​ភ្នំពេញៈ ក្រុម​វិនិយោគិន​ជា​សមាជិក​នៃ AREAA Global ដែលមាន​មូល​ដ្ឋា​ន​នៅ​អាមេរិក បានបង្ហាញ​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ការអភិវឌ្ឍ​ដ៏​ឆាប់រហ័ស និង​កាលានុវត្តភាព​នៃ​ការ​បណ្តាក់ទុន​នៅ​ប្រទេស​កម្ពុជា ព្រមទាំង​បាន​សន្យា​ជួយ​ផ្សព្វផ្សាយ​ពី​ភាព​វិ​ជ្ជ​មាន​ទាំងនេះ​ទៅកាន់​សមាជិក​របស់ខ្លួន​ដែលមាន​ចំនួន​ជិត ២ ​ម៉ឺន​នាក់​នៅ​ទូទាំង​ពិភពលោក​។​

​ចំណាប់អារម្មណ៍​ទាំងនេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​កម្មវិធី​ «​ស្វែងយល់​ពី​កម្ពុជា​» (UpClose Cambodia) កាលពី​ថ្ងៃទី ​២៤ ខែកុម្ភៈ ឆ្នាំ ​២០២៤ ដោយមាន​ការចូលរួម​ពី​លោកស្រី ស៊ ធីតា នាយិកា​ប្រតិបត្តិ​នៃ AREAA Global Cambodia, លោក Allen Chiang ប្រធាន AREAA Global, និង​លោកស្រី Carmen Chong នាយិកា​ប្រតិបត្តិ AREAA Global ព្រមទាំង​វិនិយោគិន​ជាតិ និង​អន្តរ​ជាតិប្រមាណ​ជាង ៤០ ​នាក់​។​


​កម្មវិធី ​«​ស្វែងយល់​ពី​កម្ពុជា​»​ ត្រូវបាន​ក្រុម​អ្នកជំនាញ​កម្ពុជា​លើក​បង្ហាញ​ដល់​ក្រុម​វិនិយោគិន​បរទេស ដោយមាន​ប្រ​ធាន​បទ​សំខាន់ៗ​ជាច្រើន​ដូចជា ស្ថាន​ភាព​ទូទៅ​ប្រទេស​កម្ពុជា ច្បាប់​វិនិយោគ ច្បាប់​ពន្ធដារ ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន និង​ការប្រើប្រាស់​រូបិយប័ណ្ណ​អន្តរជាតិ​សម្រាប់​ការទូទាត់ ជាដើម​។​

AREAA Global ជា​ស្ថាប័ន​មួយ​ដែលជា​បណ្តុំ​នៃ​ក្រុម​វិនិយោគិន​ជាង ១,៨ ​ម៉ឺន​នាក់​លើ​ពិភពលោក ដោយមាន​ជាង ៥១​ ជាតិ​សាសន៍ និង​ប្រើប្រាស់​ភាសា​ចំនួន ២៦​។ កម្ពុជា​ក្លាយជា​ផ្នែក​មួយ​របស់ AREAA Global ក្នុង​ឆ្នាំ ​២០២៤ បន្ទាប់ពី​ការខិតខំ​ជាង ៥ ​ឆ្នាំ​។​


​នាយិកា​ប្រតិបត្តិ AREAA Global លោកស្រី Carmen Chong បាន​លើក​​ឡើង​ក្នុង​កម្មវិធី UpClose Cambodia ថា នេះ​ជា​លើក​ទី​១ ហើយ​ដែល​លោក​ស្រី​ធ្វើដំណើរ​មក​ប្រទេស​កម្ពុជា ដោយ​ដំណើរ​ទស្សនកិច្ច​នេះ​មាន​គោលបំណង​ពិនិត្យមើល​ស្ថានភាព​ទូទៅ និង​ឱកាស​វិនិយោគ​នៅ​កម្ពុជា​។ តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ លោកស្រី និង​ថ្នាក់​ដឹក​​នាំ AREAA Global បាន​សង្កេតឃើញ​ពី​ឱកាស និង​សក្តានុពល​ជាច្រើន​ដែល​កម្ពុ​ជាមាន​សម្រាប់​ផ្តល់​ទំនុកចិត្ត​ទៅដល់​វិនិយោគ​បរទេស ពិសេស​សមាជិក AREAA Global ឱ្យ​ចូលមក​សិក្សា និង​ចាប់យក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​។​

​លោកស្រី​ថ្លែងថា​៖ «​អ្វីដែល​យើង​បានមក​ឃើញ​ផ្ទាល់​នៅពេលនេះ គឺ​ខុសគ្នា​ច្រើន​ទៅនឹង​ព័ត៌មាន​អវិជ្ជមាន​ជាច្រើន​ដែល​យើង​ឮ​នាពេល​កន្លងមក ដោយ​ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ច​ប្រ​​ទេស​កម្ពុជា​គឺមាន​ភាពល្អប្រសើរ​លើស​ពី​ការគិត​។ យើង​នឹង​ជួយ​ផ្សព្វផ្សាយ ហើយ​សង្ឃឹមថា មាន​វិនិយោគិន​បរទេស​កាន់តែច្រើន​ចូលមក​បណ្តាក់ទុន​ផ្ទាល់​នៅ​កម្ពុជា​»​។​

