​ភ្នំពេញៈ ប្រទេស​កម្ពុជា និង​ឥណ្ឌា កំពុង​ខិត​កាន់តែ​ជិត​ដល់​ការបើក​ដំណើរ​ការ​ការទូទាត់​ឆ្លងដែន តាមរយៈ QR ជា​វិធានការ​មួយ​ក្នុង​ការជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច ការសម្រួល​ពាណិជ្ជកម្ម ការ​វិនិយោគ ក៏ដូចជា​ភ្ញៀវទេសចរ​។​

​ធនាគារជាតិ​នៃ​កម្ពុជា ​(NBC) និង​ក្រុមហ៊ុន NPCI International Payments Limited(NIPL) ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​គ្រប់គ្រង​ទាំងស្រុង​ដោយ​ក្រុមហ៊ុន National Payments Corporation of India(NPCI)​ កាលពី​ថ្ងៃទី ​១៧ ខែមីនា​ឆ្នាំ​ ២០២៣ បានចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ​(MoU) ដើម្បី​លើកកម្ពស់​ការទូទាត់​ឆ្លង​ព្រំដែន និង​ការផ្ទេរ​ប្រាក់​ផ្ញើ​ទៅ​គ្រួសារ​រវាង​ប្រទេស​កម្ពុជា​និង​ឥណ្ឌា​។​​


ការចុះហត្ថលេខា​លើ MoU ត្រូវបាន​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​វីដេអូ កាលពី​ថ្ងៃទី​ ១៧ ខែមីនា ក្រោម​អធិបតីភាព​របស់លោក​ស្រី ជា សិរី ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា ​(NBC)​ និង​លោក Ritesh Shukla អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ NIPL​។​

​គោលបំណង MoU គឺ​ដើម្បី​បង្កើត​នូវ​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​មួយ ដែល​អាចឱ្យ​ភាគី​ទាំង​ ២​ សិក្សា​បន្ថែម និង​ពិភាក្សា​អំពី​ផ្នែក​បច្ចេកទេស ពា​ណិ​ជ្ជ​កម្ម ប្រតិបត្តិការ និង​ផ្នែក​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​បង្កើត​ការតភ្ជាប់​ផ្នែក​ឌី​ជី​ថ​ល និង​អន្តរ​ប្រតិបត្តិការ ដើម្បី​គាំទ្រ​ដល់​ការទូទាត់ និង​ផ្ទេរប្រាក់​ឆ្លង​ព្រំដែន​រវាង​ប្រទេស​ទាំង​ ២​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដែល​ចេញផ្សាយ​ដោយ NBC បន្ទាប់ពី​ការចុះហត្ថលេខា​។​


​នៅក្នុង​ជំនួប​រវាង​លោកស្រី​ ជា សិរី ជាមួយ​មន្ត្រីជាន់ខ្ពស់​ក្រុមហ៊ុន NPCI កាលពី​ថ្ងៃទី​ ១៦ ខែកុម្ភៈ លោកស្រី សិរី​ បាន​ជំ​រុញឱ្យ​ក្រុមហ៊ុន NIPL ជំរុញ​នីតិ​វិធី​ក្នុងការ​ដាក់ឱ្យ​ដំណើរការ​ការទូទាត់​ឆ្លង​ប្រទេស​ជាមួយ​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ឈានមុខ​គេ​របស់​អាស៊ី​មួយ​នេះ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័​ត៌​មាន​ដែល​ចេញផ្សាយ​ដោយ NBC​។​

NBC បានឱ្យដឹងថា​៖ «​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ព​ន្លឿ​ន​ការ​អនុ​វត្ត​គម្រោង​ដំណោះស្រាយ​ឆ្លង​ព្រំដែន​រវាង​កម្ពុជា​-​ឥណ្ឌា ឱ្យមាន​ភាព​ពេញ​​លេញ និង​ទូលំទូលាយ ក៏ដូចជា​ឆ្លុះ​បញ្ចាំង​ពី​ការត្រៀមខ្លួន​របស់​ភាគី​ទាំង ២​ ផងដែរ​»​។​

