​ភ្នំពេញៈ កម្ពុជា​ប្រមូលបាន​ប្រាក់​ជិត ៩៦៧​ លាន​ដុល្លារ​ ពី​ការនាំចេញ​ផលិតផល​វាយ​ន​ភណ្ឌ​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​ខែ​មករា ឆ្នាំ ​២០២៤ កើន​ជាង ២០​ ភាគរយ​ បើ​ធៀប​នឹង​ខែមករា ឆ្នាំ​២០២៣ ដោយ​ចំនួន​នេះ​គឺ​ស្មើនឹង​ជិត ៥០ ​ភាគរយ​នៃ​ទឹក​ប្រាក់​នាំចេញ​ទំនិញ​សរុប​របស់​កម្ពុជា​។ នេះ​បើ​យោងតាម​ទិន្ន​ន័យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ (GDCE)​។​

​តារាង​ស្ថិតិ​ពាណិជ្ជកម្ម​ទំនិញ​តាម​ជំពូក​របស់ GDCE ឱ្យដឹងថា ក្នុង​ខែមករា ឆ្នាំ ​២០២៤ ការនាំចេញ​ទំនិញ​ក្នុង​វិស័យ​វាយ​​ន​ភណ្ឌ​លេខ​កូដ ​(HS ២​ខ្ទង់​) ៦១, ៦២, ៦៣, ៦៤ និង ៤២ ដែល​រួមមាន សម្លៀកបំពាក់ និង​គ្រឿង​បន្ទាប់បន្សំ ដែល​ធ្វើឡើង​ពី​ក្រណាត់ ឬ​មិន​ធ្វើ​ពី​ក្រណាត់ ស្បែកជើង ស្រោមជើង វត្ថុ​ធ្វើ​ពី​ស្បែក បរិក្ខារ​ធ្វើ​ពី​រោមសត្វ និង​វត្ថុ​វាយ​ន​ភណ្ឌ​កែច្នៃ​មួយចំនួន មាន​ទឹកប្រាក់​សរុប ៩៦៦,៩៨ លាន​ដុល្លារ កើនឡើង ២១,៦៤ ​ភាគរយ​បើ​ធៀប​ខែមករា ឆ្នាំ​ ២០២៣ ដែលមាន ៧៩៤,៩៥​ លាន​ដុល្លារ​។ ទឹកប្រាក់​សរុប​នៃ​ការនាំចេញ​ផលិតផល​ទាំងអស់​ខាងលើ គឺ​ស្មើនឹង ៤៩,១៦​ ភាគរយ​នៃ​ចំនួន​ទឹកប្រាក់​នាំ​​ចេញ​សរុប​របស់​កម្ពុជា​ក្នុង​ខែមករា ឆ្នាំ ​២០២៤ ដែលមាន ១ ៩៦៧,០២ ​លាន​ដុល្លារ​។​


​អនុប្រធាន​ពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ថា បន្ទាប់ពី​ធ្លាក់ចុះ​ជាច្រើន​ខែ​ជាប់ៗ​គ្នា​នៅក្នុង​ឆ្នាំ​ ២០២២ និង​ឆ្នាំ​ ២០២៣ ការ​នាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរ​ជាតិ បាន​កើនឡើង​ស្ទើរ​គ្រប់​មុខទំនិញ ជាពិសេស​ផលិតផល​វាយ​ន​ភណ្ឌ​។

កំណើន​ទឹកប្រាក់​នាំចេញ​នេះ​បាន​ចាប់​​ផ្តើម​លេចឡើង​តាំងពី​ចុងឆ្នាំ​ ២០២៣ មក ដោយសារតែ​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក​ល្អប្រសើរ​ជាង​មុន ហើយ​ចំនួន​ផលិតផល​វាយ​ន​ភណ្ឌ​ក្នុង​ស្តុក​របស់​ក្រុមហ៊ុន​បញ្ជា​ទិញ​នានា​នៅក្រៅ​ប្រទេស​ក៏​ធ្លាក់​ចុ​ដែរ​។ ការ​ងើបឡើង​នៃ​វិស័យ​ទេសចរណ៍​ពិភពលោក ក៏​ជា​ចំ​ណែ​ក​ដែល​ជួយ​ឱ្យ​តម្រូវការ​ផលិតផល​ទាំងអស់នេះ​កើនឡើង​ផងដែរ​។ លោក​បន្តថា ទឹកប្រាក់​នាំចេញ​ផលិតផល​ទាំងអស់នេះ​ត្រូវបាន​រំពឹងថា​នឹង​កើនឡើង​ថែមទៀត​។​


