ភ្នំពេញៈ​លោក​នាយ​ក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត ​បាន​ថ្លែង​នៅ​រសៀល​ថ្ងៃទី​២១ ​ខែកុម្ភៈ​ថា ​វិស័យ​សហ​គ្រាស​ធុន​តូច​ និង​មធ្យម​នៅតែ​ជា​មូល​ដ្ឋាន​គ្រឹះ​សំខាន់សម្រាប់​ពង្រឹង​សេដ្ឋ​កិច្ច​កម្ពុជា ​ខណៈ​លោក​ជំរុញ​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​ និង​វិស័យ​ឯកជ​ន​បន្ត​យក​ចិត្ត​ទុក​ដាក់​លើ​វិស័យ​នេះ​។​

​លោក​បាន​លើក​ឡើង​បែ​បនេះ នៅ​ក្នុង​ឱកាស​លោក​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ ​អគា​រ តេ​ជោ​សែន និង​ពិធី​បិទ​សន្និ​បាត​បូក​សរុប​លទ្ធ​ផល​ការ​ងារ​ឆ្នាំ​២០២៣ ​និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៤ ​របស់​ក្រសួង​ឧស្សា​ហ​កម្ម វិទ្យា​សាស្ត្រ ​បច្ចេកវិទ្យា ​និង​នវានុ​វត្តន៍​។​


​លោក​បាន​មាន​ប្រសាសន៍​ថា​៖«​គ្រឹះ​នៃ​សេដ្ឋ​កិច្ច​របស់​យើង ​រចនា​សម្ព័ន្ធ​នៃ​សេដ្ឋ​កិច្ច​របស់​យើង​ ពឹងផ្អែក​ទៅលើ​វិស័យ​ឯក​ជន​ច្រើន ដែល​ជា​កម្លាំង​ស្នូល​ ហើយ​នៅ​ក្នុង​វិស័យ​ឯក​ជន ​គឺ​សហ​គ្រាស​ធុន​តូច​បំផុត​ តូច​និង​មធ្យម​ នេះ​ឯង ហើយ​យើង​ត្រូវ​ទទួល​ស្គាល់​ថា មីក្រូ ​SME ​នេះ​ឯង គឺជា​មូល​ដ្ឋា​នគ្រឹះ​នៃ​សេដ្ឋ​កិច្ច​របស់​យើង​»​។​

​លោក​ហ៊ុន ម៉ា​ណែ​ត បាន​បន្ថែម​ទៀត​ថា នៅ​កម្ពុជា បើតាម​ទិន្ន​ន័យ​ស្តង់​ដា​ចុង​ក្រោយ​នៅ​ឆ្នាំ​២០១៨​ គឺមាន​ជាង​៩៩​ភាគរ​យ ជា​ប្រភេទ​ក្រុម​ហ៊ុន​SME​ តែ​លោក​ក៏​មិន​រំពឹង​អំពី​កំណើន​នៃ​ក្រុម​ហ៊ុន​ធំៗ​បន្ថែម​ទៀត​ដែរ ទើប​លោក​ជំរុញ​ឱ្យ​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​បន្ត​លើក​ស្ទួយ ​និង​ពង្រឹង​វិស័យ​នេះ​បន្ថែម​ទៀត​។​


​លោក​បាន​ថ្លែង​ថា​៖«​ពិត​ណាស់​ក្រុម​ហ៊ុន​ធំៗ នៅតែ​ទាក់​ទាញ​មក​ឱ្យ​វិនិយោគ​នៅ​កម្ពុជា​យើង ប៉ុន្តែ​ក៏​សូម​កុំ​ភ្លេច​នៅ​ក្រុម​ហ៊ុន​តូចៗ ដែល​ជា​ SME​ នេះ​។ ខ្ញុំ​បាន​ឃើញ​ពី​ការ​រីក​ចម្រើន​នៅ​ក្នុង​វិស័យនេះ​ ប៉ុន្តែ​ខ្ញុំ​គិត​ថា​នៅមាន​សក្តានុ​ពល​ធំ​ណាស់ដែល​ទាម​ទារ​ឱ្យ​យើង​ត្រូវ​គិត​គូរ​បន្ថែម​ទៀត​»​។​

