​ភ្នំពេញៈ នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ា​ណែ​ត បានស្នើ​ឱ្យ​អាជ្ញាធរ​ខេត្តកំពត និង​កែប ត្រូវតែ​ខិតខំ​ពង្រឹង​ការគ្រប់គ្រង​និង​អភិរក្ស​ដីស្រែ​អំបិល​ឱ្យមាន​និរន្តរភាព និង​ជំរុញ​ការផលិត​អំបិល​ដែលជា​ទំនិញ​យុទ្ធ​សា​​ស្ត្រ​មួយ​សម្រាប់​បម្រើឱ្យ​ការប្រើប្រាស់​ប្រចាំថ្ងៃ​។​

​ថ្លែង​នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​​ ២០២៣ និង​លើក​ទិសដៅ​ការ​​ងារ​ឆ្នាំ​ ២០២៤ របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក​​វិទ្យា និង​នវានុវត្តន៍ កាលពី​ថ្ងៃទី​ ២១ ខែកុម្ភៈ លោក ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា ការ​​គ្រប់គ្រង និង​អភិរក្ស​ដីស្រែ​អំ​​បិ​ល គឺជា​ការងារ​ចាំបាច់​ដែល​ត្រូវតែ​យកចិត្តទុកដាក់ ខណៈ​រដ្ឋាភិបាល​បានចាត់ទុក​អំបិល​គឺជា​ទំនិញ​យុទ្ធសាស្ត្រ​សម្រាប់​ប្រទេស​។ ជាមួយគ្នានេះ​អាជ្ញា​​ធរ​ក៏​ត្រូវមាន​វិធានការ​ដោះ​ស្រាយ​ចំពោះ​ដីស្រែ​អំបិល​ណា​ដែល​មិន​សក្តានុពល​ផងដែរ​។​


​លោក​បាន​ថ្លែងថា​៖ «​ត្រូវ​បន្ត​ការយកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ពង្រឹង​ការគ្រប់គ្រង និង​ការ​​អភិរក្ស​ដីស្រែ​អំបិល​ដែលជា​កេរ​ដំណែល​ពី​ដូនតា និង​ជំរុញ​ការ​ផលិត​អំបិល​ដែល​រដ្ឋាភិបាល​ចាត់ទុកជា​ទំនិញ​យុទ្ធសាស្ត្រ​ឱ្យ​ដើរ​ព្រម​គ្នា​នឹង​វិធានការ​ដោះ​​ស្រាយ​បញ្ហា​ដីស្រែ​អំបិល​ដែល​មិនមាន​សក្តានុពល​»​។​

​ខេត្តកំពត និង​កែប គឺជា​ទីតាំង​ផលិត​អំបិល​ក្នុងប្រទេស​កម្ពុជា ដោយ​ក្នុង​ឆ្នាំ​ ២០២៣ ផ្ទៃដី​ធ្វើស្រែ​អំបិល​ក្នុង​ខេត្ត​ទាំង ២ មាន​ប្រហាក់ប្រហែល​ឆ្នាំ​ ២០២២ គឺ​ទំហំ ៤ ៧៤៨ ​ហិកតា​។ សម្រាប់​ខេត្តកំពត ផល​អំបិល​ប្រមូលបាន​ក្នុង​ឆ្នាំ​ ២០២៣ គឺមាន​ជិត ៨​ ម៉ឺន​តោន និង​ខេត្ត​កែប បាន​ប្រមាណ ៣ ០០០ ​តោន​។​


​ក្រសួង​ឧស្សាហកម្ម វិទ្យា​សា​ស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ធ្លាប់បាន​ឱ្យដឹងថា ក្នុង ១​ ឆ្នាំៗ​កម្ពុជា​ត្រូវការ​អំបិល​ចន្លោះ​ពី ៧-១០ ​ម៉ឺន​តោន ​ដើម្បី​បំពេញតម្រូវការ​ប្រើប្រាស់​ក្នុងស្រុក​។​

​ប្រធាន​សមាគម​អ្នក​ផលិត​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​អំបិល​កំពត កែប លោក ប៊ុន​ ណារិន បាន​និយាយថា ការ​លើកឡើង​របស់​លោកនាយ​ក​រដ្ឋមន្ត្រី គឺ​ពិត​ជាមាន​អត្ថន័យ​ធំ​​ធេង​សម្រាប់​អ្នក​ផលិត​អំបិល ព្រោះ​វា​ជាការ​លើកទឹកចិត្ត​ឱ្យ​កសិករ​ខិតខំ​ពង្រឹង និង​ពង្រីក​ការផលិត​របស់ខ្លួន​ឱ្យ​កាន់តែច្រើន​។ លោក​បន្តថា ដោយសារ​អំបិល​ជា​ផលិតផល​ដែលមាន​តម្រូវការ​ប្រើប្រាស់​ប្រចាំថ្ងៃ​ដូច្នេះ​ការ​មាន​ឯករាជភាព​ខ្លួនឯង​គឺមាន​សារៈសំខាន់​ណាស់ ដើម្បី​ជួយ​ឱ្យ​កម្ពុជា​ចៀស​ផុតពី​ការពឹង​ផ្អែកលើ​ការនាំ​ចូល​ពី​ក្រៅប្រទេស​។​

​លោក​ប្រាប់ទៀតថា នៅពេល​ប្រទេសមួយ​មិនមាន​ឯករាជ​ភាព​លើ​មុខទំនិញ​ជា​ផលិត​​ផល​ចំណីអាហារ គឺ​តែងតែ​ជួប​បញ្ហា​ខ្លាំង​នៅពេល​ចរន្ត​ន​យោ​បាយ និង​សេដ្ឋកិច្ច​មាន​វិបត្តិ​។ ជាក់ស្តែង​សង្គ្រាម​រវាង​ប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន គឺ​បង្កើត​ឧបសគ្គ​ជាច្រើន​សម្រាប់​ប្រទេសមួយ​ចំនួន​ដែល​ពឹងផ្អែក​ទៅលើ​ការនាំ​ចូល​ពី​ប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​។​

