​ភ្នំពេញៈ ផ្នែក​ឯកជន​រំពឹងថា ​ការខិតខំ​របស់​រដ្ឋាភិបាល​លើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន នឹង​ជួយ​ឱ្យ​កម្ពុជា​អាច​ទាក់ទាញ​អ្នកវិនិយោគ​ឱ្យមក​បណ្តាក់ទុន​ផ្ទាល់​កាន់តែច្រើន ហើយ​សមត្ថភាព​នៃ​ការប្រកួតប្រជែង​តម្លៃ​ទំនិញ​លើ​ទីផ្សារ​អន្តរជាតិ​ក៏​នឹង​ប្រសើរ​ផងដែរ​។

កាលពី​ថ្ងៃទី​ ២៦ ខែកុម្ភៈ ឆ្នាំ​ ២០២៤ នៅ​ទីស្តីការក្រសួង លោក ហេង ណន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ជួប​ជាមួយ​លោក Francois Shih អគ្គនាយក​ក្រុមហ៊ុន Sharpland Group ដើម្បី​ពិភាក្សា​ពី​ឱកាស ក៏ដូចជា​សក្តានុពល​វិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​គោក ផ្លូវទឹក និង​កំពង់ផែ និង​ក៏បាន​ស្នើសុំ​ការគាំទ្រ និង​ការណែនាំ​ពី​ថ្នាក់ដឹកនាំ​ក្រសួង​លើ​គម្រោង​របស់ខ្លួន​មួយចំនួន​។


លោក ហេង ណន បាន​ប្រាប់​គូស​ន្ទា​នា​អំពី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល អាណត្តិ​ទី​៧ ដែល​ផ្ដោត​សំខាន់​លើ​វិស័យ​អាទិភាព​សំខាន់ៗ​រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា ដែលជា​គោលដៅ​គន្លឹះ​ ដើម្បី​ប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៣០ ខាងមុខ​។

លោក ជា ចាន់​ដា​រ៉ា ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​នៅ​កម្ពុជាបាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៧ ខែកុម្ភៈ​ថា វិស័យ​ដឹកជញ្ជូន​ដើរតួនាទី​សំខាន់​ណាស់​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ តាមរយៈ​ការបង្កើត​បរិយាកាស​ល្អ​សម្រាប់​ទាក់ទាញ​អ្នកវិនិយោគ និង​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​លើ​ទីផ្សារ​អន្តរជាតិ​។


លោក​បន្តថា សម្រាប់​វិស័យ​ដឹកជញ្ជូន​នៅ​កម្ពុជា​ពេលនេះ គឺមាន​ភាពល្អប្រសើរ​ច្រើន​បើ​ធៀប​នឹង​រយៈពេល​ប៉ុន្មាន​ឆ្នាំមុន ប៉ុន្តែ​បើ​ធៀប​នឹង​ប្រទេសជិតខាង គឺ​នៅមានកម្រិត​នៅឡើយ ដែល​ទិដ្ឋភាព​នេះ​ទាមទារ​ឱ្យមាន​ការខិតខំ​បន្ថែមទៀត​។

លោក​បន្ថែមថា នៅពេល​ប្រទេសមួយ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ល្អ គឺ​វា​នឹងធ្វើ​ឱ្យ​តម្លៃ​ដឹកជញ្ជូន​ថយចុះ និង​ចំណេញ​ពេលវេលា ហើយ​អ្នកវិនិយោគ​នឹង​អាច​ទទួល​មាន​អត្ថប្រយោជន៍ និង​ទំនុកចិត្ត​កាន់តែច្រើន​។

លោក​បាន​បញ្ជាក់ថា​៖ «​គ្រប់​អ្នកវិនិយោគ​មុននឹង​សម្រេច​ទៅ​បណ្តាក់ទុន​នៅ​ទីតាំង ឬ​ប្រទេស​ណា​គេ​តែង​សិក្សា និង​ធ្វើការ​វាយតម្លៃ​មុនគេ​លើ​ការដឹកជញ្ជូន​សម្រាប់​នាំចូល​វត្ថុធាតុដើម ចរាចរ​របស់​កម្លាំង​ពលកម្ម និង​ការដឹកជញ្ជូន​ទំនិញ​ទៅ​ទីផ្សារ​។ ហេដ្ឋារចនាសម្ព័ន្ធ​កាន់តែច្រើន និង​ល្អ គឺ​នឹង​ជួយ​ទាក់ទាញ​អ្នកវិនិយោគ​ឱ្យមក​បណ្តាក់ទុន​ផ្ទាល់ ឬ​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា​កាន់តែច្រើន​»​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក តាន់ មុនី​វណ្ណ ធ្លាប់បាន​និយាយថា ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ជា​បន្តបន្ទាប់ ពិសេស​ផ្លូវ​ល្បឿន គឺជា​ការគិតគូ​រវែង​ឆ្ងាយ​របស់​រាជរដ្ឋាភិបាល​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ឱ្យមាន​សម្ទុះ​ទៅមុខ​កាន់តែ​លឿន និង​ជា​ផ្នែក​មួយ​ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ​ឱ្យ​ចូលមក​បណ្តាក់ទុន​កាន់តែច្រើន​។ លោក​បន្តថា វា​នឹង​កាន់តែ​ពិសេស​បន្ថែមទៀត​ប្រសិនបើ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងអស់នោះ​ត្រូវបាន​ត​ភ្ជាប់​ជាមួយ​ប្រទេស​ក្នុង​តំបន់ និង​សកលលោក​។

