​ភ្នំពេញៈ ភ្ញៀវទេសចរ​ជាតិ​ចំនួន​ជិត ១៩​ លាន​នាក់​ បានចេញ​ដើរ​កម្សាន្ត​តាម​រមណីយ​​ដ្ឋា​ន​នានា​ក្នុងប្រទេស​កាលពី​ឆ្នាំ​ ២០២៣ កើន ១/៣ ​ដង​បើ​ធៀប​ទៅនឹង​ឆ្នាំ ​២០២២ ខណៈ​ភ្ញៀវទេសចរ​ជាតិ​ចេញទៅ​ក្រៅប្រទេស​មាន​ចំនួន​ជិត ២​ លាន​នាក់​។ នេះ​បើ​យោងតាម​ក្រសួងទេសចរណ៍​។​

​សូចនាករ​គន្លឹះ​ទេសចរណ៍​ប្រចាំឆ្នាំ​ ២០២៣ របស់​ក្រសួងទេសចរណ៍ ទើប​ចេញផ្សាយ​កាលពី​ចុង​សប្តាហ៍​មុន បង្ហាញថា ចាប់ពី​ខែមករា ដល់​ខែធ្នូ ឆ្នាំ ​២០២៣ ភ្ញៀវទេសចរ​ជាតិ​ដែល​ចេញ​ដើរ​កម្សាន្ត​តាម​រមណីយ​​ដ្ឋា​នានា​ក្នុងប្រទេស​កម្ពុជា​មា​នស​រុ​ប ១៨ ៧៤៣ ៣៧៣​ នាក់ កើនឡើង ៣៤,៥​ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ​២០២២​។ ជាមួយគ្នានេះ​ទេសចរ​ជាតិ​ដែល​ចេញទៅ​ក្រៅប្រទេស​មាន​ចំនួន ១ ៨១៩ ៥០៤​ នាក់ កើនឡើង ៨៧,៥​ ភាគរយ​។​


​បើតាម​ក្រសួងទេសចរណ៍ ក្នុង​ឆ្នាំ ​២០២៣ មូលដ្ឋាន​អាជីវ​កម្ម​ទេសចរណ៍​មាន​ចំនួន ១៣ ៩៦៧ ​អាជ្ញាប័ណ្ណ​។ ចំណែក​មុខ​របរ និង​ការងារ​ទេសចរណ៍​ផ្ទាល់ មាន​ប្រមាណ ៤៥ ​ម៉ឺន​នាក់​។ វិស័យ​ទេសចរណ៍​បានរួម​ចំ​ណែ​ក​ក្នុង​ផលិតផល​ក្នុងស្រុក​សរុប ​(GDP) ប្រមាណ ៧,៥​ ភាគរយ​។​

​ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ លោក ខៀវ ធី បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ការថយចុះ​ឥទ្ធិពល​ជំងឺ​កូ​វីដ​ ១៩ បានធ្វើឱ្យ​ចលនា​នៃ​ការដើរ​កម្សាន្ត​របស់​ប្រជាជន​លើ​ពិភពលោក​ងើបឡើង​វិញ​ជា​បន្តបន្ទាប់ បើ​ទោះ​​បី​សេដ្ឋកិច្ចពិភពលោក​មិនទាន់​ល្អប្រសើរ​ក៏ដោយ​។ ជាក់ស្តែង​ការចេញ​ដើរ​កម្សាន្ត​របស់​ភ្ញៀវ​ក្នុងស្រុក​កាលពី​ឆ្នាំ​ ២០២៣ គឺ​ពិតជា​កើន​ច្រើន​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០, ២០២១ និង​ ២០២២ ដែលជា​ពេល​មានការ​រីក​រាល​ខ្លាំង​ជំងឺ​កូ​វីដ ​១៩​។


លោក​បន្តថា ភ្ញៀវទេសចរ​ក្នុងស្រុក​ទោះ​ពួកគាត់​មិនសូវ​ចំណាយ​ច្រើន​ដូច​ទេសចរ​បរទេស ប៉ុន្តែ​វា​ជា​កម្លាំងចលករ​ក្នុង​ការជួយ​ទាក់​ទាញ​ទេសចរ​អន្តរជាតិ​ឱ្យធ្វើ​ដំ​ណើ​រម​ក​កម្ពុជា​កាន់តែច្រើន​។​

