​ភ្នំពេញៈ សហរដ្ឋអាមេរិក​បាន​បន្ត​ឈរ​នៅលើ​កំពូល​តារាង​ជាទី​ផ្សារ​ទទួល​ទិញ​ទំនិញ​ពី​កម្ពុជា​ច្រើនជាងគេ ដោយ​នៅក្នុង​ខែ​ដំបូង​ឆ្នាំ​ ២០២៤ ទំនិញ​ដែល​កម្ពុជា​នាំទៅ​ទីនោះ​មានតម្លៃ​ជិត ៦៣០ ​លាន​ដុល្លារ គឺ​ស្មើ​នឹង​ជិត ១/៣ នៃ​ចំនួន​ទឹកប្រាក់​នាំចេញ​សរុប​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​។ នេះ​បើតាម​អគ្គ​នា​​យក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)​។​

​ទិន្នន័យ GDCE បានឱ្យដឹងថា នៅក្នុង​ខែមករា ឆ្នាំ​ ២០២៤ កម្ពុជា​បាន​នាំ​ទំនិញ​ទៅ​អាមេរិក​ក្នុង​ទឹក​ប្រាក់ ៦២៦,៨៣​ លាន​ដុល្លារ កើនឡើង ១១,៤​ ភាគរយ​បើ​ធៀប​នឹង​ខែមករា ឆ្នាំ ​២០២៣​។ ទឹកប្រាក់​ទំនិញ​កម្ពុជា​នាំទៅ​អាមេរិក ស្មើនឹង​ប្រមាណ ៣១,៩ ​ភាគ​​រយ​នៃ​ទឹកប្រាក់​សរុប​នៃ​ទំនិញ​កម្ពុជា​នាំទៅ​ទីផ្សារ​អន្តរជាតិ ដែលមាន​ប្រមាណ ១ ៩៦៧,០២ ​លាន​ដុល្លារ​។​


​ក្នុង​ខែមករា​ផងដែរ កម្ពុជា​បាន​នាំចូល​ទំនិញ​ពី​អាមេរិក ១៧,២៥ ​លាន​ដុល្លារ ធ្លាក់ចុះ ៨ ​ភាគរយ​ បើ​ធៀប​ខែមករា ឆ្នាំ​ ២០២៣​។ សម្រាប់​ពាណិជ្ជកម្ម​សរុប គឺមាន​ទឹកប្រាក់ ៦៤៤,០៨ ​លាន​ដុល្លារ កើនឡើង ១០,៨ ​ភាគរយ​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៦ ខែកុម្ភៈ​ថា ភាព​ធូរស្រាល​នៃ​ស្ថានភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច​សកល​បាន​ជួយ​ឱ្យ​ការនាំចេញ​ទំនិញ​របស់​កម្ពុជា​កើនឡើង​គួរឱ្យ​កត់​សម្គាល់​នៅ​ដើមឆ្នាំ ​២០២៤ ជាពិសេស​ទីផ្សារ​ធំ​ដូចជា អាមេរិក ចិន វៀតណាម និង​ជប៉ុន ជាដើម​។ អាមេរិក គឺជា​ទីផ្សារ​នាំចេញ​ធំជាងគេ​របស់​កម្ពុជា ដោយ​ភាគច្រើន​ជា​ផលិតផល​សម្លៀកបំពាក់ ស្បែកជើង កាបូប និង​ផលិតផល​ក​សិ​កម្ម​មួយចំនួន​។


លោក​បន្តថា ប្រព័ន្ធ​អនុ​​គ្រោះ​ពន្ធ​នាំចូល​ទំនិញ GSP ដែល​អា​មេ​រិ​ក​ផ្តល់ឱ្យ​កម្ពុជា ក៏​ជា​ចំណែក​សំខាន់​ដែល​ជួយ​ឱ្យ​ទំនិញ​កម្ពុជា​កាន់តែច្រើន​ត្រូវបាន​នាំទៅ​កាន់​ទីនោះ​។​

​លោក​បញ្ជាក់ថា​៖ «​ភាពល្អប្រសើរ​នៃ​ទំនាក់ទំនង​ការទូត និង​ការធ្វើ​ពិពិធ​កម្ម​នៃ​ប្រភេទ​ទំនិញ​ផលិត​នៅ​កម្ពុជា​បាន​ចូលរួមចំណែក​ធ្វើឱ្យ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ កើន​ជា​បន្តបន្ទាប់ ពិសេស​ការនាំចេញ​រប​ស់​កម្ពុជា​។ អត្រាកំណើន​នេះ​ត្រូវបាន​រំពឹងថា នឹង​បន្ត​កើន​ឡើង​ថែមទៀត​នាពេលខាងមុខ​»​។​

​លោក​លើកឡើង​ទៀតថា ដោយសារ​បច្ចុប្បន្ន​សម​ត្ថ​ភាព​រោងចក្រ និង​ប្រភេទ​មុខទំនិញ​ផលិត​នៅ​កម្ពុ​ជាមាន​កាន់តែច្រើន ព្រមទាំង​មាន​គុណភាព​កម្រិតស្តង់ដា​នោះ ការនាំចេញ​របស់​កម្ពុ​ជា​ទៅ​ទីផ្សារ​អាមេរិក និង​គោលដៅ​ផ្សេងៗ​ទៀត​ប្រាកដជា​នឹង​កើនឡើង​។​

