​ភ្នំពេញៈ វិនិយោគិន​ឥណ្ឌូនេស៊ី​បានបង្ហាញ​ការចាប់អារម្មណ៍​ចំពោះ​ឱកាស​មក​វិនិយោគ​លើ​វិស័យ​សំខាន់​ជាច្រើន​នៅ​កម្ពុជា ខណៈ​ការផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង ​២ នៅក្នុង​ខែ​ដំបូង​ឆ្នាំ​ ២០២៤ មាន​ទឹកប្រាក់​ជាង ៨៥ ​លាន​ដុល្លារ​។​

​លោក ស៊ុន ចាន់ថុល អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅ​ទីស្នាក់ការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពី​ថ្ងៃទី ​១៩ ខែកុម្ភៈ បាន​ជួបប្រជុំ​ជាមួយ លោក Jonh Riady នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ប្រទេស​ឥណ្ឌូនេស៊ី Lippo Group​។


លោក Riady បាន​លើកឡើងថា លោក និង​សហការី​បានកត់សម្គាល់​ឃើញ​ពី​ការអភិវឌ្ឍ​ដ៏​ឆាប់រហ័ស​នៅ​កម្ពុជា ហើយ​ក្រុមហ៊ុន​របស់លោក​ក៏​កំពុង​ចាប់អារម្មណ៍​ពី​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​ផងដែរ ពិសេស​លើ​វិស័យ​សំខាន់​ដូចជា អចលនទ្រព្យ ផ្សារ​ទំនើប សុខាភិបាល សេវាកម្ម​ហិរញ្ញវត្ថុ និង​ធនាគារ ជាដើម​។

Lippo Group គឺជា​ក្រុមហ៊ុន​មានបទពិសោធន៍​ប្រមាណ ៦០ ​ឆ្នាំ​ក្នុង​វិស័យ​អចលនទ្រព្យ ការលក់​​រាយ បដិសណ្ឋារកិច្ច ការកម្សាន្ត ការ​​ថែទាំ​សុខភាព ការអប់រំ ប្រព័ន្ធ​ផ្សព្វ​​ផ្សាយ ព័ត៌មាន ទូរគមនាគមន៍ បច្ចេក​វិទ្យា​ឌីជីថល និង​សេវាកម្ម​ហិរញ្ញវត្ថុ​ជាដើម​។ នេះ​បើ​យោងតាម CDC​។​


​ទិន្នន័យ​របស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា​ (GDCE) បានឱ្យដឹងថា ក្នុង​ខែមករា ឆ្នាំ​ ២០២៤ ការផ្លាស់​​ប្តូរ​ទំនិញ​រវាង​កម្ពុជា​-​ឥណ្ឌូនេស៊ី មាន​ទឹកប្រាក់​សរុប ៨៥,៤៨​ លាន​ដុល្លារ ធ្លាក់ចុះ ២,៩ ​ភាគរយ​ បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ឆ្នាំ​ ២០២៣ ដែលមាន​ចំនួន ៨៨,០៤​ លាន​ដុល្លារ​។ ក្នុង​ចំនួន​នេះ គឺ​ទំនិញ​កម្ពុជា​នាំទៅ​ឥណ្ឌូនេស៊ី ១៤,៤៤ ​លាន​ដុល្លារ កើនឡើង ៥៨៣ ​ភាគរយ ចំណែក​ទំនិញ​ឥណ្ឌូនេស៊ី នាំមក​កម្ពុជា មាន​ចំនួន ៧១,០៤​ លាន​ដុល្លារ ធ្លាក់ចុះ ១៧,៣ ​ភាគរយ​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី​ ២០ ខែកុម្ភៈ​ថា ទំនាក់​​ទំនង​ការទូត និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ បានបង្ហាញ​ភាព​វិជ្ជមាន​ជា​បន្តបន្ទាប់ ពិសេស​ទឹកប្រាក់​នាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ឥណ្ឌូនេស៊ី​ដែលជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំជាងគេ​ទាំង ២០ លើ​ពិភពលោក​ (G20) និង​មាន​ចំនួន​ប្រជាជន​ច្រើន​។

លោក​បន្តថា ការចូល​ជាធរ​មាននៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​កម្ពុជា​បាន​ចុះហត្ថលេខា​ជាមួយ​ប្រទេស​ជាច្រើន ពិសេស​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ ​(RCEP) ព្រមទាំង​ការកើនឡើង​នៃ​សមត្ថភាព​ផលិតកម្ម​ក្នុងស្រុក​បានធ្វើឱ្យ​កម្ពុជា​អាច​ពង្រីក​ទីផ្សារ​នាំ​ចេញ​ទំនិញ​របស់ខ្លួន​កាន់តែច្រើន​។​

​លោក​ថា​៖ «​ទឹកប្រាក់​នាំ​ទំនិញ​ទៅ​ឥណ្ឌូនេស៊ី​ត្រូវបាន​រំពឹងថា នឹង​បន្ត​កើន​ឡើង​ថែមទៀត ខណៈ​កាលពី​ឆ្នាំ​ ២០២៣ រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​បាន​សន្យា​នឹង​ជួយ​ពង្រឹង និង​ពង្រីក​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា ជាពិសេស​ការនាំ​ចូល​អ​ង្ករ​ពី​ប្រទេស​កម្ពុជា​»​។​

​ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ខែកញ្ញា ឆ្នាំ​ ២០២៣ បានប្រកាស​នឹង​ទិញ​អង្ករ​ពី​កម្ពុជា​ចំនួន ២៥០ ០០០​ តោន ក្នុង ១​ ឆ្នាំ​។​

​ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​ប្រចាំ​នៅ​កម្ពុជា លោក Santo Darmosumarto ក្នុងជំនួប​ជាមួយ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃទី​ ២៦ ខែធ្នូ ឆ្នាំ ២០២៣ បានលើកឡើង​ពី​សារៈសំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជ​កម្ម​រវាង​ឥណ្ឌូនេស៊ី​-កម្ពុជា ​ដែល​កំពុង​កើន​ឡើងជា​បន្តបន្ទាប់​។​

​ទោះយ៉ាងណា លោក​បាន​ទទួលស្គាល់ថា អ្នកជំនួញ​ឥណ្ឌូនេស៊ី​ហាក់​នៅ​មិនសូវ​ដឹង​ពី​សក្ដានុពល​នៃ​ការវិនិយោគ​នៅ​កម្ពុជា​ទេ ដែល​នេះ​ជា​មូលហេតុ​មួយ​ធ្វើឱ្យ​ជញ្ជីងពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ នៅមាន​គម្លាត​ឆ្ងាយ​។

លោក​បាន​បន្តថា ដើម្បី​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង ​២ ឱ្យបាន​កាន់តែខ្លាំង​បន្ថែមទៀត គឺ​ទាមទារ​ឱ្យ​ប្រទេស​ទាំង ២ ត្រូវ​គិតគូរ​ពី​ប្រព័ន្ធ​ទូទាត់​ប្រាក់​ទ្វេ​​ភាគី និង​ការបើក​ជើងហោះហើរ​ត្រង់​រវាង​គោលដៅ​ទេសចរណ៍​សំខាន់ៗ​នៃ​ប្រទេស​ទាំង​ ២៕