​ភ្នំពេញ​: ឧស្សាហកម្ម​ធានា​​រ៉ាប់រង​របស់​កម្ពុជា បាន​កត់ត្រា​កំណើន​បុព្វលាភ​ដ៏​តិចតួច​កាល​ពី​ឆ្នាំមុន​សម្រេចបាន​ក្នុង​ទឹក​​ប្រាក់​ចំនួន ៣៤២ ​លាន​ដុល្លារ កើនឡើង ៣​ ភាគរយ ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ចំនួន ៣៣១,៨​ លាន​ដុល្លារ​ ដោយ​​សារ​តែ​ការធ្លាក់ចុះ​សេដ្ឋកិច្ចពិភពលោក និង​ក្នុង​តំបន់​។​

​យោងតាម​និយ័ត​ករ​ធានា​រ៉ាប់​​រង​កម្ពុជា (RIC)​ ដែល​បានចេញ​ផ្សាយ​កាលពី​សប្តាហ៍​មុន ត្រឹម​ចុងឆ្នាំ ២០២៣ បុព្វលាភ​សរុប​រកបាន​ពី​ក្រុមហ៊ុន​ធានារ៉ាប់រង​ទាំង ​៤១ របស់​កម្ពុជា ក្នុងនោះ​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ​ចំនួន​ ១៨ ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ចំនួន​ ១៥ ក្រុមហ៊ុន​ធានា​រ៉ាប់រង​ខ្នាតតូច​ចំនួន ៧​។ និង​ក្រុមហ៊ុន​​ធានារ៉ាប់រង​បន្ត​ចំនួន ​១​។ បច្ចុប្បន្ន ឧស្សាហ​កម្មនេះ​មានទ្រព្យ​សកម្ម​សរុប​ចំនួន ១​ ពាន់​លាន​ដុល្លារ​។ ប្រាក់​សំណង​សរុប​ដែល​ត្រូវបាន​ចំណាយ​ដោយ​ក្រុមហ៊ុន​ធានារ៉ាប់រង​មាន​ចំនួន ៦០,៨​ លាន​ដុល្លារ​កាលពី​ឆ្នាំមុន កើនឡើង ៣០​ ភាគរយ​ពី​ចំនួន ៤៦,៦ លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០២២​។​


​លោក ប៊ូ ចាន់​ភី​រូ អគ្គនាយក IRC បាន​ថ្លែង​នៅក្នុង​ព្រឹត្តិការណ៍​កាលពី​សប្តាហ៍​មុន​ថា ដោយសារ​ស្ថិរភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច​ដែល​កម្ពុជា​បាន​រក្សា​ក្នុង​រយៈពេល ​២​ ទសវត្សរ៍​ចុងក្រោយ​នេះ វិស័យ​ធានារ៉ាប់រង​កម្ពុ​ជាមាន​ការរីកចម្រើន​គួរឱ្យ​កត់​សម្គាល់ ហើយ​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​គាំទ្រ​សន្តិសុខ​សង្គម និង​សេដ្ឋកិច្ចជាតិ​។ ទោះជា​យ៉ាងណា ក៏ដោយ លោក​លើកឡើងថា បើ​ក្រឡេកមើល​សូចនាករ​សំខាន់ៗ ដូចជា អត្រា​ការរួមចំណែក​ធានារ៉ាប់រង​ផ្នែក​សេដ្ឋកិច្ច និង​ដង់ស៊ីតេ​ធានារ៉ាប់រង​កម្ពុជា អត្រា​វិភាគទាន​មាន​ត្រឹមតែ ១,១៤​ ភាគរយ​ប៉ុណ្ណោះ ហើយ​ដង់​ស៊ី​តេ​មាន​ត្រឹមតែ ២០,៧២ ​ដុល្លារ​ក្នុង​មនុស្ស​ម្នាក់​កាលពី​ឆ្នាំ​ ២០២៣​។​

​លោក​ថ្លែងថា​៖ «​សូចនាករ​នេះ​បង្ហាញថា ទីផ្សារ​ធានារ៉ាប់រង​កម្ពុជា​នៅតែមាន​សក្ដានុពល​ខ្លាំង​សម្រាប់​ការអភិវឌ្ឍ​នៅពេល​អនាគត ប៉ុន្តែ​ឧស្សាហកម្ម​មួយ​នេះ​ក៏​ប្រឈម​នឹង​កត្តា​មួយចំនួន​ផងដែរ​ដូចជា កង្វះ​ជំនាញ​ធានារ៉ាប់រង និង​កង្វះ​ការ​យល់ដឹង​ជា​សាធារណៈ​»​។​


​លោក ​យក់ ចំរើន​រិ​ទ្ធិ អគ្គនាយក​​ក្រុមហ៊ុន Forte Group បានទទួល​​ស្គាល់​ថា ឧស្សាហកម្ម​នេះ​ទទួលបាន​កំណើន​យឺត​បំផុត​កាលពី​ឆ្នាំមុន ដោយសារ​ការធ្លាក់ចុះ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភពលោក ដែល​ប៉ះពាល់​ដល់​អាជីវកម្ម​ក្នុងស្រុក​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​មើលឃើញថា​ការធានារ៉ាប់រង​ទូទៅ​នៅតែមាន​ការកើនឡើង ប៉ុន្តែ​តិច​បំផុត​។ ការ ធានារ៉ាប់រង​អាយុជីវិត​បាន​ធ្លាក់ចុះ​កាលពី​ឆ្នាំមុន​។ ចំពោះ​កំណើន​នៃ​ឧស្សាហ​កម្មនេះ ត្រូវបាន​គាំទ្រ​ដោយ​កំណើន​បាន​ពី​ការធានារ៉ាប់រង​ទូទៅ​កាលពី​ឆ្នាំមុន​»​។

យោងតាម​លោក ចំរើន​រិ​ទ្ធិ ការធានារ៉ាប់រង​ទូទៅ​របស់​ក្រុមហ៊ុន​លោក​បាន​កើនឡើង​ប្រហែល ៥​ ភាគរយ ខណៈដែល​ការធានារ៉ាប់រង​ផ្នែក​ធានារ៉ាប់រង​អាយុជីវិត​ Forte Life ធ្លាក់ចុះ​បន្តិច​។​

​លោក​បន្តថា​៖ «​ការធានារ៉ាប់រង​ទូទៅ​ Forte General យើង​ទទួល​បានការ​កើនឡើង​ប្រហែល ៥​ ភាគរយ​។ ប៉ុន្តែ​សម្រាប់ Forte Life មានការ​ធ្លាក់ចុះ​បន្តិច ដោយសារតែ​ប្រាក់កម្ចី​នៅ​ធនាគារ​ក៏ត្រូវ​បាន​កើនឡើង​តិចតួច​ផងដែរ ដោយសារតែ​ពួកយើង​ក៏​ធ្វើការ​ជាមួយ​ធនាគារ​ក្នុង​ការផ្តល់សេវា​ធានារ៉ាប់រង​សម្រាប់​អ្នក​ខ្ចី​ដែរ​»​។​

​យោងតាម​របាយការណ៍​របស់ IRC បុព្វលាភ​ធានារ៉ាប់រង​ដុល (GWP) របស់​វិស័យ​ធានារ៉ាប់រង​របស់​កម្ពុ​ជា កាលពី​ឆ្នាំ​ ២០២២ មាន​ចំនួន ៣៣១,៨​ លាន​ដុល្លារ កើនឡើង ១០,៦៨​ភាគរយ​ពី ២៩៩,៨៣៥ លាន​ដុល្លារ​កាលពី​ឆ្នាំ ​២០២១៕