​ភ្នំពេញៈ ការប្រមូល​ចំណូល​ផ្ទៃ ក្នុង​ខែមករា ឆ្នាំ​ ២០២៤ ដែល​សម្រេចបាន​ប្រមាណ​ជិត ៣០០ ​លាន​ដុល្លារ​ ដែល​ធ្លាក់ចុះ​តិចតួច ខណៈ​អ្នកវិភាគ​មើលឃើញថា ការធ្លាក់ចុះ​នេះ​ គឺ​ពុំ​ឆ្លុះបញ្ចាំង​អំពី​ដំណើរការ​នៃ​សកម្មភាព​សេដ្ឋកិច្ច​ទាំងមូល​នៃ​ឆ្នាំ​នេះឡើយ​។

​សេចក្តីប្រកាស​ព័ត៌មាន​នៃ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែមករា ឆ្នាំ​ ២០២៤ របស់ GDT ឱ្យដឹងថា ក្នុង​ខែមករា ឆ្នាំ​ ២០២៤ ចំណូល​ពន្ធអាករ​គ្រប់​ប្រភេទ​ដែល​អគ្គនាយកដ្ឋាន​ពន្ធ​ដារ (GDT) ប្រមូលបាន​គឺមាន​ចំនួន ១ ២០៩,១៤ ​ពាន់​លាន​រៀល ​(​ប្រមាណ ២៩៨,៥៥ ​លាន​ដុល្លារ​) ស្មើនឹង ៧,១៧ ​ភាគរយ​នៃ​ផែនការ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០២៤​។ បើ​ប្រៀបធៀប​នឹង​ចំណូល​ពន្ធអាករ​ប្រចាំ​ខែមករា ឆ្នាំ​ ២០២៣ ឃើញថា​ថយចុះ ៨,២៤ ​ពាន់​លាន​រៀល ​(​ប្រមាណ ២,០៣ ​លាន​ដុល្លារ​) ស្មើនឹង ០,៦៨​ ភាគរយ​។


​ក្នុង​កិច្ចប្រជុំ​នោះ លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ណែនាំ​ឱ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ត្រូវខិតខំ​ពង្រឹង​ការអនុវត្ត​ច្បាប់​ប្រកបដោយ​ការយកចិត្តទុកដាក់ ខណៈ​បច្ចុប្បន្ន GDT កំពុង​ត្រៀម​ដាក់ឱ្យអនុវត្ត​នូវ​កម្មវិធី​រដ្ឋបាល​អេឡិចត្រូនិក​ (GDT e-Administration) ដែល​នឹង​ផ្តល់​ភាពងាយស្រួល ឆាប់រហ័ស​ចំណេញ​ពេលវេលា ប្រកបដោយ​ភាពជឿ​ទុកចិត្ត​លើ​ការផ្តល់សេវា​អ្នក​ជាប់ពន្ធ ក្នុង​ការដាក់​លិខិត​រដ្ឋបាល​ផ្សេងៗ​មក​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ ឬ​សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ​។​

​លោក​បាន​ថ្លែងថា​៖ «​យន្តការ​នេះ​គឺ​បាន​បង្កើត​នូវ​ជម្រើស​តាម​អន​ឡាញ​បន្ថែម​ពីលើ​ជម្រើស​នៃ​ការអញ្ជើញ​មក​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ ឬ​សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ​»​។​


​បើ​យាង​តាម GDT ក្នុង​ខែមករា ឆ្នាំ​ ២០២៤ ចំណូល​ពន្ធ​ពី​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ​(e-Commerce) មាន​ប្រមាណ ៨,៦៧​ លាន​ដុល្លារ​។​

