​ភ្នំពេញ​: សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា (CGCC) បាន​គាំទ្រ​អាជីវកម្ម​ចំនួន ១ ៩៧៧ តាមរយៈ​ការផ្តល់​ការធានា​ឥណ​ទាន​សម្រាប់​ការស្នើសុំ​កម្ចី​របស់​ពួកគេ ដែលមាន​ទំហំ​ទឹកប្រាក់​ជាង ១៧០,១៥ លាន​ដុល្លារ​អាមេរិក គិត​ត្រឹម​ចុងខែ​មករា ឆ្នាំ ២០២៤  ​ដែល​បាន​ចូលរួម​គាំទ្រ​ដល់​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម (MSMEs) ដែល​បាន​រង​ផលប៉ះពាល់​ដោយសារ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​​ ១៩​។​

​គិត​ត្រឹម​ចុងខែ​មករា ប្រាក់កម្ចី​ដែលមាន​ការធានា​ចំនួន ១១៩,២១ លាន​ដុល្លារ​អាមេរិក ហើយ​ចំនួន​ទឹកប្រាក់​ធានា​មាន ​៨៥,៨៨ លាន​ដុល្លារ​អាមេរិក ខណៈដែល​អនុ​បាត​ប្រាក់កម្ចី​មិន​ដំណើរការ​នៃ​ចំនួន​ប្រាក់​ធានា​មាន​ ៧,៣៧ ភាគរយ រីឯ​ការទាមទារ​សំណង​មាន​ចំនួន ២៨៩,៩៨៧ ដុល្លារ​អាមេរិក​។ នៅក្នុង​ចំណោម​អាជីវកម្ម​សរុប​ចំនួន ១៩៧៧ ក្នុងនោះ MSMEs មាន​ចំនួន ១ ៨២៥ ហើយ​និង​ក្រុមហ៊ុន​ធំ មាន​ចំនួន ១៥២​។​


​លោក រស់ សីល​វ៉ា ​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​កាលពី​ថ្ងៃទី​ ៣១ ខែមករា​ថា ខណៈដែល​និម្មាបនកម្ម​សេដ្ឋកិច្ចពិភពលោក​មាន​ការផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស CGCC ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​ដល់​សហគ្រាស​ MSMEs ឱ្យ​ទទួលបាន​ហិរញ្ញប្បទាន​គ្រប់គ្រាន់ ដើម្បី​ចាប់យក​ឱកាស​វិនិយោគ បង្កើន​ការងារ និង​បង្កើត​ប្រាក់ចំណូល​ដើម្បី​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច និង​ចក្ខុវិស័យ​របស់​ប្រទេស​ឆ្នាំ​ ២០៣០ និង ២០៥០​។

លោក​ថ្លែងថា​៖ «CGCC ត្រូវតែ​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​គាំទ្រ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា តាមរយៈ​ការធ្វើ​ពិពិធ​កម្ម​សេវា​ធានា​ឥណទាន នឹង​ការធានា​លើ​សញ្ញា​បណ្ណ ដើម្បី​បង្កើន​ការផ្តល់​ឥណ​ទាន​ដល់​ក្រុមហ៊ុន​ចេញលក់​មូល​ប​ត្រ​ក្នុងស្រុក ដែល​អាចឱ្យ​ពួកគេ​ប្រមូល​មូលនិធិ​តាមរយៈ​ការបោះ​ផ្សាយ​សញ្ញា​បណ្ណ​នៅលើ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​»​។​


​លោក​បាន​ថ្លែងថា​៖ «​យន្តការ​ធានា​ឥណទាន​នឹង​លើកកម្ពស់​ការផ្តល់​ហិរញ្ញ​ប្ប​ទាន​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​ផលិតផល​ហិរញ្ញវត្ថុ ដែល​នឹង​គាំទ្រ​ដល់​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា ស្របតាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ដើម្បី​កំណើន​ការងារ សមធម៌ ប្រសិទ្ធភាព និង​និរន្តរភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៧ នៃ​រដ្ឋសភា​»​។​

​លោក តូច ចៅ​ចេក អគ្គនាយក​ធនាគារ​ប្រៃសណីយ៍​កម្ពុជា​ដែលជា​ដៃគូ​របស់ CGCC បាន​គូសបញ្ជាក់ថា សហគ្រាស​ធុន​តូច និង​មធ្យម (SME) ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ និង​ស្វែងរក​ប្រាក់កម្ចី ដោយមាន​ជំនួយ​ពី​សាជីវកម្ម​ធានា​ឥណទាន​រដ្ឋ​កម្ពុជា ភីអិលស៊ី មាន​ហានិភ័យ​តិចជាង​ដៃគូ​របស់​ពួកគេ​ដែល​មិនមាន​ជំនួយ​ពី​សាជីវកម្ម​ធានា​ឥណទាន​រដ្ឋ​កម្ពុជា​។​

​លោក​បន្ថែមថា​៖ «​ជាមួយនឹង​វត្តមាន​របស់ CGCC វា​បាន​ជួយ​យើង​ឱ្យ​ស្ថាប័នហិរញ្ញវត្ថុ​ដែល​ចូល​រួមមាន​ទំនុកចិត្ត​កាន់តែខ្លាំង​ក្នុង​ការផ្តល់​ប្រាក់កម្ចី​កាន់តែច្រើន​ទៅដល់​សហ​​គ្រាស​មីក្រូ ខ្នាតតូច និង​មធ្យម ដើម្បី​ផ្តល់ឱ្យ​ពួកគេ​នូវ​លទ្ធភាព​ទទួលបាន​ហិរញ្ញវត្ថុ​បន្ថែមទៀត​ដើម្បី​ពង្រីក ឬ​គាំទ្រ​ដល់​កំណើន​អាជីវកម្ម​របស់​ពួកគេ ដែល​ការណ៍​នេះ​រួមចំណែក​ក្នុងការ​រក្សាបាន​ភាពរឹងមាំ សកម្មភាព​ម៉ា​ក្រូ​សេដ្ឋកិច្ច ក្នុងអំឡុងពេល​វិបត្តិ​សេដ្ឋកិច្ច​»​។​

​កាលពីដើម​ខែមករា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានប្រកាស​បន្ត​ដាក់ឱ្យ​ដំណើរការ​គម្រោង​ធានា​ឥណទាន​ដើម្បី​ស្តារ​អាជីវកម្ម (BRGS) របស់ CGCC ដើម្បី​គាំទ្រ​ដល់​អាជីវកម្ម ទាំង​មីក្រូ សហគ្រាស​ធុន​តូច និង​មធ្យម និង​សហគ្រាស​ធំៗ ក្នុងការ​បង្កើន​លទ្ធភាព​ទទួលបាន​ហិរញ្ញប្បទាន ពី​ស្ថាប័នហិរញ្ញវត្ថុ​ដែល​ចូលរួម ( PFIs) សម្រាប់​ជា​ទុន​បង្វិល ការវិនិយោគ និង​ការពង្រីក​អាជីវកម្ម​៕