​ភ្នំពេញៈ ការនាំចេញ​ផលិត​ផល​រ៉ែ ទៅ​ក្រៅប្រទេស​ចាប់ពី​ដើមខែ​មេសា ឆ្នាំ​ ២០២៤ តទៅ​នឹង​តម្រូវឱ្យ​អ្នក​នាំចេញ​មាន​ប្រាក់​តម្កល់​យ៉ាងតិច ៥​ ភាគ​រយ​នៃ​តម្លៃ​សួយ​សា​រលើ​ផលិត​ផល​រ៉ែ​នាំចេញ​ខណៈ​នីតិវិធី​ការដក​ប្រាក់​តម្កល់​វិញ គឺអាច​ធ្វើបាន​ក្រោយ​បញ្ចប់​ការនាំចេញ​ជា​ស្ថាពរ និង​នៅក្នុង​លក្ខខណ្ឌ​ដែល​អ្នក​នាំចេញ​បាន​បំពេញ​កាតព្វកិច្ច​នានា​ចប់សព្វគ្រប់​។​

​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រ​សួង​រ៉ែ និង​ថាមពល កាលពី​ថ្ងៃទី​ ២១ ខែកុម្ភៈ ឆ្នាំ​ ២០២៤ បានចេញ​ប្រកាស​អន្តរក្រសួង​ស្តីពី​ «​បែបបទ និង​នីតិវិធី​នៃ​ការបង់​កាតព្វកិច្ច​ហិរញ្ញវត្ថុ​មិនមែន​សារពើ​ពន្ធ​សម្រាប់​ការនាំចេញ​ផលិតផល​រ៉ែ​» ដោយ​កំណត់ថា មុនពេល​នាំចេញ​ផលិត​ផល​រ៉ែ គឺ​អ្នក​នាំចេញ​ត្រូវ​បង់ប្រាក់​តម្កល់​អប្បបរ​មា​ចំនួន ៥​ ភាគរយ ​នៃ​ថ្លៃ​សួយ​សា​រលើ​ផលិតផល​រ៉ែ​នាំចេញ​តាម​បរិ​​មាណ​គោលការណ៍​កំណត់​កូតា​អនុញ្ញាតឱ្យ​នាំចេញ​នីមួយៗ ស្របតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​។​


​ខ្លឹមសារ​ប្រកាស​បន្ថែមថា ក្រសួង​រ៉ែ និង​ថាមពល ត្រូវ​បញ្ឈប់​ការផ្តល់​វិ​ញ្ញា​ប​នប​ត្រ​បញ្ជាក់​ការនាំចេញ ឬ​ស្នើសុំ​កិច្ចសហការ​ជាមួយ​ស្ថាប័ន​មាន​សមត្ថ​កិច្ច​ដទៃទៀត ដើម្បី​បញ្ឈប់​ការនាំចេញ​ជា​បណ្តោះអាសន្ន ក្នុងករណី​ដែល​សម​តុល្យ​នៃ​ប្រាក់​ធានា​កាត់កង មាន​ចំនួន​ទាប​ជាង​កាតព្វកិច្ច​ហិរញ្ញវត្ថុ​មិនមែន​សារពើពន្ធ​ដែល​ត្រូវ​ទូទាត់​ទៅលើ​បរិ​មាណ​ផលិតផល​រ៉ែ​ផ្អែក​តាម​វិ​ញ្ញាប​ន​ប​ត្រ​បញ្ជាក់​ការនាំចេញ​ដែល​ស្នើសុំ ឬ​ទាប​ជាង​កាតព្វកិច្ច​ហិរញ្ញវត្ថុ​មិនមែន​សារពើពន្ធ ដែល​ត្រូវ​ទូទាត់​បរិមាណ​ផលិតផល​រ៉ែ នាំចេញ​ជាក់ស្តែង​។​

​អ្នក​នាំចេញ ត្រូវ​បង់ប្រាក់​តម្កល់​អប្បបរ​មា និង​ប្រាក់​ធានា​កាត់កង​យ៉ាងតិច ៥ ​ថ្ងៃ ​នៃ​ថ្ងៃ​ធ្វើការ​នៅ​មុនពេល​នាំចេញ​ផលិតផល​រ៉ែ​លើកដំបូង​។ ប្រាក់​តម្កល់​អប្បបរមា​ត្រូវ​បង់​ចូល​គណនី​នៅ​ធនា​គារ​ពាណិជ្ជ​ដៃគូ ដែលមាន​ម្ចាស់​គណនី​ជា​តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ​ (​ក្រុមការងារ​ទារបំណុល​អន្តរក្រសួង​) និង​ក្រសួង​រ៉ែ និង​ថាមពល​។​


