ភ្នំពេញៈ ការធ្វើ​ធុរកិច្ច និង​ការ​ដោះ​ដូរ​ទំនិញ​រវាង​កម្ពុជា​-​ឥណ្ឌា នឹង​កាន់​តែមាន​កំណើន​ថែម​ ១​ ​កម្រិត​ទៀត បន្ទាប់ពី​ក្រុមប្រឹក្សា​ធុរកិច្ច​រួម​ឥណ្ឌា​-​កម្ពុជា ​[The India-Cambodia Joint Business Council (ICJBC)]​ ត្រូវបាន​បង្កើតជា​ផ្លូវការ​នាពេល​ថ្មីៗ​នេះ​។​

ICJBC ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​រដ្ឋធានី​ញូ​វ​ដេលី នៃ​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី​ ២៣ ខែកុម្ភៈ ដែល​នេះ​ជា​គំនិត​ផ្តួចផ្តើមឡើង​រវាង​សមាគម​ឧកញ៉ា​កម្ពុជា ​(COA) ជាមួយ​សហ​ព័ន្ធ​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ឥណ្ឌា ​(FICCI) ក្នុង​គោលដៅ​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ឥណ្ឌា​-​កម្ពុជា តាមរយៈ​កិច្ចពិភាក្សា និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ផ្នែក​ឯកជន​នៃ​ប្រទេស​ទាំង​ ២​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​រួម​ពី​ស្ថាប័ន​នេះ​។​


​សម្រាប់​ក្រុមប្រឹក្សា​ធុរកិច្ច​រួមគ្នា​នេះ​មាន​នាយកដ្ឋាន​ជំរុញ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ផ្ទៃក្នុង​ប្រទេស ​(DPI-IT) ជា​លេខាធិការដ្ឋាន​សម្រាប់​ភាគី​ឥណ្ឌា ចំណែក​សមាគម​ឧកញ៉ា​កម្ពុជា ​(COA)​ នឹង​បំពេញ​តួនាទី​ជា​លេខា​ធិ​ការដ្ឋាន​សម្រាប់​ភាគី​កម្ពុជា​។​

​សេចក្តីថ្លែងការណ៍​រួម​បាន​លើកឡើងថា​៖ «​ក្រុមប្រឹក្សា​ធុរកិច្ច​រួម​ឥណ្ឌា​-​កម្ពុជា ​(ICJBC)​ មាន​គោលបំណង​បង្កើត​យន្តការ​ពិគ្រោះ​យោបល់​ទ្វេភាគី ដើម្បីឱ្យ​បណ្តា​ធុរជន​មាន​សក្តានុពល​នៃ​ប្រ​​ទេស​ទាំង​ ២ អាច​ជជែក​ពិភាក្សា ព្រម​​ទាំង​ស្នើ​ដំណោះស្រាយ​ផ្សេងៗ​ដើម្បី​បង្កើន​សកម្មភាព​ពាណិជ្ជ​កម្ម កា​រវិ​និ​​យោគ និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នានា​រួមទាំង​ការលើកកម្ពស់ និង​ការសម្របសម្រួល​ពាណិជ្ជកម្ម ក៏​ដូច​ជាការ​ផ្គូផ្គង​ដៃគូ​ក្នុង​វិស័យ​ឧស្សាហ​​កម្ម នវានុវត្តន៍ និង​សហគ្រិនភាព ព្រម​​ទាំង​កិច្ចសម្របសម្រួល​លើ​បន្លាស់​ប្តូរ​បច្ចេកវិទ្យា​រវាង​ភាគី​ទាំង​ ២»​។​


​សម្រាប់​វិស័យ​អាទិភាព​សំខាន់ៗ​រួមមាន កសិកម្ម​, ផលិតកម្ម​កែច្នៃ​ម្ហូប​អាហារ​, សុខាភិបាល​, ឱសថ​, សំណង់ និង​ហេដ្ឋារចនាសម្ព័ន្ធ​, ព័ត៌មានវិទ្យា​, វិស័យ​អប់រំ​, ទេសចរណ៍​, ឧស្សាហកម្ម​យានយន្ត និង​វិស័យ​ពាក់ព័ន្ធ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​។​

​លោក លី យ៉ុង​ផាត់ ប្រធាន​សមាគម​ឧកញ៉ា​កម្ពុជាបាន​លើកឡើងថា ការ​ដាក់ឱ្យ​ដំណើរការ​ក្រុមប្រឹក្សា​ធុរកិច្ច​រួម​នេះ នឹង​ជួយ​លើកកម្ពស់​ការធ្វើ​ធុរកិច្ច និង​ការដោះដូរ​ទំនិញ​ប្រទេស​ទាំង​២ ជាពិសេស​ដើម្បី​ចាប់យក​ឱកាស​វិ​និ​យោគ​នានា​នៅ​កម្ពុជា​។​

