ក្រុមហ៊ុន China Metro Group បានបង្ហាញ​ឆន្ទៈក្នុង​ការជំរុញ​ឱ្យប្រព័ន្ធ​ដឹកជញ្ជូន​ដោយរថភ្លើង​ធុនស្រាល (LRT) នៅកម្ពុជា​លេចរូបរាង​ឡើងឆាប់ៗ ដើម្បី​រួមចំណែក​ក្នុងការកាត់បន្ថយ​បញ្ហា​កកស្ទះ​ចរាចរណ៍ និងផ្តល់​នូវជម្រើស​បន្ថែមក្នុងការធ្វើ​ដំណើរជូន​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ​ផងដែរ។ 

ការបង្ហាញ​ឆន្ទៈបែបនេះ ធ្វើឡើង​តាមរយៈ​ជំនួប​រវាង​លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និងដឹកជញ្ជូន និងលោក លី ខ័រ (Mr. Li Kuo) អគ្គនាយក​ក្រុមហ៊ុន China Metro Group នៃប្រទេស​ចិន ព្រមទាំង​សហការី បានចូល​ជួបពិភាក្សា​ការងារ​ពីគម្រោង​អភិវឌ្ឍ​ផ្លូវរថភ្លើង​ធុនស្រាល កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។



 បើតាម​ក្រសួង​សាធារណការ បានឱ្យដឹង​តាមរយៈ​ទំព័រហ្វេសប៊ុក​របស់ខ្លួន​ថា ក្នុងជំនួប​នេះ ភាគី​ខាងអគ្គនាយក​ក្រុមហ៊ុន បានបញ្ជាក់​ជូន​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ អំពីវឌ្ឍនភាព​នៃការសិក្សា​របស់​ក្រុមហ៊ុន​លើគម្រោង​អភិវឌ្ឍ​ផ្លូវរថ​ភ្លើង​​ធុនស្រាល​ចំនួន​ពីរខ្សែគឺ ទី១ គម្រោង​ផ្លូវរថភ្លើង​ធុនស្រាល​តភ្ជាប់ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប-អង្គរ ទៅកាន់​ក្រុង​សៀមរាប និងទី២ គម្រោង​ផ្លូវ​រថភ្លើង​ធុនស្រាល​តភ្ជាប់ពី​អាកាសយានដ្ឋាន​អន្តរជាតិតេជោ ក្រុងតាខ្មៅ មកកាន់​រាជធានីភ្នំពេញ។
 
ជាការឆ្លើយតប លោក ប៉េង ពោធិ៍នា បានថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន ដែលបានបង្ហាញ​ការប្ដេជ្ញាចិត្ត​ខ្ពស់​ក្នុងការសិក្សា​គម្រោងអភិវឌ្ឍ​ផ្លូវរថភ្លើង​ធុនស្រាល​ទាំងពីរខ្សែ​ខាងលើនេះ ដោយសង្ឃឹម​ថា​ភាគី​ក្រុមហ៊ុន នឹងជំរុញ​ឱ្យគម្រោង​ទាំងពីរនេះ អាច​លេចរូបរាង​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ។
 
លោកបានថ្លែង​បន្ថែមថា៖ «ក្រសួង​រំពឹង​ថា គម្រោង​ទាំងពីរនេះ នឹងរួមចំណែក​ក្នុងការ​កាត់បន្ថយ​បញ្ហា​កកស្ទះ​ចរាចរណ៍ និងផ្តល់​នូវជម្រើស​បន្ថែមក្នុងការធ្វើ​ដំណើរ ជូន​ដល់បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា ក៏ដូចជា​ភ្ញៀវទេសចរ​ផងដែរ»។
 
លោក ផន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ និងដឹកជញ្ជូន បានប្រាប់ឱ្យដឹងដែរ​ថា ក្នុងជំនួប​ពិភាក្សានេះ គឺក្រុមហ៊ុន China Metro គ្រាន់តែ​បានបង្ហាញ​អំពីវឌ្ឍនភាព​នៃការសិក្សា​លើគម្រោង​ទាំងពីរនេះ​ទៅកាន់ថ្នាក់ដឹកនាំ​ក្រសួង​ប៉ុណ្ណោះ។ ដូច្នេះ​ហើយបច្ចុប្បន្ននេះ លោក​ថា គម្រោង​ទាំងពីរ​ស្ថិតក្នុង​ដំណាក់កាល​ដែលក្រុមហ៊ុន​កំពុងសិក្សា​នៅឡើយ ដែលមិនទាន់​អាចដឹង​ចំនួន​ថវិកា​ប៉ុន្មាន ដើម្បី​ចំណាយក្នុង​ការសាងសង់ ក៏ដូចជា​មិនទាន់ដឹង​ថា គម្រោង​ទាំងពីរនេះ នឹង​ត្រូវចាប់ផ្ដើម​សាងសង់​នៅពេលណា​កំណត់​នៅឡើយ។

លោកថ្លែងបញ្ជាក់​ថា៖ «ការសាងសង់​ផ្លូវរថភ្លើង​ធុនស្រាលនេះ គឺដើម្បី​បម្រើឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជាអ្នកធ្វើ​ដំណើរក្នុង​ទីក្រុង ក៏ដូចជា​តំបន់ទី​ប្រជុំជន ឬភ្ជាប់​ទៅព្រលាន​យន្តហោះ​ជាដើម។ ហើយគោលបំណងធំ​នៃគម្រោងនេះ គឺសម្រាប់​បម្រើ​លើការងារ​ដឹកជញ្ជូន​អ្នកដំណើរ»។
 
លោកបានលើកឡើង​ថា នៅក្រៅប្រទេស​ជាក់ស្តែងការធ្វើ​ដំណើរតាម​រថភ្លើង​ធុនស្រាល បានធ្វើ​ឱ្យអ្នកដំណើរ ចំណេញ​ពេលវេលា និងទទួលបាន​សុខសុវត្ថិភាព ផាសុកភាព ជាពិសេស​គឺរួមចំណែក​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ខណៈ​ការធ្វើ​ដំណើរតាម​រថយន្ត​ក្នុងទីក្រុង​វិញ គឺវាបាន​ធ្វើឱ្យ​អ្នកដំណើរ​ចំណាយ​ពេលវេលាច្រើន និងមាន​ការកក​ស្ទះ​ចរាចរណ៍​ជាដើម៕