ភ្នំពេញៈ ក្រុមប្រឹក្សាអភិឌ្ឍន៍កម្ពុជា(CDC) បានបញ្ជាក់ថា កិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលវិនិយោគសម្រាប់ការអភិវឌ្ឍ គឺជាផ្លែផ្កានៃការប្តេជ្ញាចិត្តប្រកបដោយមហិច្ឆតារបស់កម្ពុជាក្នុងនាមជាប្រទេសសហស្ថាបនិក សំដៅចូលរួមចំណែកជាមួយបណ្តាប្រទេសសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក។
CDC បានចេញផ្សាយបែបនេះកាលពីថ្ងៃទី២៥ ខែកុម្ភៈ ពោលគឺបន្ទាប់ពីលោកសួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងជាប្រធានក្រុមចរចាវិនិយោគ WTO របស់កម្ពុជា រួមនិងរដ្ឋមន្រ្តីពាណិជ្ជកម្ម លោកស្រី ចម និម្មល បានចូលរួមក្នុងកម្មវិធីថ្នាក់រដ្ឋមន្ត្រីស្តីពីកិច្ចព្រមព្រៀងលើកិច្ចសម្រួលវិនិយោគសម្រាប់ការអភិវឌ្ឍ នៅមជ្ឈមណ្ឌលពិព័រណ៍ជាតិអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម។
CDC បានឱ្យដឹងថា លោកស្រី ចម និម្មល បានឡើងធ្វើបទបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងកម្មវិធីថ្នាក់រដ្ឋមន្ត្រីស្តីពីកិច្ចព្រមព្រៀងលើកិច្ចសម្រួលវិនិយោគសម្រាប់ការអភិវឌ្ឍ ដែលកម្មវិធីនេះបានរៀបចំឡើងក្នុងគោលបំណងប្រកាសអំពីការបញ្ចប់នៃការតាក់តែងកិច្ចព្រមព្រៀងខាងលើ និងពិនិត្យលទ្ធភាពដើម្បីដាក់បញ្ចូលទៅក្នុងឧបសម្ព័ន្ធ នៃកិច្ចព្រមព្រៀងរបស់អង្គការ ពាណិជ្ជកម្មពិភពលោក។
CDC បញ្ជាក់ទៀតថា ៖«កិច្ចព្រមព្រៀងដ៏មានសារៈសំខាន់នេះគឺជាផ្លែផ្កានៃការប្តេជ្ញាចិត្តប្រកបដោយមហិច្ឆតារបស់កម្ពុជាក្នុងនាមជាប្រទេសសហស្ថាបនិក សំដៅចូលរួមចំណែកជាមួយបណ្តាប្រទេសសមាជិក នៃអង្គការពាណិជ្ជកម្មពិភពលោកក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគអន្តរជាតិ ដែលមានសង្គតិភាពជាមួយស្មារតីនៃច្បាប់វិនិយោគក្នុងស្រុករបស់កម្ពុជា»។
វាក៏ធានាបាននូវកិច្ចសម្រួលវិនិយោគ ដែលមានសង្គតិភាពជាមួយនឹងឧត្តមានុវត្តន៍, បន្តធ្វើសាមញ្ញកម្មនីតិវិធី នៃការបម្រើសេវាសាធារណៈជូនវិនិយោគិននិងគាំទ្រឥតងាករេលើប្រព័ន្ធវិនិយោគ និងពាណិជ្ជកម្មពហុភាគីដែលឈរលើមូលដ្ឋានច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ នេះបើតាមខ្លឹមសារចេញផ្សាយរបស់ CDC ។
អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានលើកឡើងថា កិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលវិនិយោគសម្រាប់ការអភិវឌ្ឍមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ខណៈដែលអង្គការពាណិជ្ជកម្មពិភពលោក (WTO)បានកំណត់ឱ្យប្រទេសនីមួយៗ ដែលជាសមាជិក រួមទាំងកម្ពុជាផង ត្រូវសម្រួលនូវនីតិវិធីទាំងអស់ ជុំវិញការវិនិយោគរបស់ខ្លួនឱ្យស្របទៅនឹងគោលការណ៍របស់ WTO។
