បន្ទាយ​មាន​ជ័​យៈ ​លោក​ឧប​នាយ​​​ករដ្ឋមន្ត្រី ស៊ុន ចាន់​ថុល ​អនុប្រធាន​ទី​១ ក្រុម​ប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា (CDC) បាន​លើក​ឡើង​ថា​លោក​និង​ក្រុម​ការងារ​ CDC កំពុង​ស្វែង​រក​ដំណោះ​ស្រាយ​ទាក់​ទង​នឹង​បញ្ហា​ការនាំ​ចេញ​ទំនិញ​នៅ​ច្រក​អន្តរ​ជាតិ​ស្ទឹង​បត់​មាន​ភាព​យឺត​យ៉ាវ ​និង​ការ​ស្នើ​ដោយ​វិនិ​យោ​គិន​នៅ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ក្រុង​ប៉ោយ​ប៉ែត​។​

​ដំណើរ​ទស្សន​កិច្ច​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ស្រប​តាម​ស្មារតី​នៃ​អង្គ​ប្រជុំ​លើក​ទី​២៧ នៃ​គណៈ​កម្មាធិកា​រ​ចម្រុះ​កម្ពុជា​-​ជប៉ុន​ កាល​ពី​ថ្ងៃទី​១៥ ​ខែកុម្ភៈ ​ឆ្នាំ​២០២៤ កន្លង​ទៅ ​រវាង​កម្ពុជា​-​ជប៉ុន ដើម្បី​​ឱ្យ​ភាគី​ជប៉ុន​តាម​រយៈ ​JICA អាច​ទទួល​បាន​នូវ​វឌ្ឍន​ភាព​ច្បាស់​លាស់​ជាក់​ស្ដែង ​នៃ​គម្រោង​សាង​សង់​ច្រក​ទ្វារ​អន្តរ​ជាតិ​ស្ទឹង​បត់​-​បាន​ណង​អៀន​។ 


​នៅ​ក្នុង​ពេល​ផ្តល់​បទ​សម្ភាស​ន៍ដល់​អ្នក​សារ​ព័ត៌​មាន​ ក្នុង​អំឡុង​ពេល​​ចុះទៅ​ពិនិត្យ​គម្រោង​សាង​សង់​ច្រកទ្វារ​អន្ត​រជាតិ​ស្ទឹង​បត់​-​បាន​ណង​អៀន ​និង​វឌ្ឍន​ភាព​នៃ​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋ​កិច្ច​ពិសេស ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ កាល​ថ្ងៃទី​២៤ ​ខែកុម្ភៈ ​លោក​ ស៊ុន ចាន់​ថុល បាន​លើក​ឡើង​ថា ​គិត​ត្រឹម​ខែ​សីហា ​ឆ្នាំ​២០២៣​កន្លង​ទៅ ​ភាគី​កម្ពុជា​បាន​បញ្ចប់​រួ​ចរាល់ ១០០ ​ភាគ​រយ ​លើ​ការ​សាង​សង់​ច្រក​ទ្វារ​អន្តរ​ជាតិ​ស្ទឹង​បត់​-​បាន​ណង​អៀន ​ដែល​ជា​ច្រក​ខាង​ភាគី​កម្ពុជា​ ព្រម​ទាំង​បាន​អនុញ្ញាត​ឱ្យ​យាន​យន្ត​អាច​ដឹក​ទំនិញ​ឆ្លង​កាត់​ច្រក​ទ្វារ​អន្តរ​ជាតិ​នេះ​បាន​។ 

​លោក​បាន​បន្ត​ថា ​ប៉ុន្តែ​យ៉ាង​ណា​មិញ ​ច្រក​ទ្វារ​អន្តរ​ជាតិ​នេះ​នៅ​ពុំទាន់​អាច​ដាក់​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​បាន​នៅ​ឡើយ​ទេ ដោយ​ហេតុ​ថា​ត្រូវ​រង់​ចាំ​ភាគី​ថៃ​បញ្ចប់​នីតិ​វិធី​ផ្ទៃ​ក្នុង​ និង​ការ​សាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ច្រក​ទ្វារ​របស់​ខ្លួន​។​


​លោក​បាន​បញ្ជាក់​ថា​៖«​រៀង​រាល់​៦​ខែម្តង​យើង​តែ​ប្រជុំ​ជាមួយ​ភាគី​ជប៉ុន ​ហើយ​ជប៉ុន​តែង​លើកឡើ​ង​នូវ​ការ​លំបាក​ ការ​យឺត​យ៉ាវ​នាំ​ទំនិញ​ចេញ​ចូល​នៅ​ច្រក​អន្តរ​ជាតិ​ប៉ោយ​ប៉ែត ​និង​ច្រក​បាវិត ​ទើប​យើង​ចុះ​មក​ពិនិត្យ​នៅ​ច្រក​ស្ទឹង​បត់ ​ដើម្បី​រៀបចំ​បែង​ចែក​ឱ្យ​ដាច់
រ​វាង​ច្រក​ស្ទឹង​បត់ និង​ច្រក​ប៉ោយ​ប៉ែត ​ដែល​ច្រក​ស្ទឹង​បត់​សម្រាប់​ទំនិញ ​ហើយ​ច្រក​ប៉ោយ​ប៉ែត​សម្រាប់​មនុស្ស​»​។​

