​ភ្នំពេញ​: ស្រប​ពេលដែល​ឥណទាន​ក្នុង​វិស័យ​ធនាគារ​មាន​កំណើន​យឺត​កាលពី​ឆ្នាំមុន គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយចំនួន ​(FIs)​ កំពុង​កាត់បន្ថយ​អត្រា​ការប្រាក់​កម្ចី​របស់ខ្លួន ដើម្បី​បញ្ចេញ​សាច់ប្រាក់​ទៅកាន់​អតិថិជន ក្នុង​គោលបំណង​រួម​ចំណែក​ជំរុញ​សកម្មភាព​ម៉ាក្រូ​សេដ្ឋកិច្ច​។​

​យោងតាម​របាយការណ៍ របស់​ធនាគារជាតិ​នៃ​កម្ពុជា (NBC) គិត​ត្រឹម​ខែធ្នូ ឆ្នាំ​​ ២០២៣ ប្រព័ន្ធ​ធនាគារ​របស់​កម្ពុជា មាន​ធនាគារពាណិជ្ជ​ចំនួន​ ៥៨ ធនាគារ​ឯកទេស​ចំនួន ៩ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​ ៨៧​។ ទំហំ​ទឹកប្រាក់​ឥណទាន​នៅក្នុង​ប្រព័ន្ធ​ធនាគារ​បាន​កើនឡើង​ដល់ ៥៧,៦​ ពាន់​លាន​ដុល្លារ​អាមេរិក​កាលពី​ឆ្នាំមុន កើនឡើង​ត្រឹមតែ ៤,៨ ​ភាគរយ​ ធៀប​នឹង​ឆ្នាំ​ ២០២២​។


សម្រាប់​ប្រាក់​បញ្ញើ​នៅក្នុង​ប្រព័ន្ធ​ធនាគារ​បាន​កើនឡើង ១៣,១​ ភាគរយ ​សម្រេចបាន​ចំនួន ៤៧,៩​ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​។ សម្រាប់​ទ្រព្យសកម្ម​បច្ចុប្បន្ន​នៅក្នុង​ប្រព័ន្ធ​ធនាគារ​បាន​កើនឡើង​ដល់ ៨៤,៣ ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំមុន កើនឡើង ៨,៦ ​ភាគរយ ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

FIs មួយចំនួន​កំពុង​កាត់បន្ថយ​អត្រា​ការប្រាក់​


លោក តូច ចៅ​ចេក អគ្គនាយក​ធនាគារ​​ប្រៃសណីយ៍​កម្ពុជា ភីអិលស៊ី បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា លោក​បាន​សង្កេតឃើញថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជាច្រើន​បាន​កាត់បន្ថយ​អត្រា​ការប្រាក់​ប្រហែល ០,៥ ភាគរយ​ ដែលជា​វិធានការ​មួយ​ដើម្បី​បង្កើន​ការផ្តល់​ប្រាក់កម្ចី​បន្ថែមទៀត​ទៅក្នុង​ទីផ្សារ​ខណៈពេលដែល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជាច្រើន​មិនបាន​បញ្ចេញ​ប្រាក់កម្ចី​ច្រើន​កាលពី​ឆ្នាំមុន​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​សង្កេតឃើញថា គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយចំនួន​ចាប់ផ្តើម​កាត់បន្ថយ​អត្រា​ការប្រាក់ ដោយសារតែ​ពួកគេ​មិន​ដំណើរការ​បានល្អ​កាលពី​ឆ្នាំមុន ដោយសារ​ការធ្លាក់ចុះ​សេដ្ឋកិច្ចពិភពលោក និង​ការកើនឡើង​អតិផរណា​។ ទន្ទឹមនឹងនេះ ការកើនឡើង​អត្រា​ការប្រាក់​ដោយ​ទុនបម្រុង​ធនាគារ​កណ្ដាល​អាមេរិក កាលពី​ឆ្នាំមុន​ក៏​ជា​កត្តា​មួយ​ដែល​ប៉ះពាល់​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយចំនួន ដែល​បាន​សម្រេចចិត្ត​ដំឡើង​អត្រា​ការប្រាក់ ដូច្នេះ​វា​បានធ្វើឱ្យ​កំណើន​របស់​ពួកគេ​មាន​កម្រិត​ទាប​បំផុត​កាលពី​ឆ្នាំមុន​។

