ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ​ចំនួន​ ៥៤​ គម្រោង ក្នុង​រយៈពេល​ ៤៥​ ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃទី ​១​ ខែមករា ដល់​ថ្ងៃទី​ ១៥ ខែកុម្ភៈ ឆ្នាំ​ ២០២៤ ដែលមាន​ទំហំ​ទឹកប្រាក់​សរុប​ជាង ​៦៣០​ លាន​ដុល្លារ ដោយ​ភាគច្រើន​ជា​គម្រោង​វិនិយោគ​បើក​រោងចក្រ​ដំឡើង កែច្នៃ​សម្ភារ​ប្រើប្រាស់ និង​រោងចក្រ​សម្លៀកបំពាក់​។​

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានឱ្យដឹងថា កាលពី​ខែមករា គម្រោង​វិនិយោគ​ចំនួន ៣២ ដែលមាន​ទុនវិនិយោគ​សរុប​ប្រមាណ​ជាង ១៨៧​ លាន​ដុល្លារ​អាមេរិក ត្រូវបាន​អនុម័ត​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។​


នៅក្នុង​នោះ​ គម្រោង​វិនិយោគ​ដែលមាន​ភាពលេច​ធ្លោ​ជាងគេ​រួមមាន​៖ គម្រោង​បង្កើត រោងចក្រ​ផលិត​គ្រឿង​អេឡិច​ត្រូ​និក​​នៅ​ស្រុក​សំរោង ខេត្តតាកែវ​,​គម្រោង​បង្កើត​រោងចក្រ​ផ្ដុំ​ដំឡើង​ម៉ូតូ​, កង់​, រ៉ឺម៉ក (​អគ្គិសនី​) និង​ឧបករណ៍​បញ្ចូល ឬ​សាក​ថ្ម នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ គម្រោង​បង្កើត​រោងចក្រ កែច្នៃ​អាលុយមីញ៉ូម​, ដែក​, និង​ទង់ដែង នៅ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ និង គម្រោង​បង្កើត​រោងចក្រ​តម្បាញ ក្រណាត់ និង​កាត់ដេរ​សម្លៀកបំពាក់​នៅ​ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ​។ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា ក្នុង​ខែមករា ឆ្នាំ​២០២៤ កម្ពុជា​ទទួលបាន​គម្រោង ច្រើនជាង​២​ដង បើ​ធៀប​នឹង​ខែមករា ឆ្នាំ​២០២៣​កន្លងទៅ​។​

CDC បានឱ្យដឹង​ទៀតថា នៅក្នុង​ខែមករា ឆ្នាំ​២០២៤ ទុនវិនិយោគ​ប្រមាណ​ជាង ៧៨ ​ភាគរយ មាន​ប្រភព​មកពី ប្រទេស​ចិន​, ៩,៦៥​ ភាគរយ មកពី​ប្រទេស​សិង្ហ​បុរី​, ៥,៣៤​ ភាគរយ មកពី​សហរដ្ឋអាមេរិក​, ៣,៥៥​ ភាគរយ មកពី​សាធារណរដ្ឋ​កូ​រ៉​, និង​២,៧៣​ ភាគរយ មកពី​ប្រភព​ក្នុងស្រុក​។​


ដោយឡែក​ក្នុង​រយៈពេល​ ១៥​ ថ្ងៃ នៃ​ខែកុម្ភៈ​ នេះ​វិញ​ CDC ​បានអនុម័ត​គម្រោង​វិនិយោគ​ចំនួន ២២ ដែលមាន​ទុន​វិនិយោគ​ប្រមាណ​ជាង ៤៤៤​ លាន​ដុល្លារ​។ គម្រោង​វិនិយោគ​ទាំងនោះ​រួមមាន គម្រោង​វិនិយោគ​នៅ​រាជធានី​ភ្នំពេញ ចំនួន​ ៤,​គម្រោង​វិនិយោគ​នៅ​ខេត្ត ស្ទឹងត្រែង​ចំនួន​២, គម្រោង​វិនិយោគ ព្រះវិហារ​ចំនួន​១, វិនិយោគ​នៅ​ខេត្តកំពង់ឆ្នាំង ចំនួន​១,​គម្រោង​វិនិយោគ នៅ​ខេត្តស្វាយរៀង​ចំនួន​៤,​គម្រោង​វិនិយោគ​នៅ​ខេត្តកំពង់ស្ពឺ ចំនួន​៣,​គម្រោង​វិនិយោគ នៅ​ខេត្ត​ព្រះសីហនុ ចំនួន ៣​។ គម្រោង​វិនិយោគ នៅ​ខេត្តតាកែវ​ចំនួន​ ២,​គម្រោង​វិនិយោគ នៅ​ខេត្តកណ្តាលចំនួន​១​ និងគម្រោង​​​វិនិយោគ​នៅ​ខេត្តកំពង់ចាម​ចំនួន ១​។​