​លោក​បញ្ជាក់ថា​៖ «​ការធ្លាក់ចុះ​យ៉ាងគំហុក​កាលពីដើមឆ្នាំ​ ២០២៣ និង​ការ​​ថយចុះ​នៃ​បរិមាណ​ទំនិញ​នៅក្នុង​ឃ្លាំង​ស្តុក​របស់​ក្រុមហ៊ុន​បញ្ជា​ទិញ​លើ​ទីផ្សារ​អន្តរជាតិ បានធ្វើឱ្យ​ការនាំចេញ​នា​ដើមឆ្នាំ​ ២០២៤ នេះ​ស្ទុះ​ងើប​ឡើងវិញ​គួរឱ្យកត់សម្គាល់​។ ផលិតផល​ទាំងអស់នេះ​សុទ្ធ​តែមាន​ជាប់ទាក់ទង​ទៅនឹង​វិស័យ​ទេសចរណ៍ ដូច្នេះ​បើ​វិស័យ​ទេសចរណ៍​មាន​សកម្ម​ភាពខ្លាំង​ឡើងវិញ តម្រូវការ​ប្រើប្រាស់​ផលិតផល​ទាំងអស់នេះ​ក៏​កើនឡើង​ទៅតាម​នោះដែរ​»​។​

​លោក លី ឃុន​ថៃ ប្រធាន​សហព័ន្ធ​សមាគម​អ្នកវិនិយោគ​កម្ពុជា និង​ជា​ប្រ​ធាន​សមាគម​ស្បែកជើង​កម្ពុជា កាលពីពេល​ថ្មីៗ​នេះ​បាន​លើកឡើងថា នៅក្នុង​ឆមាស​ទី​២ ឆ្នាំ​ ២០២២ និង​ឆមាស​ទី​១ ឆ្នាំ​ ២០២៣ ការបញ្ជាទិញ​ផលិតផល​វាយ​ន​ភណ្ឌ​បាន​ធ្លាក់ចុះ​យ៉ាងគំហុក ប៉ុន្តែ​ស្ថានភាព​នេះ​បានបង្ហាញ​ភាពល្អប្រសើរ​ឡើងវិញ​ជា​បណ្តើរៗ​ហើយ​ចាប់តាំងពី​ចុងឆ្នាំ​ ២០២៣ មក​។

មូល​ហេតុដែល​ទឹកប្រាក់​នាំចេញ​របស់​កម្ពុជា​កើនឡើង គឺ​ដោយសារ​ស្ថានភាព​នៃ​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​រវាង​ប្រទេស​ធំៗ​ហាក់​មាន​ភាព​ធូរស្រាល​ជាង​មុន ហើយ​និន្នាការ​នៃ​ការចេញ​ដើរ​កម្សាន្ត​របស់​ប្រជាជន​លើ​ពិភពលោក​ក៏​កម្រើក​ឡើងវិញ​ដែរ ក្រោយពី​ស្ងប់ស្ងាត់​ជាង ៣ ​ឆ្នាំ​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩​។​

​លោក​បាន​ប្រាប់ទៀតថា នៅក្នុង​ឆ្នាំ​ ២០២៤ ​នេះ ចំនួន​ទឹកប្រាក់​នាំចេញ​ផលិតផល​វាយ​ន​ភណ្ឌ​កម្ពុជា​នឹងមាន​ច្រើន​លើស​ឆ្នាំ ២០២៣​។​លោក​អះអាងថា​៖ «​យើង​ជឿជាក់ថា ចាប់ពីពេលនេះ​តទៅ​ការបញ្ជាទិញ​នឹង​កើនឡើង​វិញ​»​។​

​បើតាម​លោក ឃុន​ថៃ ទីផ្សារ​សំខាន់ៗ​នៃ​ផលិតផល​សម្លៀកបំពាក់​កម្ពុជា គឺ​អាមេរិក សហភាព​អឺរ៉ុប ជប៉ុន កា​ណា​​ដា និង​ចក្រភព​អង់គ្លេស ជាដើម​។​

​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ លោក កត្តា អ៊​ន នៅក្នុង​សប្តាហ៍​នេះ​បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ការនាំចេញ​ផលិតផល​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កើនឡើង​នា​ដើមឆ្នាំ​ ២០២៤ គឺ​ដោយសារ​កំណើនសេដ្ឋកិច្ច​ពិភពលោក​មាន​ភាពល្អ​ប្រសើរ​ជាង​មុន ជាពិសេស​បណ្តា​ប្រទេស​ដែលជា​ទីផ្សារ​ធំ​នៃ​ផលិតផល​វាយ​ន​ភណ្ឌ​កាត់ដេរ​។​

​ទិន្នន័យ​របស់ GDCE ឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២៣ ការនាំចេញ​ផលិតផល​ទាំងអស់​ខាងលើ​មាន​ទឹកប្រាក់​សរុប ១១,១ ​ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ១៣,៣១​ ភាគរយ​ ធៀប​នឹង​ឆ្នាំ​ ២០២២ ដែលមាន​ចំនួន ១២,៨​ ពាន់​លាន​ដុល្លារ​៕