​លោក​ ស៊ុន ចាន់​ថុល បា​ន​បន្ត​ថា ៖ «​ប៉ុន្តែ​នៅ​ច្រក​ស្ទឹង​បត់​នេះ​ នៅ​មាន​ការរ​អាក់​រអួល​ពី​ខាង​ថៃ​មក​វិញ​ ដោយ​សារ​គេ​ធ្វើ​អគារ​មិន​ទាន់​ហើយ​។​ដូច្នេះ​ខាង​ជប៉ុន​ ស្នើ​ឱ្យ​សម្រប​សម្រួល​»​។​

​ដោយ​ឡែក​នៅ​ច្រក​បាវិត ​លោក​ក៏បាន​លើក​ឡើង​ឱ្យដឹង​ដែរ​ថា ​ក្រុមកា​រងារ​របស់​ក្រសួង​សា​ធារ​ណការ​បាន​ស​ហការ​ជា​មួយ​ដៃគូ​ពាក់​ព័ន្ធ​ ក្នុង​ការ​កែ​តម្រូវ​ច្រក ​នីតិ​វិធី​គយ ​និង​បែប​បទ​ឯក​សារ​នានា ​ដោយ​បាន​ចំណាយ​ទឹក​ប្រាក់​ប្រមាណ​១០​លាន​ដុល្លារ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​  ខណៈ​ដែល​ខាង​ច្រក​ស្ទឹង​បត់​នៅ​មាន​ការ​ខ្វះខាត​តែ​ដាក់​ម៉ាស៊ីន​ស្កេ​ន​ទេ ​ប្រសិន​បើខាង​ថៃ​រៀបចំ​រួច​រាល់ គ្រប់​យ៉ាង​អាច​ដំណើរ​ការ​ដោយ​រលូន ដែល​នេះ​ជា​ជំហាន​ទី​១​។

​លោក ​ស៊ុន ចាន់​ថុល បាន​បន្ថែម​ទៀតថា​ ក្រសួង​សាធារ​ណការ ​កំពុង​ពិភាក្សា​គ្នា​ជា​មួយ​ខាង​ភាគី​ថៃ ​ក្នុង​ការ​សិក្សា​លើ​ជំហាន​ទី​២ ​ដែល​កម្ពុជាចង់​ឱ្យ​មាន​ការ​ពង្រីក​កន្លែង​ដាក់​កុង​តឺន័​រ​ធំៗ ​និង​ត​ភ្ជាប់​ផ្លូវ​រថភ្លើង​ ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​សម្រាប់​ទំនិញ​ឆ្លង​កាត់​ទៅ​វិញ​ទៅ​មក​។​

​លោក​ស៊ិន ​ចន្ធី ប្រធាន​សមាគ​ម​ភ័ស្តុភារ​​កម្ម​កម្ពុជាបា​ន​ប្រាប់​ថា​ ច្រក​ទ្វារ​ព្រំដែន​ស្ទឹង​បត់​នេះ គឺជា​ច្រក​សំខាន់​ណាស់​សម្រាប់​វិស័យ​ដឹក​ជញ្ជូន​ ហើយ​វា​ជា​រឿង​ដ៏​ប្រសើរ​ ដែល​រាជ​រដ្ឋាភិ​បាល ខិតខំ​ជំរុញ​ការងារ​ដំណើរ​ការ​ដឹក​ជញ្ជូន​តា​ម​ច្រក​នេះ​ឱ្យ​មាន​ភាព​រលូន ​ខណៈ​ដែល​កន្លង​ទៅខាង​ភាគី​ថៃ​មិន​ទាន់​បាន​សម្រប​សម្រួល​ឱ្យមាន​ភាព​ល្អ​ប្រសើរ​នៅ​ឡើយ​ទេ​។​

​លោក​បាន​បន្ថែម​ថា វា​ការ​រៀបចំ​យ៉ាង​ប្រសើរ​ពី​សំណាក់​អាជ្ញាធ​​រ​ប្រទេស​ទាំង​២​ដែល​អាច​កាត់​បន្ថយ​ការកកស្ទះ​ សម្រាប់​ការ​ចរា​ចររថ​យន្ត​ដឹក​ទំនិញ​ធំៗ ​ដោយ​សារ​មាន​ការ​បែង​ចែក​ច្រក​ចេញ​ចូល​ទំនិញ ​និង​ច្រក​អ្នក​ដំណើរ​ផ្សេង​ពីគ្នាចំណេញ​ពេល​វេលា​។​