នៅក្នុង​នោះ​វិស័យ​ឧស្សាហកម្ម មានការ​វិនិយោគ​ច្រើនជាងគេ បន្ទាប់មក​វិស័យ ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្សេងៗ រួមទាំង​វិស័យ​កសិកម្ម​ផងដែរ​។​

នា​ជំនួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក Justin Kevin Whyatt​ ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធាន​ទី​១ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានបង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​ ដើម្បី​ទាក់ទាញ​វិនិយោគិន ដើម្បី​បណ្តាក់​ទុនវិនិយោគ​នៅ​កម្ពុជា​។​

លោក ស៊ុន ចាន់ថុល​បាន​មានប្រសាសន៍ថា ៖ «​កម្ពុជា​រំពឹងថា​គម្រោង​វិនិយោគ​នឹងមាន​ការកើនឡើង​បន្ថែមទៀត ទោះបីជា​ស្ថានភាព​ពិភពលោក​បច្ចុប្បន្នកំពុង​ជួប​បញ្ហា​ប្រឈម​ក្ដី​។​បន្ថែម​ពីនេះ ដើម្បី​បង្កើន​ភាព​ប្រកួតប្រជែង កម្ពុ​ជាមាន​គោលបំណង​ក្នុងការ​ប្រើប្រាស់​ថាមពល​ស្អាត ឱ្យបាន​៧០​ភាគរយ​នៃ​ថាមពល​សរុប ត្រឹម​ឆ្នាំ​២០៣០»​។​

​លោក​បាន​បន្ថែមទៀតថា ក្នុង​គោលបំណង​ដើម្បី​កាត់បន្ថយ​តម្លៃ​ដឹកជញ្ជូន រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​ផែនការមេ​គ្រប់​ជ្រុងជ្រោយ​ស្តីពី ប្រព័ន្ធ​ដឹកជញ្ជូន​អន្តរ​មធ្យោបាយ និង​ភ័ស្តុភារ​កម្ម​កម្ពុជា ២០២៣-២០៣៣ និង​បានបង្ហាញ​ពី​វឌ្ឍនភាព​ខ្លះៗ​នៃ​គម្រោង «​ព្រែកជីក​ហ្វូណន​តេ​ជោ​» ផងដែរ​។ 

លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​ប្រាប់​ឱ្យដឹងថា ខេត្តកំពង់ស្ពឺ តែងតែ​បានទទួល​ការវិនិយោគ​ថ្មីៗ​ជា​បន្តបន្ទាប់ ដោយសារតែ​ខេត្ត​នេះ មាន​សក្តានុពល​ខ្ពស់ ដែល​សម្រួល​ដល់​ការដឹកជញ្ជូន ខណៈដែល​ខេត្ត​មាន​ភូមិសាស្ត្រ​ល្អ ងាយស្រួល​ដល់​អ្នកវិនិយោគ​បើក​រោងចក្រ​សហគ្រាស​គ្រប់​ប្រភេទ​។​

លោក​បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​មាន​មោទនភាព ដែល​ខេត្តកំពង់ស្ពឺ​យើង​ទទួលបាន​គម្រោង​វិនិយោគ​ថ្មី​ច្រើន​ជា​បន្តបន្ទាប់ ខណៈដែល​យើង​នឹង​ខិតខំ​ប្រឹងប្រែង​ទាក់ទាញ​បន្ថែមទៀត​តែ​យើង​ក៏​ព្រួយបារម្ភ​ដែរ ពី​បញ្ហា​កម្លាំង​ពលកម្ម ព្រោះថា​សព្វថ្ងៃនេះ ខេត្ត​នៅ​ខ្វះ​កម្លាំង​ពលកម្ម​ជំនាញ​ច្រើន​»​។​

បើតាម​របាយការណ៍​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) កាលពី​ឆ្នាំ​២០២៣​កន្លងទៅ កម្ពុជា​ទទួល​គម្រោង​វិនិយោគ​ចំនួន​២៦៨ ដែលមាន​ទុនវិនិយោគ​ប្រមាណ​ជិត ៤,៩​ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង​ជិត​៥០​ភាគរយ បើ​ធៀប​ទៅ​ឆ្នាំ​២០២២ ដែល​ទទួលបាន​ត្រឹម ៤​ពាន់​លាន​ដុល្លារ​អាមេរិក​៕