ៉ាងណា ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា​គឺជា​ចំណុច​ចាប់ផ្តើម​ដ៏​ល្អ​។ ខ្ញុំ​សង្ឃឹមថា វិស័យ​អចលនទ្រព្យ និង​សំណង់​នៅ​ទីនោះ​នឹង​ល្អប្រសើរ​ជាង​ឆ្នាំមុន ប៉ុន្តែ​ល្អប្រសើរ​កម្រិតណា​នោះ គឺ​ត្រូវ​រង់​ចាំមើល​បន្តិច​សិន​»​។​


​ប្រធាន​សាខា​ក្រុមហ៊ុន​អចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្ត​ព្រះសីហនុ លោក អ៊ឹម សេងហួ បាន​និយាយថា វិបត្តិ​សេដ្ឋកិច្ច​សកល​ដែល​ផ្តើមចេញពី​វត្តមាន​ជំងឺ​កូ​វីដ​ ១៩ កាលពីដើមឆ្នាំ ​២០២០ ធ្វើឱ្យ​គម្រោង​សាងសង់​អគារ​ខ្ពស់ៗ​ជាង ១ ០០០​ ​នៅ​ខេត្ត​ព្រះសីហនុ​ជួប​បញ្ហា​ក្នុងការ​សាងសង់ ឬ​សាងសង់​រួចហើយ ប៉ុន្តែ​មិនបាន​បើក​ដំណើរការ​។ លោក​បន្តថា វិធានការ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​ត្រួតពិនិត្យ​សំណង់ និង​ការជួយ​សម្រួល​នីតិវិធី​នៃ​ការបន្ត​ដំណើរការ​សាងសង់ និង​ការបើក​បិទ​ការដ្ឋាន គឺ​ពិតជា​ចំណែក​សំខាន់​ក្នុងការ​ទាក់​ទាញ​អ្នកវិនិយោគ​វិស័យ​សំណង់​ឱ្យ​ចូលមក​វិនិយោគ​នៅ​កម្ពុជា​។​

​លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​គិតថា​វិស័យ​សំណង់​នៅ​ខេត្ត​ព្រះសីហនុ នឹងមាន​ការប្រែប្រួល​ជា​វិជ្ជមាន​ខ្លាំង​ក្នុង​ឆ្នាំ​ ២០២៤ នេះ ខណៈ​រដ្ឋាភិបាល​ក៏បាន​ដាក់ចេញ​វិធានការ​គាំទ្រ ជំរុញ និង​សម្រួល​លើផ្លូវ​ច្បាប់​ជាច្រើន​សម្រាប់​អ្នក​ចង់​វិនិយោគ​លើ​វិស័យនេះ​»​។​

​លោក​បន្ថែមថា នៅពេល​គម្រោង​ជាប់គាំង​កន្លងមក​បញ្ច​ប់​ការសាងសង់ វិស័យ​អចលនទ្រព្យ និង​សេដ្ឋកិច្ច​ក្នុង​ខេត្ត​នឹង​រីកចម្រើន​ផងដែរ​។​

​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន​ ម៉ា​ណែ​ត កាលពី​ថ្ងៃទី​ ៣១ ខែមករា ឆ្នាំ ​២០២៤ បានប្រកាស​ដាក់ឱ្យ​អនុ​​វត្ត​ «​កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ ឆ្នាំ​ ២០២៤»​។​