​​យោងតាម​លោក ​ចៅ​ចេក ជាមួយនឹង​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​រប​ស់​កម្ពុជា ដោយ​ស្ថាប័ន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​អន្តរជាតិ​មួយចំនួន​ដូចជា​ធនាគារពិភពលោក ​(WB) មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ក៏ដូចជា​រដ្ឋាភិបាល​ក្នុង​អត្រា​ជាង ៦​ ភាគរយ​នៅ​ឆ្នាំនេះ បូក​នឹង​ការ​ព្យាករ​ដែល​ធនាគារ​កណ្តាល​អាមេរិក​គ្រោង​នឹង​កាត់បន្ថយ​អត្រា​ការប្រាក់​ដើម្បី​បង្កើន​សេដ្ឋកិច្ច នេះ​ក៏​ជា​កត្តា​ដ៏​សំខាន់​មួយ សម្រាប់ FIs ដើម្បី​កាត់បន្ថយ​អត្រា​ការប្រាក់​ផងដែរ​។ 

លោក​លើកឡើងថា​៖ «​យើង​នឹង​មើលឃើញថា ការបញ្ចេញ​កម្ចី​នឹងមាន​កំណើន​ច្រើនជាង​ឆ្នាំមុន ដោយសារតែ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ជាច្រើន​បន្ត​កាត់បន្ថយ​អត្រា​ការប្រាក់ និង​បញ្ចេញ​កម្ចី​បន្ថែមទៀត ដើម្បី​ធ្វើឱ្យ​ប្រតិបត្តិការ​របស់​ពួកគេ​កាន់តែ​ល្អប្រសើរ​»​។​

​លោក សាយ សូ​នី ប្រធាន​ផ្នែក​ទីផ្សារ​​នៃ​ក្រុមហ៊ុន ហ្វឺ​ស ហ្វា​យ​នែ​ន ខេ​ម​បូ​ឌា ភីអិលស៊ី បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា គ្រឹះស្ថាន​របស់លោក​ដំណើរការ​បានល្អ​កាលពី​ឆ្នាំមុន ខណៈដែល​អត្រា NPL អាច​គ្រប់គ្រង​បាន​។

លោក​បាន​បញ្ជាក់ថា កំណើន​កម្ចី​កាន់តែ​យឺត​នៅក្នុង​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​កាលពី​ឆ្នាំមុន មិន​ត្រឹមតែ​ការបង្កើន​អត្រា​ការប្រាក់​ដោយ FIs មួយចំនួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​មានការ​យឺតយ៉ាវ​ដោយសារ​ឥទ្ធិពល​នៃ​ម៉ាក្រូសេដ្ឋកិច្ច​ដែល​ប៉ះពាល់​ដល់​សកម្មភាព​អាជីវកម្ម​ផងដែរ​។ 

​លោក​បន្តថា​៖ «​យើង​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដំបូង​គេ​ដែលមាន​ឯកទេស​ខាង​ហិរញ្ញវត្ថុ​លំនៅឋាន​តម្លៃ​សមរម្យ​ក្នុងប្រទេស​កម្ពុជា​។ យើង​កំពុងធ្វើការ​ជាមួយ​ម្ចាស់​គេហដ្ឋាន​នីមួយៗ និង​ជាមួយ​គ្រួសារ​តូចៗ​មិន​ពាក់ព័ន្ធ​ច្រើន​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង​ធំ​ទេ ដូច្នេះ​អតិថិជន​ម្នាក់ៗ​នៅតែ​អាច​ទទួលបាន​កម្ចី​ហិរញ្ញវត្ថុ​ដំបូង​សម្រាប់​ការកែលម្អ​គេហដ្ឋាន​របស់​ពួកគេ ក៏ដូចជា​ការ​សាង​សង់​លំនៅឋាន​ថ្មី​ដែរ​។ យើង​នឹងមិន​រក្សា​អត្រា​ការប្រាក់​ដដែល​ទេ ប៉ុន្តែ​យើង​ព្យាយាម​បន្ទាប​អត្រា​ការប្រាក់​កាន់តែ​ទាប ឱ្យបាន​ច្រើន​តាមតែ​អាចធ្វើ​ទៅបាន​»​។​