​ភាគច្រើន​នៃ​ទំនិញ​ដែល​កម្ពុជា​នាំទៅ​ទីផ្សារ​អាមេរិក គឺ​សម្លៀកបំពាក់ ស្បែក​​ជើង កាបូប​ធ្វើដំណើរ បន្ទះ​សូ​ឡា កង់ និង​ផលិតផល​កសិកម្ម ចំណែក​ទំនិញ​ដែល​អាមេរិក​នាំមក​កម្ពុជា​មានដូចជា រថយន្ត គ្រឿងចក្រ ឧបករណ៍​អេ​ឡិច​ត្រូ​​និក និង​បរិក្ខារ​ពេទ្យ ជាដើម​។ នេះ​បើតាម​លោក លឹម ហេង​។​

​នៅក្នុង​ជំនួប​រវាង​លោក W.Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ជាមួយនឹង​លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃទី ​១១ ខែ​​កញ្ញា ឆ្នាំ​ ២០២៣ ភាគី​កម្ពុជា​បាន​ស្នើឱ្យ​អាមេរិក​ជួយ​ជំរុញ​ក្រុមហ៊ុន​របស់ខ្លួន​ឱ្យ​ដាក់​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា​ឱ្យបាន​ច្រើន ព្រមទាំង​ចូលមក​វិនិយោគ​ឱ្យបាន​កាន់តែច្រើន ដើម្បី​ធ្វើយ៉ាងណា​ជំរុញ​ពាណិជ្ជកម្ម និង​កំណើនសេដ្ឋកិច្ច​រវាង​ក​ម្ពុ​ជា និង​អាមេរិក​។​

​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ា​ណែ​ត ក្នុង​ពិធី​បើក​វេទិកា​ធុរកិច្ច​អាមេរិក​-​កម្ពុជា កាលពី​ថ្ងៃទី ​២២ ខែកញ្ញា ២០២៣ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក បាន​លើកឡើងថា កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំង ​២​ គឺ​ផ្តល់​ប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក និង​ទទួលបាន​អត្ថ​​ប្រយោជន៍​ពី​ទីតាំង​យុទ្ធសាស្ត្រ និង​តម្លៃ​ពលកម្ម​។ ការណ៍​នេះ​បានធ្វើឱ្យ​តម្លៃ​ទំ​​និ​ញ​ផលិត​កម្ពុជា​មានតម្លៃ​ទាប​សម្រាប់​អ្នកប្រើប្រាស់ ខណៈ​កម្ពុជា​ទទួលបាន​អត្ថប្រយោជន៍​ពី​ការនាំចេញ​ទៅកាន់​ទីផ្សារ​សហរដ្ឋអាមេរិក​។​

​ក្នុងន័យ​ទាក់ទាញ​វិនិយោគិន​អាមេរិក​ឱ្យមក​បណ្តាក់ទុន​នៅ​កម្ពុជា លោក ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា នេះ​ជា​ឱកាសល្អ​សម្រាប់​វិនិយោគិន និង​ធុរជន​អាមេរិក​មក​សិក្សា​ស្វែងយល់​ពី​សក្ដានុពល​រប​ស់​កម្ពុជា​។​

​លោក​បាន​ថ្លែងថា​៖ «​បានឃើញ​ម្ដង ប្រសើរ​ជាង​បានឮ ​១​ ពាន់​ដង​»​ ដូច្នេះ​សូម​វិនិយោគិន​មក​ស្វែងយល់​ពី​កម្ពុជា​រាជរដ្ឋាភិបាល និង​បន្ត​ការគាំទ្រ​យ៉ាង​មុតមាំ​ទៅដល់​កាលានុវត្តភាព​សម្រាប់​ប​ង្កើ​ត​សហប្រតិបត្តិការ និង​ការពង្រីក​ធុរកិច្ច ព្រមទាំង​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​ទាំងចាស់​​ថ្មី ដើម្បី​ជំរុញ​សម្ទុះ​នៃ​ការអភិវឌ្ឍ​វិស័យ​ឯកជន​ឱ្យបាន​ពេញលេញ និង​ក្លាយជា​ដៃគូ​គន្លឹះ​របស់​រាជរដ្ឋាភិបាល​»​។​

​ទិន្នន័យ​របស់ GDCE ឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២៣ ការនាំ​ទំនិញ​ទៅមក​រវាង​ដៃគូ​ពាណិជ្ជកម្ម​ទាំង​ ២ មាន​ទឹកប្រាក់​សរុប ៩,១៥​ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ១,៤​ ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២២ ក្នុងនោះ​ទំនិញ​កម្ពុជា​នាំ​ចេញទៅ​អាមេរិក ៨,៩ ​ពាន់​លាន​ដុល្លារ ថយចុះ ០,៨ ​ភាគរយ ចំណែក​ទំនិញ​អាមេរិក​នាំមក​កម្ពុជា ២៥៧,១៨​ លាន​ដុល្លារ ថយចុះ ១៧,៧ ​ភាគរយ​៕