​លោក​ថ្លែងថា​៖ «​នៅក្នុងនាម​សមាគម​អ្នក​ផលិត​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​អំបិល​កំពត កែប យើង​ពិតជា​រីករាយ និង​ចង់បាន​ការជួយ​គាំទ្រ​ទាំង​ផ្នែក​ស្មារតី និង​បច្ចេកទេស​ពី​អាជ្ញា​​ធរ និង​ផ្នែក​ពាក់ព័ន្ធ​ដើម្បី​ជំរុញ​ការផលិត​អំបិល​ធម្មជាតិ​ដែលមាន​គុណភាព​សម្រាប់​បំពេញតម្រូវការ​ប្រើប្រាស់​ក្នុងស្រុក និង​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​»​។​

​លោក​ប្រាប់ទៀតថា ការរក្សា និង​អភិរក្ស​មុខរបរ និង​ដីស្រែ​អំបិល គឺជា​ការល្អ ព្រោះ​តាម​ការស្រាវជ្រាវ​តាម​សិលាចារឹក​កន្លងមក គេ​រកឃើញថា ដូន​តា​ខ្មែរ​ចេះ​ផលិត​អំបិល​តាំង​ពីមុន​សតវត្សរ៍​ទី​៧ មក​ម្ល៉េះ ដោយ​ក្នុង​ឯកសារ​ប្រវត្តិសាស្ត្រ​មួយ​ចំនួន​បាន​សរសេរ​រៀបរាប់​ពី​ការយកពន្ធ​អំបិល ការផ្លាស់ប្តូរ​អំបិល​ជាមួយ​ទំនិញ ឬ​អាវុធយុទ្ធភណ្ឌ​ជាមួយ​ប្រទេស​ផ្សេងៗ​ទៀតផង​។​

​បើតាម​លោក ណារិន ការ​ប្រ​​មូល​ផល​អំបិល​ក្នុង​ឆ្នាំ​ ២០២៤ នេះ​នឹងមាន​បរិមាណ​ខ្ពស់ជាង​ឆ្នាំ​ ២០២៣ ដោយ​គិត​ត្រឹម​ថ្ងៃទី ​១៥ ខែកុម្ភៈ ទិន្នផល​អំបិល​ដែល​ខេត្តកំពត និង​កែប​ផលិត​បាន​មាន​ជាង ២,១ ​ម៉ឺន​តោន​។​

​លោក​អះអាងថា​៖ «​ប្រសិន​បើ​អាកាសធាតុ​ក្នុង​ឆ្នាំ​ ២០២៤ នេះ​មាន​កម្រិត​កម្តៅ​ខ្ពស់​ដូច​ការ​ព្យាករ​របស់​ក្រសួង​ជំនាញ ខ្ញុំ​គិតថា​ផល​អំបិល​ដែល​កម្ពុជា​ប្រមូលបាន​នឹងមាន​លើសពី ១០​ ម៉ឺន​តោន​»​។​

​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ លោក ហែម វណ្ណឌី ក្នុង​វេទិកា​ពិភាក្សា ​«​អាទិភាព​ការងារ​របស់​ក្រសួង​ឧស្សាហ​កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​» កាលពី​ថ្ងៃទី​ ២៦ ខែមករា ឆ្នាំ​ ២០២៤ បាន​លើក​​ឡើង​ថា ផលិតកម្ម​អំបិល​ក្នុងស្រុក​បាន​ដើរតួនាទី​សំខាន់​ក្នុងការ​បង្កើត​ការងារ​សម្រាប់​ប្រជា​កសិករ និង​ជា​គ្រឿងផ្សំ​ក្នុង​ចំណីអាហារ​ផងដែរ​។ រដ្ឋា​ភិ​បាល​តែង​លើកទឹកចិត្ត​ឱ្យ​ប្រជា​កសិករ​ផលិត​អំបិល​ឱ្យបាន​ច្រើន ព្រមទាំង​បានដាក់​ចេញ​នូវ​វិធាន​ការគាំទ្រ​ជាច្រើន​ដើម្បី​អភិវឌ្ឍ​ផលិតកម្ម​អំបិល​។​

​ឆ្នាំ​ ២០១៤, ២០១៥ និង​ឆ្នាំ​ ២០១៦ គឺជា​ពេលដែល​កម្ពុជា​ប្រមូល​ផល​អំបិល​បាន​ច្រើន​ដោយ​ក្នុង ១​ ឆ្នាំៗ​ជាង ១០​ ម៉ឺន​តោន​។ ទោះយ៉ាងណា ក្នុង​ឆ្នាំ​ ២០២២ កម្ពុជា​បាន​នាំចូល​អំ​​បិ​ល​ធម្មជាតិ​ពី​ប្រទេស​ឥណ្ឌា​ប្រមាណ​ជិត ២ ​ម៉ឺន​តោន​ដើម្បី​បំពេញតម្រូវការ​នៅក្នុង​ស្រុក ខណៈ​កត្តា​អាកាសធាតុ​ធ្វើឱ្យ​ទិន្នផល​ប្រមូលបាន​នៅក្នុង​ឆ្នាំ​ ២០២២ ស្ថិតក្នុង​រង្វង់ ៤ ​ម៉ឺន​តោន​។ ក្នុង​ឆ្នាំ​ ២០១៩ កម្ពុជា​ក៏បាន​នាំចូល​អំបិល​ប្រមាណ ១​ ម៉ឺន​តោន​ផងដែរ​៕