​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង NBC បាន​ព្យាករ​ថា កំណើនសេដ្ឋកិច្ច​របស់​កម្ពុ​ជាមាន​កម្រិត ៦,១​ ភាគរយ និង ៦,៤ ភាគរយ​រៀងៗ​ខ្លួន ដែល​គាំទ្រ​ដោយ​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍ និង​វិស័យ​ផលិតកម្ម​នៅ​ឆ្នាំ​ ២០២៤ ខណៈ ដែល​អតិផរណា​មាន​កម្រិត ៣ ​ភាគរយ និង ២,៥ ​ភាគរយ​រៀងៗ​ខ្លួន​។​

​ចក្ខុវិស័យ​របស់​អ្នកជំនាញ​

​លោក Anthony Galliano អគ្គនាយក​​ក្រុមហ៊ុន Cambodian Investment Management បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា អ្នកប្រើប្រាស់​កំពុង​កាត់បន្ថយ​ការចំណាយ​ដោយសារតែ​អតិផរណា​ខ្ពស់ និង​ជា​លទ្ធផល​អត្រា​ការប្រាក់​កាន់តែ​ខ្ពស់​។

លោក​បាន​បន្តថា​៖ «​ការណ៍​នេះ​ គឺជា​ភ័ស្តុតាង​ក្នុងការ​ធ្លាក់ចុះ​ការចំណាយ​លើ​ការទិញ​ចំនួន​ច្រើន រយៈពេល​វែង​ដូចជា អចលន​ ទ្រព្យ រថយន្ត និង​ទំនិញប្រើប្រាស់​បានយូរ​សំខាន់ៗ​។ ការវិនិយោគ​អាជីវកម្ម​ក៏​ស្ថិត​នៅក្នុង​និន្នាការ​ធ្លាក់ចុះ​នេះ​ផងដែរ ដោយ​សារ​ឥណទាន​កាន់តែ​រឹតបន្តឹង និង​ចំណាយ​ការប្រាក់​ច្រើន​កាលពី​ឆ្នាំមុន​»​។​

​លោក​បន្តថា កាលពី​ឆ្នាំ​ ២០២៣ ទីផ្សារ​អចលនទ្រព្យ បាន​មើលឃើញ​ការធ្លាក់ចុះ​មិន​ធ្លាប់មាន តម្លៃ​បាន​ធ្លាក់ចុះ​ពី​ចំនួន ២០-៣០​ ភាគរយ ឬ​ច្រើនជាង​នេះ​។ មានការ​ធ្លាក់ចុះ​យ៉ាងខ្លាំង​ក្នុងការ​នាំចូល​រថយន្ត​ថ្មី និង​ការធ្លាក់ចុះ​នៃ​ការ​លក់រាយ​ដែល​បាន​ចុះកិច្ចសន្យា​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​អត្រា​ការប្រាក់​កាន់តែ​ទាប​នឹង​កាត់បន្ថយ​ការចំណាយ​លើ​ការខ្ចី​ដែល​នឹង​ជាការ​បន្ធូរបន្ថយ​ដល់​អ្នក​ខ្ចី​ដែលមាន​សម្ពាធ និង​កាត់បន្ថយ NPLs​។ គោល​នយោបាយ​ឥណទាន​នៅ​គ្រឹះស្ថាន​ហិរញ្ញ​ វត្ថុ​គួរតែ​បន្ទន់ ជំរុញ​ការវិនិយោគ និង​ការចំណាយ​»៕