​ភ្នំពេញ​៖ ក្រុមហ៊ុន​កំពង់ផែ​ស្វយ័ត​ភ្នំពេញ (PPAP) ដែល​ចុះបញ្ជី​ភាគហ៊ុន​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​បាន​រាយការណ៍​ពី​ភាពល្អប្រសើរ​នៃ​វឌ្ឍនភាព​ដំណើរការ​អាជីវកម្ម​ក្នុង​ខែ​ដំបូង​ឆ្នាំនេះ ដោយសារ​ភាពប្រសើរឡើង​នៃ​សេដ្ឋកិច្ចពិភពលោក និង​តំបន់ ខណៈដែល​រដ្ឋាភិបាល​បាន​ព្យាករ​ថា កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​កើនឡើង​ដល់ ៦,៦ ភាគរយ​នៅ​ឆ្នាំនេះ​។

យោងតាម​ឯកសារ​របស់​ក្រុមហ៊ុន​កំពង់ផែ​មួយ​នេះ ផ្ញើ​ទៅកាន់​ផ្សា​រមូល​ប​ត្រ​កម្ពុជា (CSX) កាលពី​ថ្ងៃទី ​២២ ខែកុម្ភៈ ចំនួន​កុងតឺន័រ​ឆ្លងកាត់​កំពង់ផែ​មាន​ចំនួន ២៩ ៩០៨ TEUs កាលពី​ខែមករា​ឆ្នាំនេះ ធៀប​នឹង ២៧ ៥៤៦ កាលពី​ខែមករា ឆ្នាំ ​២០២២ កើនឡើង ៨,៥៧ ភាគរយ​។


ចំនួន​ទូក​ដឹក​អ្នកដំណើរ​មាន​ចំនួន ៨៥ ធៀប​នឹង ៦០ កើនឡើង ៤១,៦៧ ភាគរយ​។ អ្នកដំណើរ​មាន​ចំនួន ៤ ២៤៧ នាក់​ធៀប​នឹង ២ ០៨៧​ នាក់ កើនឡើង ១០៣,៥ ភាគរយ ខណៈដែល​ចំនួន​ទំនិញ និង​ប្រេងឥន្ធនៈ​បាន​កត់ត្រា​ចំនួន ៣១១ ០៥៩ តោន ធៀប​នឹង ៣២២ ៦១៦ តោន ធ្លាក់ចុះ​បន្តិច​ចំនួន ៣,៥៨ ភាគរយ ហើយ​នាវា​ដឹកទំនិញ​បាន​ធ្លាក់ចុះ ៤៣,២៦ ភាគរយ មក​នៅត្រឹម ១៨១ ពី​ចំនួន ៣១៩​។

កញ្ញា គឹម សុ​ផានី​តា ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​ទីផ្សារ ផ​.​ម​.​ក​. បានឱ្យដឹងថា ដំណើរការ​របស់​ក្រុមហ៊ុន​កំពង់ផែ​មួយ​នេះ កំពុង​ស្ទុះ​ងើបឡើង​វិញ ដែល​ឆ្លុះបញ្ចាំង​ពី​ភាពប្រសើរឡើង​នៃ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភពលោក​។


កញ្ញា​ថ្លែងថា​៖ «​ប្រតិបត្តិការ​របស់​ពួកគេ​ទទួលបាន​ភាពប្រសើរឡើង​។ កាលពី​ឆ្នាំមុន ដោយសារ​ការធ្លាក់ចុះ​ផ្នែក​ខ្លះ​នៃ​អាជីវកម្ម​របស់​ពួកគេ​អាចមាន​រយៈពេល​ខ្លី វិនិយោគិន​អាចមាន​ទំនោរ​នឹង​រក្សា និង​បន្ត​សង្កេតមើល​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​មួយ​នេះ​។ ម្យ៉ាងវិញទៀត វា​នឹង​ល្អ​ប្រសិនបើ​ក្រុមហ៊ុន​អាច​ចែករំលែក​ដល់​វិនិយោគិន​សាធារណៈ​អំពី​ចក្ខុវិស័យ និង​ការរំពឹងទុក​របស់​ក្រុមហ៊ុន នៅ​ត្រីមាស​បន្ទាប់ និង​ពេលវេលា​ណាមួយ​នៅ​ឆ្នាំនេះ​»​។