លោកបានបញ្ជាក់ថា៖«មែនទែនទៅកម្ពុជាយើង ត្រូវរៀបកិច្ចការទាំងនេះ តាំងពីខ្លួនចូលជាសមាជិកដំបូងមកម្ល៉េះ ប៉ុន្តែកិច្ចការទាំងអស់ត្រូវបានពន្យាររហូតមកដល់ពេលនេះ មានន័យថា ចំណុចជាច្រើនកម្ពុជាបានធ្វើហើយ ព្រោះថា គោលនៃកិច្ចព្រមព្រៀង WTO នេះ មានច្រើនណាស់ ដូច្នេះនៅខ្វះតែចំណុចតិចតួចប៉ុណ្ណោះ គឺយើងអាចបំពេញបានគ្រប់លក្ខខណ្ឌ នៃកិច្ចព្រមព្រៀងហើយ»។
លោក ហុង វណ្ណៈ បានបន្ថែមទៀត កិច្ចព្រមព្រៀងនេះ នឹងធ្វើឱ្យបរិយាកាសវិនិយោគកាន់តែមានភាពល្អប្រសើរថែមទៀត ដោយក្រសួងពាណិជ្ជកម្ម និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា កំពុងតែខិតខំបំពេញគោលការណ៍ និងលក្ខខណ្ឌឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញការទាក់ទាញវិនិយោគអន្តរជាតិ។
ជាមួយគ្នានោះដែរ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏បានដែរថា កិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលវិនិយោគសម្រាប់ការអភិវឌ្ឍ ពិតជាមានប្រយោជន៍ច្រើនដោយសារវាស្របគ្នានឹងច្បាប់វិនិយោគរបស់កម្ពុជា ដែលមានស្រាប់ ដែលវានឹងអាចសម្រួលបានច្រើនដល់ការទាក់ទាញវិនិយោគិនពីបរទេស។
សភាពាណិជ្ជកម្មកម្ពុជានាកម្មវិធីដ៏មានសារៈសំខាន់នេះ ក៏បានបញ្ជូនតំណាងសភាពាណិជ្ជកម្មកម្ពុជាទៅកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួម ក្នុងរយៈពេល៥ថ្ងៃផងដែរ ដែលជាទស្សនកិច្ចដ៏សំខាន់មួយ ក្នុងកិច្ចសហការរៀបចំកិច្ចប្រជុំធុរកិច្ច និងវិនិយោគ កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម លើកទី៣ និងកិច្ចប្រជុំពាក់ព័ន្ធ នារដ្ឋធានីអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម។
លោក លឹម ហេង បានបន្ថែមថា កិច្ចប្រជុំនេះ មានការសហការរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម និងក្រសួងការបរទេស អេមីរ៉ាតអារ៉ាប់រួម រួមជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មអេមីរ៉ាតអារ៉ាប់រួម ។
លោកបញ្ជាក់ថា៖«ដំណើរទស្សនកិច្ចរបស់សភាពាណិជ្ជកម្មនេះ គឺធ្វើឡើងដើម្បីរឹតចំណងមិត្តភាពរវាង កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ក៏ដូចជាដើម្បីផ្សព្វផ្សាយពីវិស័យឯកជនរបស់កម្ពុជា ទៅកាន់វិស័យឯកជននៅអេមីរ៉ាតអារ៉ាប់រួមផងដែរ។ នៅក្នុងដំណើរទស្សនកិច្ច ក្រុមការងារយើង នឹងធ្វើបទបង្ហាញពីវិស័យកសិកម្ម, វិស័យឧស្សាហកម្ម និងកម្មន្តសាល, វិស័យហិរញ្ញវត្ថុ និងធនាគារ, វិស័យអចលនទ្រព្យនិងវិស័យទេសចរណ៍ដល់សភាពាណិជ្ជកម្មអេមីរ៉ាតអារ៉ាប់រួម ផងដែរ»៕