​ភ្នំពេញៈ រដ្ឋាភិបាល និង​ផ្នែក​ឯកជន​កម្ពុជា​បាន​ប្តេជ្ញា​នឹង​ប្រើប្រាស់​សំឡេង​តែមួយ​ ដើម្បី​ពង្រីក​ទីផ្សារ​នាំចេញ និង​ទាក់ទាញ​វិនិយោគិន​អូស្ត្រាលី​ឱ្យ​ចូលមក​បណ្តាក់ទុន​ផ្ទាល់​នៅ​កម្ពុជា​កាន់តែច្រើន ខណៈ​ការផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង​ ២ ក្នុង​ឆ្នាំ ​២០២៣ កន្លង​​មក​មាន​ទឹកប្រាក់​ប្រមាណ​ជាង ៥០០​ លាន​ដុល្លារ​។​

​សភាពាណិជ្ជកម្ម​កម្ពុជា ​(CCC)​ នា​ចុងខែ​វិច្ឆិកា ឆ្នាំ​ ២០២៣ ធ្លាប់​ប្រកាសថា CCC នឹង​សហការ​ជាមួយ​សភាពាណិជ្ជកម្មរ​ដ្ឋ​វិច​តូ​រៀ ដើម្បី​រៀបចំ​វេ​ទិ​កា​ធុរកិច្ច​កម្ពុជា​-​អូស្ត្រាលី នៅក្នុង​ខែមីនា ឆ្នាំ​ ២០២៤ នៅ​ទីក្រុង​មែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី ដើម្បី​ជំរុញ​កិច្ច​សហ​​ប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម​បន្ថែមទៀត​រវាង​កម្ពុជា និង​អូស្ត្រាលី​។​


​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) ឱ្យដឹងថា លោក សួន សុផល អគ្គ​លេ​ខា​ធិ​ការរង​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា ​(​គ​.​វ​.​ក​.)​ នៅក្នុង​កម្មវិធី​តម្រង់ទិស​ស្តីពី​បេសកកម្ម​ក​សិ​​ធុរកិច្ច និង​វិនិយោគ​ទៅកាន់​ប្រ​ទេស​អូស្ត្រាលី ​ដែល​រៀបចំឡើង​ក្នុង​រាជធានី​ភ្នំពេញ ​កាលពី​ថ្ងៃទី​ ២៣ ខែកុម្ភៈ បាន​អះអាងថា ផ្នែក​ឯកជន​កម្ពុជា​នឹង​រួមគ្នា​ច្រៀង​ចម្រៀង​តែមួយ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​សំដៅ​ទាក់ទាញ​ដៃគូ​វិនិយោគិន​ពី​ប្រ​ទេស​អូស្ត្រាលី​មក​បណ្តាក់ទុន​លើ​ទឹកដី​កម្ពុជា ក៏ដូចជា​ជំរុញ​ការនាំចេញ​ទៅកាន់​ប្រទេស​​អូស្ត្រាលី​ នូវ​ផលិតផល​ពាក់​កណ្តាល​សម្រេច និង​ផលិតផល​កែច្នៃ​ឱ្យបាន​កាន់តែច្រើន​។​

​លោក សុផល បាន​ថ្លែងថា​៖ «​គណៈប្រតិភូ​កម្ពុជា​ដែល​នឹងត្រូវ​ទៅ​ទឹកដី​នៃ​ទីក្រុង​មែ​ល​ប៊​ន ពីថ្ងៃ​ទី​ ៥-៧ ខែមីនា ឆ្នាំ​ ២០២៤ ខាងមុខ​នឹង​រួមគ្នា​ច្រៀង​ចម្រៀង​តែមួយ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ដែលជា​សេនាធិការ​នៃ​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាពជាក់ស្តែង​និ​​យម​របស់​សម្តេច​ធិបតី​នាយក​រដ្ឋមន្ត្រី​សំដៅ​ទាក់ទាញ​ដៃគូ​វិ​និ​យោគិន​ពី​ប្រទេស​អូស្ត្រាលី​ មក​បណ្តាក់​ទុនវិនិយោគ​លើទឹក​ដី​កម្ពុជា ក៏ដូចជា​ជំរុញ​ការនាំ​ចេញទៅ​ប្រទេស​អូស្ត្រាលី​នូវ​ផលិតផល​ពាក់កណ្តាល​ស​ម្រេច និង​ផលិតផល​កែច្នៃ​របស់​កម្ពុជា ជាពិសេស​នៅលើ​វិស័យ​ក​សិ​ចំណីអាហារ​»​។​


