ភ្នំពេញ: អ្នកនៅក្នុងវិស័យទេសចរណ៍អះអាងថា ប្រកាសស្តីពី «ការលើកទឹកចិត្តពន្ធដារចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍» គឺជាការរួមចំណែកសំខាន់របស់រាជរដ្ឋាភិបាលក្នុងការបន្តជួយគាំទ្រទៅដល់ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍នៅបណ្តារាជធានី-ខេត្តដែលមានសក្តានុពលទេសចរណ៍ឱ្យបន្តខិតខំស្តារ និងពង្រីកការវិនិយោគរបស់ពួកគេថែមទៀត។
ប្រកាសលេខ ១១៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៤ បានឱ្យដឹងថា គោលបំណងនៃប្រកាសនេះ គឺដើម្បីផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារដល់សហគ្រាសក្នុងវិស័យទេសចរណ៍ស្របតាមវិធានការអន្តរាគមន៍របស់រដ្ឋាភិបាលដើម្បីស្ដារវិស័យទេសចរណ៍ឱ្យល្អប្រសើរឡើងវិញ។
ការលើកទឹកចិត្តពន្ធដារនេះ គឺធ្វើឡើងចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍ ដែលរួមមាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ កែប និងខេត្តកំពត។ សម្រាប់លក្ខខណ្ឌការលើកទឹកចិត្តពន្ធ មានដូចជា ការលើកលែងការបង់ពន្ធអាករប្រចាំខែ, ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ២០២៣, បំណុលពន្ធ, និងការធ្វើសវនកម្មពន្ធដារ ជាដើម។
ទោះយ៉ាងណា ការលើកទឹកចិត្តពន្ធនេះ គឺមានស្ថានភាពខុសគ្នារវាងសហគ្រាសវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ជាមួយរាជធានីភ្នំពេញ ខេត្តព្រះសីហនុ កែប និងកំពត។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា លោក ធួន ស៊ីណាន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២០ ខែកុម្ភៈថា នេះជាការយកចិត្តទុកដាក់ជាពិសេសរបស់រដ្ឋាភិបាលដល់ម្ចាស់សហគ្រាសនៅក្នុងវិស័យទេសចរណ៍ ហើយលោកសង្ឃឹមថា រដ្ឋាភិបាលនឹងពិនិត្យលទ្ធភាពបន្តសុពលភាពថែមទៀត ខណៈជារៀងរាល់ឆ្នាំចាប់ពីខែឧសភា ដល់ដើមខែតុលា វិស័យទេសចរណ៍កម្ពុជាតែងតែជួបបញ្ហាធ្លាក់ចុះភ្ញៀវយ៉ាងច្រើន (ទេសចរអន្តរជាតិ)។
លោកលើកឡើងថា៖ «ចាប់ពីខែឧសភាទៅ វិស័យទេសចរណ៍ខេត្តសៀមរាប និងព្រះសីហនុ នឹងអាចទទួលរងផលប៉ះពាល់ខ្លាំងជាងពេលនេះ ដោយលើកលែងតែភ្នំពេញដែលមានផលប៉ះពាល់តិចជាងគេ។ យ៉ាងណាក៏ដោយខ្ញុំជឿថារដ្ឋាភិបាលនឹងបន្តជួយទៀត ហើយខ្ញុំក៏សូមអរគុណរដ្ឋាភិបាលដែលយោគយល់ និងបន្តជួយដល់វិស័យទេសចរណ៍»។
