​ភ្នំពេញៈ សកម្មភាព​នៃ​ការនាំ​ចេញ នាំចូល​ទំនិញ​រវាង​កម្ពុជា​-​ថៃ នៅក្នុង​ខែ​ដំបូង​ឆ្នាំ​ ២០២៤ មាន​ទឹកប្រាក់​ជិត ៣៤២ ​លាន​ដុល្លារ កើន​តិចតួច​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២៣ ខណៈ​កម្ពុ​ជាមាន​ឱនភាព​ជញ្ជីងពាណិជ្ជកម្ម​ចំនួន ១៣២ ​លាន​ដុល្លារ​។ នេះ​បើតាម​អគ្គនាយក​​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)​។​

​ស្ថិតិ​កត់ត្រា​ដោយ GDCE ឱ្យដឹងថា ក្នុង​ខែមករា ឆ្នាំ​ ២០២៤ ការផ្លាស់ប្តូរ​ទំនិញ​រវាង​កម្ពុជា​-​ថៃ មាន​ទឹកប្រាក់​សរុប ៣៤១,៨​ លាន​ដុល្លារ កើន ០,២​ ភាគរយ​បើ​ធៀប​ទៅ​ខែមករា ឆ្នាំ​ ២០២៣ ដោយ​ក្នុងនោះ​ទំនិញ​ដែល​ថៃ​នាំចូល​កម្ពុ​ជាមាន ២៣៦,៩៣ ​លាន​ដុល្លារ កើន ១,៥ ​ភាគរយ ចំណែក​ទំនិញ​កម្ពុជា​នាំទៅ​ថៃ ១០៤,៨៧​ លាន​ដុល្លារ ធ្លាក់​ចុះ ២,៧​ ភាគរយ​។​


​បើ​យោងតាម GDCE ក្នុង​ខែមករា ឆ្នាំ​ ២០២៤ ជញ្ជីង​កម្ពុ​ជាមាន​ឱនភាព ១៣២,០៦​ លាន​ដុល្លារ ​បើ​ធៀប​នឹង ១២៥,៥៨ ​លាន​ដុល្លារ​កាលពី​ខែមករា ឆ្នាំ​ ២០២៣​។ ប្រទេស​ថៃ គឺជា​ដៃ​គូ​ពាណិជ្ជកម្ម​អន្តរជាតិ​ធំ​ជាង​គេ​ទី ​៤ របស់​កម្ពុជា បន្ទាប់ពី​ចិន វៀតណាម និង​អាមេរិក​។​

​សេដ្ឋវិទូ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៧ ខែកុម្ភៈ ថា សកម្មភាព​នាំចេញ​នាំចូល​ទំនិញ​រវាង​ប្រទេស​ទាំង ២ គឺមាន​ជា​រៀងរាល់ថ្ងៃ ដោយ​ភាគច្រើន​នៃ​ទំនិញ​កម្ពុជា​នាំទៅ​ប្រទេស​ថៃ គឺជា​ធនធានធម្មជាតិ និង​ផលិតផល​កសិកម្ម​មិនទាន់​កែច្នៃ ចំណែក​ទំនិញ​ថៃ​នាំ​មកវិញ​ គឺមាន​ច្រើន​ប្រភេទ​រាប់​ចាប់តាំងពី​ចំណីអាហារ សម្ភារ​ប្រើ​ប្រាស់​ប្រចាំថ្ងៃ គ្រឿងយន្ត​ក​សិ​កម្ម យានយន្ត ជីគីមី និង​សម្ភារ​សំណង់ ជាដើម​។


លោក​បន្តថា ទោះបី​ទិន្នន័យ​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំង ២ ធ្លាក់ចុះ ប៉ុន្តែ​ដោយសារតែ​ប្រទេស​ទាំង ២ មាន​ព្រំដែន​គោក​និង​ទឹក​ជាប់​គ្នាច្រើន ដូច្នេះ​ទំហំ​ទឹកប្រាក់​ពាណិជ្ជកម្ម​ពិតប្រាកដ​ជា​លើសពី​ការកត់ត្រា​ផ្លូវការ​។​

​លោក​ថ្លែងថា​៖ «​ដោយសារ​សមត្ថភាព​រោង​ចក្រ​/​សហគ្រាស​ផលិត និង​កែច្នៃ​ក្នុងប្រទេស​កម្ពុជា​មា​នក​ម្រិ​ត ដូច្នេះ​តែងមាន​លំហូរ​ផលិតផល​កសិកម្ម និង​ធនធានធម្មជាតិ​ជាច្រើន​ទៅ​ប្រទេស​ថៃ​។ ប្រទេស​ថៃ គឺជា​ទីផ្សារ​សំខាន់​មួយ​សម្រាប់​ផលិតផល​កសិកម្ម​កម្ពុ​ជា​»​។​

