​ភ្នំពេញ​: មន្ត្រីខេត្ត​ត្រាត​របស់​ប្រទេស​ថៃ​រំពឹងថា​ ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​របស់​ពួកគេ​ជាមួយនឹង​ខេត្តកោះកុង របស់​ប្រទេស​កម្ពុជា​ នឹងមាន​ការរីកចម្រើន​ក្នុង​ឆ្នាំ​ ២០២៤ បន្ទាប់ពី​ធ្លាក់ចុះ​កាលពី​ឆ្នាំ​ ២០២៣ ដោយសារ​ការធ្លាក់ចុះ​សេដ្ឋកិច្ច​សកល​។ ការរំពឹងទុក​នេះ​បាន​កើតឡើង​ស្របពេល​មេដឹកនាំ​នៃ​ប្រទេស​ទាំង ២ កាលពីពេល​ថ្មីៗ​នេះ​បាន​សន្យា​នឹង​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​ឡើងដល់ ១៥​ ពាន់​លាន​ដុល្លារ​ ត្រឹម​ឆ្នាំ​ ២០២៥​។​

​យោងតាម​កាសែត​ បាងកក​​ ប៉ុស្តិ៍ ដែល​បាន​ដកស្រង់​សម្តី​លោក Natthawut Saradan ជំនួយការ​ប្រធាន​គយ​ច្រកទ្វារ ខ្លងយ៉ៃ នៃ​ច្រកព្រំដែន Hat Lek ជាប់​ខេត្តកោះកុង​កាលពី​ថ្ងៃទី​ ១២ ខែកុម្ភៈ​ថា ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​រវាង Hat Lek និង​ខេត្តកោះកុង​ក្នុង​ឆ្នាំសារពើពន្ធ​ ២០២៣ មាន​ចំនួន ៣១,៨​ ពាន់​លាន​បាត ធ្លាក់ចុះ​ពី ៣៣,៩​ ពាន់​លាន​បាត​ក្នុង​ឆ្នាំ​សារពើ​ពន្ធ ២០២២​។ ឆ្នាំសារពើពន្ធ​ចាប់ផ្តើម​នៅ​ថ្ងៃទី​ ១ ខែតុលា​។​


​ចាប់ពី​ខែតុលា ដល់​ខែធ្នូ ឆ្នាំ ​២០២៣ ដែល​បង្ហាញ​ត្រីមាស​ទី​ដំបូង​នៃ​ឆ្នាំសារពើពន្ធ​បច្ចុប្បន្ន ការដោះដូរ​ទំនិញ​តាមរយៈ​ច្រក​ទ្វារ​នេះ បាន​កើន​ឡើងដល់ ៦,៨​ ពាន់​លាន​បាត​។ លោក Natthawut Saradan បានឱ្យដឹងថា បរិមាណ​នោះ​ត្រូវបាន​រំពឹងថា នឹង​កើនឡើង​ក្នុង​រយៈពេល​ណាមួយ​នៃ​ឆ្នាំ​សារ​​ពើ​ពន្ធ​ឆ្នាំនេះ ជា​មធ្យម​យ៉ាងហោចណាស់ ២,៩​ ពាន់​លាន​បាត​ក្នុង​មួយខែ​។​

​ភ្នំពេញ​ ប៉ុស្តិ៍​ មិនអាច​ទាក់ទង​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង បានទេ​កាលពី​ថ្ងៃទី​ ១៥ ខែកុម្ភៈ​។​


លោក គី សេរី​វឌ្ឍន៍ អ្នក​ស្រាវ​ជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជាបានឱ្យដឹងថា ពា​​ណិ​ជ្ជ​កម្ម​ឆ្លង​ព្រំដែន​របស់​កម្ពុជា​ជាមួយ​ប្រទេសជិតខាងថៃ និង​វៀតណាម នៅតែ​រឹងមាំ បើ​ទោះ​មាន​វិបត្តិ​សេដ្ឋកិច្ច​ក៏ដោយ​។​

​លោក​ថ្លែងថា​៖ «​ក្នុងនាម​ជា​ប្រទេសជិតខាង​អាស៊ាន​ដូចគ្នា យើង​មាន​យន្តការ​ពាណិជ្ជកម្ម​ច្រើន​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​របស់​យើង​។ យើង​មើលឃើញថា កសិផល​របស់​យើង​នៅតែ​ពឹង​ផ្អែកលើ​ការនាំ​ចេញទៅ​កាន់​ប្រទេសជិតខាង ជាពិសេស​ខេត្ត​នៅជាប់​ព្រំដែន​យើង​។ នៅពេលនេះ យើង​មិនទាន់​ទាក់ទាញ​ការវិនិយោគ​គ្រប់​គ្រាន់​ដើម្បី​កែច្នៃ​អាហារ​ទៅ​ទីផ្សារ​ផ្សេងទៀត​បានទេ​»​។​