​សេដ្ឋវិទូ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២១ ខែកុម្ភៈ​ថា ចំណូល​ពន្ធ គឺជា​ប្រភព​ថវិកា​សំខាន់​ឱ្យ​រដ្ឋាភិបាល​យកទៅ​ប្រើប្រាស់​លើ​មុខ​ចំណាយ​ជាច្រើន​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម ដូចជា ការវិនិយោគ​លើ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​, ការកសាង​សមត្ថភាព​ធនធានមនុស្ស​, ការបង្កើត​ការងារ​, សងបំណុល​បរទេស និង​ការ​សន្សំ​ជាដើម​។ លោក​បន្តថា ការធ្លាក់ចុះ​ចំណូល​ពន្ធដារ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន គឺ​ដោយសារ​សកម្មភាព​អាជីវកម្ម​នៅក្នុង​ស្រុក​នា​ដើម​ឆ្នាំនេះ​មិនទាន់​ល្អប្រសើរ​។

លោក​បន្តថា ទោះយ៉ាងណា​ទិន្នន័យ​នេះ​ គឺ​គ្រាន់តែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ​នៅមាន​ពេល ១១​ ខែ​ទៀត​ ដើម្បី​ឈានទៅ​សម្រេច​តាមច្បាប់​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​ ២០២៤​។​

​លោក​បាន​អះអាងថា​៖ «​ទោះ​ការប្រមូល​ចំណូល​ពន្ធដារ​ក្នុង​ខែមករា ឆ្នាំ​ ២០២៤ មាន​ចំនួន​តិច​បើ​ធៀប​នឹង​ផែនការ​ឆ្នាំ ប៉ុន្តែ​អគ្គនាយក​ដ្ឋ​ន​ពន្ធដារ​នៅមាន​ពេល​ច្រើន​ទៀត​សម្រាប់ធ្វើ​ការងារ​របស់​ខ្លួន​»​។​

​លោក​លើកឡើង​ទៀតថា ដើម្បីឱ្យ​ការប្រមូល​ចំណូល​អាច​សម្រេច​តាម​ផែនការ​នោះ ក៏ត្រូវ​ទាមទារ​ឱ្យមាន​ការចូលរួម​កាន់​តែ​សកម្ម​បន្ថែមទៀត​ពី​គ្រប់ផ្នែក​ពាក់ព័ន្ធ​។​

​ប្រធាន​សមាគម​បច្ចេកវិទ្យា​ឌីជីថល​នៃ​កម្ពុជា លោក ឈិន កេ​ន បាន​និយាយថា បើ​ទោះ​ចំណូល​ពន្ធ​ធ្លាក់ចុះ​ខ្លះ​នា​ដើមឆ្នាំ​២០២៤ នេះ ប៉ុន្តែ​វា​មិនអាច​ឆ្លុះបញ្ចាំង​ពី​សកម្មភាព នៃ​ការប្រមូល​ចំណូល​ពន្ធ​ប្រចាំឆ្នាំ​នោះទេ​។

លោក​បន្ថែមថា ការកែសម្រួល​ជា​បន្តបន្ទាប់​នៃ​នីតិវិធី​បង់ពន្ធ​ឱ្យ​កាន់​តែមាន​ភាពងាយស្រួល និង​ឆាប់រហ័ស នឹង​ជួយ​ឱ្យ​ប្រជាជន​កាន់តែច្រើន​ចូលមក​បង់ពន្ធ​តាម​ការកំណត់​របស់​ច្បាប់​។​

​លោក​បាន​ថ្លែងថា​៖ «​ចំណូល​ពន្ធដារ នឹងមាន​កាន់តែច្រើន​នៅពេល​សេដ្ឋកិច្ច​ល្អប្រសើរ​។ នៅពេល​សេដ្ឋកិច្ច​ល្អ​ការវិនិយោគ​សាធារណៈ​ពី​សំណាក់​រដ្ឋាភិបាល​ក៏មាន​កាន់តែច្រើន​។​

​កាលពី​ឆ្នាំ​២០២៣ អគ្គនាយកដ្ឋាន​ពន្ធដា​រ ប្រមូល​ចំណូល​បាន​ចំនួន ១៤ ៦២៩,១​ ពាន់​លាន​រៀល (​ប្រមាណ ៣ ៦១២,១២​ លាន​ដុល្លារ​) ស្មើនឹង ១០១,១៣ ​ភាគរយ​ នៃ​ផែនការ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ប្រចាំឆ្នាំ ​២០២៣ កើនឡើង ៤,៤៩​ ភាគរយ ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២២៕