​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា (​អគរ​) បានឱ្យដឹងថា រាជរដ្ឋាភិបាល​កម្ពុជា គ្រោង​នឹង​ដាក់ឱ្យអនុវត្ត គម្រោង​សំខាន់ៗ​ចំនួន​ ៣ នា​ខែមីនា ឆ្នាំ​ ២០២៤​ ខាងមុខនេះ ដើម្បី​ជំរុញ​បន្ថែម​លើ​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល ដែល​នឹង​សម្រួល​លើ​នីតិវិធី​ពាណិជ្ជកម្ម និង​ការបញ្ចេញ​ទំនិញ​ពី​គយ​។

នៅក្នុង​កិច្ចប្រជុំ​លើក​ទី​៨ នៃ​គណៈកម្មការ​ដឹកនាំ​គម្រោង​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ទិន្នន័យ​គយ កាល​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៤ លោក សែ សុឃន អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា (​អគរ​) បាន​លើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា មាន​វិធានការ​ក្នុងការ​ជំរុញ​ការអនុវត្ត​នីតិវិធី​គយ ក្នុង​ទម្រង់​អេឡិចត្រូនិក និង នីតិវិធី​បំពេញបែបបទ​គយ​មុនពេល​ទំនិញ​មកដល់ ដែល​នឹង​រួមចំណែក​ក្នុងការ​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ទិន្នន័យ​គយ​និង​ការធ្វើ​សាមញ្ញ​កម្ម​នីតិវិធី​គយ ដែល​គ្រោង​នឹង​ដាក់ឱ្យអនុវត្ត​នៅ​ខែមីនា ឆ្នាំ​ ២០២៤ ខាងមុខនេះ​។


លោក​បាន​បញ្ជាក់ថា​៖ «​គម្រោង​ទាំង​៣​នោះ​រួមមាន​ទី​១ គម្រោង​ឌីជីថល​នីយកម្ម​លើ​ពាណិជ្ជកម្ម​តាមផ្លូវ​សមុទ្រ (DGMT), ទី​២ គម្រោង ឌីជីថល​នីយកម្ម​សម្រាប់​កញ្ចប់​ប​ញ្ញើ​រហ័ស (DGT), និង​ទី​៣ មុខងារ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ទិន្នន័យ​គយ ដើម្បី​ធ្វើ​ឌីជីថល​នីយកម្ម​ការបំពេញ​បែបបទ​បញ្ចេញ​ទំនិញ​ពី​គយ​»​។

លោក​បាន​បន្ថែមថា ការដាក់ឱ្យ​ដំណើរការ​សាកល្បង​មុខងារ​ត​ភ្ជាប់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ទិន្នន័យ​គយ​ជាមួយ​ប្រព័ន្ធ UPU-CDS របស់​ប្រៃសណីយ៍​កម្ពុជា កាលពី​ថ្ងៃទី ​១ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ​កន្លងមក ទទួលបាន​លទ្ធផល​ល្អប្រសើរ ដោយ (​អគរ​) នឹង​ជំរុញ​លើ​ការងារ​នេះ​បន្ថែមទៀត​។


នាឱកាស​នោះដែរ តំណាង​ដៃគូ​អភិវឌ្ឍន៍ ដែល​មកពី​ទីភ្នាក់ងារ​អាល្លឺម៉ង់​សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ (GIZ) និង​អង្គការសហប្រជាជាតិ​ស្តីពី​ពាណិជ្ជកម្ម​និង​ការអភិវឌ្ឍ (UNCTAD) រួមទាំង​អ្នកជំនាញការ បានកត់សម្គាល់​ឃើញថា គម្រោង​មាន​វឌ្ឍនភាព​ល្អប្រសើរ ប៉ុន្តែ​ក៏​នៅមាន​បញ្ហា​ប្រឈម និង​ការងារ​សេសសល់​មួយចំនួន ដែល​តម្រូវឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ចូលរួម​ដោះស្រាយ​និង​អនុវត្ត​ឱ្យបាន​ទាន់ពេលវេលា​កំណត់​។

លោក សែ សុឃន បានលើកឡើង​ដែរ​ថា លទ្ធផល​នេះ បានមកពី​កិច្ចសហការ​ល្អ និង​ការខិតខំ​ប្រឹងប្រែង​រប​ស់​អ្នកជំនាញការ និង​ក្រុមការងារ​, ជាពិសេស GIZ / ARISE Plus, និង UNCTAD ដែល​បាន​ជួយ​គាំទ្រ​ទាំង​ផ្នែក​ប្រឹក្សា​យោបល់​លើ​នីតិវិធី និង ផ្នែក​បច្ចេកទេស ដើម្បីឱ្យ​គម្រោង​ទាំងនេះ​អាច​លេចចេញ​ជា​រូបរាង​បាន ព្រមទាំង​បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមការងារ​ពាក់ព័ន្ធ​បន្ត​ធ្វើការ​ជាមួយគ្នា​ទៀត ដើម្បី​សម្រេច​លទ្ធផល​តាម​ការរំពឹង​ទុក​។

យោងតាម​របាយការណ៍​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ (​អគរ​) ចំណូល​ផ្នែក​ពន្ធគយ ក្នុង​ឆ្នាំ​ ២០២៣ ​កន្លងទៅ ប្រមូលបាន​ប្រមាណ ៩ ២៦៧,៤៨ ប៊ី​លាន​រៀល ឬ​ស្មើនឹង ២ ២៨៨​ លាន​ដុល្លារ ថយចុះ​ប្រមាណ ១៥,៧​ ភាគរយ ធៀប​នឹង​ចំណូល​ក្នុង​ឆ្នាំ​ ២០២២​។ ចំណូល​ដែល​ប្រមូលបាន​ក្នុង​ឆ្នាំ​ ២០២៣ ប្រមាណ ២ ២៨៨,២៧ លាន​ដុល្លារ​នេះ គឺ​សម្រេចបាន ៨២,៤​ ភាគរយ នៃ​ផែន​ការដែល​កំណត់ដោយ​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០២៣៕