​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង ពេល​ថ្មីៗ​នេះ​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ការផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រ​​ទេស​កម្ពុជា​-​អូស្ត្រាលី គឺមាន​ភាពល្អប្រសើរ​គួរឱ្យកត់សម្គាល់ ដោយ​ទំនិញ​សក្តានុពល​ដែល​កម្ពុជា​នាំទៅ​អូស្ត្រាលី រួមមាន ផលិតផល​វាយ​ន​ភណ្ឌ កង់ និង​កសិកម្ម ចំណែក​ទំនិញ​ដែល​កម្ពុជា​នាំចូល​មកវិញ គឺ​ផលិត​ផល​អេឡិចត្រូនិក ឱសថ និង​យានយន្ត ជាដើម​។

លោក​បន្តថា ក្រៅពី​ទំនាក់ទំនង​លើ​ការនាំ​​ចេញ​-​នាំចូល​ទំនិញ បច្ចុប្បន្ន​ក៏មាន​វិនិយោគិន​អូស្ត្រាលី​មួយចំនួន​កំពុង​វិនិយោគ​នៅ​កម្ពុជា​ដែរ​ដូចជា វិស័យ​កសិកម្ម និង​ធនធាន​រ៉ែ ជាដើម​។​

​លោក​បន្តថា ដើម្បី​ជំរុញ​ទំហំ​ពាណិជ្ជកម្ម នឹង​ទាក់ទាញ​វិ​និ​យោគិន​អូស្ត្រាលី​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា​កាន់តែច្រើន កាលពី​ពាក់កណ្តាល​ឆ្នាំ​ ២០២៣ សភា​ពាណិជ្ជកម្ម​កម្ពុជា​ក៏បាន​បើក​ការិយាល័យ​តំណាង​របស់ខ្លួន​នៅ​ទីក្រុង​មែ​ល​ប៊​ន និង​ទីក្រុង​ស៊ីដនី​។ ការិយាល័យ​តំណាង​មាន​តួនាទី​ក្នុងការ​ផ្សព្វផ្សាយ និង​ពន្យល់​វិនិយោគិន​អូស្ត្រាលី​ឱ្យមក​បញ្ជា​ទិញ​ទំនិញ​កម្ពុជា ឬ​ចូលមក​បើក​អាជីវកម្ម​ផ្ទាល់​។​

​លោក​បញ្ជាក់ថា​៖ «​បន្ទាប់ពី​បង្កើត​ការិយាល័យ​តំណាង​នៅ​ប្រទេស​អូស្ត្រាលី វា​នឹង​ជួយ​ឱ្យ​ទំនាក់ទំនង​កាន់តែ​ល្អ​រវាង​កា​រិ​យា​ល័យ​តំណាង​សភា​ពាណិជ្ជ​កម្ម​កម្ពុជា ជាមួយ​សភា​ពា​ណិ​​ជ្ជ​កម្ម​អូស្ត្រាលី​។ ការរៀបចំ​វេ​ទិ​​កា​នេះ គឺជា​ការជំរុញ​កិច្ច​សហ​​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២ ឱ្យ​កាន់តែ​ស្អិតល្មួត​»​។​

​លោក​បន្ថែមថា ដោយសារ​កម្ពុជា និង​អូស្ត្រាលី ជាស​មា​ជិ​ក​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ ​(RCEP)​ ដែលមាន​ប្រទេស​សមាជិក​ចំនួន ១៥ ដូច្នេះ​ចរន្ត​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ នឹងមាន​សម្ទុះ​បន្ថែមទៀត​ពេល​កំណើនសេដ្ឋកិច្ច​ពិភពលោក​ល្អ​ឡើងវិញ​។​

​យោងតាម​ទិន្នន័យ​ពី​អគ្គ​នា​យក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​អូស្ត្រាលី ក្នុង​ឆ្នាំ​ ២០២៣ មាន​ចំនួន​សរុប ៥០២,០៦​ លាន​ដុ​លា្ល​រ ធ្លាក់ចុះ ៤,១២ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០២២ ក្នុងនោះ​ទំនិញ​កម្ពុជា​នាំទៅ​អូស្ត្រាលី ៣៧១​ លាន​ដុល្លារ ធ្លាក់ចុះ ២,១​ ភាគរយ និង​អូស្ត្រាលី​នាំ​ចូល ៣៣១​ លាន​ដុល្លារ ធ្លាក់​ចុះ ៩,៤​ ភាគរយ​៕