​កម្មវិធី​នេះ​បានកំណត់​ដាក់ចេញ​នូវ​វិធានការ​គន្លឹះ​មួយចំនួន ដែលមាន​សារៈសំខាន់​សម្រាប់​ការជំរុញ​លើក​ទឹកចិត្ត​សកម្មភាព​ការវិនិយោគ និង​ធុរកិច្ច នៅ​ខេត្ត​ព្រះសីហនុ មានដូចជា ការសម្រួល​នីតិវិធី និង​ការ​បំពេញបែបបទ​ពាក់ព័ន្ធ​នឹង​ការវិនិយោគ និង​ការធ្វើ​ធុរកិច្ច​, ការសម្រួល​ក្នុងការ​ផ្តល់​លិខិតអនុញ្ញាត និង​ទិដ្ឋាការ​, ការផ្តល់​ការលើកទឹកចិត្ត​ពន្ធអាករ​, ការលើក​​លែង​កម្រៃ​សេវាសាធារណៈ ឬ​ការ​អនុ​​គ្រោះ​ផ្សេងៗ​ពាក់ព័ន្ធ​ការសាងសង់​, ការរៀបចំ​តំបន់​អភិវឌ្ឍន៍​តាម​ភូមិ​សង្កាត់ និង​ផ្លូវ​សំខាន់ៗ​, ការវិនិយោគ​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​, ការ​​អភិវឌ្ឍ​តំបន់ឧស្សាហកម្ម និង​ការ​អភិ​វ​ឌ្ឍ​ដី​ដែលមាន​សក្តានុពល​សម្រាប់​តំបន់​ប្រមូលផ្តុំ​ឧស្សាហកម្ម ឬ​សហ​​គ្រាស និង​/​ឬ​តំបន់​ទេសចរណ៍​។​

​អភិបាលរង​ខេត្ត​ព្រះសីហនុ លោក ឡុង ឌី​ម៉​ង់ បាន​ប្រាប់ថា អ្វីដែល​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល និង​ក្រសួង​រៀបចំ​ដែនដី​ដាក់ឱ្យអនុវត្ត​នាពេលនេះ គឺ​សុទ្ធតែ​ក្នុងន័យ​ដើម្បី​ជំរុញ​ការអភិវឌ្ឍ និង​កំណើនសេដ្ឋកិច្ច​របស់​ខេត្ត ខណៈ​ខេត្ត​ព្រះសីហនុ គឺជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​របស់​កម្ពុជា​។ ឆ្នាំ​ ២០២៤ នេះ​អាច​ចាត់ទុកថា​ជា​ឱកាស​សម្រាប់​អ្នកវិនិយោគ ព្រោះ​ការវិនិយោគ​ក្នុង​ពេលនេះ​នឹង​ទទួលបាន​ការអនុគ្រោះ​មួយចំនួន​។ អាជ្ញាធរខេត្ត​ក៏បាន​រៀបចំ​ក្រុមការងារ​ដើម្បី​បង្ក​ភាពងាយស្រួល​សម្រាប់​អ្នកវិនិយោគ​ផងដែរ​។​

​លោក​ថ្លែងថា​៖ «​ស្ថានភាព​អាជីវកម្ម និង​វិស័យ​សំណង់ បានចាប់ផ្តើម​ក​ម្រើ​កឡើ​ង​វិញ​ជា​បណ្តើ​រហើយ​។ យើង​រំពឹងថា ខេត្ត​នឹង​ទទួលបាន​ភាព​វិជ្ជមាន​ច្រើន​ចាប់ពី​ឆ្នាំនេះ​តទៅ​»​។​

​ចន្លោះ​ឆ្នាំ ​២០១៦-២០១៩ លំហូរ​វិនិយោគិន​បរ​ទេស​បាន​សម្រុក​ទៅ​វិ​និ​យោគ​ក្នុង​ខេត្ត​ព្រះសីហនុ​យ៉ាងច្រើន ពិសេស​អគារ​សម្រាប់​ប្រើប្រាស់​ជា​សណ្ឋាគារ និង​កាស៊ីណូ ដែល​ធ្វើឱ្យ​តម្លៃ​អចលនទ្រព្យ​ក្នុង​ខេត្ត​កើនឡើង​យ៉ាងខ្ពស់​។ ប៉ុន្តែ​ចាប់តាំងពី​ចុងឆ្នាំ​ ២០១៩ ដោយសារ​បញ្ហា​បិទ​ហ្គេម​អន​ឡាញ ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩ និង​បញ្ហា​សកល​មួយចំនួន​នោះ មាន​សំណង់​អគារ​ជាច្រើន​ត្រូវបាន​ជាប់គាំង​រហូតដល់​ពេលនេះ​៕