​លោក​បាន​បញ្ជាក់​ថា​៖«​ច្រក​ខាង​យើង ​រួចរាល់​អស់​ហើយ ​នៅ​ខ្វះ​តែ​ឧបករណ៍​ស្កេ​ន​បន្តិច​ទេ ហើយ​ខ្ញុំ​ជឿ​ជាក់​ថា ​ខាង​គយ​នឹង​រៀប​ចំ​ដាក់​ឆាប់ៗ​នេះ​ហើយ​ នៅ​ឡើយ​តែ​ខាង​ថៃ ​មិន​បាន​រួច​រាល់​នៅ​ឡើយ​។ នៅ​ពេល​ច្រក​ស្ទឹង​បត់​នេះ​ រួច​រាល់​១០០​ភាគ​រយ​ ទាំង​ខាង​យើង​ ​និង​ខាង​ថៃ វា​នឹង​ធ្វើឱ្យ​សកម្ម​ភាព​ដឹកជ​ញ្ជូន​នឹង​លឿន​រហ័ស​ជាង​មុន ​ចំណេញ​ពេលវេ​លា និ​ង​ជំរុញ​ឱ្យ​ការ​ដោះដូ​រ​ទំនិញ​រវាង​កម្ពុជា​និង​ថៃ ​កាន់​តែ​មាន​កំណើន​»​។​

​ដោយ​ឡែក​ ចំពោះ​បញ្ហា​ដែល​លើក​ឡើង​ដោយ​ វិនិ​យោគិ​ន​នានា ​ជា​ពិសេស​វិនិយោ​គិន​ជប៉ុន​ នៅ​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ក្រុង​ប៉ោយ​ប៉ែត​វិញ លោក ​ស៊ុន​ ចាន់​ថុល​ បាន​ថ្លែង​ប្រាប់​ថា ​មាន​បញ្ហា​ធំៗ​៣ ​ដែល​អ្នក​វិនិយោគ​ជួប​ប្រទះ​ រួ​មមាន ​បញ្ហា ​ទឹក​ ភ្លើង​ និង​ល្បែង​អន​ឡាញ​។​

​លោក​ថា​៖«​នៅ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​នេះ ​ខាង​វិនិយោ​គិន ​បាន​ស្នើ​ឱ្យ​ជួយ​ដោះ​ស្រាយ​ រឿង​បញ្ហា​ទឹក​ ដែល​ជា​ទឹក​មិន​ស្អាត​ នាំ​ឱ្យ​ប្រើ​ប្រាស់​លាង​សម្អាត​សម្ភារមិន​បាន​ស្អាត​, ភ្លើងដាច់​ញឹក​ញាប់ ​នាំឱ្យ​ជាប់​គាំង​ដល់​ខ្សែ​ច្រ​វា​ក់​ផលិត​កម្ម ។​ដោយ​ឡែ​បញ្ហា​ល្បែង​ផ្សង​សំណាង​តាម​អន​ឡាញ ជា​បញ្ហា​ថ្មី​ដែល​ខ្ញុំ​ទើប​តែ​ឮ​ពី​អ្នក​វិនិ​យោគ​យើង​លើ​បញ្ហា​នេះ ​ដោយ​​គាត់​លើក​ឡើង​ថា កម្មករ​និយោ​ជិត​ខ្លះ​ញៀន​នឹង​ល្បែង​ផ្សង​សំណាង​តាម​អន​ឡាញ​ខ្លាំង​នាំ​ឱ្យការ​បំពេញ​កិច្ចកា​រងា​រ​មិន​សូវ​មាន​ប្រសិទ្ធ​ភាព​»​។​

​ចំពោះ​បញ្ហា​នេះ ​លោក​បាន​អះអាង​ថា ​លោក​នឹង​យក​ទៅ​ពិភាក្សា​ជា​មួយ​ភាគី​ពាក់​ព័ន្ធ​ ដើម្បី​ជំរុញ​ការ​ដោះស្រា​យ​បញ្ហា​ទឹក​និង​ភ្លើង​នេះ ខ​ណៈដែ​ល​បញ្ហា​ល្បែង​ផ្សងសំ​ណាង ​ប្រមុខ​រាជ​រដ្ឋាភិ​បាល បាន​ចេញ​បញ្ជា​រួច​ហើយក្នុងការ​ទប់​ស្កាត់ ​និង​បញ្ឈប់​ការ​ផ្តល់​អាជ្ញា​ប័ណ្ណ​ដល់​ល្បែង​អន​ឡាញ​ទាំង​អស់​នៅ​នោះ​។​

​សូម​ជម្រា​ប​ថា នៅ​ក្នុង​ដំណើរ​ទស្សនកិ​ច្ច​នេះដែរ​ លោក ​ស៊ុន ចាន់​ថុល​ ក៏បាន​លើក​ឡើង​ពី​កា​រៀបចំ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​កម្ពុជា​-​ថៃ​,​កា​រៀបចំ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​កម្ពុជា​-​ជប៉ុន ​ដើម្បី​ទាក់​ទាញ​ការវិនិ​យោគ​បន្ថែម​ទៀត​ រួម​ទាំង​ការ​សម្រេច​បង្កើត​រោង​ចក្រ​ទី​២​នៅ​ពោធិ៍​សាត់ ​ក្នុង​ទុ​នវិ​និ​យោគ​៦៥០​លាន​ដុល្លារ​របស់​ក្រុម​ហ៊ុន​មី​នី​បៀរ​ផង​ដែរ​៕