​ភ្នំពេញៈ ប្រទេស​កម្ពុជា និង​ម៉ុង​ហ្គោ​លី គ្រោង​នឹង​ជំរុញ​ការ​​ហោះហើរ​ត្រង់​ជាមួយគ្នា​ ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍ ពាណិជ្ជកម្ម និង​ការវិនិយោគ ខណៈ​ប្រទេស​ទាំង ​២ ក៏​កំពុង​សិក្សា​លើ​កិច្ចព្រមព្រៀង​ពា​ណិ​​ជ្ជ​កម្ម​សេរី​ទ្វេភាគី​ផងដែរ​។​

​លោក សុខ សូកេន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា បាន​ជួប​លោកស្រី Nomin Chinbat រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ម៉ុង​​ហ្គោ​លី នៅក្រៅ​ជំនួប​សន្និសីទ​អន្តរជាតិ​លើក​ទី​៧ នៃ​គណបក្សនយោបាយ​អាស៊ី ​(ICAPP)​ នៅ​ទីក្រុង Ulaanbaatar ប្រទេស​ម៉ុង​ហ្គោ​លី ដោយបាន​ពិភាក្សា​អំពី​សក្តានុពល​ក្នុង​ការលើក​កម្ពស់​វិស័យ​ទេសចរណ៍​នៃ​ប្រ​ទេស​ទាំង​ ២​។ នេះ​បើតាម​ការ​​ប្រកាស​ក្រសួងទេសចរណ៍​។​


​ក្រសួង​បញ្ជាក់ថា​៖ «​ភាគី​ទាំង​ ២​ បាន​ផ្លាស់ប្តូរ​យោបល់​គ្នា​លើ​ការពង្រឹង និង​ជំរុញ​កិច្ច​សហ​ប្រ​​តិ​ប​ត្តិ​ការ​ទេសចរណ៍​រវាង​ប្រ​ទេស​ទាំង​ ២ ហើយ​បាន​ឯកភាព​ជំរុញ​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​ទ្វេភាគី​ស្តីពី​ទេសចរណ៍ និង​ជំរុញ​ការហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំង ​២​ នៅពេល​អនាគត​»​។​

​លោក ស៊ិន ចាន់​សិរី​វុត្ថា អ្នក​​នាំពាក្យ​រដ្ឋលេខាធិការ​ដ្ឋា​ន​អា​កាស​ចរ​ស៊ីវិល​កម្ពុជា​ (SSCA) បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា ប្រទេស​ទាំង​ ២​ មាន​កិច្ចព្រមព្រៀង​សេវា​កម្ម​ផ្លូវអាកាស​រួចហើយ ដែល​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​អាកាស​​ចរណ៍​ណាមួយ​ដំណើរការ​ជើង​ហោះហើរ​នៅពេលណា​ក៏បាន​។​


​លោក​ថ្លែងថា​៖ «​យើង​ស្វាគ​មន៍​ចំពោះ​ការបើក​ជើង​ហោះ​ហើរ​ត្រង់​ណាមួយ ព្រោះ​វា​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែច្រើន​មក​ប្រទេស​របស់​យើង​។ ប្រជាជន​យើង​ក៏​អាច​ចូលទៅ​ទស្សនា​ប្រទេស​របស់​ពួកគេ​បាន​ដោយផ្ទាល់​ផងដែរ​»​។​

​លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ា​​ស៊ី​ហ្វិ​ក​កម្ពុជា បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា ភ្ញៀវទេសចរ​ម៉ុង​ហ្គោ​លី​នៅមាន​ចំនួន​តិចតួច​សម្រាប់​កម្ពុជា ប៉ុន្តែ​នៅពេល​មានការ​​ហោះហើរ​ត្រង់​ចំនួន​នេះ​នឹង​កើនឡើង​។​

​លោក​និយាយថា​៖ «​បច្ចុប្បន្ន យើង​មិន​ទទួលបាន​ភ្ញៀវ​ទេស​​ចរ​ច្រើន​ពី​ប្រទេស​ម៉ុង​ហ្គោ​លី​ឡើយ ដោយសារ​ប្រទេស​នេះ មាន​ប្រជាជន​តិចជាង ៣​ លាន​នាក់​។ យើង​ស្វាគមន៍​គំនិត​ផ្តួច​ផ្តើម​ឱ្យមាន​ជើងហោះហើរ​ត្រង់ ដូច្នេះ​យើង​នឹង​មើលឃើញ​ភ្ញៀវ​ទេសចរ​កាន់តែច្រើន​មកពី​ប្រ​ទេស​មួយ​នេះ ខណៈ​ប្រជាជន​របស់​យើង​ក៏​អាចធ្វើ​ដំណើរ​ទៅ​ប្រទេស​តំបន់ភ្នំ​នេះ​ផងដែរ​»​។​