​លោក​នាយក​រដ្ឋ​មន្ត្រីក៏បាន​ជំរុញ​ឱ្យ​ក្រសួង​ឧស្សា​ហ​កម្មនិង​សមា​គម​ដែល​ធ្វើ​ការ​នៅ​វិស័យ​SMEគិតគូរ​ជំរុញ​ដល់​ SME ​ដែល​នៅក្រៅ​ប្រព័ន្ធ​ឱ្យ​ចូល​មក​ក្នុង​ប្រព័ន្ធនិង​បង្កើន​ការ​រៀបចំ​ឱ្យ​បណ្តុំ​សហ​គ្រាស​ធុន​តូច​និង​មធ្យម ​(SME Cluster) ដែល​ផ្តល់​ជូន​នូវ​ការលើក​ទឹក​ចិត្ត​ខ្ពស់​ដល់​អ្នក​វិនិយោគដើម្បី​ធ្វើ​យ៉ាង​ណា​ពង្រឹង​វិស័យ ​SME​ ឱ្យ​ក្លាយ​ជាចន្ទ​ល់​សេដ្ឋ​កិច្ចទាំង​ក្នុងពេ​ល​បច្ចុប្បន្ន និង​ពេលអ​នាគត​។​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើ​ង​ដែរ​ថា បច្ចុប្បន្ន​ភាគរ​យ​នៃ​ការផ្ត​ល់​ការ​ងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ប្រហែល​ជា​ខ្ទង់​៧០​ភាគ​រយ​គឺ​ផ្តល់​នៅ​ក្នុង​សហ​គ្រាស​ធុន​តូច​ ហើយ​បើ​គិត​ជា​ភាគ​រយ​នៃ​ផលិតផ​ល​ក្នុង​ស្រុក​សរុប (​ផ​.​ស​.​ស​) គឺមាន​ជិត​៦០​ភាគ​រយ​។

​លោក​ថា ៖ «​អ៊ី​ចឹង​! យើង​ត្រូវធ្វើ​យ៉ាង​ម៉េច​ទាញដោយ​ដាក់​ទិស​ដៅ​ជួយ​មីក្រូ ហើ​យនិង ​SME ប៉ុន្តែ​ដើម្បី​ឱ្យ​SME​ពេញ​ គឺ​យើង​ត្រូវ​ជួយ​បង្កើន​លក្ខណៈ​ឱ្យ​អ្នក​ក្រៅ​ប្រព័ន្ធ​ចូល​ក្នុង​ប្រព័ន្ធ​។ ដូច​នេះ ទិស​ដៅ​គោល​នយោ​បាយ​ដែល​យើង​ដាក់​ចេញ​នេះ​ គឺជា​មូល​ដ្ឋាន​ធំ​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​»​។​

​ជា​មួយ​គ្នា​នោះ​ដែរ លោក ​ហែម វណ្ឌី រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហ​កម្ម វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា និង​ន​វា​នុ​វត្តន៍ បាន​លើក​ឡើង​ដែរ​ថា សម្រាប់​វិស័យ​សហ​គ្រាស​ធុន​តូច​និង​មធ្យម ​ក្រសួង​បាន​បន្ត​ពង្រឹង ​និង​ជំរុញ​ការ​ចុះប​ញ្ជី​សហ​គ្រាស​ធុន​តូច ​និង​សិប្ប​កម្ម​ តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ (​CamDX) ដោយបា​ន​ធ្វើការ​បណ្តុះប​ណ្តាល​ពី​នីតិ​វិធី​អត្ថ​ប្រយោជន៍និង​ការ​ចូលទៅ​​ប្រើប្រាស់​ប្រព័ន្ធ​​នេះ ជូន​ដល់​មន្ត្រី​ជំនាញ​ទាំង​នៅ​ទីស្តី​ការ​ក្រសួង​ និង​មន្ទីរ​រាជ​ធានី​ ខេត្ត ​និង​ផ្នែក​ឯក​ជន​។

​លោក​បាន​បន្ថែម​ថា ​ក្រសួង​ក៏​បាន​បន្ត​ជំរុញ​ការអ​ភិវឌ្ឍ​វិស័យ​សហ​គ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ​តាម​រយៈ​ការព​ង្រឹង​កិច្ច​សហប្រតិ​បត្តិកា​រ​ជា​មួយ​ដៃគូ​អភិវ​ឌ្ឍន៍​ពាក់​ព័ន្ធ​។ សហ​គ្រិន​ខ្មែរដែល​ជា​បរ​ធន​បាល​កិច្ច​របស់​រាជ​រដ្ឋាភិ​បាល​ក៏បាន​កំពុង​បន្ត​ជួយ​ជ្រោម​ជ្រែង​សហ​គ្រាស​ឱ្យ​អាច​ប្រកួត​ប្រជែង​ និង​ឈាន​ចូល​ទីផ្សារ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​។​

​លោក​ហែម​ វណ្ឌី បាន​បញ្ជាក់​ថា​៖«​យើង​នឹង​បន្ត​ពង្រីក​ការ​គាំទ្រ​របស់​ក្រសួង​ចំពោះ​វិស័យ​ឯកជន​ជា​ពិសេស​សហ​គ្រាស​ធុន​មីក្រូ​តូច ​និង​មធ្យម ​លើ​ផ្នែក​ជំនាញ​បច្ចេក​ទេស​ផលិត​កម្ម ​ឧស្សា​ហ​កម្ម​ កម្មន្តសា​ល និង​សិប្ប​កម្ម ដើម្បី​ពង្រឹង​ឆ្អឹង​ខ្នង​សេដ្ឋកិច្ច​ជាតិ​»​។
 