លោក ស៊ិន ច​ន្ធី ប្រធាន​សមាគម​ភ័ស្តុភារ​កម្ពុជា (CLA) បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​កាលពីពេល​ថ្មីៗ​នេះ​ថា សកម្មភាព​ដឹកជញ្ជូន និង​តម្លៃ​ទំនិញ​នៅ​ឆ្នាំ​២០២៣ គឺ​ប្រហាក់ប្រហែល ឬ​ទាប​ជាង​ឆ្នាំ​ ២០២២ ​បន្តិច​។ ការណ៍​នេះ​បើទោះជា​បណ្ដា​ប្រទេស​ជាច្រើន​បើក​ប្រទេស និង​ដំណើរការ​សេដ្ឋកិច្ច​ឡើងវិញ​ជុំវិញ​ពិភពលោក​ក្រោយ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ក៏ដោយ​។

លោក​បាន​ចាត់ទុកថា ដំណើរការ​មិនល្អ​នៃ​វិស័យនេះ ដោយសារតែ​កំណើនសេដ្ឋកិច្ច​ពិភពលោក​មិនល្អ ដែល​បានធ្វើឱ្យ​តម្រូវការ​ទំនិញ​ផ្សេងៗ​ធ្លាក់ចុះ​ជាស​កល​។ ទោះជា​យ៉ាងណាក៏ដោយ លោក ច​ន្ធី នៅតែមាន​សុទិដ្ឋិនិយម​ថា ការបញ្ជាទិញ​ពី​ក្រៅប្រទេស​នឹង​កើនឡើង​រហូតដល់​ដំណាច់ឆ្នាំ​ ២០២៣ ដែល​គួរតែ​ជំរុញ​វិស័យ​ដឹកជញ្ជូន​។

លោក ផាន់ ផល្លា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​នៅក្នុង​វេទិកាសាធារណៈ​ស្តីពី​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច​កាលពី​ពាក់កណ្តាល​ខែកុម្ភៈ​ថា សេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​កើនឡើង​ប្រមាណ ៦,៦ ភាគរយ នៅ​ឆ្នាំ​ ២០២៤ បើទោះបី​ជាមាន​បញ្ហា​ប្រឈម​ខាងក្រៅ​ដូចជា​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ និង​ការធ្លាក់ចុះ​សេដ្ឋកិច្ចពិភពលោក រួមទាំង​ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ​របស់ខ្លួន​ក៏ដោយ​។

លោក​បាន​បន្តថា ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​ប្រទេស​កម្ពុជា​នឹង​កើន​ឡើងដល់​ប្រមាណ ១៤២,៩៦ ពាន់​ពាន់​លាន​រៀល (​ប្រហែល ៣៥,១៧ ពាន់​លាន​ដុល្លារ​) នៅ​ឆ្នាំនេះ ដោយ​ផលិតផល​ក្នុងស្រុក​សរុប​សម្រាប់​ម​នុស្ស​ម្នាក់​រំពឹងថា​នឹង​កើនឡើង​ដល់ ២ ០៧១ ដុល្លារ បើ​ធៀប​នឹង ១ ៩១៧ ដុល្លារ​កាលពី​ឆ្នាំ​ ២០២៣​។

លោក​បញ្ជាក់ថា​៖ «​ទាក់ទង​នឹង​អ្នកទិញ ការបញ្ជាទិញ និង​ឧស្សាហកម្ម​រោងចក្រ​ក្នុង​ឆ្នាំ​ ២០២៤ មាន​សុទិដ្ឋិនិយម​ជាច្រើន​ដែល​បង្ហាញ​ពី​ការ​ស្ទុះ​ងើបឡើង​វិញ​ជា​វិជ្ជមាន​។ លើសពីនេះ ផលិតកម្ម​ក្នុង​វិស័យ​មិនមែន​កាត់ដេរ និង​កសិកម្ម​ក៏​កំពុងដំណើរការ​ល្អ​ផងដែរ​»៕