​គោលបំណង​នៃ​ប្រកាស​អន្តរក្រសួង​នេះ គឺ​ដើម្បី​កំណត់​អំពី​បែបបទ និង​នីតិ​​វិធី​នៃ​ការបង់​កាតព្វកិច្ច​ហិរញ្ញវត្ថុ​មិនមែន​សារពើពន្ធ​សម្រាប់​ការនាំចេញ​ផលិត​ផល​រ៉ែ ដើម្បី​ធានា​ការប្រមូល​ចំណូល​ប្រកបដោយ​តម្លាភាព ប្រសិទ្ធភាព និង​បញ្ចៀស​ការកើតមាន​បំណុល​ជាយ​ថា​ហេតុ និង​ជួយ​សម្រួល​លំហូរ​សាច់ប្រាក់​របស់​អ្នក​នាំចេញ​ផលិតផល​រ៉ែ​។​

​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ នៃ​ក្រសួង​រ៉ែ និង​ថាមពល លោក អ៊ឹង ឌី​ប៉ូ​ឡា ធ្លាប់​និយាយថា ក្នុង​ឆ្នាំ​ ២០២៣ កម្ពុជា​ទទួលបាន​ចំណូល​សួយ​សារ​មិនមែន​សារពើពន្ធ​ពី​វិស័យ​រ៉ែ​សរុប​ប្រមាណ ៥០,៣​ លាន​ដុល្លារ ស្មើនឹង ១៤៤​ ភាគ​រយ​នៃ​ផែនការ​កំណត់ដោយ​ច្បាប់​ហិ​រញ្ញ​វត្ថុ​។ តួលេខ​នេះ​គឺ​កើន ២៥,២១ ​ភាគ​​រយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២២​។ លោក​បន្តថា ការប្រមូល​ចំណូល​មិនមែន​សារពើ​ពន្ធ​ពី​វិស័យ​រ៉ែ​កើនឡើង​ដោយសារ ការរីកចម្រើន​ការធ្វើ​អាជីវកម្ម​រ៉ែ​។​

​បើតាម​លោក ឌី​ប៉ូ​ឡា ប្រភព​ចំណូល​សំខាន់ៗ​របស់​វិស័យ​កម្ពុជា​ពេលនេះ គឺ​បាន​ពី​អាជីវកម្ម​រ៉ែ​សំណង់ រ៉ែ​មាស រ៉ែ​ស៊ីម៉ងត៍ និង​រ៉ែ​ដែក ជាដើម​។​

​សេដ្ឋវិទូ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ប្រកាស​អន្តរក្រសួង​នេះ​មាន​គោល​​បំណង​ធ្វើការ​គ្រប់គ្រង​ការនាំចេញ​ធន​ធាន​រ៉ែ​ពី​កម្ពុជា​ទៅ​ក្រៅប្រទេស​ឱ្យ​កាន់​​តែមាន​ប្រសិទ្ធភាព និង​តម្លាភាព ព្រម​​ទាំង​ទាញយក​ចំណូល​មិនមែន​សារពើ​ពន្ធ​សម្រាប់​សេដ្ឋកិច្ចជាតិ​។ ចំណូល​ពី​ធនធាន​រ៉ែ នឹង​ក្លាយជា​ចំណែក​សំខាន់​សម្រាប់​ថវិកាជាតិ ខណៈ​បច្ចុប្បន្ន​ក្រៅពី​ការ​ចម្រាញ់ និង​កែច្នៃ​ក្នុងស្រុក កម្ពុជា​ក៏បាន​នាំចេញ​ធន​ធា​តិ​រ៉ែ​ផងដែរ​។​

​លោក​ថ្លែងថា​៖«​ការណ៍​នេះ​គឺ​ដើម្បី​ធ្វើឱ្យ​ការគ្រប់គ្រង​ការនាំចេញ​ផលិតផល​រ៉ែ​កាន់​តែមាន​ប្រសិទ្ធភាព​»​។​

​យោងតាម​គេហទំព័រ https://www.khsearch.com មណ្ឌល​រ៉ែ​សំខាន់ៗ​នៅ​កម្ពុជា រួមមាន មណ្ឌល​ប៉ៃលិន ​ដែលមាន​ត្បូង​មានតម្លៃ​, មណ្ឌល​ពោធិ៍សាត់ មាន​រ៉ែ​ថ្មកែវ​នៅ​ភ្នំ​តា​សាយ​, មណ្ឌល​កំ​ពង់​ធំ មាន​រ៉ែ​ដែក​នៅ​ភ្នំ​ដែក និង​រ៉ែ​មាស​កប់​ក្នុង​ដីល្បាប់ សំណប៉ាហាំង ពិសេស​នៅ​ជុំវិញ​ភ្នំ​ជី និង​ភ្នំ​លឿង​, មណ្ឌល​កំពត មាន​កំណប់​រ៉ែ​ថ្មកំបោរ និង​ផូស្វាត​, និង​មណ្ឌល​បាត់ដំបង មាន​កំណប់​រ៉ែ​ថ្ម​កំ​បោរ និង​ផូស្វាត​៕