ភ្នំពេញៈ ទឹកប្រាក់ដែលកម្ពុជាទទួលបានពីការនាំចេញទំនិញទៅប្រទេសជប៉ុន នៅខែដំបូងក្នុងឆ្នាំ ២០២៤ មានចំនួនជិត ១២០ លានដុល្លារ កើនលើស ១០ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំមុន ខណៈរដ្ឋាភិបាល និងផ្នែកឯកជននៅកម្ពុជាកំពុងខិតខំកៀរគរវិនិយោគិនជប៉ុនឱ្យមកបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុននៅក្នុងទឹកដីព្រះរាជាណាចក្រកម្ពុជា។
ស្ថិតិជញ្ជីងពាណិជ្ជកម្មអន្តរជាតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ឱ្យដឹងថា ក្នុងខែមករា ឆ្នាំ ២០២៤ កម្ពុជាបាននាំទំនិញទៅប្រទេសជប៉ុន ក្នុងទឹកប្រាក់ ១១៦,៨៨ លានដុល្លារ កើនឡើង ១១,៨ ភាគរយ បើធៀបនឹងខែមករា ឆ្នាំ ២០២៣ ចំណែកទំនិញជប៉ុននាំមកកម្ពុជា ៤២,៤៧ លានដុល្លារ កើន ១,៦ ភាគរយ។
បើផ្អែកតាមតួលេខខាងលើ គឺពាណិជ្ជកម្មរវាងប្រទេសទាំង ២ មានចំនួនសរុប ១៥៩,៣៥ លានដុល្លារ កើន ៨,៩ ភាគរយ។ ជប៉ុនជាដៃគូពាណិជ្ជកម្មអន្តរជាតិធំទី៥ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន វៀតណាម អាមេរិក និងថៃ។
ចំណែកតុល្យភាពជញ្ជីងពាណិជ្ជកម្ម ក្នុងខែមករា ឆ្នាំ ២០២៤ គឺកម្ពុជាមានឧត្តមភាព ៧៤,៤១ លានដុល្លារ។ ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន ស្មើនឹង ៣,៩៣ ភាគរយនៃទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា ក្នុងខែមករា ឆ្នាំ ២០២៤ ដែលមានចំនួន ៤ ០៥៧,១៣ លានដុល្លារ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៨ ខែកុម្ភៈថា បន្ទាប់ពីចំនួនទឹកប្រាក់នាំចេញ-នាំចូលទំនិញកម្ពុជាទៅទីផ្សារអន្តរជាតិធ្លាក់ចុះមួយរយៈដោយសារឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចសកល នាពេលនេះការធ្វើពាណិជ្ជកម្មអន្តរជាតិបានចាប់ផ្តើមមានសម្ទុះឡើងវិញហើយ ពិសេសការនាំចេញរបស់កម្ពុជា។
បច្ចុប្បន្នកម្ពុជាបាននាំទំនិញជាច្រើនទៅកាន់ប្រទេសជប៉ុន ដែលភាគច្រើន ជាផលិតផលវាយនភណ្ឌ គ្រឿងបង្គុំអេឡិចត្រូនិក និងកសិកម្ម។ លោកបន្តថា កន្លងមកផ្នែកឯកជនកម្ពុជាដែលតំណាងដោយសភាពាណិជ្ជកម្មកម្ពុជា ក៏បានបើកការិយាល័យតំណាងរបស់ខ្លួនក្នុងតំបន់សេនដាយ ប្រទេសជប៉ុន ដើម្បីជាកន្លែងផ្តល់ និងផ្សព្វផ្សាយព័ត៌មាន ព្រមទាំងទាក់ទាញឱ្យវិនិយោគិនជប៉ុនមកបណ្តាក់ទុននៅកម្ពុជា។
លោកថ្លែងថា៖ «តាមរយៈការកើនឡើងនៃកម្លាំងផលិត និងគុណភាពទំនិញកម្ពុជា យើងរំពឹងការនាំទំនិញទៅប្រទេសជប៉ុននឹងកើនថែមទៀត។ ជាមួយគ្នានេះយើងក៏សង្ឃឹមអាចទាក់ទាញវិនិយោគិនជប៉ុនឱ្យមកបណ្តាក់ទុនកាន់តែច្រើន»។