លោក​បាន​ថ្លែងថា​៖ «​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងអស់ គឺជា​ផ្នែក​ធំ​សំខាន់បំផុត​ដែល​ជំរុញ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ព្រោះ​ការជំរុញ​សេដ្ឋកិច្ច​មិនមែន​តែ​យើង​ម្នាក់ឯង​ធ្វើទៅ​បានទេ គឺ​ត្រូវការ​ការតភ្ជាប់​រវាង​សេដ្ឋកិច្ច​ក្នុង​តំបន់ អ៊ីចឹង​វា​គ្មានអ្វី​ក្រៅពី​ការប្រើប្រាស់​ហេដ្ឋារចនាសម្ព័ន្ធ​នេះ​ឱ្យអស់​លទ្ធភាព​ទេ​ត្រូវ​សហការ​ជាមួយ​ប្រទេស​ពាក់ព័ន្ធ​ឱ្យបាន​លឿន​បំផុត​»​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ នៅ​រសៀល​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​ ២០២៤​ បានបង្ហាញ​មហិច្ឆតា​ចង់ឱ្យ​កូន​ខ្មែរ​ធ្វើ​ផ្លូវ​ល្បឿន លឿន​ទាំង​ក្រោម​ដី លើដី និង​សាងសង់​អគារ​ពាណិជ្ជកម្ម​ទំនើបៗ​ច្រើន​ជាន់​ដោយ​ខ្លួនឯង ប្រកបដោយ​គុណភាព​ខ្ពស់​មិន​ចាញ់​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​។

លោក​ថ្លែងថា​៖ «​ថ្ងៃក្រោយ​កម្ពុជា​នឹងមាន​សមត្ថភាព​ធ្វើ​ហេដ្ឋារចនាសម្ព័ន្ធ ទាំង​ផ្លូវ​ល្បឿន​លឿន​អ្វីៗ ក្រោម​ដី លើដី​ទាំងអស់ ហើយ​ធ្វើ​ដោយ​កូន​ខ្មែរ និង​ក្រុមហ៊ុន​ខ្មែរ​ទៀត ខ្ញុំ​ចង់   មហិច្ឆតា​ខ្ញុំ​អ៊ីចឹង​»​។

លោក​បញ្ជាក់ថា កាលពី​ឆ្នាំ​ ១៩៩០ មាន​ជំនាញការ​មកពី​ធនាគារពិភពលោក និង​ជំនាញការ​អន្តរជាតិ​ផ្សេងៗ​មកជួយ​សរសេរ​គោល​នយោបាយ​សម្រាប់​ប្រទេសជាតិ ប៉ុន្តែ​ពេលនេះ​អ្នកជំនាញ​ជា​កូន​ខ្មែរ​ទទួលបាន​ជំនាញ​ទាំងនោះ ព្រមទាំង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ធ្វើ​អគារ​ពាណិជ្ជកម្ម​ច្រើន​ជាន់ និង​អាចធ្វើ​ស្ពាន​ឆ្លងទន្លេ​បាន​ទៀតផង​។ ថ្វីបើ​ក្រោម​ដី​មិនទាន់មាន​ការសាងសង់ ប៉ុន្តែ​រឿង​ចំណុច​នេះ​នឹង​កើតឡើង​នៅពេល​ខាងមុខ​មិន​ខាន​។

ដើម្បីឱ្យ​មហិច្ឆតា​នេះ​សម្រេចបាន​ជោគជ័យ លោកនាយក​រដ្ឋមន្ត្រី លើកឡើងថា វិស័យ​ឯកជន​ត្រូវតែមាន​ការពង្រឹង ឱ្យបាន​រឹងមាំ ពោលគឺ​ដកដង្ហើម​ខ្លួនឯង​និង​លើកទឹកចិត្ត​ក្នុងការ​ម្ចាស់​ការធ្វើ​ដោយ​ខ្លួនឯង​។ ក្រសួង​ឧស្សាហកម្ម ដែលជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល ជា​ស្នូល​ក្នុង​ការជួយ​លើកកម្ពស់​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ត្រូវធ្វើ​យ៉ាងណា​យកចិត្តទុកដាក់ និង​មានការ​ទទួលខុសត្រូវ​ខ្ពស់ ធ្វើការ​ពង្រឹង​ឱ្យបាន​លឿន​។ ជាមួយគ្នា​នោះ​ត្រូវ​រៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត​ផ្សេងៗ​ដើម្បី​ជំនួយ​ដល់​ការពង្រឹង​កិច្ចការងារ​នេះ​៕