​លោក​ថ្លែងថា​៖ «​ពិធី​សម្ពោធ​ជា​ផ្លូវ​​ការ​ក្រុមប្រឹក្សា​ធុរកិច្ច​រួម​ឥណ្ឌា​-​កម្ពុជា​នេះ គឺជា​បោះជំហាន​ទៅកាន់​ទំព័រ​ថ្មី នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ ២​។ នេះ​ជា​វេទិកា​ដែល​នឹង​អនុញ្ញាតឱ្យ​យើង​កំណត់​បាន​នូវ​បញ្ហា​ប្រឈម និង​ការប្រកួតប្រជែង​នានា ដើម្បី​បង្កើត​កាលានុវត្តភាព​ថ្មីៗ​សម្រាប់​បំពេញ​ផលប្រយោជន៍​សេដ្ឋ​​កិច្ច​ជាតិ​ទៅវិញទៅមក​»​។​

​អគ្គលេខាធិការ OCA លោក ហ៊ុន ឡាក់ បានឱ្យដឹងថា ក្រុមប្រឹក្សា​ធុរកិច្ច​រួម​ឥណ្ឌា​-​កម្ពុជា បាន​បោះជំហាន​យ៉ាង​លឿន ហើយ​ភាពជោគជ័យ​នៃ​កិច្ចប្រជុំ​ក៏ដូចជា​ពិធី​សម្ពោធ​នេះ​បានផ្តល់​សុទិដ្ឋិនិយម​ជាច្រើន​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​មាន​ទំនុកចិត្ត​ថា​ក្រុមប្រឹក្សា​នេះ​នឹង​ក្លាយជា​យន្តការ​មួយ​ប្រកបដោយ​អានុភាព ដើម្បី​បម្រើ​ដល់​វិស័យ​សេដ្ឋកិច្ចជាតិ តាមរយៈ​ការជំរុញ​ពាណិជ្ជកម្ម ការវិនិយោគ និង​ការសម្រេចបាន​សមិទ្ធផល​ជា​បន្តបន្ទាប់​ប្រកបដោយ​អត្ថប្រយោជន៍​សម្រាប់​ប្រទេស​ទាំង​ ២»​។​

​លោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​និយាយថា ICJBC នឹង​ដើរតួនាទី​សំខាន់​ក្នុងការ​ពង្រឹង​ទំនាក់​ទំនង​វិស័យ សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង ​២ ស្របពេល​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​-​ឥណ្ឌា​កំពុងមាន​ភាពល្អ​​ប្រសើរឡើងៗ​។​

​លោកស្រី​ថ្លែងថា​៖ «​ខ្ញុំ​ពិតជា​មាន​ក្តី​សោមនស្ស​រីករាយ​ក្រៃលែង​ដែល​បានឃើញ​ការ​បង្កើតជា​ផ្លូវការ​ក្រុមប្រឹក្សា​ធុរកិច្ច​រួម​ឥណ្ឌា​-​កម្ពុជា ​(ICJBC)​ ដែល​នឹង​ផ្តល់ឱកាស​ទៅដល់​ផ្នែក​ឯកជន​ប្រទេស​ទាំង​ ២​ បាន​ចូលរួម​ពេញសិទ្ធិ និង​ជា​ផ្លូវ​ការកម្រិត​ខ្ពស់បំផុត​មួយ ព្រោះ​ការចូលរួម​ជាមួយគ្នា​ទៅវិញ​-​ទៅមក​រវាង​ផ្នែក​ឯកជន​ដែលមាន​ការគាំទ្រ​ពេញទំហឹង​ពី​រដ្ឋាភិបាល​បែបនេះ​ប្រាកដជា​នឹង​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​ឥណ្ឌា និង​កម្ពុជា​កាន់តែខ្លាំង​ថែម​ទៀត ព្រមទាំង​ពង្រឹង​ភាពជា​ដៃគូ​ទ្វេភាគី​កាន់តែ​រឹងមាំ​ទ្វេដង​។​»

​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​ឥណ្ឌា​បាន​កើន​ឡើងជា​លំដាប់ ដោយមាន​ទឹកប្រាក់​ជិត ៤៨៥,៧​ លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០២៣ កើនឡើង ១០​ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ​២០២២​។​

​ទិន្នន័យ​ក្រសួងទេសចរណ៍បង្ហាញថា ប្រទេស​កម្ពុជា​​ បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ឥណ្ឌា​ចំនួន ៦៨ ៨៣៦​ នាក់ ​កាលពី​ឆ្នាំមុន កើន​ជាង ១០២​ ភាគ​​រយ​បើ​ធៀប​នឹង​ឆ្នាំ ២០២២៕