​លោកស្រី ជា សិរី ធ្លាប់បាន​ថ្លែង​នៅក្នុង​សិក្ខាសាលា​មួយ​ក្រោម​ប្រធានបទ ​«​គោលនយោបាយ​អភិវឌ្ឍ​ន៍​បច្ចេក​​វិទ្យា​ហិរញ្ញវត្ថុ​ (fintech) សម្រាប់​ឆ្នាំ ២០២៣-២៨» ដែល​ធ្វើឡើង​កាលពី​ខែតុលា​នៅ​ទីក្រុង​ភ្នំពេញ ស្របពេល​ការ​​កើនឡើង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ធនាគារកណ្តាល​មួយ​នេះ​បានដាក់​ឱ្យប្រើ​ប្រាស់​ប្រព័ន្ធ​បាគង​ដែលមាន​មូលដ្ឋាន​លើ blockchain ដែល​ធ្វើឱ្យ​ប្រតិបត្តិការ​មានដំណើរ​ការ​រលូនរ​វាង​ស្ថាប័ន​ហិរញ្ញ​​វត្ថុ​តាមរយៈ QR Code ដែល​ពេលនេះ​បម្រើ​អ្នកប្រើប្រាស់​ជាង ១០​ លាន​នាក់​។​

​លោកស្រី​លើកឡើងថា​៖ «​បាគង​បាន​ជំរុញ​ហេដ្ឋារចនាសម្ព័ន្ធ​ធនាគារ​ក្នុងស្រុក​របស់​យើង និង​ធ្វើ​បដិវត្តន៍​ប្រតិ​ប​ត្តិ​ការ​អន្តរជាតិ​»​។​

​លោកស្រី សិរី បាន​កត់សម្គាល់ថា កម្ពុជា​បាន​បង្កើត​ការតភ្ជាប់​ទូទាត់​ឆ្លង​ដែន​ជាមួយនឹង​ប្រទេស​ថៃ ឡាវ និង​វៀតណាម​រួចហើយ​។​

​លោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​សភាពាណិជ្ជកម្ម​ឥណ្ឌា​នៅ​កម្ពុជា​ (IBCC)​ កាលពី​ចុងខែ​មករា​ថា ប្រទេស​ឥណ្ឌា និង​កម្ពុជា មាន​ទំនាក់ទំនង​នយោបាយ​ល្អ​ណាស់ ហើយ​វា​ជា​ឱកាស​មួយ​ក្នុង​ការបង្កើន​ទំនុកចិត្ត ដើម្បី​បង្កើន​អាជីវកម្ម និង​ការវិនិយោគ ព្រោះ ឥណ្ឌា​ជា​ប្រទេសមួយ​ក្នុងចំណោម​បណ្ដា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីក​ចម្រើន​រហ័ស​បំផុត​លើ​ពិភពលោក​។​

​លោកស្រី​ថ្លែងថា​៖ «​យើង​ក៏​កំពុង​ស្វែងរក​ការវិនិយោគ​ទ្វេភាគី និង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ​ផងដែរ​ហើយ​ថ្មីៗ​នេះ​បាន​ផ្លាស់ប្តូរ​សេចក្តីព្រាង​ដំបូង​នៃ​កិច្ចព្រមព្រៀង​ការយកពន្ធ​ត្រួតគ្នា ​(DTA)​។ លើសពីនេះ យើង​កំពុង​សហការ​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ដើម្បី​លើកកម្ពស់​ការទូទាត់​ឆ្លង​ព្រំដែន​ផងដែរ​»​។​

​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ឥណ្ឌា​បាន​កើន​ឡើងជា​លំដាប់ ដែល​សម្រេចបាន​ជិត ៤៨៥,៧០​ លាន​ដុល្លារ​ កាលពី​ឆ្នាំ ​២០២៣ កើនឡើង ១០ ​ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ ​២០២២​។​

​ទិន្នន័យ​បាន​ពី​ក្រសួងទេសចរណ៍​បង្ហាញ​ថា ប្រទេស​កម្ពុជា​ បាន​ស្វាគមន៍​ភ្ញៀវទេសចរ​ឥណ្ឌា ៦៨ ៨៣៦​ នាក់​កាលពី​ឆ្នាំមុន កើនឡើង​ជាង ១០២ ភាគរយ​ពី​ចំនួន ៣៤ ០១៦ នាក់​៕