​ក្រសួង​ក៏​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ពិពិ​ធ​កម្ម​សេដ្ឋកិច្ច​ជាតិតាម​រយៈ​ការ​ជំរុញ​ឧស្សា​ហូបនី​យក​ម្ម​,ការលើ​កទឹក​ចិត្តសេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ឱ្យ​ឈាន​ចូល​ក្នុង​ប្រព័ន្ធ ​និង​ការ​បន្ត​កសាង​ប្រព័ន្ធ​អេកូឡូ​ស៊ី​សហ​គ្រិន​ភាព ដើម្បី​ចូលរួម​បង្កើន​តម្លៃ​បន្ថែម ជំរុញ​ការ​ចាប់​យក​បច្ចេក​វិទ្យា ​និង​បង្កើត​ផ្នត់គំ​និត​ថ្មី​ក្នុង​ខ្សែ​ច្រ​វាក់​ផលិត​កម្ម និង​សេវា​កម្ម ​របស់​​សហ​គ្រាស​ និង​សហគ្រិន​នានា​សំដៅ​ធានា​បាន​នូវ​ភាព​ប្រកួត​ប្រជែង​ និង​ឧត្តម​ភាព​។ លោក ​ហែម ​វណ្ឌី បាន​បញ្ជាក់​បន្ថែម​។​

​លោក ​តែ តាំ​ង​ប៉ ​ប្រធាន​សម្ព័ន្ធ​សមាគ​ម​សហ​គ្រាស​ធុន​តូច ​និង​មធ្យម​កម្ពុជា ​(FASMEC) បាន​ឱ្យដឹ​ង​នៅ​ថ្ងៃទី​២១ ​ខែកុម្ភៈ​ថា ​ដើម្បី​គាំទ្រ​គោល​នយោ​បាយ​របស់​រាជ​រដ្ឋាភិ​បាលក្នុង​ការ​ពង្រឹង​សហគ្រា​ស​ធុន​តូចនិង​មធ្យម​កម្ពុជា សមា​គម​តែង​តែ​ចុះ​បើ​កវគ្គ​បណ្តុះ​បណ្តាល​ជា​រឿយៗ​ដល់​សមា​ជិក​នៅ​តាម​បណ្តា​ខេត្ត​នានាដើ​ម្បី​យ៉ាង​ជំរុញ​ឱ្យ​ពង្រឹង​SMEឱ្យមាន​ភាព​រឹងមាំ​ និង​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា ដែ​ល​SME បាន​និង​កំពុង​ជួប​ប្រទះ​ផង​ដែរ​។​

​លោក​បាន​បញ្ជា​ក់ថា​៖«​ដូច​យើង​ដឹង​ហើយ​ថា អ្នក​នៅ​ក្នុង​ប្រទេស​យើងអាជីវ​កម្ម​ភាគច្រើ​ន​ជា​ប្រភេទ​សហ​គ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​ប៉ុន្តែ​យើង​មិន​ទាន់​បា​នធ្វើ​ចំណាត់​ថ្នាក់​ប្រភេទ ​SME ​ឱ្យបាន​ច្បាស់​លាស់​នៅ​ឡើយ​ទេ​។ យើង​ត្រូវការ​ពេលវេ​លា​ ដើម្បី​ជំរុញ​ការ​ធ្វើ​ចំណាត់ថ្នា​ក់​​ប្រភេទ​​SME ​ឱ្យ​បាន​ត្រឹមត្រូ​វ និង​ព្យា​យាម​លើក​ទឹក​ចិត្ត​ឱ្យ SME ក្រៅ​ប្រព័ន្ធ ​ចូលក្នុ​ង​ប្រព័​ន្ធ ដែល​វា​នឹង​បង្កលក្ខណៈ​ងាយ​ស្រួល​សម្រាប់​សមា​គម ​និង​រាជ​រដ្ឋាភិបា​ល ក្នុ​ងការ​ប្រមូល​ទិន្នន័​យ ​និង​រៀបចំ​គោល​នយោ​បាយ​សម្រាប់​ពួក​គាត់​»​។​

​បើតាម​របាយ​ការណ៍​ពី​ក្រសួង​ឧស្សា​ហក​ម្ម វិទ្យា​សាស្ត្រ ប​ច្ចេកវិទ្យា​ និង​ន​វា​នុ​វត្តន៍ បាន​បង្ហាញ​ថា ​គិត​ត្រឹម​ចុងឆ្នាំ​២០២៣ ​សហគ្រាស​ធុន​តូច​និង​មធ្យមនិង​សិប្ប​កម្ម​កម្ម​ន្តសាលសរុប​មានចំ​នួន ​៤៤​ ​៦២៨ ​មូល​ដ្ឋាន (​សហ​គ្រិន​ស្ត្រី​ជា​ម្ចាស់​មាន​៨ ០៤៨ មូល​ដ្ឋាន​) និង​កម្លាំង​ពល​កម្ម​មាន​ចំនួន​ ៤៦៣ ៩៦៦ ​នាក់ (​ស្ត្រី ១៣៥ ​២៩០​ នាក់​)៕