​ប្រធាន AREAA Global លោក Allen Chiang បាន​និយាយថា ជាមួយនឹង​បទពិសោធន៍​ធ្វើដំណើរ​ទៅពិនិត្យ​មើល​ស្ថានភាព​ភាព​វិនិយោគ​នៅ​ប្រទេស​ជា​​ច្រើន​លើ​ពិភពលោក គឺ​លោក​អាច​ចាត់​ទុក​កម្ពុជា​ជា​ប្រទេស​មាន​ភាពអំណោយ​ផល​ច្រើន​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម និង​ទីផ្សារ​អចលនទ្រព្យ​។ លោក​បាន​ឱ្យដឹងទៀតថា បេសកកម្ម​របស់ AREAA Global គឺ​មិន​ត្រឹមតែ​ផ្នែក​ពាណិជ្ជកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ផ្នែក​មនុស្សធម៌​ទៅដល់​ប្រជាជន​ក្រីក្រ​តាម​សហគមន៍​ដែរ​។​

​លោក​អះអាងថា​៖ «​តាមរយៈ​ដំណើរ​​ទស្សនកិច្ច​មក​កម្ពុជា​លើក​នេះ​យើង​នឹង​ជួយ​ធ្វើការ​ផ្សព្វផ្សាយ​ទៅដល់​សមាជិក AREAA Global ហើយ​សង្ឃឹមថា​នឹងមាន​ដំណើរ​ទស្សនកិច្ច​ថ្មីៗ​បន្ថែមទៀត​របស់​សមា​ជិ​ក AREAA Global មក​មើល​ឱកាស​វិនិយោគ​នៅ​កម្ពុជា​»​។​

​ក្នុងនាម​ម្ចាស់ផ្ទះ លោកស្រី ស៊ ធីតា បាន​សម្តែង​ការស្វាគមន៍ និង​អរគុណ​ចំពោះ​ថ្នាក់ដឹកនាំ AREAA Global ដែល​បានធ្វើ​ដំណើរ​មក​កម្ពុជា និង​សន្យា​ជួយ​ផ្សព្វផ្សាយ​ឱកាស​វិនិយោគ​កម្ពុជា​ទៅដល់​សមាជិក​របស់ខ្លួន​។

លោកស្រី​បន្តថា នេះ​ជា​មោទនភាព​មួយ​ដែល​កម្ពុជា​ទទួលបាន ខណៈ​មាន​ប្រទេស​ជា​​ច្រើន​បាន​ព្យាយាម​ទាក់ទង​ថ្នាក់ដឹកនាំ AREAA Global ឱ្យទៅ​ប្រទេស​ពួកគេ​ដើម្បី​ជួយ​ផ្សព្វផ្សាយ​ដូចដែល​កម្ពុជា​បានធ្វើ​ពេលនេះ​។ ការសម្រេចបាន​សមិទ្ធ​​ផល​នាពេលនេះ ក៏​ដោយសារ​មានការ​ជួយ​គាំទ្រ​ពី​រដ្ឋាភិបាល​កម្ពុជា​ផងដែរ​។​

​លោកស្រី​ថ្លែងថា​៖ «​ក្នុងនាម​ប្រជាជន​កម្ពុជា យើង​បាន​ខិតខំ​យ៉ាងច្រើន​ដើម្បី​ពន្យល់​ណែនាំ​ពួកគាត់​ពី​សក្តានុពល​ដែល​កម្ពុ​ជាមាន ហើយ​សង្ឃឹមថា ព័​ត៌​​មាន​ដែល​ពួកយើង​ផ្តល់ឱ្យ​ពួកគាត់​គឺមាន​ភាព​គ្រប់​ជ្រុងជ្រោយ​»​។​

​បើតាម​លោកស្រី ស៊ ធីតា នៅពេល​ខាងមុខ AREAA Global Cambodia នឹង​ខិតខំ​រៀបចំ​នូវ​កម្មវិធី ​«​ស្វែងយល់​ពី​កម្ពុជា​» ​ឱ្យបាន​កាន់តែច្រើន​បន្ថែ​ម​ទៀត ​ដើម្បី​ទាក់ទាញ​វិនិយោគិន​បរទេស​ឱ្យ​ចូលមក​វិនិយោគ និង​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា​ឱ្យបាន​កាន់តែច្រើន​។​

​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បានឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២៣ ពាណិជ្ជ​កម្ម​អន្តរជាតិ​របស់​កម្ពុជា​មាន​ទឹកប្រាក់​សរុប ៤៦,៨៣ ​ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ១,៩ ​ភាគរយ​ បើ​ធៀប​ឆ្នាំ​ ២០២២ ដោយ​ក្នុងនោះ​ទំនិញ​កម្ពុជា​នាំចេញ​មាន​ចំនួន ២២,៦៥​ ពាន់​លាន​ដុល្លារ កើនឡើង ១,៨​ ភាគរយ និង​ទំនិញ​នាំចូល​មាន​ទឹកប្រាក់ ២៤,១៨​ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ៥​ ភាគរយ​។

ផ្អែក​តាម​ទិន្នន័យ​ខាងលើ គឺ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា ឆ្នាំ​ ២០២៣ មាន​ឱនភាព​ប្រមាណ ១,៥៤ ​ពាន់​លាន​ដុល្លារ ដោយ​ល្អប្រសើរ​ជាង​ឆ្នាំ​ ២០២២ ដែលមាន​ឱនភាព​រហូតដល់ ៣,២១​ ពាន់​លាន​ដុល្លារ​៕