​លោក Thitidet Thongpat អនុប្រធាន​តំបន់​សេដ្ឋកិច្ច​ពិ​សេស​ខេត្តកោះកុង ត្រូវបាន​ដក​ស្រង់​ដោយ​កាសែត​ ​ប៉ុស្តិ៍ ដោយបាន​លើកឡើងថា វិស័យ​ឧស្សាហ​កម្មបាន​ដើរត​នាទី​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ឆ្លងដែន​រវាង​ប្រទេស​ទាំងពីរ​។ ទំនិញ​ដែល​ផលិត​នៅ​ប្រទេស​កម្ពុជា ដែលជា​កម្មសិទ្ធិ​របស់​វិនិយោគិន​ថៃ ត្រូវបាន​នាំចេញ​ទៅ​ប្រទេស​ថៃ តាម​ច្រកព្រំដែន​ក្នុង​ខេត្ត​ត្រាត ដែល​ជំរុញ​ឱ្យ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មាន​ច្រើន​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ ម៉ា​ណែ​ត នៅក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-​ថៃ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី ​៧ ខែកុម្ភៈ ដែលជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់លោក បាន​ជំរុញ​វិនិយោគិន និង​ពា​​ណិ​ជ្ជ​ករ​ថៃ ស្វែងយល់​ពី​វិស័យ​សំខាន់ៗ​ចំនួន ៤ នៅ​កម្ពុជា ដូចជា ទេសចរណ៍ សេដ្ឋកិច្ច​ឌីជីថល ការអភិវឌ្ឍ​ហេ​ដ្ឋា​រចនា​​សម្ព័ន្ធ និង​កសិកម្ម​។​

​លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​វិនិយោគិន​ថៃ​ឱ្យ​ស្វែងរក​ឱកាស​អាជីវកម្ម​នៅ​កម្ពុជា​។ ភាពជោគជ័យ​របស់​ក្រុមហ៊ុន​ថៃ​ដូចជា CP Cambodia ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ CPF [Charoen Pokphand Foods] នៅក្នុង​វិស័យ​កសិឧស្សាហកម្ម និង​ឧស្សាហកម្ម​ម្ហូបអាហារ​របស់​យើង​បានបង្ហាញ​ពី​សក្តានុពល​សម្រាប់​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​»​។​

​លោក គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា បាន​ថ្លែង​នៅក្នុង​វេទិកា​នេះ​ថា ចាប់តាំងពី​ឆ្នាំ ​២០០៤ ពាណិជ្ជកម្ម​ទ្វេភាគី​បាន​រីកចម្រើន​ពី ៧៥០​ លាន​ដុ​ល្លារ​ទៅដល់​ជាង ៩ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ​២០២២​។

លោក​បាន​កត់សម្គាល់ថា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក សេដ្ឋា ថា​វី​ស៊ីន នាយករដ្ឋមន្ដ្រី​ប្រទេស​ថៃ នៅ​កម្ពុជា​កាលពី​ខែកញ្ញា​ឆ្នាំ​ ២០២៣ រដ្ឋាភិបាល​ទាំង ​២​ បាន​សន្យាថា នឹង​ពង្រឹង​ទំនាក់​​ទំនង​សេដ្ឋកិច្ច​ដោយមាន​គោល​ដៅ​ជំរុញ​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​ឱ្យដល់ ១៥ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ២០២៥​។​

​លោក​បន្តថា​៖ «​ក្រុមហ៊ុន​ថៃ​ជាច្រើន​បាន​ចូលក្នុង​ឧស្សាហ​កម្ម​នានា​របស់​កម្ពុជា​។ នៅក្នុង​វិស័យ​កសិកម្ម​ពួកគេ​ចូលរួម​ស៊ី​ជម្រៅ​ក្នុង​ផលិតកម្ម​ស្រូវ ពោត ដំឡូង​មី និង​កៅស៊ូ ដែល​រួម​ចំណែក​ដល់​ទិន្នផល​កសិកម្ម និង​ប្រាក់ចំណូល​នាំចេញ​របស់​កម្ពុជា​។ ប្រទេស​ថៃ​ក៏បាន​វិ​និ​យោគ​លើ​ការកែច្នៃ និង​រោងចក្រ​វេច​ខ្ចប់​សម្រាប់​ផលិតផល​ទាំងនេះ​ផងដែរ​»​។​

​បើ​យោងតាម GDCE ការនាំ​ចេញ​របស់​ប្រទេស​ថៃ​ មក​កម្ពុ​ជាមាន​ភាគច្រើន​ជា ប្រេងឥន្ធនៈ​ភេសជ្ជៈ បសុសត្វ និង​យានយន្ត ខណៈ​ការនាំចេញ​របស់​កម្ពុជា ភាគច្រើន​រួមមាន​ត្បូងថ្ម​មានតម្លៃ ផ្លែឈើ និង​បន្លែ និង​ផលិតផល​ដែក​។​

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានឱ្យដឹងថា ការវិនិយោគ​របស់​ប្រទេស​ថៃ​នៅ​កម្ពុជា​បាន​កើន​ឡើងដល់​ប្រមាណ ១,៦​ ពាន់​លាន​ដុល្លារ ដែល​វា​ស្ថិតនៅ​ក្នុងចំណោម​វិនិយោគិន​បរ​​ទេស​កំពូល​ទាំង ​១០៕