​ទាក់ទង​នឹង​ឱនភាព​ជញ្ជីងពាណិជ្ជកម្ម​អន្តរជាតិ លោក វណ្ណៈ បាន​ប្រាប់ថា ស្ថានភាព​បច្ចុប្បន្ន​រប​ស់​កម្ពុជា​គឺ​ល្អប្រសើរ​ជាង​មុន ដោយ​ឱនភាព​ជញ្ជីង​​ពាណិជ្ជកម្ម​ភាគច្រើន​ត្រូវបាន​កាត់បន្ថយ និង​ឈានទៅ​វិ​ជ្ជ​មាននៅ​ប្រទេស​មួយចំនួន​។​

​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបាត់ដំបង​ដែលជា​ខេត្ត​មាន​ព្រំ​ដែន​ជាប់​ប្រទេស​ថៃ លោក គីម​ ហួត បាន​និយាយថា ការផ្លាស់​ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង ២ បាន​ដំណើរការ​ទៅមុខ​ដោយ​រលូន ដោយនៅ​រដូវ​ប្រមូល​ផលដំណាំ​កសិកម្ម​ម្តងៗ តែងមាន​ភ្ញៀវ​ក្នុងស្រុក និង​មកពី​ប្រទេស​ថៃ មក​ទិញ​កសិផល​ពី​កសិករ​ខ្មែរ ដើម្បី​នាំយកទៅ​ប្រទេស​ថៃ​សម្រាប់​ការកែច្នៃ វេច​ខ្ចប់ និង​នាំចេញ​បន្ត​។ លោក​បន្ថែមថា ប្រទេស​ថៃ គឺជា​ទីផ្សារ​ធំជាងគេ​សម្រាប់​ប្រជាកសិករ​នៅ​តំបន់​ភាគ​ពាយព្យ​។​

​លោក​ថ្លែងថា​៖ «​ការនាំចេញ​-​នាំចូល​ទំនិញ​រវាង​ប្រទេស​ទាំង ២ បាន​បោះជំហាន​ទៅមុខ​ល្អ ដោយ​ការផ្លាស់ប្តូរ​ទំនិញ​បានកើត​មាន​ជា​រៀងរាល់ថ្ងៃ​»​។​

​កាលពី​ថ្ងៃទី​ ៧ ខែកុម្ភៈ នា​យក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន​ ម៉ា​ណែ​ត បាន​ដឹកនាំ​គណៈ​ប្រតិ​ភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល និង​ផ្នែក​ឯកជន​កម្ពុជា​មួយចំនួន​ទៅធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ថៃ​។ ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​នោះ​កម្ពុជា​-​ថៃ បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគ​​យល់ ​(NoU) លើ​កិច្ច​សហ​ប្រ​​តិ​ប​ត្តិ​ការ​ជាច្រើន ក្នុងនោះ​ផ្នែក​ពាណិជ្ជកម្ម​រួមមាន MoU ស្តីពី​ទំនិញ​ឆ្លងកាត់​រវាង​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា និង​នាយកដ្ឋាន​គយ​ថៃ​, MoU រវាង​សភាពាណិជ្ជកម្ម​កម្ពុជា និង​ធនាគារ​នាំចេញ​-​នាំចូល​ថៃ និង MoU រវាង​សភាពាណិជ្ជកម្ម​កម្ពុជា និង​គណៈកម្មាធិការ​ពា​​ណិ​ជ្ជ​កម្ម​ថៃ​។​

​តាមរយៈ​ដំណើរ​ទស្សនកិច្ច​នោះ ភាគី​ទាំង ២ មាន​សង្ឃឹមថា ​ចំណងទាក់ទង​ការទូត ការធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី​នឹង​រឹតតែ​រឹងមាំ​ថែមទៀត​។ ជា​មួយ​គ្នា​នេះ​រដ្ឋាភិបាល​ប្រទេស​ទាំង ២ ក៏បាន​ដាក់​គោលដៅ​សម្រេច​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យបាន ១៥ ​ពាន់​លាន​ដុល្លារ នៅត្រឹម​ឆ្នាំ​ ២០២៥​។​

​តាម GDCE ក្នុង​ឆ្នាំ​ ២០២៣ ការធ្វើ​ពាណិជ្ជកម្ម​កម្ពុជា​-​ថៃ  ​មាន​ទឹកប្រាក់​សរុប ៣,៧១​ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ១៧ ​ភាគរយ​ធៀប​ឆ្នាំ​ ២០២២ ក្នុងនោះ​កម្ពុជា​នាំ​ទំនិញ​ទៅ​ប្រទេស​ថៃ ៨១៧,៥៧​ លាន​ដុល្លារ ធ្លាក់ចុះ ១,៧ ​ភាគរយ និង​ថៃ​នាំ​ទំនិញ​ចូល​ប្រទេស​កម្ពុជា ២,៨៩ ​ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ២០,៥​ ភាគរយ​៕