​លោក​ថ្លែងថា​៖ «​វិស័យ​ទេស​​ចរណ៍​មាន​សារៈសំខាន់​ណាស់ ព្រោះ​វា​បានរួម​ចំណែក​បង្កើត​ការងារ និង​ប្រាក់ចំណូល​យ៉ាង​​ច្រើន​ទាំង​អ្នកធ្វើការ​ផ្ទាល់ និង​ប្រយោល​។ ទោះ​ភ្ញៀវទេសចរ​ក្នុងស្រុក​មិនសូវ​បង្កើត​ចំណូល​ដល់​អ្នក​ក្នុង​វិស័យ​ទេសចរណ៍ ​(​មគ្គុទ្ទេសក៍​ទេសចរ​, សេវា​ដឹកជញ្ជូន ...​និង​កន្លែង​ស្នាក់នៅ​) ប៉ុន្តែ​បើ​គ្មាន​ទេសចរ​ក្នុងស្រុក​ក៏​នឹងមិន​ងាយ​មាន ភ្ញៀវទេសចរ​អន្តរជាតិ​ដែរ​»​។​

​បន្ថែម​លើ​នេះ លោក ខៀវ ធី ក៏បាន​ស្នើឱ្យ​គ្រប់ផ្នែក​ពាក់ព័ន្ធ​ទាំង​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​ត្រូវខិតខំ​រួមគ្នា​បន្ថែមទៀត​ក្នុងការ​កសាង​នូវ​បរិស្ថាន​ដែលមាន​ភាព​ទាក់ទាញ​ទាំង​សម្រាប់​ភ្ញៀវ​ជាតិ​-​អន្តរជាតិ ឱ្យ​ដើរ​កម្សាន្ត​នៅ​កម្ពុជា​កាន់តែច្រើន​។​

​ចំនួន​ភ្ញៀវទេសចរ​ក្នុងស្រុក​ចេញ​ដើរ​កម្សាន្ត​នេះ គឺ​រាប់​ចំនួន​ដង​នៃ​ការចេញ​ដើរ​កម្សាន្ត​។ ​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីវ​លីន កាលពីពេល​ថ្មីៗ​នេះ​បាន​និយាយថា នៅក្នុង​ឆ្នាំ​ ២០២៣ សម្ទុះ​នៃ​ការចេញ​ដើរ​កម្សាន្ត​របស់​ប្រជាជន​ខ្មែរ និង​ជនបរទេស​នៅ​កម្ពុជា​បាន​កើនឡើង​ព្រម​គ្នា ហើយ​ចរន្ត​នេះ​នឹង​កាន់តែ​មាន​ភាព​វិជ្ជមាន​បន្ថែមទៀត​ក្នុង​ឆ្នាំ ​២០២៤ នេះ​។ ការ​​បញ្ចេញ​ថវិកា និង​ការចាប់​ដៃគូ​វិនិយោគ​របស់​រដ្ឋាភិបាល​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ អាកាសយានដ្ឋាន និង​កំពង់ផែ​នាពេល​កន្លងមក​នឹង​ក្លាយជា​ចំណែក​ក្នុងការ​លើកកម្ពស់ មុខមាត់​វិស័យ​ទេសចរណ៍​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​។​

​លោកស្រី​ប្រាប់ថា​៖ «​កំណើន​ទេសចរ​ក្នុងស្រុក គឺជា​ចំណែក​នៅក្នុង​ការបន្ត​និរន្តរភាព​វិស័យ​ទេសចរណ៍​ក្នុងអំឡុងពេល​លំ​​បាក​នាពេល​កន្លងមក និង​ជា​កម្លាំង​ស្រូប​ភ្ញៀវ​បរទេស​ឱ្យមក​កម្សាន្ត​នៅ​កម្ពុជា​កាន់តែច្រើន​នាពេលខាងមុខ​»​។​

​សម្រាប់​ភ្ញៀវទេសចរ​បរទេស ក្រសួងទេសចរណ៍​បានឱ្យដឹងថា នៅក្នុង​ឆ្នាំ​ ២០២៣ មាន​ភ្ញៀវទេសចរ​បរទេស​ចំនួន ៥,៤៥​ លាន​នាក់​ បាន​ចូលមក​ប្រទេស​កម្ពុជា ដោយ​ចំនួន​នេះ​កើនឡើង ១៣៩,៥ ​ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​ ២០២២ ចំណែក​ប្រាក់​ដែល​រកបាន​ពី​វិស័យ​ទេសចរណ៍​បរទេស ក្នុង​ឆ្នាំ​ ២០២៣ គឺមាន​ប្រមាណ ៣,០៤​ ពាន់​លាន​ដុល្លារ កើនឡើង ១១៥​ភាគ​​រយ​ពី​ចំនួន ១,៤១ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០២២៕