អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) រកចំណូលប្រមូលបាន ប្រមាណ ៩ ២៦៧,៤៨ ប៊ីលាន រៀល ឬស្មើនឹង ២ ២៨៨ លានដុល្លារ ក្នុងឆ្នាំ​២០២៣ ថយចុះប្រមាណ ១៥,៧ ភាគរយ ធៀបនឹងចំណូលក្នុងឆ្នាំ ២០២២ ដោយសារកត្តាធំៗមួយចំនួនក្នុងនោះ មានដូចជាការរីកលូតលាស់នៃផលិតកម្មក្នុងស្រុកជំនួសការនាំចូល និងការធ្លាក់ចុះទីផ្សារមុខទំនិញយានយន្តជាដើម។ 

នៅកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ ២០២៣ និងទិសដៅអនុវត្តបន្ត របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៤ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានលើកឡើងថា  ចំណូលដែលប្រមូលបានក្នុងឆ្នាំ២០២៣ ប្រមាណ ២ ២៨៨,២៧ លានដុល្លារនេះ គឺសម្រេចបាន ៨២,៤ ភាគរយ នៃផែនការដែលកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ 
 
លោកបានបន្ថែមថា ការប្រមូលចំណូលពុំបានសម្រេចតាមផែនការដូចនេះបណ្ដាលមកពីកត្តាប្រឈមធំៗមួយចំនួន ជាពិសេសការធ្លាក់ចុះទីផ្សារមុខទំនិញយានយន្តដែលកន្លងមកជាប្រភពចំណូលសំខាន់របស់ អគរ, កំណើនជាបន្តបន្ទាប់ទាំងវិសាលភាពនិងភាពស៊ីជម្រៅនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ការរីកលូតលាស់នៃផលិតកម្មក្នុងស្រុកជំនួសការនាំចូល, និងការបន្តកើតមាននូវសកម្មភាពរត់គេចពន្ធដែលកាន់តែស្មុគស្មាញនិងជ្រកក្រោមរូបភាពថ្មីៗ ជាដើម។


លោកអគ្គនាយកបានឱ្យដឹងទៀតថា បើគិតតាមប្រភេទពន្ធនិងអាករឃើញថា អាករលើតម្លៃបន្ថែមមាន ៤១,២ ភាគរយ នៃចំណូលសរុប, អាករពិសេសមាន ៣០,៣ ភាគរយ នៃចំណូលសរុប, ពន្ធគយមាន ២១ ភាគរយ នៃចំណូលសរុប, អាករបន្ថែមលើផលិតផលប្រេងឥន្ធនៈមាន ៤,៣ ភាគរយ នៃចំណូលសរុប និងអាករនាំចេញនិងកម្រៃផ្សេងៗមាន ១,៨ ភាគរយ នៃចំណូលសរុប។

ដោយឡែក ចំពោះចំណូលតាមក្រុមទំនិញឃើញថា ក្រុមទំនិញចម្រុះមាន ៣៥,៣ ភាគរយ នៃចំណូលសរុប,យានយន្តនិងគ្រឿងចក្រមាន ៣១,១ ភាគរយ នៃចំណូលសរុប, ប្រេងឥន្ធនៈនិងថាមពលមាន ២៦,៦ ភាគរយ នៃចំណូលសរុប, និងសម្ភារសំណង់និងកម្រៃផ្សេងៗ មាន ៧ ភាគរយ នៃចំណូលសរុប។


លោកបានបញ្ជាក់ទៀតថា៖ «ទំហំពាណិជ្ជកម្មនាំចូលមានចំនួន ២៤ ១៨៣ លានដុល្លារអាមេរិក ថយចុះប្រមាណ ៥ ភាគរយ ធៀបនឹងឆ្នាំ២០២២ ដែលក្នុងនោះទំនិញនាំចូលសំខាន់ៗមានជាអាទិ៍ ផលិត ផលតេលសិលា, វត្ថុធាតុដើមនិងគ្រឿងម៉ាស៊ីនបម្រើដល់គម្រោងវិនិយោគ, គ្រឿងសំណង់, យានយន្តនិងគ្រឿងចក្រ, គ្រឿងឧបភោគបរិភោគ និងទំនិញចម្រុះផ្សេងទៀត»។
 
ចំពោះទំហំពាណិជ្ជកម្មនាំចេញវិញ លោក គុណ ញឹម បានបញ្ជាក់ថា មានចំនួន ២២ ៨៥៨ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១,៨ ភាគរយ ធៀបនឹងឆ្នាំ ២០២២ ដែលក្នុងនោះ ផលិតផលវិនិយោគកាត់ដេរមានការថយចុះ ១៣,១ ភាគរយ, ផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា គ្រឿងបំណែកអេឡិចត្រូនិក, បង្គុំខ្សែភ្លើង, ផលិតផលពីឈើ, កង់, អំពូល, ស្បែកសត្វកែច្នៃ, សម្បក កង់រថយន្ត, ផលិតផលប្លាស្ទិក, គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀត) មានកំណើន ២០%, និងកសិផលមានកំណើន ២៤,៣ ភាគរយ។

បន្ថែមពីលើការងារប្រមូលចំណូល លោក គុណ ញឹម បានមានប្រសាសន៍ថា អគរ ក៏សម្រេចបាននូវវឌ្ឍនភាពល្អប្រសើរលើការងារសំខាន់ៗផ្សេងទៀត ដូចជា៖ (១). ការងារបច្ចេកទេសគយ, (២). កិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការធ្វើទំនើបកម្មនិងសាមញ្ញកម្មនីតិវិធីគយ, (៣). ការងារសវនកម្មនិងការគ្រប់គ្រងហានិភ័យ, (៤). ការងារបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងការអនុវត្តច្បាប់, (៥). ការងារប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម, (៦). ការចូលរួមកសាងច្បាប់និង បទ ប្បញ្ញត្តិពាក់ព័ន្ធនានា, (៧). កិច្ចសហប្រតិបត្តិការជាតិនិងអន្តរជាតិ, (៨). ការងារអភិវឌ្ឍធនធានមនុស្សនិងស្ថាប័ន, និង (៩). ការងារសង្គម មនុស្សធម៌ សិល្បៈនិងកីឡា។
 
នាឱកាសនោះ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងដែរដា លទ្ធផលចំណូលដែលទទួលបាននេះ ត្រូវសម្រេចបានក្នុងស្ថានភាពមួយដែលបរិស្ថានជុំវិញជួបប្រទះនូវបញ្ហាប្រឈមនានាដែលរួមមាន ការងើបឡើងយឺតនូវស្ថានភាពសេដ្ឋកិច្ចប្រទេសមហាអំណាច, ការបន្តអូសបន្លាយសង្គ្រាមរុស្សី-អ៊ុយក្រែន, បញ្ហាសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស់, បញ្ហានៅមជ្ឈិមបូព៌ា, ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ ជាដើម ដែលបានបង្កការរំខានដល់វិស័យដឹកជញ្ជូនទំនិញ និងខ្សែច្រវាក់ផ្គត់ផ្គង់ ក៏ដូចជាតម្រូវការនៃការប្រើប្រាស់។  

លោករដ្ឋមមន្រ្តី បានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំនិងមន្ត្រីគយនិងរដ្ឋាករគ្រប់ជាន់ថ្នាក់បន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ។ ក្នុងនាមរាជរដ្ឋាភិបាល, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងបន្តគាំទ្រ និងជ្រោមជ្រែងដល់កិច្ចខិតខំប្រឹងប្រែងរបស់ អគរ ក្នុងការអនុវត្តការងាររបស់ខ្លួន៕