លោកប្រាប់ទៀតថា កំណើនទឹកប្រាក់នាំចេញរបស់កម្ពុជា ក៏ដោយសារប្រទេសទាំង ២ គឺជាសមាជិកកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ផងដែរ។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន កាលពីខែធ្នូ ឆ្នាំ ២០២៣ ដើម្បីចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ឆ្នាំទី ៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាវិនិយោគកម្ពុជាក្នុងឆ្នាំ ២០២៣ ដោយក្នុងឱកាសនោះលោកស្នើឱ្យវិនិយោគិនជប៉ុនចូលមកបណ្តាក់ទុននៅកម្ពុជាឱ្យច្រើន ជាមួយគ្នានោះលោកក៏ជំរុញឱ្យផ្នែកឯកជនប្រទេសទាំង ២ ធ្វើការសិក្សារួមគ្នាដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន នៅកម្ពុជាផងដែរ។
ប្រធានសមាគមអចលនទ្រព្យសកល លោក សំ សុខនឿន ដែលកំពុងសិក្សាលទ្ធភាពចាប់ដៃគូជាមួយវិនិយោគិនជប៉ុនលើគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន បានឱ្យដឹងថា នៅពេលមានការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេសពីសំណាក់វិនិយោគិនជប៉ុន គឺពិតណាស់វានឹងជួយទាក់ទាញវិនិយោគិនជប៉ុនឱ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើន។ ជាក់ស្តែងដោយសារបច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាមានម្ចាស់ភាគច្រើនជាជនជាតិចិន ដូច្នេះវិនិយោគិនចិនក៏ចូលមកវិនិយោគនៅកម្ពុជាច្រើនជាងគេ។
លោកថ្លែងថា៖ «វិនិយោគិនជប៉ុនភាគច្រើនត្រូវបានគេដឹងថា ជាវិនិយោគិនមានសក្តានុពល និងមានភាពច្បាស់លាស់ ដូច្នេះបើកម្ពុជាមានតំបន់សេដ្ឋកិច្ចដែលមានម្ចាស់ជាវិនិយោគិនជប៉ុន គឺប្រាកដជាមានឱកាសច្រើនក្នុងការទាក់ទាញក្រុមហ៊ុនជប៉ុនឱ្យចូលមកបណ្តាក់ទុនផ្ទាល់នៅទីនេះ»។
យោងតាមធនាគារជាតិនៃកម្ពុជាគិតត្រឹមត្រីមាសទី១ ឆ្នាំ ២០២៣ ជប៉ុន គឺជាប្រទេសដែលវិនិយោគផ្ទាល់នៅកម្ពុជាច្រើនជាងគេទី៤ ដោយមានទឹកប្រាក់សរុប ១១,៣ ទ្រីលានរៀល (កើន ១១,៦ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២) គឺបន្ទាប់ពីប្រទេសចិន កូរ៉េ និងសិង្ហបុរី។ វិនិយោគិនជប៉ុនភាគច្រើនវិនិយោគក្នុងវិស័យហិរញ្ញវត្ថុ សំណង់ សណ្ឋាគារ និងអចលនទ្រព្យ។
ក្នុងឆ្នាំ ២០២៣ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន មានទឹកប្រាក់សរុប ១,៨ ពាន់លានដុល្លារ ធ្លាក់ចុះ ៧,២ ភាគរយបើធៀបនឹងឆ្នាំ ២០២២ ក្នុងនោះកម្ពុជានាំទៅជប៉ុន ១,១៧ ពាន់លានដុល្លារ កើន ០,២ ភាគរយ និងជប៉ុននាំមកកម្ពុជា ៦២៣,៦ លានដុល្លារ ធ្លាក់ ១៨,៥ ភាគរយ។ នេះបើតាម GDCE៕