រយៈពេល​ជិត​ ២​ ខែ ដើមឆ្នាំ ២០២៤ កម្ពុជា​ទទួលបាន​ទេស​ចរ​ចំនួន ៨ ៤១៩​ នាក់ ដែល​ធ្វើដំណើរ​កម្សាន្ត​តាម​នាវា​ខ្នាត​យក្ស ចំនួន ១០​ លើក ខណៈ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត សង្ឃឹមថា តាមរយៈ​កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ ខេត្ត​ព្រះសីហនុ ឆ្នាំ​២០២៤ នឹង​អាច​ទាក់ទាញ​វិនិយោគិន និង​អ្នកទេសចរ កាន់តែច្រើន​ថែមទៀត​។

នាវា​ដឹក​អ្នកទេសចរ​កម្សាន្ត​ទាំង ​១០​ លើក​នោះ​រួមមាន នាវា SEABOURN ENCORE ចំនួន ៤​ លើក​,WESTERDAM , RIVIERA, AIDA BELLA, SEVEN SEAS EXPLORER, CRYSTAL SYMPHONY និង​នាវា LE JAQQUES CARTER ។​


​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​បង្ហោះ​សារ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី ​២៤ ខែកុម្ភៈ​នេះ​ថា​៖ «​អរគុណ​ដល់​សុខសន្តិភាព​របស់​កម្ពុ​ជា ដែល​ផ្ដល់នូវ​បរិស្ថាន និង​អារម្មណ៍​សុវត្ថិភាព​ដល់​អ្នកទេសច​រ អាចធ្វើ​ការកម្សាន្ត​លម្ហែ និង​សិក្សា​អំពី​កម្ពុជា ប្រកបដោយ​អនុស្សាវរីយ៍​ល្អៗ មិនអាច​បំភ្លេចបាន ពិសេស តាមរយៈ​បដិសណ្ឋារកិច្ច​ដ៏​ល្អ​របស់​កម្ពុជា ព្រមទាំង​រដ្ឋបាលខេត្ត​ព្រះសីហនុ និង​អាជ្ញាធរ​ពាក់ព័ន្ធ ដែល​បន្ត​ទាក់ទាញ​អ្នកទេសចរ​អន្តរជាតិ​ជា​បន្តបន្ទាប់ តាមរយៈ​សក្តានុពល​ស​ម្បូ​រ​បែប​ឥត​គណនា​របស់​កម្ពុជា និយាយ​ជារួម និង​ខេត្ត​ព្រះសីហនុ និយាយ​ដាច់ដោយឡែក​»​។​


លោក​សង្ឃឹម​ដែរ​ថា តាមរយៈ​កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ ខេត្ត​ព្រះសីហនុ ឆ្នាំ ​២០២៤ នឹង​អាច​ទាក់ទាញ​វិនិយោគិន និង​អ្នកទេសចរ កាន់តែច្រើន​ថែមទៀត ដោយ​រដ្ឋាភិបាល បន្ត​ការយកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​រៀបចំ​ខេត្ត​ព្រះសីហនុ ឱ្យ​ក្លាយជា​តំបន់​សេដ្ឋកិច្ច​គំរូ​ពហុ​បំណង និង​ជា​ច្រករបៀង​សេដ្ឋកិច្ច និង​ទេសចរណ៍ ដែលជា​តំបន់​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​កម្ពុជា។​

ពាក់ព័ន្ធ​កំណើន​ភ្ញៀវទេសចរ​តាម​នាវា​នេះ មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ស្នើឱ្យ​អាជីវករ​ចូលរួម​ផ្ដល់​សេវាកម្ម​ឱ្យបាន​ល្អ និង​តម្លៃ​សមរម្យ ក៏ដូចជា​ថែរក្សា​អនាម័យ បរិស្ថាន ដើម្បីឱ្យ​ភ្ញៀវទេសចរ​មក​កម្សាន្ដ​ប្រកបដោយ​ភាព​រីករាយ នឹង​ត្រឡប់​មកលេង​កម្សាន្ដ​នៅ​កម្ពុជា​ពេល​ក្រោយ​ទៀត​៕