បន្ថែមលើនេះ ប្រធានសមាគមមគ្គុទេសក៍ទេសចរណ៍ភាសាចិនកម្ពុជា លោក អនហេង សុភ័ក្រ បាននិយាយថា នេះជាដំណឹងរីករាយដែលរដ្ឋាភិបាលលើកទឹកចិត្តពន្ធចំពោះផ្នែកមួយចំនួនវិស័យទេសចរណ៍។ វាជាការជួយសម្រាល និងផ្តល់លទ្ធភាពក្នុងការស្តារឡើងវិញនៃវិស័យទេសចរណ៍។ លោកបន្តថា ការជួយនេះជាកម្លាំងចលករក្នុងការលើកទឹកចិត្តឱ្យផ្នែកឯកជនខិតខំអភិវឌ្ឍសេវាកម្មខ្លួនឱ្យកាន់តែមានលក្ខណៈស្តង់ដា និងការប្រកួតប្រជែង។
លោកអះអាងថា៖ «ខ្ញុំគិតថារដ្ឋាភិបាលគួរបន្តលើកទឹកចិត្តដល់វិស័យទេសចរណ៍ដើម្បីឱ្យមានឱកាសអភិវឌ្ឍន៍ទេសចរណ៍កាន់តែប្រសើរថែមទៀត»។
ចំណែកប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ លោក ខៀវ ធី បាននិយាយថា ការលើកលែងប្រាក់ពន្ធចំពោះសហគ្រាសនៅក្នុងវិស័យទេសចរណ៍ គឺជាមធ្យោបាយល្អដែលរដ្ឋាភិបាលកម្ពុជាបានដាក់ចេញតាំងពីការលេចឡើងវត្តមានជំងឺកូវីដ ១៩ ដែលវាជាមធ្យោបាយរក្សានិរន្តរភាពវិស័យទេសចរណ៍ឱ្យបន្តដំណើរការទៅមុខ។
លោកបន្តថា ទោះយ៉ាងណាការជួយរបស់រដ្ឋាភិបាលកន្លងមកគឺភាគច្រើនចំពោះក្រុមហ៊ុន/សហគ្រាសប៉ុណ្ណោះ ប៉ុន្តែសម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍ហាក់មិនទទួលបានការលើកទឹកចិត្តអ្វីនោះទេ។
ជាក់ស្តែងការបន្តសុពលភាពអាជ្ញាប័ណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ គឺអាជ្ញាធរនៅតម្រូវឱ្យបង់ថ្លៃពេញដដែល ពេលនេះ បើទោះបីសមាគមធ្លាប់បានស្នើសុំឱ្យមានការបន្ធូរបន្ថយដូចអំឡុងពេលការរីករាលដាលខ្លាំងជំងឺកូវីដ ១៩។ តម្លៃបន្តអាជ្ញាប័ណ្ណ គឺត្រូវបានយកពេញចាប់តាំងពីអំឡុងឆ្នាំ ២០២៣ មក។
លោកថា៖«រដ្ឋាភិបាលមិនយកពន្ធចំពោះក្រុមហ៊ុនទេសចរណ៍ សណ្ឋាគារ និងផ្ទះសំណាក់ ដែលជាអ្នកមានផលទុនច្រើន ប៉ុន្តែសម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍ដែលរកចំណូល ១ ថ្ងៃសម្រាប់បរិភោគ ១ ថ្ងៃ គឺនៅបន្តយកធម្មតា។ យើងស្នើសុំកុំឱ្យយកតម្លៃពេញ (អាជ្ញាប័ណ្ណមគ្គុទ្ទេសក៍ទេសចរណ៍) ប៉ុន្តែមិនទទួលបានការយល់ព្រម»។
ទិន្នន័យក្រសួងទេសចរណ៍ បង្ហាញថា ឆ្នាំ ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសសរុប ៥,៤៥ លាននាក់ កើន ១៣៩,៥ ភាគរយ បើធៀបនឹងឆ្នាំ ២០២២ ចំណែកប្រាក់ដែលរកបានពីវិស័យទេសចរណ៍បរទេស មានចំនួន ៣,០៤ ពាន់លានដុល្លារ កើនឡើង ១១៥ ភាគរយ។ ជាមួយគ្នានេះភ្ញៀវទេសចរជាតិដែលចេញដើរនៅតាមរមណីយដ្ឋានក្នុងប្រទេសមាន ១៨ ៧៤៣ ៣៧៣ នាក់ (ចំនួនដងនៃការដើរកម្សាន្ត) កើន ៣៤,៥ ភាគរយបើធៀបនឹងឆ្នាំ ២០២២៕