​បើតាម​ទិន្នន័យ​របស់​ក្រសួងទេសចរណ៍ ប្រទេស​កម្ពុជា​បាន​ស្វាគមន៍​ភ្ញៀវទេសចរ​ម៉ុង​ហ្គោ​លី​ចំនួន ៨៩១​ នាក់​ កាលពី​ឆ្នាំ ​២០២៣ កើនឡើង​ជាង ៧៣​ ភាគរយ បើ​ធៀប​ឆ្នាំ ​២០២២ មាន​ចំនួន ៥១៥ ​នាក់​។​

​កម្ពុជា និង​ម៉ុង​ហ្គោ​លី បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ​(MoU) ដើម្បី​បង្កើន​ទំនាក់ទំនង​ពា​ណិ​ជ្ជ​កម្ម និង​ការវិនិយោគ កាលពី​ខែមិថុនា ឆ្នាំ​២០២២​។ MoU នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​លើក​ទឹកចិត្ត​ដល់​វិស័យ​ឯកជន​ម៉ុង​​ហ្គោ​លី ក្នុងការ​សិក្សា​ពីស​ក្តា​នុ​ពល​នៃ​វិស័យ​កសិកម្ម​កម្ពុជា និង​ទំនិញ​សំខាន់ៗ​ផ្សេងទៀត ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​របស់ខ្លួន​។​

​យោងតាម លោក រាជ រ៉ា រដ្ឋ​លេខាធិការ​ក្រសួងពាណិជ្ជកម្ម​ដែល​បាន​ជួប​ជាមួយនឹង​លោក Jamsran Byambasuren ឯកអគ្គរដ្ឋទូត​ម៉ុង​ហ្គោ​លី ប្រចាំ​កម្ពុជា​ដែលមាន​និវេសនដ្ឋាន​នៅ​ទីក្រុង​វៀងចន្ទន៍ កាលពី​ខែ​​កក្កដា ឆ្នាំ​ ២០២២ បានឱ្យដឹងថា កិច្ចខិតខំ​ប្រឹងប្រែង​ត្រូវបាន​ធ្វើឡើង​ដោយ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​កែលម្អ​បរិយាកាស​ធុរកិច្ច និង​ការវិនិយោគ​។​

​លោក រាជ រ៉ា ដែលជា​ប្រធាន​​ក្រុមការងារ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ (FTA)​ ជាមួយ​ម៉ុង​ហ្គោ​លី បាន​ថ្លែងថា​៖ «​កម្ពុជា​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​រួមចំណែក​ដល់​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់​។ យើង​ក៏បាន​ខំប្រឹងប្រែង​ដើម្បី​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​នាំចេញ​តាមរយៈ​ការចរចា​ដើម្បី​បង្កើត​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ ​(RCEP) កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​ចិន និង​កូរ៉េខាងត្បូង​»​។​

​លោក Byambasuren បាន កត់សម្គាល់​ពី​កិច្ចខិតខំ​របស់​កម្ពុជា​ក្នុងការ​សម្រួល​ពាណិជ្ជ​កម្ម ទាក់ទាញ​ការវិនិយោគ និង​អភិវឌ្ឍ​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋ​កិច្ច​ជាតិ​។​

​លោក​ថ្លែងថា​៖ «​ប្រទេស​ម៉ុង​​ហ្គោ​លី ​កំពុង​សិក្សា​ស្វែងយល់​ពី​បរិបទ​នៃ​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​រវាង​ប្រទេស​ទាំង ​២​ ក្នុង​រយៈពេល​កន្លងមក​»​។​

​កាលពី​ខែកញ្ញា ឆ្នាំ ​២០២០ លោក រាជ រ៉ា បាន​ដឹកនាំ​ក្រុម​ការងារ​អន្តរក្រសួង​ទៅ​ប្រទេស​​ម៉ុង​ហ្គោ​លី​ដោយបាន​សិក្សា​ពី​ការបង្កើត FTA៕